សហភាព​អឺរ៉ុប​នឹង​លុប​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ករណី​មាន​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ

សហភាព​អឺរ៉ុប និង​ប្រទេស​បញ្ជា​ទិញ​ស្ករស​អន្តរជាតិ បាន​ប្រកាស​ថា នឹង​លុប​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងអស់​ក្នុង​ករណី​ដំណើរ​ការ​សង្វាក់​ផលិតកម្ម​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ទន្ទ្រាន​ដីធ្លី និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។
ដោយ អាន ស៊ីថាវ
2014.02.03
បិទផ្លូវ៣០៥ អ្នក​ភូមិ​ជីខ ប្រមាណ​ជាង ៣០០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់ បិត​ផ្លូវ​ជាតិ​លេខ​៤៨ តវ៉ា កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១២
RFA/Mom Sophon

សហភាព​អឺរ៉ុប បាន​ចុះ​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា បាន​រំលោភ​យក​ដី​របស់​ពួក​គេ​តាម​រយៈ​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល។

សហភាព​អឺរ៉ុប និង​ប្រទេស​បញ្ជា​ទិញ​ស្ករស​អន្តរជាតិ បាន​ប្រកាស​ថា នឹង​លុប​ចោល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងអស់ ក្នុង​ករណី​ដំណើរ​ការ​សង្វាក់​ផលិតកម្ម​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ការ​ទន្ទ្រាន​ដីធ្លី និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម។

លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​រាប់​ម៉ឺន​ហិកតារ ដើម្បី​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ ក្នុង​គោល​បំណង​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​តាម​រយៈ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

បញ្ហា​លើ​សង្វាក់​ផលិតកម្ម​ស្ករអំពៅ​នេះ អ្នក​បញ្ជា​ទិញ​ស្ករ​អន្តរជាតិ ក៏​ធ្លាប់​បាន​ប្រកាស​មិន​ទទួល​ទិញ​ស្ករស​ពី​ប្រទេស​ណា​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ក្នុង​នោះ​មាន​ក្រុមហ៊ុន​កូកាកូឡា ជា​ដើម។ ក្រុមហ៊ុន​នេះ បាន​ទាក់ទង​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ស្ករស​របស់​ខ្លួន ឲ្យ​បកស្រាយ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី។

បន្ថែម​លើ​នេះ របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា "ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង" ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ ដោយសារ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក​ឧកញ៉ា លី យ៉ុងផាត់ សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ កំពង់ស្ពឺ និង​ខេត្ត​កោះកុង បាន​ទេ។ ប៉ុន្តែ ឧកញ៉ា លី យ៉ុងផាត់ មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​លោក​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​ភាព​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ឧកញ៉ា លី យ៉ុងផាត់ មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​វិនិយោគ​លើ​វិស័យ​ដាំ​ដុះ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ល្បែង និង​សេវា​កម្សាន្ត​ជា​ដើម។

ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា ការ​រក​ស៊ី​របស់ លោក​ឧកញ៉ា លី យ៉ុងផាត់ នេះ បាន​បង្កើត​ឲ្យ​មាន​អ្នក​រងគ្រោះ​ជា​ច្រើន ជា​ពិសេស​លើ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​ជា​បន្តបន្ទាប់។

នៅ​ក្នុង​ឆ្នាំ​២០០៣ ប្រជាពលរដ្ឋ​នៅ​ឃុំ​កូនក្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​បាត់​ដី​ប្រមាណ ៦០០​ហិកតារ​ពី​គម្រោង​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ។ អ្នក​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​ឧត្ដរមានជ័យ ម្នាក់ អ្នកស្រី ហួយ ម៉ៃ បាន​ឲ្យ​ដឹង​ថា គាត់​បាត់​បង់​ដី​ប្រមាណ ២០​ហិកតារ។ អ្នកស្រី​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ចូល​មក​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បាត់​បង់​ដី​ធ្លី​របស់​គាត់​ឡើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក។

នៅ​ក្នុង​ឆ្នាំ​២០០៦ ក្រុមហ៊ុន​នេះ​ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ទៀត អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង ហើយ​ចុង​ក្រោយ គឺ​នៅ​ខេត្ត​កំពង់ស្ពឺ។

តំណាង​សហគមន៍​ប៉ះពាល់​ដី​ធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ចូល​មក​អភិវឌ្ឍ​កាល​ពី​ឆ្នាំ​២០១០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សហគមន៍ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល។ ហើយ​ក្រុមហ៊ុន​វិញ បាន​ផ្ដល់​សំណង​ដី​គ្មាន​គុណភាព​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​រាប់​ពាន់​គ្រួសារ។

អ្នកស្រី ហួយ ម៉ៃ ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​រងគ្រោះ​ទាំង​នេះ សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ ឬ​អ្នក​បញ្ជា​ទិញ​ស្ករស​ពី​កម្ពុជា ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​សំណង និង​ប្រគល់​ដី​របស់​គាត់​វិញ​ឲ្យ​បាន​គ្រប់​ចំនួន៖ «តាម​ខ្ញុំ ខ្ញុំ​សង្ឃឹម​ច្រើន ព្រោះ​អី​គាត់​និយាយ​សន្យា​ជួប​ប្រជាពលរដ្ឋ។ ហើយ​គាត់​នឹង​ចុះ​ស៊ើប​អង្កេត​ម្ដង​ទៀត ដើម្បី​រក​ដំណោះស្រាយ ដោយសារ​ប្រជាពលរដ្ឋ​ប៉ះពាល់​ច្រើន​ជាង​គេ»

អ្នកស្រី ហួយ ម៉ៃ បន្ថែម​ទៀត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា វិញ ត្រូវ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​ជៀសវាង​ការ​ចាប់​ចង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​មិន​មាន​កំហុស​នោះ។

បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ សមាជិក​សភា​របស់​សហភាព​អឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ក៏​បាន​ចុះ​មក​ស៊ើប​អង្កេត​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ ដែល​ស្ថិត​នៅ​ខេត្ត​ឧត្ដរមានជ័យ កោះកុង និង​ខេត្ត​កំពង់ស្ពឺ។ លោក​នឹង​រៀប​ចំ​របាយការណ៍​ដាក់​ជូន​ទៅ​ឧត្ដមស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប អំពី​ការ​រក​ឃើញ​របស់​លោក។ លោក​បញ្ជាក់​ថា គោល​នយោបាយ​របស់​សហភាព​អឺរ៉ុប គឺ​ជួយ​លើក​កម្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ មិន​មែន​បង្កើន​ចំនួន​អ្នក​រងគ្រោះ​នោះ​ទេ៖ «ខ្ញុំ​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​បាន​បាត់​ដី​ដោយ​គ្មាន​សំណង​សមរម្យ។ អ្នក​ខ្លះ​បាន​សំណង​តិចតួច និង​អ្នក​ខ្លះ​ទៀត បាន​ទទួល​ដី​គ្មាន​ជីជាតិ ធ្វើ​អ្វី​មិន​កើត។ ប្រជាពលរដ្ឋ​ដែល​បាត់​ដី​នេះ នឹង​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​សហភាព​អឺរ៉ុប នោះ​ទេ»

លោក ផែតទ្រីស ទីរ៉ូលែន នឹង​ស្នើ​ទៅ​ឧត្ដមស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ចេញ​នូវ​វិធាន​ការ​ជាក់​លាក់ និង​ចាំបាច់​មួយ ដើម្បី​ដោះស្រាយ​ដល់​អ្នក​រងគ្រោះ​ទាំង​នោះ។

បន្ថែម​លើ​នេះ ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​កំឡុង​ខែ​តុលា ឆ្នាំ​២០១៣ ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស គឺ​ទាក់ទង​អនុវត្ត​ពេញ​លេញ ឬ​មិន​បាន​អនុវត្ត​ពេញ​លេញ​ចំពោះ​គម្រោង​ដី​អភិវឌ្ឍន៍​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ពី​រាជ​រដ្ឋាភិបាល។

សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា កំពុង​ធ្វើ​កិច្ច​ការ​នេះ​ដែល​តែង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​សហភាព​អឺរ៉ុប បាន​សហការ និង​ផ្ដល់​ហិរញ្ញប្បទាន​ថវិកា​ដល់​អង្គការ​នានា ឲ្យ​ឃ្លាំ​មើល​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ​នៅ​ប្រទេស​កម្ពុជា។ អ្នក​ទទួល​ផល​ប្រយោជន៍ មិន​ត្រឹម​តែ​ផ្ដល់​ជូន​ដល់​ម្ចាស់​វិនិយោគ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​អភិវឌ្ឍន៍​នោះ​ផង។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ភាគ​ច្រើន​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ស្មើ​គ្នា​រវាង​ម្ចាស់​គម្រោង​វិនិយោគ និង​ប្រជាពលរដ្ឋ​ឡើយ។ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទទួល​បាន​អត្ថប្រយោជន៍ ឬ​ទទួល​បាន​លុយ​ច្រើន​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច។ អ្នក​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ គឺ​ភាគ​ច្រើន​មាន​ងារ​ជា​ឧកញ៉ា សមាជិក​សភា ឬ​អ្នក​មាន​ឋានៈ​ខ្ពស់​មក​ពី​ជួរ​រដ្ឋាភិបាល។

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ប្រមាណ ៦​ម៉ឺន ៥​ពាន់​ហិកតារ ដល់​ក្រុមហ៊ុន​ចំនួន​៧ ដែល​ស្ថិត​នៅ​ខេត្ត​កោះកុង កំពង់ស្ពឺ និង​ខេត្ត​ឧត្តរមានជ័យ។ បរិមាណ​ស្ករស​ដែល​កម្ពុជា ផលិត​បាន មាន​តម្លៃ​នាំ​ចេញ​យ៉ាង​ហោច​ណាស់ ២៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ភាគ​ច្រើន​នៃ​ស្ករស​នោះ បាន​នាំ​ចេញ​ទៅ​លក់​នៅ​សហភាព​អឺរ៉ុប ដោយ​ការ​អនុគ្រោះ​ពន្ធ​គយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។