មន្ត្រី​សហជីព​សេរី​កម្មករ​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ចាប់​ខ្លួន​មន្ត្រី​សហជីព​សេរី​កម្មករ ២​នាក់ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ បន្ទាប់​ពី​ពួកគេ​ដឹកនាំ​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​ដុត​កង់​ឡាន​នៅ​មុខ​រោងចក្រ​សេរី (Cerie) ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ។ សហជីព​ទាំង​ពីរ​រូប​នោះ ជា​មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមាន​ប្ដឹង​បក​ទៅ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់ វិធានការ​ចំពោះ​ករណី​ចាប់​មនុស្ស​មិន​មាន​ដីកា។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចាប់​ខ្លួន​មន្ត្រី​សហជីព​របស់​លោក​ដោយ​មិន​មាន​ដីកា និង​ទាំង​គ្មាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង៖ «មិន​ដឹង​ជា​យក​បទល្មើស​អី​មក​ចោទ​ប្រកាន់​គាត់ អី​ក៏​បទល្មើស​ហ្នឹង​គេ​កសាង​តាំង​ពី ៣​ឆ្នាំ​មុន ឬ ៤​ឆ្នាំ​មុន​ក៏​អត់​ដឹង។ កាល​ដែល​គាត់​ធ្វើ​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ យើង​នឹង​ប្ដឹង​ទៅ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​មើល​ការ​ចាប់​ខ្លួន​បុគ្គលិក និង​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​សិន​ហើយ​មេធាវី​យើង​ត្រូវ​តែ​តតាំង​តាម​ផ្លូវ​តុលាការ​ទៀត។ ការ​ចាប់​ហ្នឹង​ខ្ញុំ​មើល​ទៅ​ដូច​មាន​ស្រោម​សំបុត្រ​ម៉េច​ទេ ខ្ញុំ​ឃើញ​គេ​ចាប់»

ក្រៅ​អំពី​ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​គ្មាន​ដីកា​នេះ សហជីព​ដដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ថ្កោល​ទោស​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ថា​បាន​ចាប់​ខ្លួន​បុគ្គលិក ២​នាក់ របស់​សហជីព​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​បុគ្គល ដោយ​ក្រុម​សមត្ថកិច្ច​បន្លំ​ស្លៀកពាក់​ស៊ីវិល​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​មនុស្ស​ដោយ​បំពាន ហើយ​ត្រូវ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

សហជីព​ទាំង​ពីរ​រូប​នោះ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មាន កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​រំសាយ​បាតុកម្ម​ដុត​កង់​ឡាន​មុខ​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ ទាមទារ​ឲ្យ​ថៅកែ​ចេញ​មក​ដោះស្រាយ​ជូន​ពួកគេ​នោះ។

អគ្គលេខាធិការ​រង​នៃ​សហជីព​សេរី​កម្មករ លោក ខិម ចំណាន ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​អះអាង​ថា លោក​បាន​គេច​ខ្លួន​រួច​នៅ​ពេល​មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ស៊ីវិល​ចុះ​ពី​លើ​រថយន្ត​មក​ចាប់​ពួកគាត់៖ «ម៉ោង ៨:១៥​នាទី​ស្រាប់​តែ​មាន​អ្នក​ស្លៀកពាក់​ស៊ីវិល​ប្រហែល​ជា​ម្ភៃ​នាក់ ហើយ​មាន​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ប្រហែល ២​នាក់ មក​ចាប់​គ្មាន​ដីកា​អី​ទេ មក​ចាប់​ឆៅៗ​តែ​ម្ដង»

ឆ្លើយ​តប​ការ​ចាប់​ខ្លួន​នេះ ប្រធាន​ការិយាល័យ​កណ្ដាល​សន្តិសុខ​នៃ​ស្នងការ​ខេត្ត​កំពង់ស្ពឺ លោក ញ៉ែម សៃ មាន​ប្រសាសន៍​ថា ខាង​រោងចក្រ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យូរ​ហើយ​ពី​ករណី​ដឹកនាំ​ធ្វើ​កូដកម្ម​នេះ៖ «មាន​ដីកា​បញ្ជា​ត្រឹមត្រូវ​មិន​មែន​ចាប់​អត់​ដីកា​ទេ។ ធម្មតា​ខាង​ក្រៅ​មាន​បង្ក​ហិង្សា​ជាមួយ​គ្នា​បាន​វាយ​ប្រតាយប្រតប់​គ្នា​ពី​យូរ​ហើយ។ គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឯ​ណោះ ហើយ​ក្រោយ​មក​នេះ​រឿង​នេះ​ចេះ​តែ​អូស​បន្លាយ​បាតុកម្ម​ឃា​ឃាំង​រោងចក្រ​គេ»

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​នេះ កាល​ពី​ឆ្នាំ​២០១៣ តុលាការ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ចាប់​មន្ត្រី​សហជីព​សេរី និង​កម្មករ​ជិត ១០​នាក់ ដាក់​ពន្ធនាគារ​ជា​ច្រើន​ខែ​ម្ដង​រួច​មក​ហើយ ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​កម្មករ​ធ្វើ​កូដកម្ម​បាតុកម្ម​នៅ​រោងចក្រ​សាប៊្រីណា (Sabrina)។

មន្ត្រី​ដោះស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​សន្យា​ជាមួយ​កម្មករ​នៅ​ខាង​មុខ​ក្រសួង​ការងារ ថា ក្រសួង​នឹង​សម្របសម្រួល​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា​រវាង​ភាគី​រោងចក្រ កម្មករ សហជីព និង​អាជ្ញាធរ​នៅ​មន្ទីរ​ការងារ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ។ ការ​តវ៉ា​កន្លង​មក​ក្រុម​កម្មករ​ទាមទារ​លក្ខខណ្ឌ ៧​ចំណុច ប៉ុន្តែ​មន្ត្រី​ដោះស្រាយ​វិវាទ​តម្រូវ​ឲ្យ​ពួកគេ​ទម្លាក់​ចោល និង​ជ្រើសរើស​យក ៣​ចំណុច​អាទិភាព គឺ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព ៣​នាក់​ដែល​ថៅកែ​បញ្ឈប់​ឲ្យ​ចូល​ធ្វើការ​វិញ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​រំលឹក​ពី​ថ្ងៃ​បញ្ឈប់​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ និង​ស្នើសុំ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​កូដកម្ម។

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជូន​ខ្លួន​អ្នក​ទាំង​ពីរ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ហើយ ក្រោម​បទ​ចោទ​ថា ញុះញង់ បន្ទាប់​ពី​សាកសួរ​អស់​ជា​ច្រើន​ម៉ោង។

សហជីព​សេរី​កម្មករ​ដាក់​លិខិត​ចំនួន​២ ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ

ដោយ ខែ សុណង

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​លិខិត​ចំនួន​២ ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​មន្ត្រី​សហជីព​សេរី​ចំនួន ២​រូប។

លិខិត​ចំនួន​២ ដាក់​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចុះ​ហត្ថលេខា​ដោយ លោក ជា មុនី ជា​ប្រធាន​សហជីព បាន​ស្នើ​ឲ្យ​អន្តរាគមន៍​ដោះ​លែង​ចំពោះ​ករណី​ចាប់​មន្ត្រី​សហជីព​របស់​លោក​ដោយ​មិន​មាន​ដីកា។

ការ​ដាក់​លិខិត​នេះ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ដដែល បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ចាប់​ខ្លួន​មន្ត្រី​សហជីព​សេរី​កម្មករ ២​នាក់ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ។ បន្ទាប់​ពី​សាកសួរ​អស់​ជាច្រើន​ម៉ោង តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជូន​ខ្លួន​អ្នក​ទាំង​ពីរ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ក្រោម​បទ​ចោទ​ញុះញង់។

មន្ត្រី​សហជីព​ទាំង​ពីរ​រូប​នោះ​មាន កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី​កម្មករ និង​លោក ទូច ស្រ៊ុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សេរី (Cerei) ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​រំសាយ​បាតុកម្ម​ដុត​កង់​ឡាន​មុខ​រោងចក្រ​សេរី ទាមទារ​ឲ្យ​ថៅកែ​ចេញ​មក​ដោះស្រាយ​បញ្ហា​ជូន​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។