គ្រួសាររបស់យុវជនឈ្មោះ ហឿន ស៊ុយទ្រី ដែលអាជ្ញាធរចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅស្រុកសំរោង ខេត្តតាកែវ បាញ់សម្លាប់កាលពីថ្ងៃទី៨ ខែមីនា គ្រោងទៅស្នើសុំការអន្តរាគមន៍នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នារាជធានីភ្នំពេញ ដើម្បីសុំរកយុត្តិធម៌ឲ្យកូនប្រុសរបស់ខ្លួន។ ការគ្រោងទៅសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ដោយផ្ទាល់ គឺក្រោយពេលដែលឪពុកម្ដាយរបស់សព អស់ក្ដីសង្ឃឹមលើអាជ្ញាធរខេត្តតាកែវ។
ឪពុកម្ដាយរបស់យុវជនម្នាក់ដែលស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ អះអាងថា សមត្ថកិច្ចចម្រុះខេត្តតាកែវ ជាអ្នកបាញ់សម្លាប់កូនប្រុសរបស់គាត់ ហើយដឹកនាំប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយព្រះរាជអាជ្ញារងខេត្ត ឈ្មោះ ជ័យ ឬទ្ធី។ ទោះពួកគាត់មិនបានឃើញការបាញ់ដោយផ្ទាល់ ប៉ុន្តែពួកគាត់សន្និដ្ឋានថា មានតែសមត្ថកិច្ចទេដែលមានកាំភ្លើងនៅពេលនោះ៖ « មីង អត់ចេះអក្សរ ទេ តែមីងសុំ សួរថា សមត្ថកិច្ចគាត់ ចេះអក្សរ អ្នកចេះ ជ្រៅជ្រះ ហើយ បាញ់សម្លាប់ កូនមីង ហើយមីង ជនរងគ្រោះ គេអត់ដោះស្រាយឲ្យមីង។ ប្រជាជនយើងធ្វើកូនវាវិញ វាមកចាប់យើង បានតាំងតែ ថ្ងៃ ហ្នឹង មកក្មួយ។ មីងអនិច្ចាណាស់ មីងដេកឈឺចិត្ត មីងដេកហូរ ទឹកភ្នែក រាល់យប់ ហើយយើង ប្រជាជន រាស្ត្រសាមញ្ញ សុទ្ធ ហើយគេមកបាញ់ សម្លាប់ចោល ហើយគេអត់នេះ ( អត់ទទួលខុសត្រូវ ) ហើយបើកូនវា អ្នកធ្វើ ការចេះ វិញ ពេលគេ សម្លាប់វា វិញវាធ្វើរបៀបណាវិញ លើគេវិញ វាមាន គិតអត់ ? ឲ្យសម្តេច ហ៊ុន សែន ជួយចាប់អាឃាតអា អ្នកដៃដល់ អា អ្នកធ្វើ អំពើពុករលួយ ឲ្យ ហ៊ុន សែន ចាប់ បោសសម្អាត ឲ្យអស់ កុំឲ្យធ្វើតម្រាប់តាម អ្នកចឹងៗ ឲ្យ ធ្វើការ ម៉េច ទៀត »។
នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ ហឿន ស៊ុយទ្រី បានស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ម្ដាយរបស់យុវជនស្លាប់ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀន លោកស្រី ទន់ វួចហៀង បានរៀបរាប់ហេតុការណ៍ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ម៉ោងប្រហែល ៦ល្ងាច ក្រុមសមត្ថកិច្ចចម្រុះជាច្រើននាក់ដែលអះអាងថា ខ្លួនគឺជាមន្ត្រី ព្រះរាជអាជ្ញា និងមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តតាកែវ ទទួលបន្ទុកចុះបង្ក្រាបគ្រឿងញៀន បានចូលទៅចាប់កូនប្រុសរបស់លោកស្រីវាយខ្នោះបាញ់សម្លាប់ និងវាយយ៉ាងដំណំ បើទោះជាក្រោយឆែកឆេរផ្ទះទាំងមូលរកមិនឃើញថ្នាំញៀនដូចការសង្ស័យក៏ដោយ។ ម្ដាយជនរងគ្រោះចាត់ទុកករណីក្រុមសមត្ថកិច្ចបាញ់សម្លាប់កូនប្រុស គឺជារឿងអយុត្តិធម៌ ដែលមកដល់ពេលនេះហើយ អាជ្ញាធរខេត្តតាកែវ នៅមិនទាន់រកមុខឃាតកមកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ។
ឪពុករបស់យុវជន ហឿន ស៊ុយទ្រី គឺលោក ហម សារី អះអាងថា កូនប្រុសរបស់លោកមិនធ្លាប់មានគំនុំជាមួយអ្នកណាឡើយ។ លោករំលឹកថា កូនប្រុសរបស់លោករងការបាញ់មួយគ្រាប់កាំភ្លើង ត្រូវក្បាល បន្ទាប់មកសមត្ថកិច្ចបានដោះអាវកូនគាត់យកមកគ្របក្បាល មិនឲ្យសាច់ញាតិ និងអ្នកភូមិដឹងថាកូនគាត់ត្រូវគ្រាប់កាំភ្លើងនោះទេ។ ទោះកូនប្រុសលោករងការបាញ់បែកលលាដ៍ក្បាល និងបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្បែរផ្ទះ បន្ទាប់មកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ សមត្ថកិច្ចនៅតែមិនព្រមដោះខ្នោះដៃឲ្យកូនរបស់គាត់នោះទេ។
នៅពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថាគ្មានលទ្ធភាពជួយសង្គ្រោះឡើយ និងជំរុញឲ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅភ្នំពេញ។ ពេលនោះហើយដែលឪពុករបស់យុវជន ហឿន ស៊ុយទ្រី ប្រាប់ថា សមត្ថកិច្ចខេត្តតាកែវ បានដោះខ្នោះដៃកូនប្រុស និងរត់គេចរៀងៗខ្លួន ដោយរុញដាក់គ្នា គ្មានអាជ្ញាធរណាចេញមុខទទួលខុសត្រូវលើការស្លាប់របស់កូនលោកចាប់ពីពេលនោះមក។ ម្ដាយរបស់យុវជន ហឿន ស៊ុយទ្រី និងក្រុមសាច់ញាតិ បានរត់ទៅខ្ចីលុយគេ ដើម្បីដឹកកូនទៅព្យាបាលនៅភ្នំពេញបន្ត។ គ្រូពេទ្យនៅភ្នំពេញបញ្ជាក់ថា កូនប្រុសរបស់លោកបានស្លាប់ទៅហើយ ដោយសារត្រូវគ្រាប់កាំភ្លើងចំក្បាលក្រោមស្លឹកត្រចៀក បណ្ដាលឲ្យធ្លាយអំបែងលលាដ៍ក្បាល។
ក្រោយពេលកូនស្លាប់ ឪពុកម្ដាយរបស់យុវជន ហឿន ស៊ុយទ្រី អះអាងថា ស្នងការខេត្តតាកែវ ពេលនោះឈ្មោះ អ៊ុក សំណាង បានកោះហៅពួកគាត់ទៅចរចាយកលុយ ៦លានរៀលពីឪពុកម្ដាយខ្មាន់កាំភ្លើង ជាថ្នូរនឹងការបញ្ចប់រឿងក្ដីនេះ។ សាច់ញាតិបានថតសកម្មភាព និងសំឡេងរបស់លោក អ៊ុក សំណាង នៅពេលចរចាឲ្យលុយ ៦លានរៀល ដើម្បីបញ្ចប់រឿងក្ដីនោះទុកជាភស្តុតាង ប៉ុន្តែត្រូវបានលោកស្នងការ អ៊ុក សំណាង គំរាមឲ្យលុបចោល និងព្រមានថា ប្រសិនបើសំឡេង និងសកម្មភាពនោះត្រូវបានផ្សព្វផ្សាយ ក្រុមគ្រួសារលោកត្រូវទទួលខុសត្រូវ។
អាស៊ីសេរី មិនអាចសុំការបកស្រាយករណីឃាតកម្មលើយុវជនឈ្មោះ ហឿន ស៊ុយទ្រី ពីអតីតស្នងការខេត្តតាកែវ លោក អ៊ុក សំណាង បានទេនៅថ្ងៃទី២០ សីហា។ រីឯស្នងការខេត្តតាកែវ បច្ចុប្បន្ន លោក សុខ សំណាង មិនលើកទូរស័ព្ទ។
មេធាវីការពារក្ដីឲ្យជនរងគ្រោះលើសំណុំរឿងនេះ លោក សួន ប៊ុនធឿន ឲ្យដឹងថា សំណុំរឿងនេះ សាច់ញាតិ និងមេធាវីស្នើឲ្យចាប់ខ្លួនជនដៃដល់។
មន្ត្រីនាំពាក្យសាលាដំបូងខេត្តតាកែវ លោក លឹម សុខន ប្រាប់ថា សំណុំរឿងនេះស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបអង្កេត ហើយបច្ចុប្បន្ន តុលាការកំពុងបន្តនីតិវិធី៖ « នៅ ចៅក្រមស៊ើបអង្កេត គេធ្វើ នីតិវិធីគេធ្វើរហូត ដូច ថាចាំមើលៗ ចេញដីកាចាប់ហើយ ដូចមិនទាន់បានដឹងដែរ។ ចាំមើលស្អែកស្រាវជ្រាវមើលៗណា »។
ឪពុកម្ដាយយុវជន ហឿន ស៊ុយទ្រី បញ្ជាក់ថា កូនរបស់គាត់ធ្លាប់ប្រើប្រាស់ថ្នាំញៀន ប៉ុន្តែមិនអាចតដៃជាមួយសមត្ថកិច្ចនោះទេ ហើយកូនគាត់មានចរិតស្រី។ ពួកគាត់ប្រាប់ថា យុវជនក្នុងឃុំបឹងត្រាញ់ខាងត្បូង ភាគច្រើនសុទ្ធតែជាអ្នកប្រើប្រាស់ថ្នាំញៀន មិនមែនមានតែកូនប្រុសរបស់ពួកគាត់នោះទេ។ ការបណ្ដោយឲ្យយុវជនភាគច្រើនប្រើប្រាស់ថ្នាំញៀននៅឃុំបឹងត្រាញ់ខាងត្បូង ពួកគាត់ចាត់ទុកថា សមត្ថកិច្ចអសមត្ថភាព និងមិនហ៊ានទទួលខុសត្រូវ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា សមត្ថកិច្ចគួរតែប្រញាប់ចាប់ជនដៃដល់ ដើម្បីឲ្យទទួលទោសចំពោះមុខច្បាប់។ ការចរចាសងសំណង ៦លានរៀល គ្រាន់តែសំណងរដ្ឋប្បវេណីនោះទេ បទល្មើសព្រហ្មទណ្ឌត្រូវតែបន្តតាមផ្លូវតុលាការ។ ចំពោះការស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សន ជ័យ យល់ថា គឺជាសកម្មភាពស្របច្បាប់ដែលពលរដ្ឋរកយុត្តិធម៌ឲ្យខ្លួនឯង៖ « ការយឺតយ៉ាវ របស់សមត្ថកិច្ច នៅក្នុងការស្វែងរក ជនល្មើស ក្នុងការ មកផ្ដន្ទាទោស ឬមក ប្រឈមមុ ខ ក្នុង ផ្លូវច្បាប់ នេះ ខ្ញុំ គិតថា ជាគំរូ មួយវា នាំឲ្យមានអយុត្តិធម៌សង្គម ហើយក៏ជាទម្រង់ធ្ងន់ធ្ងរ និទ្ទណ្ឌភាពធ្ងន់ធ្ងរនៅកម្ពុជា ដែរ »។
ឪពុកម្ដាយយុវជន ហឿន ស៊ុយទ្រី ជាអ្នកប្រកបរបរលក់សាច់គោនៅផ្លូវជាតិលេខ៣ ម្ដុំផ្សារថ្នល់បត់ ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង។ ពួកគាត់ថ្លែងថា ត្បិតពួកគាត់ជាពលរដ្ឋសាមញ្ញមិនយល់ដឹងអំពីផ្លូវច្បាប់ និងសិទ្ធិ ប៉ុន្តែអ្នកភូមិស្រឡាញ់ និងអាណិតពួកគាត់ណាស់។ អ្នកភូមិធ្លាប់ជួយគាត់ក្នុងការតវ៉ារឿងក្ដីនេះដល់ក្រសួងយុត្តិធម៌ ម្ដងរួចហើយ។ ពួកគាត់អះអាងថា ក្រុមអ្នកភូមិបានជំរុញ និងសន្យាថាជួយពួកគាត់ក្នុងការសុំកិច្ចអន្តរាគមន៍នៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។