ក្រុមគ្រួសារជនរងគ្រោះដោយការបាញ់ប្រហារនៅពេលសមត្ថកិច្ចចុះបង្ក្រាបកន្លែងជល់មាន់ នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០១៤ នៅតែទាមទារយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធនានា។ ការទន្ទឹងរង់ចាំយុត្តិធម៌នេះ បានអូសបន្លាយពេលជាង ១ឆ្នាំហើយ ដោយជនដៃដល់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ទោះបីជាពួកគាត់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយ ប៉ុន្តែនៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ។ សមត្ថកិច្ចអះអាងថា សំណុំរឿងឃាតកម្មនេះ ពួកគេបានបញ្ជូនទៅតុលាការរួចរាល់ហើយ។
អស់រយៈពេលជាងមួយឆ្នាំមកហើយសម្រាប់ក្រុមគ្រួសារជនរងគ្រោះ លោក ឆាយ អឿន ដែលបានស្លាប់ដោយសារការបាញ់ប្រហាររបស់សមត្ថកិច្ច ក្នុងពេលចុះបង្ក្រាបកន្លែងជល់មាន់ នៅឃុំចាន់មូល ស្រុកមេមត់ ដោយអាជ្ញាធរ ឬតុលាការមិនទាន់ចាប់ជនដៃដល់យកមកផ្ដន្ទាទោសបាននៅឡើយ។
ឪពុកក្មេក លោក ឆាយ អឿន គឺលោក សេង កុន ឲ្យដឹងថា ក្រោយពេលកូនប្រសារបស់លោកស្លាប់ កូនស្រីរបស់លោកត្រូវរស់នៅឯកា រីឯចៅស្រីអាយុ ៤ឆ្នាំវិញ ត្រូវរស់នៅកំព្រាឪពុក ហើយត្រូវបន្តរង់ចាំយុត្តិធម៌រហូតមកដល់បច្ចុប្បន្ន។ បន្ថែមពីនេះ កាន់តែធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់កូនស្រីលោក ត្រូវជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ៖ « ខ្ញុំនឹកឃើញថា រឿងហ្នឹងបើគេមិនរំឭក គេមិននិយាយទៀតទេ។ ខ្ញុំគិតថារឿងហ្នឹងចប់ៗហើយ »។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ សមត្ថកិច្ចស្រុកមេមត់ បានចុះបង្ក្រាបកន្លែងជល់មាន់លួចលាក់មួយកន្លែងនៅឃុំចាន់មូល។ ហេតុការណ៍កាលនោះក៏មានការផ្ទុះអាវុធឡើង បណ្ដាលឲ្យបុរសម្នាក់ឈ្មោះ ឆាយ អឿន អាយុ ២៥ឆ្នាំ ស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចជាច្រើនគ្រាប់។ ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា ជាឧប្បត្តិហេតុប្លាតគ្រាប់ត្រូវយុវជនរូបនោះស្លាប់ ស្របពេលយុវជននោះមិនមានអាវុធតដៃជាមួយសមត្ថកិច្ច ដោយគ្រាន់តែជាអ្នកមើលគេជល់មាន់ប៉ុណ្ណោះ។
យ៉ាងណា ក្រុមគ្រួសារជនរងគ្រោះអះអាងថា មិនមែនជាករណីប្លាតគ្រាប់ទេ តែអាចជាចេតនារបស់សមត្ថកិច្ចតែម្តង ពីព្រោះកូនប្រសាលោកត្រូវគ្រាប់កាំភ្លើងចំនួន ៣កន្លែងផ្សេងគ្នា។ ប្រភពដដែលបន្ថែមទៀតថា ប្រសិនបើសំណុំរឿងកូនប្រសាលោកនៅតែស្ងាត់បែបនេះ ពួកគាត់នឹងរៀបចំពាក្យបណ្ដឹងដាក់ទៅស្ថាប័នពាក់ព័ន្ធបន្តទៀត ពិសេសប្ដឹងទៅក្រសួងយុត្តិធម៌ តែម្តង។
កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រុមគ្រួសារសព បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តកំពង់ចាម ដោយប្ដឹងឈ្មោះ ជី លីមហេង ជាអធិការរងស្រុកមេមត់ ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងជល់មាន់កាលណោះ និងបក្ខពួក ៧នាក់ទៀតពីបទមនុស្សឃាតដោយចេតនា។ ក្នុងពាក្យបណ្ដឹង គឺស្នើឲ្យតុលាការជួយរកយុត្តិធម៌ជូនក្រុមគ្រួសារអ្នកស្លាប់ ព្រមទាំងទាមទារប្រាក់សំណងចំនួន ១០០លានរៀល។
ទាក់ទងបញ្ហានេះ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ចក់ សុខកៅ មានប្រសាសន៍ថា សំណុំរឿងនេះ នគរបាលយុត្តិធម៌បានបញ្ចប់ហើយ ដោយបញ្ជូនសំណុំរឿងនេះទៅតុលាការ។ ចំណែកភារកិច្ចបន្ទាប់ គឺជាដែនសមត្ថកិច្ចរបស់តុលាការ ហើយខាងលោកក៏មិនដែលបានទទួលដំណឹងពីខាងតុលាការយ៉ាងណានោះដែរ៖ « ព្រោះរឿងខ្ញុំតែផុតដៃហើយ រឿងគាត់ដំណើរការយ៉ាងម៉េចៗ គឺអត់ដឹងទេបាទ »។
កាលពីខែមេសា ឆ្នាំ២០១៥ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម លោក រៀល សុភិន ធ្លាប់កោះហៅក្រុមគ្រួសារជនរងគ្រោះមកសាកសួរម្តង ហើយក៏ស្ងាត់សូន្យទៅវិញ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម លោក រៀល សុភិន បញ្ជាក់នៅថ្ងៃទី៨ កុម្ភៈ ថា ខាងលោកបានបញ្ជូនសំណុំរឿងមួយនេះទៅចៅក្រមស៊ើបសួររួចរាល់ហើយកាលពីឆ្នាំ២០១៥ ប៉ុន្តែលោកមិនបានដឹងថា ចៅក្រមមួយណាទទួលសំណុំរឿងនេះបន្តនោះឡើយ៖ « ខ្ញុំអត់បានដឹងថា ទៅពីណាគេផង ព្រោះខ្ញុំបានរុញចេញពីដៃខ្ញុំយូរហើយ »។
កាលពីដើមឆ្នាំ២០១៦ ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងនៅខេត្តព្រៃវែង។ ហេតុការណ៍ចុះបង្ក្រាបកន្លែងជល់មាន់នៅខេត្តព្រៃវែង គឺបណ្ដាលឲ្យអ្នកភូមិម្នាក់នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ស្លាប់។ ក្រោយមក អាជ្ញាធរខេត្តបានចាប់ខ្លួនអធិការស្រុកស្វាយអន្ទរ លោក ពុំ កាន់ បញ្ជូនទៅតុលាការ ដោយសង្ស័យថា បានពាក់ព័ន្ធករណីបាញ់អ្នកភូមិម្នាក់ស្លាប់នៅនឹងកន្លែងជល់មាន់ កាលពីថ្ងៃទី១៣ មករា។ ជាមួយគ្នានោះ តុលាការក៏សម្រេចឃុំខ្លួនអធិការស្រុករូបនោះនៅពន្ធនាគារនៅថ្ងៃទី១៦ មករា ក្រោយពេលបញ្ចប់ការសាកសួរ។
បញ្ហានេះ ធ្វើឲ្យសង្គមស៊ីវិលមើលឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីតុលាការ នៅមិនទាន់ធ្វើឲ្យពលរដ្ឋរងគ្រោះ មានជំនឿចិត្តនៅឡើយទេ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការយឺតយ៉ាវនេះអាចដោយសារតែគ្រួសាររបស់ជនរងគ្រោះ មានជីវភាពខ្សត់ខ្សោយ មិនមានលុយកាក់ ឬខ្សែរយៈបក្ខពួក ទើបបានជាសំណុំរឿងនេះត្រូវបានគេទុកចោល។ បន្ថែមពីនេះ វាក៏អាចបង្កើតជាវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ឡើងទៀតផង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបន្តភាពស្ងាត់ស្ងៀមបែបនេះ៖ « ពួកគាត់ គឺជនខ្សត់ខ្សោយអត់លុយកាក់ គ្មានខ្សែវល្លិអី ហ្នឹងដែលទុកលុយហ្នឹងចោល ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់អត់ជឿលើសមត្ថកិច្ចស្នងការ ឬព្រះរាជអាជ្ញា »។
មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែមានជំនឿថា តុលាការអាចរកជនល្មើសឃើញ ប្រសិនបើពួកគេមិនបានជាប់ពាក់ព័ន្ធរឿងផលប្រយោជន៍ណាមួយជាមួយក្រុមអ្នកប្រព្រឹត្តិទាំងនោះទេ។ ជាងនេះទៀត មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ប្រសិនបើតុលាការ ឬសមត្ថកិច្ចនៅតែរក្សាសំណុំរឿងនេះទុកចោលបន្តទៀត ប្រជាពលរដ្ឋប្រាកដជាបាត់បង់ជំនឿចិត្តលើមន្ត្រីយុត្តិធម៌ទាំងនោះ ហើយក៏ធ្វើឲ្យរាជរដ្ឋាភិបាល បាត់បង់ប្រជាប្រិយភាពជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។