អាជីវករ កសិករ និងសហគ្រិនមួយចំនួននៅខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការបរាជ័យនៃការស្វែងរកប្រាក់ចំណូល បន្ទាប់ពីសង្វាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មបង្ហាញសញ្ញាអវិជ្ជមាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះ ជំរុញឲ្យពួកគេក្លាយជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលប្រឈមការខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកបញ្ហានេះថាជាវិបត្តិសង្គមធ្ងន់ធ្ងរ ដែលទាមទារឲ្យរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល រកមធ្យោបាយសង្គ្រោះជាបន្ទាន់ដែលធានាថា នឹងទទួលប្រយោជន៍ទាំងស្ថាប័នផ្តល់ប្រាក់កម្ចី និងពលរដ្ឋ។
ក្រុមអាជីវករ សិប្បករ ពាណិជ្ជករ សហគ្រិន និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ត្អូញត្អែរពីវិបត្តិសេដ្ឋកិច្ចគ្រួសារដែលកំពុងគាបសង្កត់ជីវភាពរស់នៅរបស់ពួកគេធ្ងន់ធ្ងរ បន្ទាប់ពីការស្វែងរកប្រាក់ចំណូលរបស់ពួកគេ បានបរាជ័យអំឡុងឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ បណ្ដាលឲ្យកសិករមួយចំនួនបង្ខំចិត្តឲ្យកូនចៅឈប់រៀន ដើម្បីជួយរកប្រាក់សងម្ចាស់បំណុល។ កសិករមួយចំនួនចំណាកស្រុក និងកសិករមួយចំនួនទៀត ធ្វើកម្មករកាប់ព្រៃរានយកដី ជាដើម។
កសិករជាជនជាតិដើមភាគតិចកួយ រស់នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ លោក សុខ ធឿង ឲ្យដឹងថា កសិករមួយចំនួនធំបានខ្ចីបុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើដើមទុនអាជីវកម្ម ដែលរំពឹងថាបានប្រាក់ចំណេញ តែផ្ទុយទៅវិញ ពួកគេភាគច្រើនបរាជ័យ។ លោកថា ការបរាជ័យនេះបណ្ដាលមកពីកសិករប្រើប្រាស់ប្រាក់កម្ចីមិនចំទិសដៅ ខ្វះចំណេះដឹង ខ្វះជំនាញកសិកម្ម ហើយតម្លៃកសិផលធ្លាក់ថ្លៃពេលកសិករប្រមូលផល។ លោកថា ពលរដ្ឋមួយចំនួនជំពាក់បំណុលគេដោយលំបាករើបម្រះ ត្រូវបង្ខំចិត្តប្រព្រឹត្តទង្វើល្មើសច្បាប់មានជាអាទិ៍ ធ្វើកម្មករកាប់ព្រៃ និងដឹកជញ្ជូនឈើប្រណិត ជាដើម៖ « គាត់ជាអ្នកកម្ចីខ្លួនគាត់ ក៏ប៉ុន្តែគាត់យកលុយគេមកប្រើប្រាស់ខុសគោលដៅ។ គាត់មិនជួញទ្រព្យទេ គាត់ជួញបំណុល បើនិយាយទៅដោយសារតែគាត់ចង់បានហួសប្រមាណខ្លួនឯង។ ខ្ញុំដឹងហើយថា កាតព្វកិច្ចការពារជាតិវាសំខាន់ ប៉ុន្តែជាតិវាសំខាន់ គឺដោយសារពលរដ្ឋរស់បាន។ វាសំខាន់ ចុះពលរដ្ឋរស់មិនបាន ជាតិមកពីណា ? ពលរដ្ឋងាប់គរជើងគ្នាដោយសារជំពាក់បំណុលធនាគារនេះ »។

លោក សុខ ធឿង បន្តថា ស្ថានភាពរស់នៅរបស់ពលរដ្ឋបច្ចុប្បន្ន បើមើលពីសម្បកក្រៅមានសភាពធម្មតា តែធាតុក្នុងអារម្មណ៍របស់ពួកគេបង្កប់ដោយក្តីព្រួយបារម្ភ ដោយសារតែការស្វែងរកប្រាក់ចំណូលធ្លាក់ចុះ។ ពលរដ្ឋមួយចំនួនត្រូវធនាគាររឹបអូសផ្ទះសម្បែង ហើយពលរដ្ឋខ្លះបានរត់ចោលស្រុក។ លោកចាត់ទុកបញ្ហានេះ គឺជាហានិភ័យទ្រង់ទ្រាយធំរបស់កសិករ ដែលទាមទារឲ្យរដ្ឋាភិបាលរកមធ្យោបាយសង្គ្រោះជាបន្ទាន់ ដូចជាកំណត់តម្លៃទីផ្សារទិញកសិផលសមរម្យ បណ្តុះបណ្តាលជំនាញកសិកម្ម និងពង្រឹងសមត្ថភាពគ្រប់គ្រងប្រាក់កម្ចី ជាដើម។
លោក សុខ ធឿង ព្យាករថា មកទល់ពេលនេះ កសិករក្នុងមូលដ្ឋានលោកប្រមាណជាង ៩០ភាគរយកំពុងជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយកំពុងធ្វើការទាំងយប់ថ្ងៃ ដើម្បីដោះបំណុល។ លោកមានសង្ឃឹមតិចតួចណាស់ថា កសិករមានលទ្ធភាពដោះបំណុលបាន បើពុំមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលទេ៖ « វាមិនក្រោមកុម្មុយនិស្ត ប៉ុល ពត ទេ រាល់ថ្ងៃនេះមិនមែនមនុស្សគាបសង្កត់ទេ ហៅថាសេដ្ឋកិច្ចគាបសង្កត់។ រាល់ថ្ងៃនេះនៅក្នុងអន្លង់ក្រមួន នេះ។ សេដ្ឋកិច្ចគាបសង្កត់មិនមែននរណាគាបសង្កត់ទេ ដោយសារចិត្តខ្លួនឯងជាអ្នកធ្វើ ដោយសារអី ? ដោយសារខ្វះការយល់ដឹង ទៅកម្ចីគេពីមួយទៅមួយដោះអត់ចេញ »។
កសិកររស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង លោក ឡុង បូរី មើលឃើញថា កសិករភាគច្រើនប្រឈមហានិភ័យខ្ពស់ បណ្ដាលមកពីតម្លៃកសិផលមិនឋិតថេរ និងបច្ចេកទេសកសិកម្មមានកម្រិត។ លោកថា បច្ចុប្បន្ន រដ្ឋាភិបាលពុំបានកំណត់តម្លៃកសិផលជាក់លាក់នោះទេ នៅគ្រាដែលកសិករប្រមូលផលត្រូវបានឈ្មួញកណ្ដាលកំណត់តម្លៃស្រេចតែចិត្ត ហើយកសិករភាគច្រើនពុំមានជំនាញធ្វើកសិកម្មផ្អែកលើបច្ចេកទេសត្រឹមត្រូវទេ ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំ ការដាំដុះរបស់កសិករកាន់តែធ្លាក់ចុះ ព្រោះពួកគេធ្វើកសិកម្មប្រវាស់មេឃ។ លោកអំពាវនាវឲ្យប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កំណត់តម្លៃទីផ្សារទិញកសិផលជាក់លាក់មួយ ដែលធានាពីស្ថិរភាពតម្លៃកសិផលសមរម្យជូនកសិករនៅពេលប្រមូលផល៖ « រដ្ឋាភិបាលត្រូវរួមជាមួយធនាគារផ្សេងៗ ឯកជនផង។ នៅពេលដែលកសិករគាត់មិនមានលទ្ធភាពសងត្រឡប់។ គួរតែមានវិធានការមួយធ្វើឲ្យកម្ចីរបស់គាត់នៅត្រឹងសិន មានន័យថា កុំអាលទាមទារពីគាត់មានន័យថា ឲ្យគាត់ផ្ដិតមេដៃ ឬក៏ធ្វើអ៊ីចឹង ឬផ្តល់រយៈពេលប៉ុន្មាន ? ទុកពេលកំណត់ក្នុងការសង »។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចលើកឡើងថា ការរីកចម្រើននៃចរន្តសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង នេះ គឺបានមកពីសង្វាក់ផលិតកម្មឈើប្រណិត និងគ្រឿងសង្ហារិម ធនធានជលផល វិស័យកសិកម្ម ឧស្សាហកម្ម រួមមាន ផលដំឡូងមី គ្រាប់ស្វាយចន្ទី កៅស៊ូ និងសណ្ដែកសៀង ជាដើម ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចរន្តសេដ្ឋកិច្ចឈើប្រណិត ឬគ្រឿងសង្ហារិមមានសភាពកាន់តែខ្សត់បន្តិចម្តងៗ ខណៈដែលក្រុមហ៊ុនវិនិយោគធំៗបានបោះទុនវិនិយោគដីសម្បទានសេដ្ឋកិច្ច និងមានថៅកែជនជាតិវៀតណាម និងជនជាតិចិន បានវិនិយោគឈើប្រណិតកាន់តែកើនឡើង បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនពុំសូវរកប្រាក់ចំណូលបានពីវិស័យនេះជាដុំកំភួនឡើយ ពោលគឺអាចរកបានតែមួយក្រពះ។
នៅខេត្តស្ទឹងត្រែង មានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋជាង ១០ស្ថាប័ន មិនរាប់បញ្ចូលកន្លែងផ្តល់ប្រាក់កម្ចីជាលក្ខណៈគ្រួសារទេ ដែលមានលទ្ធភាពផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋនៅខេត្តនេះរាប់ម៉ឺននាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ (AMK) សាខាខេត្តស្ទឹងត្រែង បានផ្តល់ប្រាក់កម្ចីសម្រាប់ពលរដ្ឋក្នុងខេត្តភាគឦសានមួយនេះជិត ៥ពាន់នាក់ ក៏ទទួលស្គាល់ពីការធ្លាក់ចុះប្រាក់ចំណូលដែលកើតមានចំពោះអតិថិជនរបស់ខ្លួនដែរ ក៏ប៉ុន្តែពុំទាន់មានលក្ខណៈធ្ងន់ធ្ងរចំពោះការបង្វិលប្រាក់សងនោះទេ។
អនុប្រធានសាខា អេ.អឹម.ខេ ខេត្តស្ទឹងត្រែង លោក សំ គន្ធា កត់សម្គាល់ថា ស្ថាប័នផ្តល់កម្ចីទាំងអស់មុនពេលផ្តល់ប្រាក់កម្ចី ផ្ដោតសំខាន់ត្រូវវិភាគច្បាស់លាស់លើប្រាក់ចំណូល និងចំណាយរបស់ពួកគាត់ ក៏ប៉ុន្តែមានស្ថាប័នផ្តល់កម្ចីខ្លះមិនមានប្រព័ន្ធដើម្បីត្រួតពិនិត្យប្រវត្តិកម្ចីរបស់អតិថិជនទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកថាភាពយឺតយ៉ាវនៃការបង្វិលប្រាក់សងរបស់កូនបំណុលនៅមានតិចតួចនៅឡើយ៖ « និយាយចំ យើងមើលជាក់ស្តែងទាក់ទងអាជីវករលក់ដូរ គឺភាគច្រើនគឺគាត់មានបញ្ហាខ្លះពាក់ព័ន្ធចំណូល។ មិនដូចកាលពីមុនទេ »។
ខេត្តស្ទឹងត្រែង មានក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន ៩ ដែលមានផ្ទៃដីសរុបជាង ៦ម៉ឺន ៤ពាន់ហិកតារ (៦៤.៨៦២ហិកតារ) ធ្វើការដាំដុះដោយគិតចាប់ពីឆ្នាំ២០១៥ លើផ្ទៃដីចំនួនជាង ១ម៉ឺន ៧ពាន់ហិកតារ (១៧.៥៥១ហិកតារ)។ ផ្ទៃដីកសិកម្មសរុបចំនួនជិត ៣ម៉ឺនហិកតារ (២៨.៦៨៩ហិកតារ)។ លើសពីនេះ ផ្ទៃដីធ្វើកសិកម្មបានរីកធំឡើងជាបន្តបន្ទាប់ ខណៈចលនាទន្ទ្រានដីព្រៃធ្វើកសិកម្មកំពុងកើតឡើងជាប្រព័ន្ធ។
មេឃុំស្រែឫស្សី លោក លូន ណាន ក៏បារម្ភពីការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋ និងការបរាជ័យមុខរបររបស់អ្នកភូមិដែរ នៅគ្រាដែលឃុំស្រែឫស្សី មានពលរដ្ឋ ៤គ្រួសារហើយត្រូវធនាគារ និងមីក្រូហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិ ហើយពលរដ្ឋមួយចំនួនតូចរត់ចោលស្រុក។ លោកចាត់ទុកបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ កំពុងក្លាយជាបញ្ហាចោទធ្ងន់ធ្ងរមួយរបស់សហគមន៍ បន្ទាប់ពីអ្នកភូមិភាគច្រើនជួបវិបត្តិគ្រោះធម្មជាតិ ឬគ្រោះរាំងស្ងួត ហើយតម្លៃកសិផលកាន់តែធ្លាក់ថ្លៃ បណ្ដាលឲ្យប៉ះពាល់ជីវភាពរស់នៅពលរដ្ឋ។ លោកទទូចឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ វិភាគលើប្រាក់ចំណូលរបស់ពលរដ្ឋ និងសិក្សាពីប្រវត្តិកម្ចីរបស់ពលរដ្ឋជាមុនសិន មុននឹងផ្តល់ប្រាក់កម្ចីដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាថ្ងៃខាងមុខ៖ « ខ្លះគេចាយវាយប្រចាំអាជីពលើប្រាក់កម្ចីអ្នកនេះទៅសងអ្នកនោះ។ ខ្ចីធនាគារនេះទៅសងអានោះ ប៉ុន្តែសងអត់ដាច់ទេ បានតែពាក់កណ្ដាលៗ ដល់សរុបទៅប៉ុន្មានធនាគារ គឺរកសងគេមិនកើតរត់ប្រូចទៅ។ វាជាប់អាអ្នកផ្ដិតមេដៃធានានោះវេទនាបណ្តោយ »។
មន្ត្រីសង្គមស៊ីវិលមើលឃើញថា វិបត្តិសេដ្ឋកិច្ចរបស់សហគមន៍ដែលកំពុងចាក់ស្រែះធ្ងន់ធ្ងរនេះ កំពុងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ ដែលទាមទារឲ្យរដ្ឋាភិបាលរកមធ្យោបាយសង្គ្រោះជាបន្ទាន់ ដើម្បីស្រោចស្រង់បញ្ហាដែលកំពុងប៉ះពាល់ អនុលោមតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់មតិថា រដ្ឋាភិបាលត្រូវគាស់កកាយស្វែងរកយន្តការជាក់លាក់មួយ ដើម្បីឆ្លើយតបរកដំណោះស្រាយមានលក្ខណៈកណ្ដាល ដែលធានាថាអាចជួយសម្រាលការលំបាកពលរដ្ឋ និងមិនមានផលប៉ះពាល់ដល់ដំណើរការប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកថា ស្ថាប័នពាក់ព័ន្ធត្រូវមានកម្មវិធីពង្រឹងសមត្ថភាពជាមុនសិន មុនផ្តល់ប្រាក់កម្ចី និងមានប្រព័ន្ធត្រួតពិនិត្យជាក់លាក់។ លោកទទូចឲ្យរដ្ឋាភិបាលបង្កើតមូលនិធិទ្រទ្រង់ជាតិមួយ សម្រាប់ជួយទ្រទ្រង់ក្រុមកសិករដែលធ្វើអាជីវកម្ម ឬយកទុនទៅពង្រីកមុខរបររបស់ខ្លួន និងមានលក្ខខណ្ឌបង្កើតប្រព័ន្ធត្រួតពិនិត្យមុននឹងផ្តល់ឥណទាន។ លោកបារម្ភថា បំណុលធនាគារនេះ គឺជាសញ្ញាអវិជ្ជមានសម្រាប់ពលរដ្ឋកម្ពុជា នៅពេលដែលពួកគេខ្វះជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ហើយដំណើរការអាជីវកម្មមិនមានទិសដៅជាក់លាក់ រួមផ្សំនឹងការស្វែងរកទីផ្សារទិញផលិតផលកំពុងមានបញ្ហា ជាដើម៖ « តួអង្គហ្នឹងត្រូវមានពីរ មីក្រូហិរញ្ញវត្ថុផង ហើយមានកម្ចីមួយដែលមានការគាំពារពីរដ្ឋ មិនប្រាកដថារដ្ឋទេ តែរដ្ឋអាចធ្វើកិច្ចព្រមព្រៀងជាមួយមីក្រូហិរញ្ញវត្ថុណាមួយ ដែលគេអាចផ្តល់កម្ចីអភិវឌ្ឍន៍កសិកម្មហ្នឹងទៅត្រូវធ្វើម៉េច ? បើសិនពលរដ្ឋរកស៊ីខាតត្រូវតែមានគោលការណ៍ម៉េច ? ធ្វើបែបហ្នឹងទើបវិស័យកសិកម្មស្រុកខ្មែរអាចរីកចម្រើន មានន័យថាជាវិស័យមួយត្រូវបានគេយកចិត្តទុកដាក់ »។
ប្រជាសហគមន៍ព្យាករថា ប្រជាជនខេត្តស្ទឹងត្រែង ជាង ៩០ភាគរយបានខ្ចីប្រាក់ធនាគារ ដើម្បីធ្វើអាជីវកម្ម និងបង្កើនមុខរបរជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែពលរដ្ឋភាគច្រើនកំពុងលិចលង់នឹងបំណុលនេះ បន្ទាប់ពីកើតមានគ្រោះរាំងស្ងួត ឬគ្រោះធម្មជាតិ។ ចំណែកក្រុមអាជីវករផ្សារស្ទឹងត្រែង ជាង ១ពាន់គ្រួសារ ក៏ប្រឈមវិបត្តិសេដ្ឋកិច្ចនេះដែរ នៅគ្រាដែលអគ្គីភ័យឆេះសម្ភារៈលក់ដូររបស់ពួកគេអស់រាប់លានដុល្លារ។ ចំណែកគោក្របីអ្នកស្រុកសៀមប៉ាង យ៉ាងហោចណាស់ជាង ៣០០ក្បាលងាប់កាលពីដើមឆ្នាំ២០១៦។
ប្រជាពលរដ្ឋទាំងអាជីវករ កសិករ និងសហគ្រិន ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចុះមូលដ្ឋាន សិក្សាធ្វើយ៉ាងណាដើម្បីជួយរកមធ្យោបាយសម្រាលជីវភាពរបស់ពលរដ្ឋដែលកំពុងប្រឈមនេះ ផ្តល់ជំនាញកសិកម្ម និងកំណត់តម្លៃទីផ្សារទិញកសិផលជាក់លាក់ជូនកសិករ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។