
សហព័ន្ធទេសចរណ៍ និងសមាគមចុងភៅកម្ពុជា បានរួមសហការគ្នាបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនល្បីៗចំនួនជាង ២០០ក្រុមហ៊ុន មកពីប្រទេសចំនួន១៦ បាននាំយកផលិតផលចំណីអាហារ ព្រមទាំងភេសជ្ជៈជាច្រើនប្រភេទ មកតាំងពិព័រណ៍អន្តរជាតិលើកដំបូងនៅទីក្រុងសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា។
ក្រុមហ៊ុនដែលល្បីមកពីសហរដ្ឋអាមេរិក (United State) សិង្ហបុរី (Singapore) តៃវ៉ាន់ (Taiwan) វៀតណាម (Vietnam) និងកម្ពុជា ផង កំពុងនាំគ្នាដាក់តាំងពិព័រណ៍ផលិតផលអាហារ ផ្លែឈើ សាច់សត្វ នំប៉័ង ស្រាផលិតពីផ្លែឈើ ភេសជ្ជៈជាច្រើនមុខ ព្រមទាំងសោនៃប្រព័ន្ធសុវត្ថិភាពផង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលចូលរួមបើកសម្ពោធការតាំងពិព័រណ៍នោះមានប្រសាសន៍ថា ការតាំងពិព័រណ៍ម្ហូបអាហារខ្នាតអន្តរជាតិនេះ គឺជាវិធីសាស្ត្រមួយទៀត នៃការទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាកម្ពុជា កាន់តែច្រើនឡើង បន្ថែមពីលើការប្រឹងប្រែងកន្លងទៅ ដែលរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើ ដូចជាយុទ្ធការជំរុញឲ្យកម្ពុជា ស្អាត យុទ្ធនាការប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មទេសចរណ៍ល្អ និងបដិសណ្ឋារកិច្ចល្អ ជាដើម៖ «វិស័យម្ហូបអាហារ និងភេសជ្ជៈ និងផលិតផលម្ហូបអាហារ គឺជាផ្នែកមួយដែលមានសារសំខាន់ក្នុងការរួមចំណែកធ្វើសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក»។
ក្រសួងទេសចរណ៍ រំពឹងទុកថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៧លាននាក់ ហើយជំនាញផ្នែកបដិសណ្ឋារកិច្ចភ្ញៀវ និងជំនាញនៃការធ្វើម្ហូបអាហារ វាពិតជាតម្រូវការចាំបាច់សម្រាប់បម្រើតម្រូវការដល់អ្នកទេសចរទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។