អតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង អះអាងថា សិស្សដែលរៀនចប់ពីសាលានេះរាប់ពាន់នាក់ រៀនចប់អស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេមិនអាចដកសញ្ញាបត្រយកទៅប្រើប្រាស់ជាផ្លូវការបានឡើយ។
បញ្ហានេះ ធ្វើឲ្យពួកគេស្វែងរកការងារធ្វើដោយលំបាក និងពុំមានលទ្ធភាពប្រកួតប្រជែងក្នុងការងារទេ ដោយសារពុំមានសញ្ញាបត្រពិតយកទៅបង្ហាញស្ថាប័នដែលត្រូវជ្រើសរើសនោះ។
អតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់ថ្នាក់ដឹកនាំសាលានេះ ថាជាសកម្មភាពមួយគិតតែពីផលប្រយោជន៍របស់ខ្លួន ដោយមិនខ្វល់ពីអនាគតរបស់សិស្សដែលរៀនចប់ឡើយ។
អតីតយុវសិស្សម្នាក់រស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្លែងមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២៦ កុម្ភៈ ថា កាលពីឆ្នាំ២០០៤-២០០៦ រូបគេជាអតីតសិស្សវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។
ពលរដ្ឋរូបនេះបន្តថា ចាប់តាំងពីរៀនចប់នៅឆ្នាំ២០០៧ មករហូតមកទល់ពេលនេះ គឺពួកគេពុំអាចដកសញ្ញាបត្រពីសាលានេះ យកទៅប្រើប្រាស់បាននៅឡើយទេ។ ការដកសញ្ញាបត្រមិនបាននេះ ពុំមែនមានតែសិស្សជំនាន់ពួកគេរៀនប៉ុណ្ណោះទេ គឺសិស្សជំនាន់ក្រោយៗទៀតសរុបប្រមាណជាង ១ពាន់នាក់ ក៏ជួបបញ្ហានេះដូចគ្នា ធ្វើឲ្យគេលំបាកក្នុងការប្រកួតប្រជែងស្វែងរកការងារធ្វើដូចគ្នាដែរ៖ «ខាងរដ្ឋបាលគេតែងថាបញ្ជូនទៅឲ្យថ្នាក់លើធ្វើហើយ តែមិនចេះឃើញធ្លាក់មកទេ។ ខ្ញុំពេលនៅគ្មានសញ្ញាបត្រពិតទៅបង្ហាញគេអ៊ីចឹងទៅ វាជាបញ្ហាដល់ពួកខ្ញុំពិបាករកការងារណាស់។ ម្យ៉ាងទៀតនៅសាលាគេផ្សេង ពេលរៀនចប់ប្រមាណ ២ឆ្នាំបានទទួលសញ្ញាបត្រហើយ មិនដូចសាលាដែលធ្លាប់រៀននេះទេ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានផ្នែករដ្ឋបាលវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង លោក ផាន់ ផា មានប្រសាសន៍ទទួលស្គាល់ថា ខាងសាលាពិតជាយឺតយ៉ាវក្នុងការប្រគល់សញ្ញាបត្រដល់សិស្សខ្លះមែន។ ទោះជាយ៉ាងនេះក្ដី លោកថា ការយឺតយ៉ាវនេះដោយសារកំហុសបច្ចេកទេសទេ ហើយថាខាងសាលាកំពុងដំណើរការលើការងារនេះ៖ «បាទ! ព្រោះខុសទី១ ថ្ងៃខែឆ្នាំកំណើត។ ទី២ ទម្រង់ពណ៌សញ្ញាបត្រ និងទំហំសន្លឹក។ ហើយម្យ៉ាងទៀត ពីដើមសាលាចំណុះឲ្យក្រសួងអប់រំ ហើយក្រោយមកបានប្ដូរចំណុះឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិញ។ ចំណែកឯនាយកសាលា ក៏មានផ្លាស់ប្ដូរដែរ ទើបធ្វើឲ្យមានការយឺតយ៉ាវធ្វើសញ្ញាបត្រសិស្ស»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ស៊ុន តឹក មានប្រសាសន៍ថា សាលាជាអ្នកទទួលខុសត្រូវចំពោះការយឺតយ៉ាវប្រគល់សញ្ញាបត្រឲ្យសិស្ស ដើម្បីឲ្យពួកគេយកទៅប្រើប្រាស់ស្វែងរកការងារធ្វើដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោក ស៊ុន តឹក ហៅការបកស្រាយរបស់មន្ត្រីសាលានេះ ថាគ្រាន់តែជាលេសមួយ ដើម្បីដោះបន្ទុកពីការទទួលខុសត្រូវមួយគ្រាប៉ុណ្ណោះ៖ «សាលាមិនប្រគល់សញ្ញាបត្រជាច្រើនឆ្នាំនេះ មិនត្រឹមត្រូវឡើយ បើទោះជាខុសបច្ចេកទេសយ៉ាងណា ក៏សាលាត្រូវតែធ្វើសញ្ញាបត្រសិស្សឲ្យបានដែរ»។
វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ជាស្ថាប័នបណ្ដុះបណ្ដាលរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សាលានេះសព្វថ្ងៃ បណ្ដុះបណ្ដាលមានជាអាទិ៍ផ្នែកសំណង់ អគ្គិសនី និងគ្រឿងយន្តកសិកម្ម ជាដើម និងមានសិស្សកំពុងសិក្សាប្រមាណ ៥០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។