ថៅកែ​រោងចក្រ​ត្អូញ​ពី​ជំនាញ​របស់​កម្មករ​នៅ​ទាប​និង​អំពើ​ពុក​រលួយ

0:00 / 0:00

សមាគម​និយោជក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា បាន​ផ្សាយ​ចេញ​របាយការណ៍​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្លាំង​កម្មករ​នៅ​កម្ពុជា ធ្វើ​ការ​លើ​វិស័យ​កាត់​ដេរ​មាន​ចំនួន​ច្រើន ប៉ុន្តែ​នៅ​មាន​ជំនាញ​ទាប។ ស្រប​គ្នា​នេះ អំពើ​ពុក​រលួយ​បាន​កើត​មាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​រីក​ចម្រើន​លើ​វិស័យ​កាត់​ដេរ​នេះ។

សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​ធ្វើ​ការ​ស្ទាបស្ទង់​មតិ និង​រក​ឃើញ​ថា ការងារ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា មាន​បញ្ហា​ជាច្រើន​ដែល​រដ្ឋាភិបាល កម្មករ និង​ថៅកែ​រោងចក្រ​ត្រូវ​រួម​គ្នា​ដោះស្រាយ។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សមាគម​និយោជក​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១២ មីនា ក្នុង​ឱកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​របាយការណ៍​របស់​អង្គការ​ការងារ​អន្តរជាតិ ថា ប្រជាជន​កម្ពុជា ចំនួន ៣២% មាន​អាយុ​ក្រោម ១៥​ឆ្នាំ ហើយ​មាន​យុវវ័យ​ប្រមាណ​ពី ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​នាក់ បាន​ចូល​ធ្វើ​ការ​ក្នុង​ទីផ្សារ​ការងារ​ជា​រៀង​រាល់​ឆ្នាំ និង​ប្រទេស​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ចំ​កណ្ដាល​តំបន់​មួយ ដែល​មាន​ការ​រីក​ចម្រើន​លូតលាស់​បំផុត​លើ​ពិភពលោក។ ប៉ុន្តែ ទាក់ទិន​ជាមួយ​ជំនាញ​ការងារ របាយការណ៍​សិក្សា​រក​ឃើញ​ថា ការ​អប់រំ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មុខ​ជំនាញ​ដល់​ពលករ​ទាំង​នោះ មិន​ទាន់​ឆ្លើយ​តប​បាន​តាម​សេចក្តី​ត្រូវ​ការ​របស់​សហគមន៍​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ។

ក្រៅ​ពី​ពលករ​មាន​ការ​ខ្វះខាត​បទ​ពិសោធន៍ និង​ជំនាញ​លើ​ការងារ លោក វ៉ាន់ ស៊ូអៀង បាន​បន្ថែម​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អំពើ​ពុក​រលួយ​បាន​កើត​មាន និង​នៅ​តែ​ជា​ឧបសគ្គ​សំខាន់​ចំពោះ​ការងារ​ពាណិជ្ជកម្ម៖ «ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​លើ​ផល​វិបាក​នៃ​ការ​បដិសេធ​មិន​បង់​ប្រាក់ សម្រួល​ការងារ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន ៧០% ទទួល​បាន​សេវាកម្ម​យឺតយ៉ាវ ឬ​ពុំ​ទទួល​បាន​ទាល់​តែ​សោះ។ ចំណុច​នេះ មិន​អាច​ទទួល​យក​បាន​ទេ។ ទោះ​បី​មាន​វឌ្ឍនភាព​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏ដោយ ជាពិសេស​តាម​រយៈ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏ប៉ុន្តែ​អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​សំខាន់​សម្រាប់​ពាណិជ្ជកម្ម»

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ស្ដីពី "បរិយាកាស​អំណោយ​ផល​ដើម្បី​ធ្វើ​ឲ្យ​សហគ្រាស​មាន​ចីរភាព​ក្នុង​ប្រទេស​កម្ពុជា" បាន​បង្ហាញ​ឲ្យ​ដឹង​ថា អំពើ​ពុក​រលួយ គឺ​ជា​ឧបសគ្គ​ធំ​បំផុត​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា ហើយ​គេ​បាន​ប៉ាន់ស្មាន​ថា ប្រហែល ១០% នៃ​ផល​ទុន​ក្នុង​ស្រុក​សរុប ជី.ឌី.ភី (GDP) ប្រចាំ​ឆ្នាំ បាន​បាត់​បង់​ដោយសារ​អំពើ​ពុក​រលួយ។

ឆ្លើយ​តប​ចំពោះ​ចំណុច​លើក​ឡើង​ក្នុង​របាយការណ៍​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​បង្កើត​គម្រោង​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​សម្រួល​ការ​ធ្វើ​សមាហរណកម្ម​យុវជន​ចូល​ទីផ្សារ​ការងារ ដោយ​បង្កើត​ជំនាញ​អនុវត្ត​ជាក់ស្តែង។ ហើយ​ចំពោះ​ការ​ប្រឆាំង​តប​ដើម្បី​បំបាត់​អំពើ​ពុក​រលួយ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ជួយ​កាត់​បន្ថយ និង​ទប់ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល៖ «បាទ! នេះ​ជា​ការ​ត្រឹមត្រូវ​ណាស់ ព្រោះ​វា​ស្រប​ជាមួយ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រោះ​ឥឡូវ​នេះ​បរិយាកាស​នៃ​វិនិយោគ​នៃ​អាជីវកម្ម ត្រូវ​តែ​ធានា​តម្លាភាព ទើប​ធានា​បាន​វិនិយោគ។ ដូច​នេះ ការ​ចូល​រួម​បំបាត់​អំពើ​ពុក​រលួយ​នេះ គឺ​ស្វាគមន៍ និង​ជា​ការ​មួយ​ត្រឹមត្រូវ»

លោក អ៊ិត សំហេង បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន កម្មករ​និយោជិត ដៃគូ​ជាតិ និង​អន្តរជាតិ ចូល​រួម​ចំណែក​សហការ​ដោះស្រាយ​ជា​បន្ត​ទៀត បញ្ហា​ចម្បង​ជាច្រើន​ដែល​កើត​មាន និង​កំពុង​ប្រឈម ដូច​ជា បញ្ហា​ខ្វះ​ជំនាញ​ដែល​ប៉ះពាល់​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន។

របាយការណ៍​ការ​សិក្សា​របស់​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា និង​របាយការណ៍​សិក្សា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ស្ដីពី​បរិយាកាស​អំណោយ​ផល​ដើម្បី​ធ្វើ​ឲ្យ​សហគ្រាស​មាន​ចីរភាព​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​១២ មីនា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រដ្ឋាភិបាល តំណាង​ស្ថានទូត​បរទេស​នៅ​កម្ពុជា និង​អ្នក​វិនិយោគ​ជាច្រើន​នាក់។

លទ្ធផល​របាយការណ៍​នេះ​បាន​មក​ពី​ការ​ស្ទាបស្ទង់​មតិ​ថ្នាក់​ជាតិ ជាមួយ​កម្មករ​និយោជិត​ចំនួន ២០០​នាក់ និង​តំណាង​ក្រុមហ៊ុន​ចំនួន ៣០០​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បាន​មក​ពី​ការ​ពិភាក្សា​តាម​ក្រុម និង​សិក្ខា​សាលា​ថ្នាក់​ជាតិ ជាមួយ​ឥស្សរជន​ជាន់​ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។