Opens in new windowសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) នៅព្រឹកថ្ងៃទី៣ កញ្ញា នេះ បើកការដ្ឋានសាងសង់វិទ្យាស្ថានឯកជនមួយ ដែលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់វិស័យកាត់ដេរ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ការសាងសង់វិទ្យាស្ថាននេះ នឹងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដែលជាប្រាក់កម្ចីពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (Agence Française de Développement)។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍តាមរយៈសេចក្ដីប្រកាសព័ត៌មានថា វិទ្យាស្ថាននេះនឹងជួយបណ្ដុះបណ្ដាលកម្មករកាត់ដេរនៅគ្រប់ផ្នែកទាំងអស់ រាប់ចាប់តាំងពីអ្នកដេររហូតដល់អ្នកជំនាញបច្ចេកទេស និងអ្នកធ្វើពុម្ពជាដើម។ លោកមានប្រសាសន៍បន្តថា វិទ្យាស្ថាននេះនឹងជួយបង្កើនផលិតភាព និងកាត់បន្ថយការពឹងផ្អែកលើបុគ្គលិកបរទេសនៅក្នុងមុខតំណែងសំខាន់ៗ។
សេចក្ដីប្រកាសព័ត៌មានដដែលលើកឡើងថា កម្មកររោងចក្រកាត់ដេរដែលចង់អភិវឌ្ឍជំនាញរបស់ខ្លួន អាចមកចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដូចជាជំនាញដឹកនាំ និងគ្រប់គ្រងជំនាញរចនាម៉ូត និងធ្វើពុម្ព ជាដើម។
ជីម៉ាក់ បញ្ជាក់ដែរថា វិទ្យាស្ថាននេះនឹងចាប់បើកដំណើរការនៅចុងឆ្នាំ២០១៦ ហើយសង្ឃឹមថា ក្នុងរយៈពេល ៣ឆ្នាំដំបូង វិទ្យាស្ថាននឹងផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ជាង ១.៦០០នាក់។ ជីម៉ាក់ ប្រកាសថា នឹងទទួលយកនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ២៤០នាក់ សម្រាប់ថ្នាក់បណ្ដុះបណ្ដាលដែលមានរយៈពេលមួយឆ្នាំ លើជំនាញវិស្វកម្មផលិតកម្ម ការគ្រប់គ្រងគុណភាព និងការរចនាម៉ូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
