កម្មករ​ប្រមាណ​៥០០​នាក់​ចែក​រំលែក​បញ្ហា​ប្រឈម​និង​ស្វែង​យល់​ពី​សេវា​ធានា​រ៉ាប់រង​សុខភាព

0:00 / 0:00

សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ នៅ​ថ្ងៃ​ទី​២២ ឧសភា រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​ឲ្យ​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​ប្រមាណ ៥០០​នាក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្គាល់​គ្នា​ចែក​រំលែក​បញ្ហា​ប្រឈម និង​ស្វែង​យល់​ពី​សេវា​ធានា​រ៉ាប់រង​សុខភាព ដែល​រដ្ឋាភិបាល​ទើប​នឹង​ចាប់​ផ្ដើម​អនុវត្ត​កាល​ពី​ដើម​ខែ​ឧសភា។ ក្នុង​ពេល​នេះ​ដែរ កម្មករ​នៅ​តែ​បង្ហាញ​ថា ស្ថានភាព​រស់នៅ​ជា​ទូទៅ​របស់​កម្មករ នៅ​តែ​លំបាក។

កម្មករ​កម្មការិនី​ដែល​ឡើង​សម្ដែង​នៅ​លើ​ឆាក​សិល្បៈ​មហោស្រព​ចេនឡា​ភ្នំពេញ ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣០ ភាគ​ច្រើន​បំផុត​សុទ្ធតែ​បង្ហាញ​អំពី​ការ​ប្រឈម​នឹង​ការ​លំបាក​ទាំង​នៅ​ក្នុង​រោងចក្រ និង​ជីវភាព​នៅ​ក្រៅ​រោងចក្រ។

នៅ​ក្រៅ​ឆាក​វិញ កញ្ញា សារី ឡែន កម្មការិនី​នៃ​រោងចក្រ ហុង វ៉ា ឲ្យ​ដឹង​ថា នាង​ធ្វើ​ការ​ជា​កម្មការិនី​កាត់​ដេរ​ដប់​ឆ្នាំ​មក​ហើយ។ កញ្ញា ឡែន ត្អូញ​ថា ថ្វី​បើ​ពេល​នេះ​កញ្ញា​បាន​ទទួល​ប្រាក់​ឈ្នួល​គោល ឬ​ប្រាក់​ឈ្នួល​អប្បបរមា​កើន​ដល់​ចំនួន ១៤០​ដុល្លារ​ក្ដី ក៏​ស្ថានភាព​ជីវភាព​នៅ​តែ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ៖ « ប្រាក់​ខែ​ឡើង​បាន​បន្តិច ចំណាយ​ហ្នឹង​កាន់​តែ​ទ្វេ​ជាង​ប្រាក់​ខែ​ដែល​ធ្លាប់​ទទួល​បាន​ពី​មុន។ ពី​កាល​មក​ដំបូង ខ្ញុំ​គិត​ប្រាក់​ខែ​តែ ៥០ ( ដុល្លារ ) ទេ ប៉ុន្តែ​ខ្ញុំ​ផ្ញើ​ទៅ​ផ្ទះ​បាន​ច្រើន​ជាង ១៤០​ដុល្លារ​ទៅ​ទៀត ដោយសារ​ការ​ចំណាយ​វា​អស់​តិច​ជាង​ឥឡូវ »

ទាក់ទង​នឹង​ប្រាក់​ឈ្នួល​ទាប​នេះ កម្មករ និង​សហជីព​រាប់​ពាន់​នាក់​ក្នុង​ពេល​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១ ឧសភា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ផ្នែក​វិស័យ​កាត់​ដេរ​ឲ្យ​បាន ២០៧​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក ហេង សួរ ធ្លាប់​បញ្ជាក់​ថា ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០១៧ នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

បុគ្គលិក​កម្មវិធី​នៃ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ ដែល​ធ្វើ​ការ​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ ដើម្បី​ពង្រឹង​ឲ្យ​ពួក​គាត់​មាន​ភាព​ម្ចាស់ការ និង​សាមគ្គីភាព គឺ​កញ្ញា សុខ ថារ៉េត បញ្ជាក់​ថា ជីវភាព​កម្មករ​នៅ​តែ​ជួប​ការ​លំបាក​សម្រាប់​ប្រាក់​ឈ្នួល​បច្ចុប្បន្ន៖ « យើង​មើល​ឃើញ​ថា បញ្ហា​សុខភាព​គាត់​នៅ​តែ​មាន​បញ្ហា​ចោទ នៅ​ពេល​ដែល​គាត់​ទៅ​រក​សេវា​សាធារណៈ​មួយ​ចំនួន។ យើង​តម្រូវ​ឲ្យ​បង់​ថ្លៃ។ អ៊ីចឹង​តិច ឬ​ច្រើន ឆ្លើយ​តប​នឹង​ប្រាក់​ឈ្នួល​ទាប។ អ៊ីចឹង​ពេល​ខ្លះ​គាត់​ត្រូវ​ខាំ​មាត់​សង្កត់​ចិត្ត​ពេល​ឈឺ​ល្មមៗ​អី គាត់​អត់​ទៅ​រក​ពេទ្យ គឺ​គាត់​ព្យាបាល​តាម​បែប​គាត់ ឬ​ទៅ​រក​គ្លីនិក​ឯកជន​អី​ជាដើម។ អ៊ីចឹង​យើង​មើល​ឃើញ​ថា បញ្ហា​សុខភាព​ទ្រុឌទ្រោម »

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​បេឡា​ជាតិ​នៃ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស ថ្លែង​ថា របប​ធានា​សុខភាព​របស់ ប.ស.ស គឺ​ជា​ការ​ចង់​បាន​របស់​កម្មករ និង​សហជីព ដើម្បី​ដោះ​បន្ទុក​ចំណាយ​របស់​កម្មករ​ក្នុង​ពេល​ព្យាបាល​ជំងឺ ស្រប​ពេល​ដែល​ប្រាក់​ឈ្នួល​មិន​ទាន់​គ្រប់គ្រាន់៖ «អំឡុង​ពេល​ព្យាបាល​នេះ ដូច​ជំងឺ​គ្រោះថ្នាក់​ការងារ​ដែរ ហើយ ២៤​ម៉ោង។ បាន​ន័យ​ថា មិន​មែន​តែ​ ធ្វើ​ការ ៨​ម៉ោង​ទេ បាន​ន័យ​ថា ២៤​ម៉ោង ទោះ​បី​យើង​ នៅ​កន្លែង ​ណា មាន​បញ្ហា​អី​ក៏ដោយ គឺ​យើង​ត្រូវ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ ២៤​ម៉ោង»។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មាន​សមាជិក​ក្រុមប្រឹក្សាភិបាល ៣​ភាគី គឺ​ភាគី​រដ្ឋាភិបាល ភាគី​សហជីព​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ។

មន្ត្រី​នាំ​ពាក្យ​ប្រចាំ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ជាវ ប៊ុនរិទ្ធ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា អះអាង​ថា ភាគី​ថៅកែ​រោងចក្រ និង​អ្នក​បញ្ជា​ទិញ​ក៏​ចង់​ឲ្យ​មាន​របប​ធានា​សុខភាព​នេះ​ដែរ ដើម្បី​បង្កើន​គុណភាព​ការងារ​ផលិត៖ «គឺ​ថា និយោជក​ គាត់​សាទរ និង​ជំរុញ​ឲ្យ​ចេញ ដោយ​មូលហេតុ​យើង​គិត​ថា​គាត់​គោរព​លក្ខខណ្ឌ​ការងារ​បាន​ល្អ ហើយ​ពិសេស ​ពេល​ដែល​ បង​ប្អូន ​កម្មករ​យើង​មាន​សុខភាព​ល្អ ធ្វើ​ឲ្យ​ផលិតភាព​ការងារ​ក៏​កាន់​តែ​ល្អ​ដែរ »

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក អាត់ ធន់ ឲ្យ​ដឹង​ថា របប​ធានា​សុខភាព​កម្មករ​ដែល​ក្រសួង​ការងារ សម្រេច​ឲ្យ​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ថ្ងៃ​ទី​១ ឧសភា រហូត​មក​ដល់​ពេល​នេះ មាន​កម្មករ​ប្រមាណ ១០​ម៉ឺន​នាក់​ក្នុង​ចំណោម​កម្មករ​ដែល​បាន​ចុះ​បញ្ជី​ផ្លូវ​ការ ១​លាន ២​សែន​នាក់ បាន​ចុះ​ឈ្មោះ​ជាមួយ​បេឡា​ជាតិ​នៃ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ ដើម្បី​ទទួល​យក​របប​ធានា​នេះ។ របប​ធានា​នេះ តម្រូវ​ឲ្យ​កម្មករ​ជា​សមាជិក​ម្នាក់​បង់​ថ្លៃ​ចំនួន ២,៦% នៃ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែៗ។ ប៉ុន្តែ​ចំនួន​នេះ កម្មករ​បង់​ពាក់​កណ្ដាល ហើយ​ថៅកែ​រោងចក្រ​ជួយ​បង់​ពាក់​កណ្ដាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។