និស្សិត​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី​ប្រគល់​សញ្ញាបត្រ​ឲ្យ​បាន​ឆាប់

និស្សិត​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) រអ៊ូរទាំ​ចំពោះ​ការ​យឺតយ៉ាវ​របស់​សាកលវិទ្យាល័យ​ក្នុង​ការ​ប្រគល់​សញ្ញាបត្រ​អោយ​ពួក​គេ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ការងារ ឬ​ក្នុង​គោល​បំណង​ផ្សេង​ទៀត។ ពួក​គេ​សង្ឃឹម​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ចូល​កាន់​តំណែង នឹង​មាន​យន្តការ​ដើម្បី​ពន្លឿន​ដំណើរ​ការ​នេះ។

0:00 / 0:00

ភាព​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​សញ្ញាបត្រ​អោយ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ជា​យូរ​ឆ្នាំ​មក​ហើយ បាន​ធ្វើ​អោយ​និស្សិត​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សម្ដែង​ការ​មិន​សប្បាយ​ចិត្ត និង​ងឿងឆ្ងល់។

និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​ម្នាក់​ឈ្មោះ សិលា ដែល​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៩ បាន​រអ៊ូរទាំ​ថា រហូត​មក​ទល់​ពេល​នេះ រូប​គេ​នៅ​មិន​ទាន់​បាន​សញ្ញាបត្រ​ផ្លូវ​ការ​នៅ​ឡើយ។ សិលា ក៏​បាន​ចោទ​សួរ​ខ្លួន​ឯង​ថា មិន​ដឹង​ជា​មាន​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​យឺតយ៉ាវ​យ៉ាង​ដូច្នេះ។ លោក​ថា ការ​យឺតយ៉ាវ​នេះ បាន​ផ្តល់​ផល​វិបាក​មួយ​ចំនួន​ដល់​និស្សិត មាន​ដូច​ជា តម្រូវ​ការ​សញ្ញាបត្រ​ដើម្បី​យក​ទៅ​ដាក់​ស្វែង​រក​ការងារ​ធ្វើ ហើយ​បើ​និស្សិត​ជា​មន្ត្រី​រាជការ​វិញ គេ​ត្រូវ​ការ​សញ្ញាបត្រ​បញ្ជាក់​ដើម្បី​ធ្វើ​កម្ម​ប្រាក់​ជាដើម។

លោក សិលា៖ «កាល​ណា​អត់​មាន​សញ្ញាបត្រ យើង​វា​ហាក់​ដូច​ជា​មាន​ក្រេឌីត (Credit) ទាប ពេល​ដាក់​ពាក្យ​កន្លែង​ណា​មួយ យើង​មាន​ត្រឹម​តែ​បរិញ្ញាបត្រ អត់​មាន​អនុបណ្ឌិត កន្លែង​ខ្លះ គេ​មិន​ត្រឹម​តែ​ទាមទារ​អោយ​យើង​បញ្ជាក់​ថា​បញ្ចប់​អនុបណ្ឌិត​ទេ គឺ​គេ​ត្រូវ​ការ​សញ្ញាបត្រ​អនុបណ្ឌិត​តែ​ម្តង សញ្ញាបត្រ​បណ្ដោះ​អាសន្ន​គេ​អត់​យក​ទេ។ យើង​ត្រូវ​ការ​សញ្ញាបត្រ​តែ​ម្តង ដើម្បី​យក​ទៅ​ដំឡើង​កម្ម​ក្នុង​មន្ត្រី​រាជការ ឬ​ក៏​ត្រូវ​ការ​សញ្ញាបត្រ​យើង​ដាក់​នៅ​កន្លែង​ធ្វើ​ការ​តែ​ម្តង»

បើ​ទោះ​ជា លោក សិលា មិន​ដឹង​ថា​មូលហេតុ​យឺតយ៉ាវ​នេះ​បណ្ដាល​មក​ពី​សាកលវិទ្យាល័យ ឬ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដោយ ក៏​លោក​សង្ឃឹម​ថា គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពន្លឿន​ដំណើរ​ការ​នេះ។ លោក​ក៏​ជឿជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្មី នឹង​មាន​យន្តការ​ថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ដល់​និស្សិត។

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក លុយ ចណ្ណា មាន​ប្រសាសន៍​ថា សាកលវិទ្យាល័យ​របស់​លោក​បាន​បញ្ជូន​សញ្ញាបត្រ​និស្សិត​ទៅ​អោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ក្រសួង​ក៏​បាន​ធ្វើ​ការងារ​នេះ​ជិត​ចប់​ហើយ​ដែរ។ លោក ចណ្ណា ថា សាលា​នឹង​ចែក​សញ្ញាបត្រ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​ទោះ​យ៉ាង​ណា លោក​មិន​បាន​អោយ​ដឹង​ថា តើ​ភាព​យឺតយ៉ាវ​នោះ​បណ្ដាល​មក​ពី​សាកលវិទ្យាល័យ​របស់​លោក ឬ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ឡើយ។

លោក លុយ ចណ្ណា៖ «បញ្ហា​នេះ​ដោយសារ​វា​ចេះ​តែ​គរៗ​ពី​មុន​មក ឥឡូវ​ស៊ីញេ​បាន​ជំនាន់ ២០០៨-២០០៩ យើង​ស៊ីញេ​ហើយ​នៅ​ចាំ​តែ​មួយ​ចំនួន​តូច​ទៀត​ទេ នឹង​រៀប​ចំ​ចែក​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ទទួល​បន្ទុក​ផ្នែក​ការងារ​នេះ ដើម្បី​សុំ​ការ​ពន្យល់​បាន​ឡើយ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

គេ​មិន​ដឹង​ថា តើ​ភាព​យឺតយ៉ាវ​ក្នុង​ការ​ប្រគល់​សញ្ញាបត្រ​អោយ​និស្សិត​បណ្ដាល​មក​ពី​ស្ថាប័ន​ណា​ឡើយ តែ​អ្វី​ដែល​គេ​ធ្លាប់​មើល​ឃើញ​ជា​រឿយៗ​នោះ គឺ​សាកលវិទ្យាល័យ​មួយ​ចំនួន​មិន​បាន​ចែក​សញ្ញាបត្រ​អោយ​និស្សិត​ភ្លាមៗ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ឡើយ។ ពេល​ខ្លះ សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​ពេល​ទទួល​បាន​សញ្ញាបត្រ​ពី​ក្រសួង​អប់រំ​ហើយ តែ​ត្រូវ​នៅ​រង់ចាំ​រក​ពេល​វេលា​អោយ​សមស្រប​មួយ ដើម្បី​អញ្ជើញ​ថ្នាក់​ដឹក​នាំ​កំពូល​ចូល​រួម​ចែក​សញ្ញាបត្រ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។