កម្មករ​ជាង​៥០០នាក់​តវ៉ា​​រឿង​ប្រាក់​អតីតភាព​នៅ​មុខ​ក្រសួង​ការងារ

0:00 / 0:00

អតីត​កម្មករ​រោង​ចក្រ​ហ៊ុយចៀន (Huey Chuen) ប្រមាណ​ ៥០០​នាក់ បាន​ហែ​ក្បួន​តាម​រថយន្ត ទៅ​តវ៉ា​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រួយ​ខ្លាច​ថៅកែ​រោងចក្រ​មិន​បើក​ប្រាក់​អតីតភាព​ការងារ​ឲ្យ​ពួកគាត់ នៅ​ពេល​ដឹង​ថា តែ​ថៅកែ​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​រោង​ចក្រ​ពី​ឈ្មោះ​ហ៊ុយចៀនទៅ ចៀនឡឹ (Jian Le) វិញ។ រោងចក្រ​ហ៊ុយចៀន​ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បើ​គិត​តាំងពី​ថ្ងៃ​ទី​១៥ កញ្ញា មក​ទល់​ពេល​នេះ មាន​រយៈពេល​កន្លះ​ខែ​ហើយ ដែល​អតីត​កម្មករ​រោង​ចក្រ​ហ៊ុយចៀន ដែល​បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​មក ជា​រោងចក្រ​ចៀនឡឹ បាន​តវ៉ា​ទាមទារ​បើក​ប្រាក់​ឈ្នួល​អតីតភាព និង​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​កម្មករ​ម្នាក់ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​ ចូល​ធ្វើការ​វិញ។

តំណាង​កម្មករ និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បញ្ជាក់ ថា នៅ​ពេល​កម្មករ​ព្រួយ​ខ្លាច​បាត់បង់​ប្រាក់​អតីតភាព ថៅកែ​រោងចក្រ​ចេះតែ​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើការ ដោយ​បាន​បិទ​បទ​បញ្ជា​នានា ឬ​បិទ​​ដីកា​អាជ្ញា​របស់​តុលាការ​នៅ​មុខ​រោង​ចក្រ​ជំរុញ​ឲ្យ​កម្មករ​ចូល​ធ្វើការ តែ​កម្មករ​មិន​ព្រម ដោយ​ទាមទារ​ឲ្យ​ថៅកែ​គិតគូរ​ប្រាក់​អតីតភាព​ជូន​កម្មករ​សរុប​ចំនួន​ ១,២០០ នាក់​ជាមុន​សិន​ ៖ ​« បើ​តាម​ការ​ពិត​ទៅ ក្រុម​ហ៊ុន​នឹង​ចង់​បាន​អ្នក​បញ្ជាទិញ​ថ្មីៗ ហើយ​ទី​២ គឺ រដ្ឋាភិបាល​មាន​ការ​លើកលែង​អនុគ្រោះ​ពន្ធ នាំចេញ​នាំចូល​ចំពោះ​អ្នក​វិនិយោគ​ថ្មីៗ ដូច្នេះ​រោងចក្រ​នេះ​គាត់​បើក​យូរឆ្នាំ​ហើយ​ដែរ ហើយ​រោងចក្រ​មួយ​ចំនួន​ទៀត ក៏​មាន​ការ​ដូរ​ឈ្មោះ​ដូចគ្នា​ដើម្បី​ឲ្យ​បាន​រួច​ពន្ធ​នាំចេញ​នាំចូល​ នេះ​ជា​បញ្ហា​ដែល​ក្រុមហ៊ុន​នីមួយៗ​តែង​ប្រើ​គ្រប់​កលល្បិច​គ្រប់​វិធី​ដើម្បី​បំបាត់​នូវ​អតីតភាព​ការងារ​របស់​កម្មករ។ កម្មករ​តែង​ទទួល​ការ​រងគ្រោះ​គ្រប់​បែបយ៉ាង ឃើញ​ថា​មួយ​ចំនួន​នឹង​មាន​បាតុកម្ម កូដកម្ម​កើតឡើង​មក​ដោយសារ​តែ​រោង​ចក្រ​បិទទ្វារ​ហើយ​រត់ចោល​កម្មករ។ ហ្នឹង​ហើយ​ជា​កង្វល់​របស់​កម្មករ ដែល​គេ​កេងប្រវ័ញ្ច​គាត់ »។​

កម្មករ​បាន​រំសាយ​ទៅវិញ​នៅ​ថ្ងៃ​ដដែល បន្ទាប់ពី​មន្ត្រី​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ព្រម​ទទួល​ញត្តិ​ទាមទារ​របស់​ពួកគាត់។

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​កម្មករ​នេះ លោក វង់ សុវណ្ណ អគ្គលេខាធិការ​រង នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម បាតុកម្ម នៃ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់​ថា ខាង​ភាគី​រោង​ចក្រ​បាន​សន្យា​ជាមួយ​​កម្មករ និង​មន្ត្រី​ក្រសួង​ការងារ​របស់​លោក​ហើយ​ថា ភាគី​រោង​ចក្រ​នឹង​គោរព​តាម​ច្បាប់​ការងារ ដោយ​រក្សា​ប្រាក់​អតីត​ការងារ​ជូន​កម្មករ​ដដែល បើ​ទោះ​ណា ថៅកែ​ប្ដូរ​ឈ្មោះ​រោងចក្រ​ក៏ដោយ។ ក៏ប៉ុន្តែ​លោក​ថា ភាគី​កម្មករ​នៅតែ​មិន​ទុកចិត្ត ដោយ​យល់​ឃើញ​ដូច្នេះ លោក វង់ សុវណ្ណ ​បាន​សម្រេច​ថា នឹង​កោះ​ហៅ​ភាគី​រោង​ចក្រ និង​ភាគី​តំណាង​កម្មករ មក​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា៖ « សំខាន់​នឹង​គឺ​ថៅកែ គេ​មាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ថា គេ​នឹង​រក្សា​អតីតភាព​ជូន​កម្មករ​និយោជិក​ចាស់​របស់​គេ។ មួយ​ទៀត​គេ​ថា គេ​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ គោលការណ៍​ច្បាប់ តាម​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល និយាយរួម​ឲ្យ​តាម​ផ្លូវ​ច្បាប់​គេ​គោរព​តាម​នឹង។ មក​ដល់​ព្រឹកមិញ​នេះ​ខ្ញុំ​ក៏បាន​ទទួល​ញត្តិ​បងប្អូន​យើង​គាត់​នៅ​តែ​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​សម្របសម្រួល ឲ្យ​ទូទាត់​ប្រាក់​អតីតភាព​ឲ្យ​បងប្អូន​យើង​គាត់​បារម្ភ​ថា ក្រែងលោ​មាន​ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ក្រោយ​ទៅ​ក្រែងលោ​មិន​ទុក​ចិត្ត​គ្នា »

រោងចក្រ ហ៊ុយ ចៀន ត្រូវ​បាន​ថៅកែ​រោងចក្រ​ប្ដូរ​ឈ្មោះ​ ជា​រោងចក្រ ចៀនឡឹ វិញ កាល​ពី​ខែ​សីហា​កន្លង​ទៅ។ រោងចក្រ​នេះ ​ផលិត​​ស្បែកជើង​ម៉ាកពូម៉ា (PUMA)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។