នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យអង្គការអន្តរជាតិ វាយតម្លៃចំណាត់ថ្នាក់ពុករលួយប្រកបដោយតម្លាភាព។ ការស្នើនេះ ធ្វើឡើងនៅចំពោះមុខប្រតិភូអន្តរជាតិជាង ៣០ប្រទេស និងប្រតិភូអង្គការអន្តរជាតិធំៗមួយចំនួន នៅក្នុងពិធីបើកសន្និបាតប្រឆាំងអំពើពុករលួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៣ ខែកញ្ញា នៅរាជធានីភ្នំពេញ។
នេះជាលើកទី១ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងរិះគន់ចំពោះមុខគណៈប្រតិភូអង្គការអន្តរជាតិនានា ជុំវិញការវាយតម្លៃពីកម្រិតនៃអំពើពុករលួយរបស់ប្រទេសនានាក្នុងសកលលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើពេលជិតមួយម៉ោងថ្លែងសន្ទរកថាបើកសន្និសីទលើកទី៨ នេះ ដោយលើកឡើងតាំងពីយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ រហូតដល់មូលហេតុដែលធ្វើឲ្យការប្រឆាំងអំពើពុករលួយបានទទួលជោគជ័យ។
លោកចាត់ទុកថា របាយការណ៍វាយតម្លៃពីកម្រិតពុករលួយ ធ្វើឡើងដោយចេតនានយោបាយច្រើនជាងការពិត។ លោកបន្តថា ប្រទេសមហាអំណាចអ្នកមាន ដើរដាក់ចំណាត់ថ្នាក់ពុករលួយឲ្យប្រទេសក្រីក្រស្រេចតែនឹងចិត្ត ធ្វើឲ្យប្រទេសតូចអាប់ឱនកិត្តិយស។ លោកលើកឡើងពីករណីនាយកធនាគារពិភពលោក (World Bank) និងនាយកស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ដែលកំពុងជាប់ទោសពាក់ព័ន្ធនឹងអំពើពុករលួយ និងថែមទាំងឆ្លៀតឌឺដងដាក់ម្ចាស់ជំនួយរៀបចំសន្និសីទនេះ គឺធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថាឲ្យប្រយ័ត្នចំពោះខ្លួនឯងពីករណីពុករលួយនេះ។
លោកបញ្ជាក់ថា សំខាន់បំផុត អង្គការនានាត្រូវនិយាយការពិតពីបញ្ហាពុករលួយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាពុករលួយ៖ «មិនចូលចិត្តរដ្ឋាភិបាលប្រទេសហ្នឹង ស្រាប់តែថាអោយប្រទេសហ្នឹងតែម្តង សម្លាប់គេជានយោបាយតែម្តង បង្ខូចកេរ្តិ៍ឈ្មោះប្រទេសគេ យើងមិនចង់បានអីទេ ចង់ឲ្យទទួលស្គាល់ការពិតប៉ុណ្ណឹង។ យើងជាអ្នកក្រ អ្នកមានគេថាម៉េចស្រេចតែគេទៅ វាពិបាកណាស់បើមិនធ្វើតាមគេ គេកាត់ជំនួយទៀត»។
ទោះជាបែបណាក្តី តំណាងអង្គការសង្គមស៊ីវិលកម្ពុជា សុទ្ធតែអះអាងថា របាយការណ៍របស់អង្គការអន្តរជាតិនានា បានធ្វើឡើងដោយមានការសិក្សាស្រាវជ្រាវច្បាស់លាស់។ ប៉ុន្តែគ្រាន់តែថា ភាគីរដ្ឋាភិបាលនៃប្រទេសនានា ដែលបានទទួលចំណាត់ថ្នាក់មិនល្អពីការសិក្សាស្រាវជ្រាវនេះ ច្រើនតែអាក់អន់ស្រពន់ចិត្ត។
ប្រធានបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា រដ្ឋាភិបាលនៃប្រទេសនីមួយៗរាប់ទាំងកម្ពុជា គួរតែទទួលស្គាល់ការពិត និងឆាប់ស្វែងរកដំណោះស្រាយ ជាជាងចាំបន្ទោសរបាយការណ៍។
ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដែលអង្គការនេះចេញរបាយការណ៍ ស្ដីពីកម្រិតវាស់វែងពីស្ថានភាពតម្លាភាព និងអំពើពុករលួយជារៀងរាល់ឆ្នាំនោះ កត់សម្គាល់ថា វាជារឿងធម្មតាទៅហើយដែលរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់លទ្ធផលស្រាវជ្រាវរបស់អង្គការអន្តរជាតិមួយចំនួននោះ ប៉ុន្តែលោកជឿថា រដ្ឋាភិបាលកម្ពុជា បានដឹងច្បាស់ពីបញ្ហានេះហើយ។ លោកបន្ថែមថា បើចង់ដឹងថារបាយការណ៍ត្រូវ ឬខុសនោះ មិនមែនជារឿងលំបាកទេ តែបើចង់សម្អាតអំពើពុករលួយពិតប្រាកដនោះ រដ្ឋាភិបាលត្រូវធ្វើការងារច្រើនជាងនេះបន្ថែមទៀត។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា ជាងពាក់កណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានពិន្ទុតិចជាង ៤០ ដែលជាសញ្ញាដ៏អាក្រក់បង្ហាញថា អំពើពុករលួយមានកម្រិតខ្ពស់ជាងពេលមុនៗ។ ប្រធានការិយាល័យប្រឆាំងអំពើពុករលួយ និងជំរុញភាពស្អាតស្អំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippine) លោក ក្លែរ វី (Clare Wee) បញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយចំពោះបញ្ហាពុករលួយ។ ប៉ុន្តែវាមិនមែនជារឿងសាមញ្ញនោះឡើយ។
ទាក់ទងនឹងការប្រឆាំងអំពើពុករលួយនេះ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របីរួមមាន បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ។ បង្ការពុករលួយតាមរយៈការអប់រំផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។ ចំណែកការទប់ស្កាត់វិញ អង្គភាពបានរៀបចំយន្តការច្បាប់ ត្រូវពិនិត្យតារាងកំណត់តម្លៃសេវាសាធារណៈ និងប្រអប់ពាក្យបណ្ដឹងនៅតាមស្ថាប័នរដ្ឋនានា ដើម្បីឲ្យពលរដ្ឋអាចប្ដឹងពីបញ្ហាពុករលួយបាន។ ចំពោះការបង្ក្រាបវិញ អង្គភាពជំនាញបានបង្ក្រាបអំពើពុករលួយជាច្រើនករណី។ ប៉ុន្តែ តុលាការនៅតែចាប់អ្នករងគ្រោះដោយបញ្ហាដីធ្លីដាក់គុក ឈ្មួញអ្នករត់ការធ្វើលិខិតឆ្លងដែន រត់ការធ្វើស្លាកលេខម៉ូតូ រត់ការធ្វើប្លង់ដីនៅតែមាន ពិសេសនិទ្ទណ្ឌភាពនៅតែសម្បូរនៅឡើយ។
នាយកប្រតិបត្តិគណៈកម្មការប្រតិបត្តិការកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា កម្ពុជា មិនទាន់អាចប្រយុទ្ធប្រឆាំងអំពើពុករលួយបានពេញដៃពេញជើងនៅឡើយ។ ហើយនៅកម្ពុជា មានរនាំងធំៗពីរជាឧបសគ្គ សម្រាប់ការប្រឆាំងពុករលួយនេះ៖ «ដំបូងយើងត្រូវទទួលស្គាល់ថា យើងមានពុករលួយប្រាកដមែន។ ទី២ គឺនយោបាយកម្ពុជា យើងពេលខ្លះអត់និយាយការពិតទេ ហើយកម្ពុជា មានករណីនិទ្ទណ្ឌភាពច្រើនករណី ដោយសារបញ្ហានយោបាយហ្នឹង»។
សន្និសីទស្ដីពីការប្រឆាំងអំពើពុករលួយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ផ្ដើមនៅម៉ោង ៨ព្រឹកថ្ងៃទី៣ និងបញ្ចប់នៅថ្ងៃទី៤ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។