លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមិនធ្វើផ្លូវល្បឿនលឿន ឬផ្លូវអាកាសនៅលើបណ្ដោយផ្លូវរថភ្លើង ចាប់ពីម្ដុំស្ថានីយរថភ្លើង ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នោះទេ។ ពលរដ្ឋស្វាគមន៍ការសម្រេចនេះ ប៉ុន្តែសង្គមស៊ីវិលស្នើឲ្យមានការពន្យល់ឲ្យច្បាស់ជាងនេះ ថាតើការប្រកាសបែបនេះរបស់លោក ហ៊ុន សែន ដោយសារតែគ្មានអ្នកវិនិយោគ ឬខ្លាចពលរដ្ឋធ្វើបាតុកម្ម?
លោក ហ៊ុន សែន ថ្លែងជាសាធារណៈប្រាប់ទៅពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងពីភ្នំពេញ ទៅពោធិចិនតុង ឲ្យឈប់ធ្វើបាតុកម្ម ឬវេទិកាសាធារណៈ ព្រោះលោកមិនអនុញ្ញាតឲ្យសាលាក្រុងធ្វើផ្លូវល្បឿនលឿនលើផ្លូវរថភ្លើងទេ បើទោះជាលោកអះអាងថា គម្រោងនេះមានក្រុមហ៊ុនស្នើសុំវិនិយោគក្តី៖ «ខ្ញុំមិនអនុញ្ញាតឲ្យធ្វើផ្លូវ ហាយវេ អ៊ិចប្រេស អីទេ (Highway, Express way) ខ្ញុំបានចេញហើយ ប៉ុន្តែក្រែងមិនបានផ្សព្វផ្សាយ មិនទាន់អីផង ទាមទារធ្វើបាតុកម្ម ទាមទារធ្វើវេទិកាសាធារណៈ ឥឡូវបើយើងមិនធ្វើផ្លូវ មិនបាច់ធ្វើវេទិកាសាធារណៈអីទេ»។
ក្រៅពីការប្រកាសឈប់សាងសង់ផ្លូវល្បឿនលឿន ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជាឲ្យសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែដែលលុបលើផ្លូវរថភ្លើងចេញពីចំណុចស្ថានីយរថភ្លើងនៅភ្នំពេញ ទៅដល់គីឡូម៉ែត្រលេខ៦ ដើម្បីរំដោះការកក់ស្ទះចរាចរណ៍។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសា។
ពលរដ្ឋដែលរស់តាមបណ្ដោយផ្លូវរថភ្លើង ស្នើឲ្យរដ្ឋាភិបាលចេញលិខិតបញ្ជាក់បន្ថែមលើប្រសាសន៍របស់លោក ហ៊ុន សែន នៅពេលនេះ ដើម្បីធ្វើឲ្យពួកគេមានជំនឿថា ពួកគេពិតជាមិនត្រូវបណ្ដេញចេញពីលំនៅឋានដោយសារការអភិវឌ្ឍនេះមែន។
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោគ លោកស្រី គិត សៀងហៃ គាំទ្រការសម្រេចរបស់លោក ហ៊ុន សែន នៅពេលនេះ។ លោកស្រីសង្ឃឹមថា គ្រួសារលោកស្រីអាចរស់នៅក្នុងទីក្រុងដូចពលរដ្ឋផ្សេងទៀត៖ «ខ្ញុំឮប្រកាសអ៊ីចឹងខ្ញុំសប្បាយចិត្ត ព្រោះបានរស់នៅក្នុងក្រុងនឹងគេដែរ ព្រោះតំបន់ខ្ញុំនេះជាកន្លែងអនាធិបតេយ្យមែន តែគ្រាន់ថា យើងបានរស់នៅកន្លែងហ្នឹងគឺសប្បាយរីករាយ»។
កាលពីថ្ងៃទី៥ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងសាងសង់ផ្លូវប្រភេទលឿនពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែកមានប្រវែងប្រមាណ ៩គីឡូម៉ែត្រ ដែលជាការសាងសង់ដោយក្រុមហ៊ុនឯកជន តម្រូវឲ្យអ្នកធ្វើដំណើរត្រូវបង់ប្រាក់។ ប៉ុន្តែចាប់ពីមានការប្រកាសនោះមក ពលរដ្ឋរស់នៅតំបន់ប្រឈមនឹងការប៉ះពាល់ តែងចេញមកធ្វើបាតុកម្មទាមទារនៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន ទាមទារឲ្យស្ថាប័ននេះពន្យល់បន្ថែមពីគម្រោងសាងសង់ និងគម្រោងសងសំណង។
នាយកសមាគមធាងត្នោត លោក អ៊ី សារ៉ុម ដែលតាមដានដំណើររឿងនេះយល់ថា ការប្រកាសមិនសាងសង់ផ្លូវល្បឿនលឿនដើម្បីសម្រួលដល់ការធ្វើដំណើរនេះ មិនចំណេញដល់ជាតិនោះទេ ប៉ុន្តែលោកថា សំខាន់គឺរដ្ឋាភិបាលត្រូវមានគោលការណ៍ដោះស្រាយជូនពលរដ្ឋនៅពេលមានការប៉ះពាល់។ លោកថា ការទាមទាររបស់ពលរដ្ឋកន្លងទៅមិនមែនសំដៅថា ពលរដ្ឋប្រឆាំងការអភិវឌ្ឍនេះឡើយ ផ្ទុយទៅវិញ ពលរដ្ឋចង់បានដំណោះស្រាយមួយសមរម្យប៉ុណ្ណោះ៖ «មិនមែនមានន័យថា យើងមិនចង់ឲ្យមានការអភិវឌ្ឍទេ យើងមានការសោកស្ដាយដែលគម្រោងនេះលុបចោលទៅវិញ»។
ពលរដ្ឋស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធររាជធានីភ្នំពេញ បន្ទាប់ពីឈប់ធ្វើផ្លូវល្បឿនលឿននេះហើយ ជួយដោះស្រាយបញ្ហាពួកគាត់ ដូចជាបញ្ហាសន្តិសុខ និងអនាម័យជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។