តំណាងយុវជនជនជាតិដើមភាគតិចមកពីខេត្តចំនួន៨ និងរាជធានីភ្នំពេញ មានគ្នាសរុបជាង ៥០នាក់ បានជួបជុំគ្នាប្រារព្ធមហាសន្និបាតសមាគមលើកទី៤ ដើម្បីបូកសរុបលទ្ធផលអនុវត្តការងារសមាគម ការធ្វើវិសោធនកម្មមាត្រាខ្លះនៃលក្ខន្តិកៈសមាគម និងជ្រើសរើសប្រធានសមាគមអាណត្តិទី៤។
ពួកគេរំពឹងថា យុវជនជនជាតិដើមកាន់តែច្រើន នឹងចូលរួមបណ្ដាញបែបនេះ ដើម្បីការពារអត្តសញ្ញាណ និងបង្កើនចំណេះដឹងដែលអាចតាមទាន់ការអភិវឌ្ឍរបស់សង្គម។
តំណាងសមាគមយុវជន លើកឡើងថា យុវជនជនជាតិដើមភាគតិច ភាគច្រើននៅពុំទាន់ទទួលបានការគាំទ្រដែលអាចឲ្យពួកគេរឹងមាំ មានសមត្ថភាពចូលរួមក្នុងការអភិវឌ្ឍ និងរក្សាអត្តសញ្ញាណពួកគេនៅឡើយ។
ថ្លែងនៅក្នុងមហាសន្និបាតសមាគមយុវជនជនជាតិដើមភាគតិច ហៅកាត់ថា ស៊ីយ៉ា ប្រធានសមាគមដែលជាប់ឆ្នោតពីរអាណត្តិកន្លងទៅ គឺលោក ភាព សុជា កត់សម្គាល់ថា គោលបំណងនៃការបង្កើតសមាគមនេះ គឺប្ដេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចក្តីស្រមៃរបស់យុវជនជនជាតិដើមភាគតិច ធ្វើយ៉ាងណាឲ្យជនជាតិដើមភាគតិចរឹងមាំ រុងរឿង និងអាចការពារវប្បធម៌ប្រពៃណី សិទ្ធិជនជាតិដើមភាគតិច និងធនធានធម្មជាតិ មានដីធ្លីព្រៃឈើ ជាដើម។ លើសពីនេះទៀត លោកទទួលស្គាល់ថា ការបំពេញតួនាទីដឹកនាំសហគមន៍ តែងមានឧបសគ្គ ប៉ុន្តែការចូលរួមរបស់យុវជន គឺជាចំណុចស្នូលដើម្បីកែប្រែភាពអសកម្មទាំងអស់នោះ៖ «ការបញ្ជាក់ពីស្មារតីសាមគ្គីភាពនៃសមាគមរបស់យើង និងការប្ដេជ្ញាខ្ពស់របស់យើងទាំងអស់គ្នា ដើម្បីចូលរួមការសម្រេចនៃការកកើតសមាគមយើងដំបូងតាំងពីឆ្នាំ២០០៥ មក។ យើងចង់ឲ្យសមាគមយើងរឹងមាំ រុងរឿង ការពារផលប្រយោជន៍ជនជាតិដើមភាគតិចមានតាំងពីដីធ្លីព្រៃឈើ ជាដើម»។
សមាគមយុវជនជនជាតិដើមភាគតិច បានរៀបចំមហាសន្និបាតលើកទី៤ ទូទាំងប្រទេសនៅឯសាលប្រជុំនៃសណ្ឋាគារ សុល ឆេង ឋិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែធ្នូ ដោយមានរៀបចំពិធីសែនព្រេន និងការសម្ដែងរបាំបែបប្រពៃណីជនជាតិដើមភាគតិច ដើម្បីបើកមហាសន្និបាត។
តំណាងយុវជនជនជាតិដើមភាគតិចពណ៌ មកពីខេត្តពោធិ៍សាត់ យុវជនជនជាតិដើមភាគតិចសួយ មកពីខេត្តកំពង់ស្ពឺ តំណាងយុវជនជនជាតិដើមភាគតិចកួយ មកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ តំណាងយុវជនជនជាតិដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង តំណាងយុវជនជនជាតិដើមភាគតិចគ្រឹង ចារ៉ាយ មកពីខេត្តរតនគិរី រួមទាំងតំណាងជនជាតិដើមភាគតិចនៅរាជធានីភ្នំពេញ ត្រូវបានអញ្ជើញចូលរួមមហាសន្និបាតនេះ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការអនុវត្តសកម្មភាពសមាគមតាមបណ្ដាខេត្ត-រាជធានីរៀងៗខ្លួន។
មហាសន្និបាតនេះ ប្រារព្ធចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ធ្នូ តាមកម្មវិធីរួមមាន កម្មវិធីគាំទ្រសហគមន៍ កម្មវិធីទំនាក់ទំនង និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីគាំទ្រការអប់រំ និងបណ្ដាញយុវជន បង្ហាញពីសមិទ្ធផល និងផែនការបន្តរបស់សមាគម ការបោះឆ្នោតជ្រើសរើសប្រធានថ្មី រៀបចំផែនការយុទ្ធសាស្ត្រថ្មីរបស់សមាគម ដំណើរទស្សនកិច្ចសិក្សានៅសហគមន៍ជនជាតិដើមភាគតិច ការប្រកួតប្រជែងផ្នែកសិល្បៈរបាំជនជាតិដើមភាគតិច និងដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរី។
តំណាងជនជាតិដើមកួយ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមស៊ីយ៉ា លោក សៅ សុខកល រៀបរាប់ថា កន្លងទៅនេះ ការចងក្រងសមាគមនៅតាមបណ្ដាខេត្ត ជាពិសេសការបង្កើតក្រុមសន្សំប្រាក់ បានជួយឲ្យយុវជនជនជាតិដើមមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមតាមរយៈប្រាក់សន្សំរបស់សមាជិកនៅមូលដ្ឋាន។ ករណីនេះ ជាកត្តាសំខាន់ធ្វើឲ្យយុវវ័យកាន់តែច្រើន បានចូលរួមជាសមាជិកសមាគមនៅថ្នាក់មូលដ្ឋាន។ លោកសម្ដែងមោទនភាព ខណៈឃើញសមាជិកស៊ីយ៉ា ពង្រឹងសាមគ្គីភាពបានកាន់តែប្រសើរ៖ «យើងឃើញការកើនឡើងនៃយុវជន កើនឡើងទាំងនៅតាមសហគមន៍ទាំងនៅទីក្រុង បានទៅរៀន។ ចាប់ផ្តើមចូលរួមទាំងអស់គ្នា បច្ចុប្បន្នឃើញថាមានគ្រួសារស៊ីយ៉ា ទៀត»។
រីឯយុវនារីជនជាតិគ្រឹង ជាសមាជិកសមាគមស៊ីយ៉ា មួយរូបថ្លែងកត់សម្គាល់ថា សីលធម៌សង្គម គឺជាកត្តាសំខាន់ដែលយុវវ័យជនជាតិដើមភាគតិចត្រូវប្រកាន់យក និងត្រូវចេះបត់បែនការរស់នៅតាមភាពជាក់ស្តែងក្នុងសង្គម។ កញ្ញាអំពាវនាវសុំឲ្យយុវវ័យ ចូលរួមជាសមាគមស៊ីយ៉ាបន្ថែមទៀត ដើម្បីបន្តលើកស្ទួយប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចឲ្យកាន់តែមានភាពទាន់សម័យបច្ចុប្បន្ន៖ «អ៊ីចឹងការរស់នៅរបស់យើងមិនថាចាស់ទុំ ឬមនុស្សយើងស្គាល់មិនស្គាល់ទេ សុជីវធម៌យើងត្រូវមានក្នុងខ្លួនជានិច្ច»។
យ៉ាងណាក៏ដោយ តំណាងសហគមន៍ជនជាតិដើមភាគតិចទំពួន រស់នៅខេត្តរតនគិរី និងជាសមាជិកស្ថាបនិកសមាគមស៊ីយ៉ា លោក សុវណ្ណ ប៊ុនថៃ មានប្រសាសន៍ដែរថា ១០ឆ្នាំកន្លងទៅនេះ បញ្ហាប្រឈមរបស់យុវវ័យជនជាតិដើមភាគតិច គឺភាពបោះបង់ចោលសាលារៀនដោយសារជីវភាពអ្នកភូមិក្រីក្រ មិនមានលទ្ធភាពឲ្យកូនរៀនបញ្ចប់សាលាមធ្យមសិក្សា ឬបន្តទៅរៀនថ្នាក់ឧត្តមសិក្សាបាន។ ករណីនេះ ធ្វើឲ្យយុវជនជនជាតិដើមគ្មានសមត្ថភាពរកការងារធ្វើ ហើយយុវជនខ្លះធ្លាក់ខ្លួនប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៀតផង៖ «កន្លងយើងឃើញថា យុវជនជនជាតិដើមភាគតិចគាត់ប្រឈមការប្រើប្រាស់គ្រឿងញៀន សេពសុរា គេចវេះពីសាលារៀន ដោយសារគ្មានការលើកទឹកចិត្ត»។
សមាគមយុវជនជនជាតិដើមភាគតិច បង្កើតឡើងតាំងពីឆ្នាំ២០០៥។ រហូតបច្ចុប្បន្ន សមាគមនេះមានកំណើត ១០ឆ្នាំហើយ និងមានសមាជិកសរុបជិត ៧០០នាក់ជាយុវជន និងយុវនារីជនជាតិដើមភាគតិច ១១ក្រុម នៅខេត្តចំនួន៨ បានចូលរួមគាំទ្រ និងដឹកនាំសមាគមឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។