សហជីព​អន្តរជាតិ​និង​ក្រុម​អ្នក​បញ្ជា​ទិញ​ព្រមាន​កម្ពុជា​ចំពោះ​ការ​គាប​សង្កត់​កម្មករ

0:00 / 0:00

សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជា​ទិញ​ព្រមាន​ថា កម្ពុជា អាច​នឹង​មាន​ផល​អាក្រក់​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​គាប​សង្កត់​កម្មករ ការ​ចាប់​កម្មករ​ឃុំ​នៅ​តែ​បន្ត​កើត​មាន ហើយ​មិន​ព្រម​ដោះស្រាយ​ដូច​ពេល​បច្ចុប្បន្ន។

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ វិញ ទទួល​ស្គាល់​ថា គិត​ចាប់​ពី​មាន​បញ្ហា​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​នៃ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ កម្ពុជា បាន​ខាត​បង់​ការ​នាំ​ចេញ​លើ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​នេះ​ជាង ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ជំនួប​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​លើក​ទី​ពីរ​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក និង​សហជីព​អន្តរជាតិ យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គប្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​ឲ្យ​បាន​ឆាប់ ហើយ​ត្រូវ​ធានា​ថា សុវត្ថិភាព​របស់​កម្មករ និង​សហជីព​ក្នុង​ស្រុក ត្រូវ​ប្រាកដ​ថា មាន​ការ​ការពារ​ដោយ​ច្បាប់ ដែល​កម្ពុជា ចាត់​ទុក​ថា​ជា​ប្រទេស​នីតិរដ្ឋ​នោះ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​បាន​ចូលរួម​ប្រជុំ​ដែរ​នោះ ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ថា ទាំង​អ្នក​បញ្ជា​ទិញ និង​ក្រុម​សហជីព​អន្តរជាតិ ព្រមាន​រដ្ឋាភិបាល ប្រសិន​បើ​បណ្ដែត​បណ្ដោយ​ឲ្យ​ស្ថានការណ៍​នេះ បន្ត​ញាំញី​កម្មករ ដូចជា​ប្រាក់​ខែ​តិច និង​អ្នក​ជាប់​ឃុំ​ទាំង ២១​នាក់ មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌​ទេ កម្ពុជា អាច​ត្រូវ​បាត់​បង់​ឱកាស​ដ៏​ធំ​របស់​ខ្លួន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់​ដេរ ទៅ​ក្រៅ​ប្រទេស៖ «បញ្ហា​ហ្នឹង​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន ហើយ​មិន​ព្រម​ដោះស្រាយ គេ​ថា​នឹង​មាន​បញ្ហា​ធំ​មួយ បាន​ន័យ​ថា វា​មាន​វិបត្តិ​មួយ​នៅ​ប្រទេស​កម្ពុជា។ វា​មាន​ន័យ​ថា អាច​ថា​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង អាច​នឹង​ពិចារណា​ការ​មិន​បន្ត​គាំទ្រ​នៅ​ស្រុក​បន្ត​ទៅ​ទៀត។ នេះ គឺ​ជា​អ្វី​ដែល​ជា​ជំហរ​របស់​គេ»

កិច្ច​ប្រជុំ​លើក​ទី​ពីរ​ដែល​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​រយៈពេល​២​ថ្ងៃ​មក​នេះ​របស់​ក្រុម​អ្នក​បញ្ជា​ទិញ និង​សហជីព​អន្តរជាតិ គឺ​ផ្ដោត​សំខាន់​លើ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ។ លើស​ពី​នេះ​ទៀត ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោយ​ម៉ត់ចត់ និង​ពិចារណា​ក្នុង​សំណុំ​រឿង លោក វ៉ន់ ពៅ និង​កម្មករ​ទាំង ២២​នាក់​ផ្សេង​ទៀត ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។

អគ្គលេខាធិការ​នៃ​សហជីព​អន្តរជាតិ IndustriAll លោក ស៊ីរីគី រ៉ៃណា (Jyrki Raina) មាន​ជំនឿ​ថា ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ វា​មិន​ពិបាក​សោះ​ឡើយ បើ​ផ្អែក​លើ​វិស័យ​នេះ​អាច​ស្រូប​កម្លាំង​ពលកម្ម​បាន​រហូត​ដល់ ១០​ម៉ឺន​ការងារ​នៃ​ការ​នាំ​ចេញ​ពី​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នេះ។ លោក​បន្ត​ថា គេ​មាន​បទ​ពិសោធន៍​រួច​មក​ហើយ​ដូច​គ្នា ទៅ​នឹង​ប្រទេស​បង់ក្លាដេស ហើយ​នៅ​នាទី​ចុង​ក្រោយ បញ្ហា​ត្រូវ​ដោះស្រាយ​បាន​ដោយ​ងាយ។ លោក​សង្ឃឹម​ថា និន្នាការ​នេះ​សម្រាប់​ប្រទេស​កម្ពុជា ក៏​នឹង​អាច​មាន​ដំណើរ​ការ​ល្អ​ដូច​គ្នា​ដែរ ហើយ​លោក​សន្យា​ថា​នឹង​តាម​ដាន​បញ្ហា​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត៖ «ខ្ញុំ​នឹង​តាម​ដាន​ស្ថានការណ៍​នៅ​ពេល​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ នេះ គឺ​បញ្ហា​ដ៏​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ យើង​ពិត​ជា​ត្រូវ​យន្តការ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ទី​នេះ។ វា​ពុំ​មែន​ត្រឹម​ជា​ដំណាក់​កាល​ក្នុង​ការ​ដោះស្រាយ​លើ​ប្រាក់​ខែ​គោល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​ទំនាក់ទំនង​ល្អ​លើ​វិស័យ​ឧស្សាហកម្ម​នេះ​ដែរ នៅ​កម្ពុជា»

ក្រៅ​ពី​ជួប​ជាមួយ​តំណាង​សហជីព​មាន លោក រ៉ុង ឈុន លោក បាវ ស៊ីណា អ្នកស្រី កេន ឆេងឡាង និង​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​ទៀត​នៅ​សណ្ឋាគារ​សាន់វេ ក្នុង​ថ្ងៃ​តែ​មួយ​នេះ ក្រុម​អ្នក​បញ្ជា​ទិញ និង​សហជីព​អន្តរជាតិ ក៏​បាន​ជួប​ប្រជុំ​ផង​ដែរ​ជាមួយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​ថា GMAC។ របៀបវារៈ​សំខាន់​នៃ​ជំនួប​ទាំង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​មាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៦ និង​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៧ ឧសភា ផ្ដោត​លើ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ និង​ដំណោះស្រាយ​ក្នុង​សំណុំ​រឿង​អ្នក​ទាំង ២៣​នាក់។

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​ពីរ​ហើយ​របស់​សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជា​ទិញ​ជាមួយ​រដ្ឋាភិបាល ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា នេះ។ ជំនួប​លើក​ទី​មួយ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ គឺ​ពិនិត្យ​មើល​ស្ថានការណ៍​ក្រោយ​ហេតុការណ៍​បាញ់​បង្ក្រាប​ប្រឆាំង​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ហិង្សា​នៅ​រោងចក្រ យ៉ាក ជីន។

ក្រៅ​ពី​នេះ ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​វិញ​ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ដោយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយ​តំណាង​អ្នក​រាយការណ៍​អង្គការ​សហប្រជាជាតិ គឺ​សន្យា​ធានា​សេវា​យុត្តិធម៌​សម្រាប់​អ្នក​ជាប់​ឃុំ​ទាំង ២៣​នាក់ ហើយ​ជំហរ​នេះ​នឹង​មិន​កែប្រែ​ទេ។ ពាក់ព័ន្ធ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ​វិញ រដ្ឋាភិបាល​នឹង​ចេញ​របាយការណ៍​មួយ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ខាង​មុខ​នេះ។ ចំណែក​ក្រោយ​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាង ២​ម៉ោង​នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ទទួល​ស្គាល់​ថា ព្រោះ​តែ​វិវាទ​កើត​ពី​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ បណ្ដាល​ឲ្យ​កម្ពុជា ត្រូវ​ខាត​បង់​ការ​នាំ​ចេញ​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។