
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) លើកឡើងថា កម្ពុជា នៅតែជាប្រទេសមានហានិភ័យលើការវិនិយោគក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។ តំណាងនិយោជកអះអាងថា បញ្ហានេះមកពីមានសកម្មភាពកូដកម្ម និងបាតុកម្មច្រើន ដែលជំរុញឲ្យនិយោជកពិបាកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងវិស័យនេះ។ ចំណែកក្រុមសហជីពយល់ថា ការលើកឡើងរបស់និយោជក គឺជាការបង្អាក់ដល់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាជូនកម្មករប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ ក្រុមនិយោជក មិនទាន់បានកំណត់តួលេខច្បាស់លាស់នៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០១៦ នោះបាននៅឡើយទេ។ ប៉ុន្តែទាំងភាគីសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា យល់ថា សកម្មភាពកូដកម្ម ឬបាតុកម្ម គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរលើទំហំវិនិយោគ និងនិរន្តរភាពលើវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែត ស្ដីពីជំហររបស់និយោជកលើប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២២ កញ្ញា។
ថ្លែងក្នុងសន្និសីទនោះ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា កញ្ញា សាន់ដ្រា ដាមីកូ (Sandra D' Amico) បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៣ មក មានសកម្មភាពបាតុកម្ម ឬការតវ៉ានានាមានចំនួនច្រើនលើសលប់ បើទោះជាក្រុមនិយោជកព្យាយាមដោះស្រាយដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនទៀតជូនកម្មករក៏ដោយ។ អ្នកស្រីបន្តថា តាមការសិក្សាស្រាវជ្រាវរកឃើញថា ក្រុមនិយោជកចង់បានបរិយាកាសវិនិយោគល្អប្រសើរ។
កញ្ញាបន្តថា បាតុកម្មបង្កអស្ថិរភាពដល់សេដ្ឋកិច្ច និងជាក្តីបារម្ភរបស់ក្រុមអ្នកវិនិយោគ ដែលបញ្ហាបាតុកម្មនេះស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ បើធៀបនឹងប្រទេសអាហ្វ្រិក ដែលកំពុងមានទំនាស់។ ទន្ទឹមនឹងនេះ ការដំឡើងប្រាក់ឈ្នួលខ្ពស់ ខណៈផលិតភាពការងារនៅមានកម្រិតទាប ក៏ជាដើមចមសំខាន់ធ្វើឲ្យហានិភ័យដល់ការវិនិយោគផងដែរ។
ស្របពេលជាមួយគ្នានេះ តំណាងនិយោជកម្នាក់ទៀត លោក វ៉ាន់ ស៊ូអៀង បានឲ្យដឹងដែរថា គិតត្រឹម ៤ខែដើមឆ្នាំ២០១៥ ក្នុងចំណោមរោងចក្រជាង ៥០០ មានរោងចក្រជាង ៣០ បានបិទ ហើយរោងចក្រទាំងនោះ បានងាកទៅវិនិយោគនៅប្រទេសវៀតណាម។ លោកថា ភាគច្រើន តំណាងរោងចក្រទាំងនោះយល់ថា បញ្ហាបាតុកម្មធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ៖ «មកពីបាតុកម្មកូដកម្មខុសច្បាប់ អត់មាននីតិវិធីត្រឹមត្រូវ ហើយចំណែកវៀតណាម វិញ គាត់មានការគោរពច្បាប់ត្រឹមត្រូវ ចឹងហើយអ្នកវិនិយោគមួយចំនួនបានរារែកបិទរោងចក្រនៅកម្ពុជា»។
ចំណែកឯប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានច្រានចោលរាល់ការលើកឡើងរបស់ភាគីវិនិយោគ ដែលនិយោជកកំពុងចោទប្រកាន់មកលើកម្មករ និងសហជីព ព្រោះការធ្វើកូដកម្មបាតុកម្មកន្លងមក កើតឡើងដោយសារភាគីរោងចក្រមិនព្រមគោរពច្បាប់ប៉ុណ្ណោះ។ លើសពីនេះ លោកថា ការលើកឡើងនេះ គឺជាសកម្មភាពបង្អាក់ដល់កិច្ចចរចាប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០១៦ ដែលមិនទាន់បញ្ចប់ប៉ុណ្ណោះ។ លោកបន្តថា សហជីពនៅតែប្រកាន់ជំហរទាមទារប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យ៖ «ក្រុមនិយោជកតែងធ្វើសកម្មភាពផ្សេងៗដើម្បីបង្អាក់ និងរារាំងការចរចាប្រាក់ឈ្នួល ព្រោះដូចឆ្នាំកន្លងទៅ ក្រុមនិយោជកតែងប្រើយន្តការតុលាការមកដាក់សម្ពាធដល់ក្រុមសហជីព មិនឲ្យធ្វើសកម្មភាពទាមទារ»។
សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា កាលពីដើមខែកញ្ញា កន្លងទៅ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក៏ស្នើឲ្យភាគីនីមួយៗ ត្រូវតែមានស្មារតីគោរពច្បាប់ ដោយប្រើប្រាស់សកម្មភាពបាតុកម្ម ជាងការចរចានោះទេ។ លោកថា បច្ចុប្បន្ន ក្រសួងកំពុងតែពន្លឿនដើម្បីឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់សហជីព ដើម្បីបង្ការសកម្មភាពមិនប្រក្រតីណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហជីព និងសន្តិសុខសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។