រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាជាង ៧៦ម៉ឺនដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលចំនួន២ នៅកម្ពុជា សម្រាប់គម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងគម្រោងបង្កើនសមត្ថភាពបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។ រដ្ឋាភិបាលជប៉ុន រំពឹងថា ជំនួយនេះនឹងឈានទៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងជប៉ុន។
រដ្ឋាភិបាលជប៉ុន អះអាងថា ថវិកា ៧៦៦,០៣៩ដុល្លារអាមេរិកនេះ គឺជាជំនួយឧបត្ថម្ភឥតសំណងសម្រាប់អនុវត្តសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាខេត្តក្រីក្រជាងគេនៅក្នុងប្រទេសកម្ពុជា។
អង្គការចំនួន២ ដែលទទួលបានថវិកានេះ មានអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា (FIDR) និងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។
ការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន នៅពេលនេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលរៀបចំឡើងនៅថ្ងៃទី១ ខែមីនា។
ជាតំណាងរដ្ឋាភិបាលជប៉ុន និងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារ៉ូ យូជិ (KUMAMARU Yuji) មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន យល់ថា ពលរដ្ឋកម្ពុជា ពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង នៅតែភ័យខ្លាចគ្រាប់មីនដែលសេសសល់ពីសង្គ្រាម ហើយបញ្ហានេះបានរាំងស្ទះដល់ដំណើរផលិតកម្មកសិកម្ម ដែលជាហេតុធ្វើឲ្យពលរដ្ឋកម្ពុជា នៅតែប្រឈមបញ្ហាកង្វះស្បៀង និងអាហារូបត្ថម្ភ។ លោកបន្តថា រដ្ឋាភិបាលជប៉ុន សង្ឃឹមថា ជំនួយនេះនឹងរួមចំណែកឲ្យពលរដ្ឋកម្ពុជា អាចរួចផុតពីភាពភ័យខ្លាចពីតំបន់ដែលមានគ្រាប់មីន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ផងដែរ។
តំណាងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា ដែលជាអង្គការទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន ២២៧,៧១៧ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ លោក ហុង ប៊ុណ្ណា មានប្រសាសន៍ថា គម្រោងនេះនឹងជួយដល់កសិករក្នុងភូមិគោលដៅចំនួន៣៩ ក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការបង្កើនផលិតភាពកសិកម្ម និងកសាងចំណេះដឹងកសិករ៖ « គម្រោងនេះ គឺយើងផ្ដោតទៅលើបង្កើនផលិតភាពកសិកម្ម ដាំបន្លែ ចិញ្ចឹមសត្វ កែលំអចំណេះដឹងផ្នែកអាហារូបត្ថម្ភសម្រាប់កុមារ និងបង្កើតបណ្ដាញទំនាក់ទំនងរវាងកសិករដល់ភូមិគោលដៅ ៣៩ នៅខេត្តកំពង់ឆ្នាំង »។
ចំណែកតំណាងអង្គការសកម្មភាពកម្ចាត់មីនជប៉ុន ដែលជាអង្គការទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន ចំនួន ៥៣៨,៣២២ដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនសមត្ថភាពបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោក សាកូ ណាហ្គាតូស៊ី (SAKO Nagatoshi) មានប្រសាសន៍ដែរថា កម្ពុជានៅតែមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១០ម៉ឺនគ្រាប់ ដែលបានប្រមូលនិងកម្ទេចចោលរៀងរាល់ឆ្នាំ។ ជាងនេះទៀត លោកថា បច្ចុប្បន្នចំនួនអត្រាអ្នករងគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែមានចំនួនច្រើន។ ហេតុនេះលោកយល់ថា ជំនួយពីរដ្ឋាភិបាលជប៉ុន នឹងឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននៅកម្ពុជា៖ « គម្រោងនេះយើងនឹងផ្តល់ចំណេះជំនាញធ្វើយ៉ាងណា ពង្រឹងសមត្ថភាពដល់គ្រូ និងសមាជិកក្រុម ស៊ីម៉ាក់ (CMAC) ជាពិសេសការគ្រប់គ្រងនៅលើទីវាល និងបច្ចេកទេសសុវត្ថិភាពនានា »។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១ ខែមីនា នេះដែរ រដ្ឋាភិបាលជប៉ុន ក៏រំពឹងថា គម្រោងថវិកាដែលផ្ដល់ឲ្យសម្រាប់គម្រោងទាំង២នេះ នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ប្រមាណជា ២៤ម៉ឺននាក់ ដោយធ្វើការកាត់បន្ថយនូវការគំរាមកំហែងពីកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងឈានទៅរកការអភិវឌ្ឍសហគមន៍នៅពេលដែលតំបន់នោះត្រូវបានសម្អាតរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។