កម្មករ​រោង​ចក្រ​ជីនយី​នៅ​កំពង់​ឆ្នាំង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

កម្មករ​រោងចក្រ​ជីនយី (Jiun Yi) ជាង ​២០០​នាក់ ដែល​ឡើង​មក​តវ៉ា​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ភ្នំពេញ ថ្ងៃ​ទី​២៥ សីហា បាន​នាំ​គ្នា​ត្រឡប់​ទៅ​ខេត្ត​កំពង់ឆ្នាំង វិញ​ទាំង​យប់​នៅ​ថ្ងៃ​ដដែល នៅ​ពេល​ដែល​មន្ត្រី​ក្រសួង​ការងារ​សន្យា​ថា នឹង​ចុះ​ទៅ​ដោះ​ស្រាយ​ជម្លោះ​នេះ​ជា​មួយ​តំណាង​រោងចក្រ​នៅ​ថ្ងៃ​ទី​២៦ សីហា។ ក៏ប៉ុន្តែ​ក្រុម​កម្មករ​ហាក់​ដូច​ជា​គ្មាន​ជំនឿ​ថា នឹង​​អាច​ដោះស្រាយ​បញ្ហា​បាន។

តំណាង​កម្មករ​តវ៉ា​នៃ​​រោងចក្រ​ជីនយី លោក សួស សុខា ដែល​បាន​ចូល​ជួប​មន្ត្រី​ផ្នែក​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​និង​វិជ្ជាជីវៈ នៅ​រសៀល​ថ្ងៃ​ទី​២៥ សីហា បាន​សម្ដែង​មន្ទិល​ថា ការ​តវ៉ា​របស់​កម្មករ​នៅ​មុខ​ក្រសួង នឹង​មិន​បានផល​ដូច​ការ​រំពឹង​ទុក​ទេ នៅ​ពេល​ដែល​មន្ត្រី​ក្រសួង​សុំ​ឲ្យ​កម្មករ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​តាម​ក្រោយ។

លោក​ថា នៅ​ពេល​នេះ​កម្មករ​បាន​សម្រេច​វិល​ទៅ​ខេត្ត​កំពង់ឆ្នាំង​វិញ ដោយ​មិន​អស់​ចិត្ត រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២៦ សីហា ហើយ​​ប្រសិន​ជា​មិន​មាន​លទ្ធផល​ល្អ​ទេ កម្មករ​នឹង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ បន្ត​ទៀត ព្រោះ​​ថា កម្មករ​​លែង​ទុកចិត្ត​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​កំពង់ឆ្នាំង ទៀត​ហើយ៖ « ព្រោះ​បើ​ឲ្យ​គាត់​រង់ចាំ​ដំណោះ​ស្រាយ​ខាង​ក្រុមហ៊ុន ឬ​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក៏​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង គាត់​អត់​មាន​សង្ឃឹម​ទៀត​ទេ។ ព្រោះ​មើល​ទៅ​ហាក់​ដូច​ជា​គេ​រៀបចំ​ការងារ​នឹង​មិន​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​ពួកគាត់ ទាំង​ថ្នាក់​មន្ទីរ​ការងារ ក៏​ដូចជា ​តុលាការ និង​សមត្ថកិច្ច​អី​ផ្សេងៗ គេ​តែង​ដាក់​កម្លាំង​ដើម្បី​ត្រៀម​នឹង​ចាប់​ អ្នក​ណា ​ដែល​ហ៊ាន​និយាយ​ពន្យល់​កម្មករ​អី ជា​ពិសេស​ខ្ញុំ​តែ​ម្ដង ថ្ងៃ​មុន​ត្រូវ​គេ​រក​ព័ទ្ធ​ចាប់​ដូចគ្នា ប៉ុន្តែ​បាន​បង​ប្អូន​កម្មករ​គាត់​សាមគ្គី​គ្នា អ៊ីចឹង​ធ្វើឲ្យ​សមត្ថកិច្ច​រៀង​ញ៉ាក​បន្តិច​ដែរ »

កម្មករ​រោងចក្រ​ជីនយី បាន​តវ៉ា​ទាមទារ​ចំនួន១៧​ចំណុច ដែល​ចំណុច​សំខាន់ៗ​នោះ មាន​ដូច​ជា សុំ​បន្ថែម​ប្រាក់​រង្វាន់​ទៀងទាត់​ ៥​ដុល្លារ សុំ​ថែម​លុយ​បាយ ២​ពាន់​រៀល ពេលណា​​កម្មករ​តម្រូវ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង សុំ​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​តាម​កម្លាំង​ដែល​កម្មករ​ដេរ​បាន ​​នៅ​ពេល​ដែល​កម្មករ​ដេរ​បាន​តម្លៃ​លើស​ពី​ប្រាក់​ឈ្នួល​គោល​កំណត់ ១៣០​ដុល្លារ សុំ​កុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​អត្ថប្រយោជន៍​ពេល​កម្មករ​ធ្វើ​កូដកម្ម​កន្លង​មក និង​សុំ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​សរុប ៣​ខែ​មុន​ឲ្យ​​កម្មករ​ដែល​សុំ​ច្បាប់​សម្រាល​កូន​ជា​ដើម។

ក៏​ប៉ុន្តែ​ប្រធាន​រដ្ឋបាល​រោងចក្រ​ជីនយី លោក ង៉ែត រស្មី បញ្ជាក់​ថា ​ភាគី​រោងចក្រ​បាន​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​បាន​ខ្លះ​ហើយ ចំណែក​​កម្មករ​ចំនួន ៩០​ភាគរយ​ក្នុង​ចំណោម​កម្មករ​សរុប​ប្រហែល ៣.៣០០​នាក់ បាន​ព្រម​ចូល​ធ្វើការ​វិញ​ដែរ នៅ​ថ្ងៃ​ទី​២៥ សីហា មាន​តែ​កម្មករ​ប្រហែល ២០០​នាក់​ទេ បាន​បន្ត​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ។

នៅ​ពេល​សួរ​ថា តើ​ភាគី​រោងចក្រ​នឹង​ព្រម​ចូល​ខ្លួន​ដោះស្រាយ​ជា​មួយ​ភាគី​កម្មករ​និង​មន្ត្រី​ក្រសួង​ការងារ​​នៅ​​ថ្ងៃ​ទី​២៦ សីហា នេះ​ទេ? លោក ង៉ែត រស្មី ឆ្លើយ​ថា ​ភាគី​​រោង​ចក្រ​នឹង​មិន​ចូល​ជួប​ដោះស្រាយ​ទេ ​បើ​​ភាគី​កម្មករ​ទាំងនោះ​មិន​ព្រម​ចូល​ធ្វើការ​សិន​នៅ​ថ្ងៃ​ទី​២៦ សីហា តាម​ការ​​​កណត់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បាន​សម្រេច​កន្លង​មក៖ «សំឡេង»។

ចំណែក​តំណាង​ភាគី​កម្មករ​តវ៉ា​វិញ លោក សួស សុខា បញ្ជាក់​ជំហរ​ថា កម្មករ​ដែល​មក​តវ៉ា​នៅ​ភ្នំពេញ ថ្ងៃ​ទី​២៥ សីហា នឹង​មិន​ចូល​ធ្វើការ​តាម​បញ្ជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដាច់​ខាត ដោយ​យល់​ថា ការ​សម្រេច​នោះ​មិន​យុត្តិធម៌។ ទោះ​យ៉ាង​ណា​លោក​ថា លោក​នឹង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការ​ដោះស្រាយ​ដែល​ក្រសួង​ការងារ​ចុះ​ទៅ​រោងចក្រ​នៅ​ថ្ងៃ​ទី​២៦ សីហា សិន។

រោងចក្រ ជីនយី ​ដែល​ស្ថិត​នៅ​ភូមិ​ចម្ការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​តវ៉ា​នៅ​មុខ​រោងចក្រ​ជាង ១០​ថ្ងៃ​មក​ហើយ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​ដែល​កម្មករ​ទទួល​យក​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។