ប្រជាពលរដ្ឋប្រហែល ៥០គ្រួសារ នៅភូមិអូរ និងភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត សម្ដែងការព្រួយបារម្ភខ្លាចបាត់ដី បង្កបង្កើនផលរបស់ពួកគាត់ ដោយសារការបំបាត់ក្បាលដី នៅពេលដែលមន្ត្រីសុរិយោដីខេត្ត បានចុះទៅវាស់វែងដីពួកគាត់ កាលពីដើមខែតុលាកន្លងទៅ។
ប្រជាពលរដ្ឋភូមិអូរ និងភូមិតារាជ នៅថ្ងៃទី១៩ តុលា សម្ដែងការសង្ស័យថា មានការបន្លំទំហំដីក្នុងពេល អាជ្ញាធរចុះវាស់ដីពួកគាត់កាលពីដើមខែ តុលា កន្លងទៅដើម្បីបន្លំកាត់យកដីពួកគាត់លក់ឲ្យឈ្មួញ។
ក្រុមអ្នកភូមិទាំងនោះបញ្ជាក់ថា ពួកគាត់សង្ស័យដូច្នេះ ដោយសារការចុះវាស់វែងដីលើកនេះ មិនបានប្រកាសឲ្យប្រជាពលរដ្ឋដឹងមុន ហើយអ្វីដែលធ្វើឲ្យពួកគាត់រឹតតែមន្ទិលសង្ស័យទៀតនោះ គឺក្រុមវាស់ដីកាលពីដើមខែ តុលា នោះ មិនមានបោះស្នាក់ការធ្វើការ ដូចដែលក្រុមនិស្សិតចុះវាស់វែងកន្លងមកទេ ៖ «សំឡេងអ្នកភូមិតវ៉ារួមគ្នា»។
ក្រៅពីនេះអ្នកភូមិអូរថា ក្រុមវាស់ដីនោះ មានមន្ត្រីសុរិយោដីខេត្តតែម្នាក់ឈ្មោះលោក អ៊ុក ចន្ទ និងអាជ្ញាធរស្រុកឈូកម្នាក់ដែលគាត់មិនស្គាល់ឈ្មោះ រួមទាំងតំណាងសហគមន៍ក្នុងមូលដ្ឋានម្នាក់ឈ្មោះ លោក សែត សឿន ចុះទៅវាស់វែងប៉ុណ្ណោះ ដែលអ្នកភូមិថា បានចុះទៅវាស់ស្ងាត់ៗ ដូចជាមានអាថកំបាំងអ្វីម្យ៉ាង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មន្ត្រីសុរិយោដី អ៊ុក ចន្ទ បានភ្លាមៗនៅរសៀលថ្ងៃទី១៩ តុលា ដើម្បីសុំការឆ្លើយតបទៅនឹងការតវ៉ា របស់ប្រជាពលរដ្ឋភូមិអូរ។
ក៏ប៉ុន្តែ តំណាងសហគមន៍ក្នុងមូលដ្ឋាននេះ លោក សែត សឿន ដែលអ្នកភូមិអូរ សង្ស័យថា បានរួមគំនិតបន្លំដីអ្នកភូមិ បានប្រតិកម្មទៅនឹងការសង្ស័យរបស់អ្នកភូមិអូរ ថាជាការយល់ច្រឡំចំពោះរូបលោកនោះ ដោយបញ្ជាក់ថា អាជ្ញាធរបានជូនដំណឹងប្រជាពលរដ្ឋឲ្យដឹងជាមុន មុនក្រុមការងារចុះវាស់វែង តែប្រជាពលរដ្ឋខ្លះមិនបានចូលរួម ៖ « វាស់វែងនេះជារឿងមួយត្រឹមត្រូវស្របច្បាប់ ពីព្រោះវាស់ជូនគាត់ហើយ យើងអំពាវនាវហើយតើ។ តែមានបងប្អូនមួយចំនួន យើងកំណត់ថ្ងៃឲ្យគាត់ហើយតើ តែលោកអ្នកដើមបណ្ដឹងដែលតំណាងប្រជាពលរដ្ឋនឹង មិនបានប្រាប់ប្រជាពលរដ្ឋមកគ្រប់ចំនួនផង »។
ទាក់ទងទៅនឹងរឿងវាស់ដីនេះ អ្នកភូមិអូរឲ្យដឹងថា កន្លងមកក្រុមនិស្សិតបានចុះវាស់ដីជូនពួកគាត់បានចប់ ហើយបានផ្អាកទៅវិញ ដោយសារមានការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣។ ពួកគាត់ថា ការវាស់ដីរបស់ក្រុមនិស្សិតកាលនោះ បានធ្វើឲ្យពួកគាត់បាត់ដីយ៉ាងហោចណាស់ ៣ ទៅ បួន ហិកតារក្នុងមួយគ្រួសារៗ ទៅឈ្មោះអ្នកផ្សេងចំនួន១១ គ្រួសារ ដែលអ្នកភូមិមិនស្គាល់ឈ្មោះ និងមិនស្គាល់មុខ។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក សេត វណ្ណៈ ដែលបានតាមដានទំនាស់ដីនេះ ឲ្យដឹងដែរថា ក្នុងចំណោមឈ្មោះអ្នកថ្មី មានឈ្មោះទទួលចំណែកដីអ្នកភូមិអូរនោះ មានអ្នកខ្លះមកពីភ្នំពេញ ខ្លះមកពីខេត្តក្រចេះ ហើយពួកគាត់បានប្ដឹងតវ៉ា រហូតទល់សព្វថ្ងៃ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។
ដោយឡែក អង្គការលីកាដូ បានស្រាវជ្រាវឃើញថា ក្នុងចំណោម ១១ គ្រួសារនោះ មានឈ្មោះពីរគ្រួសាររស់នៅភូមិក្បែរនោះ តែសាមីខ្លួនបានបដិសេធថា មិនបានពាក់ព័ន្ធនឹងការបន្លំឈ្មោះយកដីអ្នកភូមិអូរ ដូចដែលក្រុមនិស្សិតប្រកាសលទ្ធផលនោះទេ លោកថារឿងនេះទំនងមានអ្នកទីបីលួចដាក់ឈ្មោះអ្នកទាំងពីរគ្រួសារនោះដោយមិនដឹងខ្លួន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តរង លោក ជឹម ផល្លា ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីនេះ ដើម្បីសុំការបញ្ជាក់អះអាងបន្ថែមបានទេ នៅថ្ងៃទី១៩ តុលា ដោយលោកមិនលើកទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។