កុមារជនជាតិដើមភាគតិចនៅភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាន់តែច្រើនបានទទួលការសិក្សាពេញលេញរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ បន្ទាប់ពីវិស័យឯកជនបានចូលរួមលើកកម្ពស់ការសិក្សារបស់កុមារនៅតំបន់ជនបទ។ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ចាត់ទុកការសិក្សារបស់កុមារជនជាតិដើមភាគតិចជាកត្តាសំខាន់ដើម្បីអភិវឌ្ឍន៍សហគមន៍របស់ពួកគេនៅពេលអនាគត។
កុមារជាសិស្សសាលាបឋមសិក្សាសោមត្រកចាស់ ឋិតក្នុងភូមិសោមត្រកចាស់ ជាង ១០០នាក់ ទទួលបានសម្ភារៈសិក្សា និងប្រាក់ឧបត្ថម្ភពីពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក សម្រាប់ការសិក្សានាឆ្នាំ២០១៨ បន្តទៀត។
សាលាបឋមសិក្សាសោមត្រកចាស់ មានចម្ងាយជាង ៧០គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី មុនឆ្នាំ២០០៨ កុមារនៅតំបន់នេះជាង ៩០ភាគរយ ជាជនជាតិដើមភាគតិចមិនមានសាលារៀនគ្រប់គ្រាន់ទេ។ កុមារមួយភាគមិនបានចូលរៀនដោយសារខ្វះគ្រូ និងថ្នាក់រៀន ដោយឡែកកុមារមួយផ្នែកទៀតបានបោះបង់ចោលសាលាតែម្ដង ដោយសារតែជីវភាពគ្រួសារក្រីក្រខ្វះមធ្យោបាយបន្តការរៀន ឬត្រូវជួយការងារឪពុកម្ដាយ ដូចជា ឃ្វាលគោ ធ្វើស្រែចម្ការជាដើម។
ពលរដ្ឋខ្មែររស់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក គឺលោកស្រី អេង សុខុម បានមកទស្សនកិច្ចនៅសាលាបឋមសិក្សាសោមត្រកចាស់ កាលពីសប្ដាហ៍មុនកត់សំគាល់ថា កង្វះខាតមធ្យោបាយរៀនសូត្ររបស់កុមារនៅតំបន់នេះនៅតែជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ជួយកុមារឲ្យមានលទ្ធភាពបន្តការសិក្សាបានពេញលេញ។ លោកស្រីបន្តថា ថ្វីត្បិតពលរដ្ឋខ្មែរទៅរស់នៅបរទេសឆ្ងាយពីប្រទេសកំណើតយ៉ាងណាក្តី ក៏ភាពខ្វះខាតរបស់កុមារនៅតំបន់ដាច់ស្រយាលបានជំរុញឲ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមួយចំនួនខ្វាយខ្វល់ និងស្ម័គ្រចិត្តបរិច្ចាគប្រាក់កាសទ្រព្យធនផ្ទាល់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ការសិក្សារបស់កុមារនៅជនបទដោយគ្មានការរើសអើង៖ «ខេត្តរតនគិរី ឆ្ងាយពីទីប្រជុំជនហើយស្រុកដែលនាងខ្ញុំមកនេះឆ្ងាយដូចគ្នា។ នាងខ្ញុំគិតថា ទីនេះគឺល្អសម្រាប់ថវិកាដែលនាងខ្ញុំពាំនាំពីខាងក្រៅមកជួយក្មួយៗនៅទីនេះ»។
សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៧ នេះ មន្ទីរអប់រំខេត្តរតនគិរី បានអភិវឌ្ឍន៍សាលាបឋមសិក្សាសោមត្រកចាស់ មានអគារសិក្សាមួយខ្នងធ្វើពីថ្មប្រក់ក្បឿងមាន ៦បន្ទប់ ដែលមានគ្រូ ៤នាក់ សម្រាប់បង្រៀនសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដែលមានសិស្សជាង ១០០នាក់។
សិស្សថ្នាក់ទី៦ សាលាបឋមសិក្សាសោមត្រកចាស់ កុមារា រម៉ាស យ៉េត មានកំណើតជនជាតិដើមភាគតិចចារ៉ាយ អះអាងថា តម្រូវការសម្លៀកបំពាក់សម្ភារៈសិក្សានៅតែជាបន្ទុកសម្រាប់គ្រួសារពួកគេដែលភាគច្រើនមានប្រាក់ចំណូលទាបហើយប្រកបរបរកសិកម្មបែបបូរាណ។ កុមារបង្ហាញភាពត្រេកអរខណៈទទួលបានការឧបត្ថម្ភការរៀនសូត្ររបស់ពួកគេពីវិស័យឯកជន និងរដ្ឋដើម្បីលើកកម្ពស់ការរៀនសូត្ររបស់កុមារជនជាតិដើមភាគតិចនៅក្នុងភូមិនេះ៖ «មានអារម្មណ៍សប្បាយយកសៀវភៅហ្នឹងទៅសិក្សា»។
របាយការណ៍របស់អាជ្ញាធរភូមិសោមត្រកចាស់ ឲ្យដឹងថា ការបោះបង់ចោលការសិក្សារបស់កុមារជនជាតិដើមភាគតិចនៅភូមិនេះ ថយចុះច្រើនបើប្រើប្រៀបធៀបការសិក្សារបស់កុមារកាលពីមុនឆ្នាំ២០១០។ ការបោះបង់ចោលសាលា ឬកុមារមិនបានចូលរៀនមានរហូតដល់ទៅជាង ៣០ភាគរយនៃកុមារគ្រប់អាយុចោលសាលារៀន។
នាយកសាលាសោមត្រកចាស់ លោក ឆិល សារិទ្ធ ទទួលស្គាល់ថា ជីវភាពក្រីក្ររបស់ពលរដ្ឋជនជាតិដើមភាគតិច គឺជាហេតុផលសំខាន់ដែលធ្វើឲ្យកូនចៅពួកគេមិនបានចូលរៀន ឬចូលរៀនហើយ ក៏បានបោះបង់ចោលវិញ ត្រឹមថ្នាក់ទី២ ឬថ្នាក់ទី៣ ដើម្បីជួយការងារផ្ទះ។ លោកថ្លែងថា មន្ទីរអប់រំ បានខិតខំបើកយុទ្ធនាការអប់រំផ្សព្វផ្សាយឲ្យគ្រួសារពលរដ្ឋជនជាតិដើមភាគតិចបញ្ជូនកូនមករៀន និងបានអភិវឌ្ឍន៍អគារសិក្សា និងគ្រូបង្រៀនបានកាន់តែប្រសើរដែលអាចឲ្យកុមារកាន់តែច្រើនចូលរៀនបានគ្រប់គ្នា៖ «ជាបញ្ហាសំខាន់គាត់ខ្វះសម្ភារៈសិក្សាច្រើនដែរ ដោយសារជីវភាពគ្រួសាររបស់ពួកគាត់ក្រីក្រ»។
ប្រជាជនភូមិសោមត្រកចាស់ ប្រកបរបធ្វើស្រែចំការ និងរកអនុផលព្រៃឈើតាមប្រពៃណីជនជាតិដើមភាគតិច ក៏ប៉ុន្តែដោយសារជីវភាពក្រីក្រអ្នកភូមិមួយចំនួនមិនមានលទ្ធភាពឲ្យកូនទៅបន្តការសិក្សានៅសាលាកម្រិតមធ្យមបានទេ ដោយសារតែអនុវិទ្យាល័យ ឬវិទ្យាល័យឋិតនៅឆ្ងាយពីភូមិគ្មានមធ្យោបាយធ្វើដំណើរទៅសិក្សាបាន។
ប្រធានភូមិសោមត្រកចាស់ លោក សេង អឿន ថ្លែងថា នេះជាបញ្ហាប្រឈមរបស់អ្នកភូមិដែលមានជីវភាពក្រីក្រដែលជំរុញឲ្យកុមារបោះបង់ការសិក្សា គ្រាដែលកុមារមួយចំនួនទទួលជោគជ័យដោយបានប្រឡងចូលរៀនថ្នាក់អនុវិទ្យាល័យ។ លោកថា សម្រាប់ភូមិនេះ នៅមានតម្រូវការដូចជាអគារសិក្សា គ្រូបង្រៀនទាំងកម្រិតបឋមសិក្សា និងអនុវិទ្យាល័យដើម្បីបង្កលទ្ធភាពឲ្យសិស្សក្នុងភូមិចូលរៀនបានងាយស្រួល៖ «អត់មានធនធានចូលរៀន បើនៅក្នុងភូមិអត់ស្អីទេ ជួនកាលគាត់រៀបចប់ហើយទៅរៀនអនុវិទ្យាល័យទៀតគ្មានស្អីធ្វើដំណើរពិបាកអ៊ីចឹង អ្នកមានមានស្អី បើថាជនជាតិយើងខ្ញុំក្រ បើអ្នកមានខ្លះមានម៉ូតូខ្លះអត់តែម្ដង»។
ទោះបីមិនមានលទ្ធភាពស្វែងរកថវិកា និងសម្ភារៈសិក្សាគ្រប់គ្រាន់សម្រាប់តម្រូវការកុមារភូមិសោមត្រកចាស់ យ៉ាងណាក៏ដោយ លោកស្រី អេង សុខុម ពលរដ្ឋខ្មែរ-អាមេរិកាំង ផ្ដាំផ្ញើឲ្យកុមារកុលសម្ព័ន្ធដើមភូមិសោមត្រកចាស់ ខិតខំរៀន បង្កើនចំណេះដឹងសម្រាប់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងចូលរួមបម្រើសង្គមជាតិឲ្យបានរីកចម្រើននៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។