ស្នងការនគរបាលខេត្តសៀមរាប បានចេញបញ្ជា ព្រមទាំងបញ្ជូនរូបថតតាមសារអេឡិចត្រូនិកទៅកម្លាំងរបស់ខ្លួននៅគ្រប់ស្រុក និងឃុំទាំងអស់ទូទាំងខេត្តសៀមរាប ឲ្យជួយសម្គាល់ភិនភាគព្រះសង្ឃខ្មែរក្រោមមួយអង្គ និងតាអាចារ្យម្នាក់ដែលកំពុងតែបាត់ខ្លួន។
ការចេញបញ្ជាឲ្យតាមរកព្រះសង្ឃខ្មែរក្រោម និងតាអាចារ្យម្នាក់នោះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីមហាជនជាច្រើន ដែលសង្ស័យថាអ្នកទាំងពីរអាចត្រូវប៉ូលិសចាប់ខ្លួន ហើយធ្វើទារុណកម្ម និងយកទៅឃុំខ្លួន។
មន្ត្រីប៉ូលិសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បដិសេធថា កម្លាំងប៉ូលិសមិនបានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមមួយអង្គ និងតាអាចារ្យម្នាក់ វាយធ្វើទារុណកម្ម ហើយកំពុងបាត់ខ្លួនមិនដឹងនៅទីណានោះទេ។
អធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ គឺលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកក្កដា ថា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា គឺប្រជាការពារនៅសង្កាត់ស្រងែ បានជួបព្រះសង្ឃមួយអង្គ និងតាអាចារ្យម្នាក់ដើរកាត់ភូមិនៅពេលយប់។ ក្រុមប្រជាការពារក៏បានសួរព្រះសង្ឃ និងតាអាចារ្យនោះថាទៅណាមកណា? ពេលនោះដោយសារតែព្រះសង្ឃ និងតាអាចារ្យមិនដឹងនិយាយភាសាអ្វីស្ដាប់គ្នាមិនបាន ក៏នាំមកប្រគល់ឲ្យប៉ូលិស។ នៅឯប៉ុស្តិ៍ស្រងែ ប៉ូលិសបានសាកសួរព្រះសង្ឃអង្គនោះដោយស្គាល់ព្រះនាម មាស វិចិត្រ មានកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម ព្រមទាំងតាអាចារ្យឈ្មោះ ប្រាក់ នី។ ប៉ូលិសបានឆែកថង់យាមពិនិត្យឃើញមានវត្ថុស័ក្តិសិទ្ធិក្នុងជំនឿអរូបិយជាច្រើន ដូចជាខ្នាយតាន់ ចែកាច់ អង្កាំធម៌ ព្រមទាំងកូនកាំបិតស្នៀតមួយផង។ ទោះជាយ៉ាងណា ប៉ូលិសយល់ថាព្រះសង្ឃ និងតាអាចារ្យម្នាក់នោះពុំមានកំហុស ហើយក៏សួរពីដំណើរបម្រុងទៅណា?
លោកអធិការរងបញ្ជាក់ទៀតថា បន្ទាប់ពីដឹងថាព្រះសង្ឃ និងតាអាចារ្យមានបំណងទៅរកធម៌នៅភ្នំគូលែន ប៉ូលិសក៏ចាត់ប្រជាការពារជិះម៉ូតូ ៣គ្រឿងឌុបព្រះសង្ឃ និងតាអាចារ្យមកក្រុងសៀមរាប បំណងយកទៅដាក់ឲ្យជិះឡានក្រុង។ នៅវេលាម៉ោងជាង ១១យប់ថ្ងៃទី១៨ ខែមិថុនា នោះ នៅពេលដែលប្រជាការពារដឹកមកដល់ជិតផ្ទះអង្គការមេត្តាករុណា ក៏ព្រះសង្ឃ និងតាអាចារ្យនោះ នាំគ្នាចុះពីលើម៉ូតូ រត់គេចខ្លួន ហើយចោលសម្ភារៈមួយចំនួន។
លោកអធិការរងក្រុងសៀមរាប ឲ្យដឹងថា លុះដល់ព្រឹកថ្ងៃទី១៩ គេបានឃើញមនុស្ស ២នាក់គ្មានពាក់អាវ ស្លៀកការុង នាំគ្នាដើរជិតវត្តកេសរារាម កណ្ដាលទីក្រុងសៀមរាប ហើយពេលនោះកម្លាំងប៉ូលិសសណ្ដាប់ធ្នាប់ក្រុងមួយផ្នែកទៀត ក៏ទៅសាកសួរ ព្រមទាំងនាំចូលទៅក្នុងវត្តកេសរារាម ដោយក្មេងវត្តបានឲ្យខោខ្លីពណ៌ទឹកប៊ិចម្នាក់មួយស្លៀក។ ប៉ូលិសមិនបានចាប់អារម្មណ៍ថាអ្នកស្លៀកការុងទាំងពីរនាក់ គឺជាព្រះសង្ឃខ្មែរក្រោម និងអាចារ្យដែលរត់គេចខ្លួនកាលពីយប់នោះទេ គឺស្មានថាជាមនុស្សវិកលចរិត ហើយក៏ឲ្យកម្លាំងដឹកតាមរថយន្តមួយគ្រឿងយកទៅដាក់នៅក្នុងវត្តទេពប្រណម្យ នៃតំបន់អង្គរធំ ដើម្បីឲ្យព្រះសង្ឃទីនោះជួយផ្ដល់បាយទឹក។
លោក នួន ស័ក្តិចំរើនរិទ្ធ បដិសេធចោលការចោទប្រកាន់ពីមហាជនតាមបណ្ដាញសង្គម ដែលថាប៉ូលិសបានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមមួយអង្គ និងតាអាចារ្យម្នាក់ វាយធ្វើទារុណកម្មនោះ ជារឿងមិនពិតទេ៖ « មានតែជម្រើសហ្នឹងទេ ដែលអាចជួយពួកគាត់ទាំងពីរហ្នឹងបាន ក្រែងគាត់ដាច់បាយដាច់អី ពីព្រោះវត្តគឺជាកន្លែងអ្នកចិត្តធម៌ អាចជួយអ្នកទាំងនោះបាន »។

កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមគ្រួសាររបស់ព្រះសង្ឃខ្មែរក្រោមបានទៅពឹងពាក់អង្គការសិទ្ធិមនុស្សនៅខេត្តសៀមរាប ឲ្យជួយតាមរកព្រះសង្ឃព្រះនាម មាស វិចិត្រ និងតាអាចារ្យដែលកំពុងបាត់ខ្លួននោះ ដោយពួកគេបង្ហាញរូបថតព្រះសង្ឃគ្មានស្បង់ចីវរ ហើយដេកឱបគ្នាជាមួយនឹងតាអាចារ្យទំនងជាត្រូវនរណាម្នាក់វាយធ្វើបាប។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ បុគ្គលិកអាជ្ញាធរអប្សរា និងប៉ូលិសយាមការពារប្រាសាទជាច្រើននៅតំបន់អង្គរធំ អះអាងថា គេបានឃើញបុរសពីរនាក់ ម្នាក់ក្មេង និងម្នាក់ទៀតចាស់ ស្លៀកខោខ្លីពណ៌ទឹកប៊ិច ត្រូវប៉ូលិសដឹកយកមកដាក់នៅវត្តទេពប្រណម្យ មែន។ ប្រជាពលរដ្ឋឲ្យដឹងថា បុរសចំណាស់នោះបន្ទាប់ពីស្នាក់នៅក្នុងវត្តបានប្រហែលជា ២ម៉ោង ក៏សុំលុយគេបានប្រហែល ១ម៉ឺនរៀល ហើយជិះម៉ូតូឌុបចោលបុរសក្មេងនោះទៅ។ ចំណែកបុរសក្មេង គឺគេមិនស្គាល់ថាព្រះសង្ឃទេ ហាក់មានស្មារតីខុសធម្មតា ដោយចេះតែឈរសូត្រធម៌ និងរត់ចុះរត់ឡើងនៅលើថ្មប្រាសាទដែលបាក់បែក។ អ្នកភូមិបានចង្អុលប្រាប់ថា មានអាវមួយដែលបុរសក្មេងនោះដោះចោលនៅលើថ្មប្រាសាទនៅឡើយ។
មេប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌនៅប្រាសាទភិមានអាកាស លោក លៃ លឿប ឲ្យដឹងថា លោកបានឃើញបុរសក្មេងម្នាក់នោះនៅក្នុងវត្តទេពប្រណម្យ ជាច្រើនម៉ោង ដោយលោកទៅសាកសួរទើបដឹងថាគាត់មានស្មារតីខុសប្រក្រតី៖ « សតិដូចជាបែកៗអារម្មណ៍ ពេលឃើញខ្ញុំ ក៏ស្រែកហៅម៉ែឪ ហើយរត់ទៅពួន។ ពេលហៅចេញមកភ័យ ស្រែកថាកុំវាយៗ »។
លោកមេប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌដដែលឲ្យដឹងថា នៅវេលាម៉ោង ៧យប់ថ្ងៃទី១៩ ខែមិថុនា បុរសម្នាក់នោះបានដើរចេញពីវត្តទេពប្រណម្យ ដោយរូបលោកបានជូនដំណើរទៅដល់ប្រាសាទបាយ័ន ក៏មានប៉ុស្តិ៍មួយទៀតទទួលបន្ត ហើយទៅដល់មុខអង្គរវត្ត ក៏ឮថាប៉ុស្តិ៍ប៉ូលិសការពារប្រាសាទមួយទៀតជូនទៅដល់ភូមិគោកដូង សង្កាត់ទឹកវិល ប៉ុន្តែរហូតមកដល់ពេលនេះ មិនដឹងដំណឹងនៅទីណាទេ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលតាមរកព្រះសង្ឃខ្មែរក្រោមនោះ លោក សួស ណារិន ជឿថា ព្រះសង្ឃខ្មែរក្រោមមួយអង្គដែលកំពុងបាត់ខ្លួន ប្រហែលជាមានសតិខុសប្រក្រតីមែន ដោយសារតែបែកធម៌ ប៉ុន្តែលោកនៅតែយល់ថា កម្លាំងប៉ូលិសនៅតែមានកំហុស ដោយសារតែឃើញមនុស្សមានសតិខុសប្រក្រតីហើយ មិនកាក់ទុករកសាច់ញាតិ បែរជាដឹកយកទៅដាក់វត្តដោយគ្មានអ្នកទទួលខុសត្រូវនោះ។
ប៉ុន្តែឪពុករបស់ព្រះសង្ឃ និងគ្រូក្លឹបល្បុក្កតោនៅសង្កាត់ក្របីរៀល ធ្លាប់អះអាងកាលពីថ្ងៃទី២៦ ខែមិថុនា ថា ពេលគាត់ជួបព្រះសង្ឃនៅមុនថ្ងៃបាត់ខ្លួន គឺព្រះសង្ឃមានសតិធម្មតា ដោយគ្រាន់តែព្រះសង្ឃប្រាប់ថា លោកមានបំណងទៅភ្នំគូលែន ដើម្បីធ្វើជាលោកធុតង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។