ពលករ​ខ្មែរ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ស៊ុយអែត​រឿង​ក្រុមហ៊ុន​បើក​ប្រាក់​មិន​គ្រប់​ចំនួន

0:00 / 0:00

ពលករ​ខ្មែរ​ជា​ច្រើន​នាក់​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ស៊ុយអែត (Sweden) ប្រចាំ​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ដាំ​កូនឈើ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត ដែល​មិន​ទាន់​បើក​ប្រាក់​ខែ​អោយ​ពួកគេ​គ្រប់​ចំនួន​នៅ​ឡើយ។ តំណាង​ខាង​ភាគី​ក្រុមហ៊ុន​ពន្យល់​ថា ការ​ដែល​មិន​បើក​ប្រាក់ខែ​អោយ​គ្រប់​ចំនួន​នោះ ដោយសារ​ក្រុមហ៊ុន​ក្ស័យធន ហើយ​ពលករ​ខ្មែរ​ទាំង​នោះ​ក៏​មិន​ទាន់​សង​លុយ​ដែល​ជំពាក់​ក្រុមហ៊ុន​មក​វិញ​ដែរ។ ករណី​នេះ អ្នក​ច្បាប់​លើក​ឡើង​ថា ក្រុមហ៊ុន​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​កម្មករ​និយោជិត។

​ក្នុង​ចំណោម​ពលករ​ខ្មែរ​ចំនួន ៧២​នាក់ ដែល​ទៅ​ធ្វើ​ការងារ​ជា​អ្នក​ដាំ និង​កាត់​ដើម​ឈើ​នៅ​ប្រទេស​ស៊ុយអែត កាល​ពី​ឆ្នាំ​១០១៤ កន្លង​ទៅ មាន​ពលករ​ខ្មែរ ៣៤​នាក់ ក្នុងចំណោម​នោះ មិន​ទាន់​បាន​ប្រាក់ខែ​គ្រប់​ចំនួន និង​គ្រប់គ្នា​នៅ​ឡើយ។ ពួកគេ​ចោទ​ក្រុមហ៊ុន​ឈ្មោះ ស្កកស្វាសាប៊ីធា ហូស បូនៀ ស្កក អេប៊ី (Skogsvardsarbetare hos Botnia Skog AB) នៅ​ប្រទេស​ស៊ុយអែត ថា មាន​ចេតនា​គេចវេះ​មិន​បើក​ប្រាក់​ខែ​អោយ​ពួកគេ​គ្រប់​ចំនួន និង​គ្រប់​គ្នា​ឡើយ បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រកាស​ក្ស័យធន​ទៅ​ក្រសួង​ការងារ​របស់​ប្រទេស​ស៊ុយអែត កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្រុម​ពលករ​ខ្មែរ​ទាំង​នេះ​មក​ពី​ខេត្ត​ផ្សេងៗ​គ្នា​ប្រមាណ ២០​នាក់ បាន​ជួបជុំ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ស៊ុយអែត ប្រចាំ​ក្រុង​ភ្នំពេញ ជា​ថ្មី​ម្តង​ទៀត ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​របស់​ពួកគេ។

តំណាង​អោយ​ពលករ​ខ្មែរ​រង​គ្រោះ លោក នី ប៊ុនណែត ដែល​បាន​ចូល​ជួប​ឯក​អគ្គរាជទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា លោកស្រី អាណណា ម៉ាយ ហ៊ុលធ៍ហ្គាដ (Anna Maj Hultgrad) មាន​ប្រសាសន៍​ថា ស្ថានទូត​ស៊ុយអែត មិន​អាច​លូកដៃ​ក្នុង​រឿង​នេះ​បាន​ឡើយ ព្រោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់៖ «រឿង​អស់​ហ្នឹង​ពាក់ព័ន្ធ​នឹង​ច្បាប់ ដូច្នេះ​រដ្ឋាភិបាល​ស៊ុយអែត ទទួល​យក​អ្វី​ដែល​នៅ​មុខ​ច្បាប់»

ផ្ដើម​ចេញ​ជា​វិវាទ​ប្រាក់​ខែ​នេះ ពលករ​ខ្មែរ​ទាំង​នោះ​រៀបរាប់​ថា ក្រោយ​ចប់​រដូវ​នៃ​ការ​ដាំ និង​កាត់​ដើម​ឈើ​ដែល​មាន​រយៈពេល ៦​ខែ ដោយ​អនុវត្ត​កិច្ចសន្យា​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ដល់​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុមហ៊ុន​បាន​បើកប្រាក់​មិន​ទាន់​គ្រប់​ចំនួន និង​គ្រប់គ្នា​នៅ​ឡើយ ព្រោះ​អ្នក​ខ្លះ​នៅ​សល់ ៣​ពាន់​ដុល្លារ និង​អ្នក​ខ្លះ​នៅ​សល់​ពី ៦ ទៅ ៧ ពាន់​ដុល្លារ​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​ប្ដឹង​ពលករ​ខ្មែរ​ចំនួន ៣៤​នាក់​នេះ ដោយ​ចោទ​ថា ជំពាក់​ប្រាក់​ក្រុមហ៊ុន​ជា​ច្រើន​ពាន់​ដុល្លារ​មិន​ទាន់​សង់​ត្រឡប់​ទៅ​វិញ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ក្រុម​ពលករ​ខ្មែរ​ទាំង ៣៤​នាក់ អះអាង​ថា មុន​នឹង​ត្រឡប់​កម្ពុជា វិញ ពួកគេ​បាន​ទូទាត់​សង​បំណុល​រួច​រាល់​ហើយ។ ពួកគេ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ប្រាក់​ប្រចាំ​ខែ​សម្រាប់​កម្មករ​កម្ពុជា ឲ្យ​បាន​ទៀងទាត់​ទៅ​តាម​កិច្ច​សន្យា​ការងារ​ដែល​បាន​ព្រមព្រៀង​គ្នា​ជា​មុន​នោះ​ទេ។

តំណាង​ក្រុមហ៊ុន និង​ជា​អ្នក​រត់ការ​ឯកសារ​ផ្សេងៗ​ជាមួយ​ស្ថានទូត​ស៊ុយអែត ប្រចាំ​កម្ពុជា លោក ហង្ស ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាម​ពិត​ក្រុមហ៊ុន​ក៏​រងគ្រោះ​ដែរ ព្រោះ​ពលករ​ទាំង​នោះ​បាន​ខ្ចី​លុយ​ពី​ក្រុមហ៊ុន​ជា​ច្រើន ប៉ុន្តែ​មិន​ទាន់​សង​វិញ​នៅ​ឡើយ​ទេ៖ «គ្មាន​ការ​ទូទាត់​សង​ទេ ព្រោះ​បើ​តាម​ឯកសារ​នៅ​ស៊ុយអែត នៅ​តែ​មាន​ឈ្មោះ​ជំពាក់​គេ។ គាត់​និយាយ​នេះ ដើម្បី​គេច​ផុត​ពី​បំណុល»

រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ុយអែត ពុំ​មាន​កិច្ច​ព្រមព្រៀង​ក្នុង​ការ​បញ្ជូន និង​ទទួល​ពលករ​នោះ​ទេ។ ដូច្នេះ​ការ​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​មួយ​នេះ​កន្លង​ទៅ គឺ​ជា​រឿង​ខុស​ច្បាប់។

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា កម្មករ​គឺ​ជា​អ្នក​ធ្វើ​ការងារ​ក្រោម​ការ​គ្រប់គ្រង​របស់​និយោជក ដូច្នេះ​តម្លៃ​តប​ស្នង​គឺ​ប្រាក់​ខែ បើ​មិន​បើ​ប្រាក់ខែ​ទេ​នោះ គឺ​ប្រៀប​ប្រដូច​ពលករ​ខ្មែរ​ទាំង​នេះ​ជា​ទាសករ៖ «នៅ​លើ​សកលលោក​នេះ គ្មាន​ទៀត​ទេ​ទម្រង់​ការងារ​របៀប​ជា​ទាសករ និង​ថៅកែ មាន​តែ​ទម្រង់​ការងារ​របៀប​និយោជក និង​និយោជិត ដូច្នេះ​បើ​ក្រុមហ៊ុន​ស៊ុយអែត មិន​បើក​ប្រាក់ខែ​ជូន​កម្មករ​ទេ មាន​ន័យ​ថា ក្រុម​មួយ​នេះ​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ»

​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា ថ្មីៗ​នេះ ពលករ​ខ្មែរ​ទាំង ៣៤​នាក់ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន និង​មេធាវី​ក្រុមហ៊ុន​ឯកជន ជេ.ប៊ី.អិល មេគង្គ (JBL Mekong) ដែល​មាន​ការិយាល័យ​នៅ​ក្រុង​ភ្នំពេញ បាន​ហៅ​អោយ​ចុះ​ហត្ថលេខា​ទទួល​យក​ឯកសារ​មួយ ដោយ​មិន​បាន​យល់​អត្ថន័យ​នៃ​ឯកសារ​នោះ ព្រោះ​សុទ្ធ​តែ​ជា​ភាសា​ស៊ុយអែត ប៉ុន្តែ​ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា ទើប​ដឹង​អត្ថន័យ​ថា ឯកសារ​នោះ​គឺ​ជា​កិច្ច​សន្យា​ថា មាន​ជំពាក់​បំណុល​ក្រុមហ៊ុន​ទៅ​វិញ។ ក្រុម​ពលករ​ខ្មែរ​ទាំង​នោះ​អះអាង​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ទាមទារ​អោយ​ក្រសួង​ការងារ​ស៊ុយអែត ដក​ប្រាក់​តម្កល់​របស់​ក្រុមហ៊ុន​ក្ស័យធន​នេះ​មក​សង​ពួកគាត់​ឲ្យ​បាន​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។