
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងពិភាក្សាទៅលើគម្រោងអភិវឌ្ឍន៍កោះថាស របស់ក្រុមហ៊ុនវិនិយោគអាយឡែន ឌី.ជី កម្ពុជា (Iland DC, Cambodia, Co.Ltd) ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ពេលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាល។
កិច្ចពិភាក្សានេះ មន្ត្រីសាលាខេត្តនេះក៏បានអញ្ជើញតំណាងមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ ចូលរួមផ្តល់មតិយោបល់ផ្សេងៗជាមួយមន្ត្រីជំនាញ ជុំវិញគម្រោងអភិវឌ្ឍន៍កោះថាស ដោយទូលំទូលាយ។
កិច្ចពិភាក្សាស្តីអំពីគម្រោងអភិវឌ្ឍន៍កោះថាស រៀបចំឡើងនៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ដឹកនាំដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ មានមន្ត្រីក្រសួង ឬថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគចូលរួមពិភាក្សាគ្នា ដោយយកចិត្តទុកដាក់។ នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុនវិនិយោគកោះថាស ឈ្មោះក្រុមហ៊ុនអាយឡែន ឌី.ជី កម្ពុជា បានឲ្យដឹងថា បានចំណាយពេល ៥ខែ ដើម្បីចុះសិក្សាផលប៉ះពាល់នៅលើកោះថាស ជាមុន ហើយបានអះអាងថា ក្រុមហ៊ុនមានផែនការអភិវឌ្ឍន៍កោះថាស មានភាពច្បាស់លាស់។
តំណាងក្រុមហ៊ុនអាយឡែន ឌី.ជី បានធានាថា ប្រសិនបើទៅថ្ងៃអនាគត នៅពេលក្រុមហ៊ុននេះទទួលបានសិទ្ធិអភិវឌ្ឍន៍កោះថាសស្របច្បាប់ ហើយក្រុមហ៊ុនអនុវត្តកិច្ចការមិនស្របតាមកិច្ចសន្យា ឬមិនបានអនុវត្តទៅតាមការស្រាវជ្រាវពីផលប៉ះពាល់របស់ខ្លួនទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៖ «ក្រោយពីបានសិក្សា និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានចប់សព្វគ្រប់ គឺយើងអាចសន្និដ្ឋានបានថា គ្រប់ផ្នែកទាំងអស់ដែលទាក់ទងការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍នៅលើកោះថាសរបស់ក្រុមហ៊ុន គឺអាចគ្រប់គ្រងបាន។ ក្រុមហ៊ុននឹងប្រើប្រាស់គ្រឿងចក្រ ឬរថយន្តទំនើប ក្នុងការសាងសង់ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហើយគម្រោងនេះក៏បានបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងការងារថែមទៀត»។
គម្រោងវិនិយោគកោះថាសរបស់ក្រុមហ៊ុនអាយឡែន ឌី.ជី កម្ពុជា នឹងអភិវឌ្ឍកោះនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ និងទទួលសេវាបម្រើភ្ញៀវទេសចរមកកម្សាន្តទាំងការស្នាក់នៅ និងសេវាកម្សាន្តមើលផ្កាថ្មបាតសមុទ្រ ជាដើម។
ត្រង់ចំណុចនេះ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងក្នុងកិច្ចប្រជុំ ដោយស្នើឲ្យក្រុមហ៊ុនវិនិយោគកោះថាស ត្រូវកំណត់តម្លៃសេវារបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីឲ្យភ្ញៀវងាយក្នុងការសម្រេចចិត្តពេលក្រុមហ៊ុនដំណើរការនៅថ្ងៃខាងមុខ។ ជាងនេះ ក៏ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនភ្ញៀវនៅលើលំហសមុទ្រឲ្យមានលក្ខណៈស្តង់ដារ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវដែលទៅកម្សាន្តនៅលើកោះថាស ឲ្យមានសន្តិសុខល្អ៖ «ការបង្កើតនូវគម្រោងនេះឡើង គឺសូមឲ្យពិចារណាទៅលើគុណភាពនៃសេវាកម្ម ព្រោះក្រុមហ៊ុនមានសាងសង់ជាផ្ទះលំហែ មានសាងសង់ជាផ្ទះបុរីជាដើម។ ដូច្នេះ យើងត្រូវពិនិត្យពីគុណភាព ពីព្រោះខេត្តព្រះសីហនុ គឺគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ គឺយើងកំពុងជំរុញឲ្យមានទីផ្សារសម្រាប់មនុស្សចូលនិវត្តន៍មកកម្សាន្ត ឬស្នាក់នៅជាផ្ទះទី២ របស់ពួកគាត់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ»។

ចំណែក លោក នេន ចំរើន នាយខណ្ឌជលផលខេត្តព្រះសីហនុ ក៏បានស្នើដល់ក្រុមហ៊ុនវិនិយោគកោះថាស ត្រូវពិនិត្យពីផលប៉ះពាល់ដល់ផ្កាថ្មនៅបាតសមុទ្រ និងទីកន្លែងបន្តពូជរបស់មច្ឆាសមុទ្រនៅជុំវិញកោះថាស ឲ្យបានត្រឹមត្រូវ៖ «ចង់ឲ្យក្រុមហ៊ុនរក្សាតំបន់អភិរក្សផ្កាថ្ម ព្រៃកោងកាង សម្រាប់មច្ឆាសមុទ្របន្តពូជជាដើមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់ធនធានជលផលសមុទ្រ បន្ទាប់ពីក្រុមហ៊ុននេះធ្វើការអភិវឌ្ឍកោះថាសដាក់ឲ្យដំណើរការ»។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមស្តាប់បទបង្ហាញពីគម្រោងអភិវឌ្ឍន៍កោះថាសរបស់តំណាងក្រុមហ៊ុនអាយឡែន ឌី.ជី កម្ពុជា បានគាំទ្រផែនការវិនិយោគកោះថាសឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀត នាខេត្តជាប់មាត់សមុទ្រមួយនេះ។ លោកបន្តថា បើសិនជានៅថ្ងៃអនាគត ក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគស្របច្បាប់ពីរាជរដ្ឋាភិបាល ត្រូវអនុវត្តឲ្យស្របតាមគម្រោងសិក្សារបស់ខ្លួន ដើម្បីជៀសវាងកើតមានទំនាស់ ឬការបំផ្លាញបរិស្ថាន ជាដើម៖ «ជាគោលនយោបាយរួម ដើម្បីឲ្យមានការអភិវឌ្ឍ។ យើងត្រូវកាត់បន្ថយ ឬបញ្ចៀសឲ្យបានច្រើនអំពីផលប៉ះពាល់ការងារបរិស្ថាន ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងបញ្ហាផ្សេងៗ ត្រូវតែខិតខំបញ្ចៀសបញ្ហានេះ។ នៅក្នុងកិច្ចប្រជុំនេះឃើញមានបងប្អូន ឬមន្ត្រីជំនាញទាំងបានជួបពិភាក្សាគ្នា បានលើកឡើងពីភាពខ្វល់ខ្វាយនៃផលប៉ះពាល់ ដែលអាចបណ្ដាលមកពីផែនការវិនិយោគកោះថាសនាថ្ងៃអនាគត។ ដូច្នេះ ការប្រមូលផ្តុំគ្នាពិភាក្សា ដើម្បីរកចំណុចកណ្ដាលនៃផែនការអភិវឌ្ឍន៍កោះថាសនាពេលនេះ គឺជាការរួមគ្នាដើម្បីបម្រើផលប្រយោជន៍យើងទាំងអស់គ្នា។ ទាំងផលប្រយោជន៍ប្រជាពលរដ្ឋ ទាំងផលប្រយោជន៍ក្រុមហ៊ុន និងផលប្រយោជន៍របស់សង្គមជាតិទាំងមូល»។
បញ្ហានេះដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ សាទរផែនការអភិវឌ្ឍន៍កោះថាសរបស់ក្រុមហ៊ុនវិនិយោគ ប៉ុន្តែលោកស្នើឲ្យការវិនិយោគនេះ កុំឲ្យបំផ្លាញដល់បរិស្ថាននៅលើផ្ទៃកោះទាំងមូល។ ជាងនេះ ត្រូវអនុវត្តឲ្យស្របតាមការសិក្សា និងការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនដែលធានាថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទាំងនៅលើកោះ និងក្នុងសមុទ្រជុំវិញកោះថាស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។