ក្រសួងមហាផ្ទៃ នឹងបើកដំណើរការស្ថានីយវិទ្យុ និងទូរទស្សន៍ផ្ទាល់ខ្លួន បន្ទាប់ពីទទួលបានការវិនិយោគពីក្រុមហ៊ុនចិន មួយក្នុងតម្លៃ ៣០លានដុល្លារ នៅឆ្នាំក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ថានីយវិទ្យុ ទូរទស្សន៍នេះ ជាស្ថាប័នរកប្រាក់ចំណូលតាមការផ្សាយពាណិជ្ជកម្ម។
ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែកក្កដា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន មួយឈ្មោះថា ឆាយណា ហ៊្វូជៀន ចុងយ៉ា ខាលឆឺ មីឌា (CHINA FUJIAN ZHOUNGYA CULTURE MEDIA) ប្រកាសបើកដំណើរការវិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ តទៅ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន មួយនេះ មានទំហំទឹកប្រាក់ ៣០លានដុល្លារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុនចិន ដែលបានដាក់ទុនវិនិយោគនេះ ដើម្បីសាកសួរបន្ថែមបានទេ នៅថ្ងៃទី២៩ ខែកក្កដា។
យ៉ាងណាបើតាមការឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទឹកប្រាក់ ៣០លានដុល្លារនេះជារបស់ក្រុមហ៊ុនចិន ទាំងស្រុង រីឯភាគីក្រសួងរ៉ាប់រងផ្ដល់ទីតាំងសម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍នេះ។ លោក ខៀវ សុភ័គ ឲ្យដឹងដែរថា វិទ្យុ និងទូរទស្សន៍នេះ ជាស្ថានីយរកប្រាក់ចំណូលដោយទទួលផ្សាយពាណិជ្ជកម្មដូចទូរទស្សន៍ឯកជនដទៃទៀតដែរ។
លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា ប្រាក់ចំណូល ៥១% នៃប្រាក់ចំណូលសរុបដែលទទួលបាននឹងក្លាយជាថវិកាជាតិ ចំណែក ៤៩% ទៀត នឹងក្លាយជារបស់ក្រុមហ៊ុនចិន។
អ្នកនាំពាក្យរូបនេះ ថ្លែងថា ក្រសួងមហាផ្ទៃ បានត្រៀមគម្រោងនេះប្រមាណពីរ បីឆ្នាំមកហើយ ដោយសារយល់ឃើញថា ការផ្ដល់ម៉ោងផ្សាយពីសំណាក់ស្ថានីយវិទ្យុ និងទូរទស្សន៍ដទៃដល់ក្រសួងមហាផ្ទៃ នៅពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់៖ «ពេលម៉ោងដែលគេមើលព័ត៌មានហ្នឹង គេមិនឲ្យយើងទេ គេទុករបស់គេហើយ ធម្មតាយើង ទូរទស្សន៍គេអ៊ីចឹង បើកាលណាយើងសុំគេអ៊ីចឹង អ៊ីចឹងបានជាយើងចង់មានមួយដោយឡែក»។
ទាក់ទងនឹងខ្លឹមសារនៃកម្មវិធីផ្សាយ លោក ខៀវ សុភ័គ បង្ហាញថា វិទ្យុ និងទូរទស្សន៍ថ្មីនេះ នឹងផ្ដោតសំខាន់លើវិស័យសន្តិសុខជាតិ និងវិស័យផ្សេងៗទៀតទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ ដូចស្ថានីយក្នុងស្រុកដទៃទៀតដែរ។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ សាទរចំពោះការដែលក្រសួងមហាផ្ទៃ មានស្ថានីយផ្សព្វផ្សាយផ្ទាល់ខ្លួនបែបនេះ ហើយលោកជំរុញឲ្យក្រសួងដទៃទៀត មានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនដូចគ្នានេះដែរ៖ «យើងស្វាគមន៍ជានិច្ចនូវការបើកទូលាយនូវព័ត៌មាន។ អ៊ីចឹងបើមានប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ទោះបីជាឯកជនក្ដី របស់រដ្ឋក្ដី គឺការចែកចាយព័ត៌មានដល់សាធារណជនកាន់តែទូលំទូលាយ»។
តាមតួលេខរបស់ក្រសួងព័ត៌មាន ចេញផ្សាយនៅឆ្នាំ២០១២ កម្ពុជាមានស្ថានីយវិទ្យុ ១៦៦ និងស្ថានីយទូរទស្សន៍សរុបចំនួន ៧៤ កំពុងផ្សាយផ្ទាល់ និងផ្សាយបន្តនៅរាជធានី និងតាមបណ្ដាខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។