ក្រសួង​ការងារ​ជួប​ប្រជុំ​សហជីព​និង​តំណាង​រោងចក្រ​ពិភាក្សា​ពី​ប្រាក់​ខែ​គោល

ដោយ ម៉ម មុនីរតន៍
2014.10.17
កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ខែ ៦២០ កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​សហជីព​ចំនួន​១៩ ជួប​ជុំ​គ្នា​នៅ​សួន​កាណាឌីយ៉ា (Canadiana) តាម​ដង​ផ្លូវ​វ៉េងស្រេង ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Uon Chhin

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់​ដេរ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

ការ​រៀបចំ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ទ្វេ​ភាគី​នៅ​ពេល​នេះ គឺ​ដើម្បី​ស្ទង់​មតិ និង​សិក្សា​ពី​គោល​ជំហរ​របស់​ភាគី​នីមួយៗ ជុំវិញ​រឿង​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ មុន​នឹង​កិច្ច​ប្រជុំ​ត្រី​ភាគី​ចាប់​ផ្ដើម។ កិច្ច​ប្រជុំ​នោះ​មាន​តំណាង​រដ្ឋាភិបាល សហជីព និង​ភាគី​និយោជក​ចូលរួម​ផង។

ក្រុម​សហជីព​ចាត់​ទុក​កិច្ច​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​ក្នុង​រឿង​ប្រាក់​ខែ​គោល​លើ​វិស័យ​កាត់​ដេរ​នៅ​ពេល​នេះ ថា​គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​ធ្លាប់​មាន ហើយ​ក៏​ជា​ដំណើរ​មួយ​ដែល​អាច​ជំរុញ​ឲ្យ​ការ​ខ្វែង​គំនិត​លើ​ប្រាក់​ឈ្នួល សម្រាប់​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​នេះ អាច​រក​ចំណុច​រួម​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ជំនឿ​ថា កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​នេះ នឹង​រក​ឃើញ​គោលការណ៍​រួម​បាន ជាពិសេស​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​នេះ អាច​នឹង​ត្រូវ​បញ្ចប់។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ឲ្យ​ដឹង​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ចរចា​រឿង​ប្រាក់​ខែ​គោល​របស់​កម្មករ​មក​ពី​គ្រប់​វិស័យ ដោយ​រួម​ទាំង​សហជីព សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅ​ថា ជីម៉ាក់ (GMAC) និង​ពី​ខាង​រដ្ឋាភិបាល​ផង។

«ជំហរ​ខាង​សហជីព​របស់​យើង​ដែល​ជា​ក្រុម​ការងារ​សហព័ន្ធ​ឯករាជ្យ​ហ្នឹង គឺ​យើង​មាន​ជំហរ បើ​សិន​ជា​មិន​បាន​ជោគជ័យ​ទេ យើង​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត។ បើ​សិន​ជា​ប្រាក់​ឈ្នួល​ឡើង​មិន​បាន​សមរម្យ»

លោក​ក៏​មាន​ជំនឿ​ដែរ​ថា កិច្ច​ប្រជុំ​ធំ​ដែល​គ្រោង​នឹង​ធ្វើ​៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ អាច​នឹង​រក​ចំណុច​រួម​មួយ​បាន ដើម្បី​ទម្លាយ​ការ​ខ្វែង​គំនិត​គ្នា​នេះ។ បើ​ទោះ​ជា​បែប​ណា លោក ប៉ាវ ស៊ីណា នៅ​តែ​ព្រមាន​ថា បើ​ច្រក​ចេញ​ក្នុង​ពេល​៤​ថ្ងៃ​ទៀត​នេះ គឺ​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​ទាប​ជាង​អ្វី​ដែល​ក្រុម​សហជីព​ចង់​បាន​នោះ បាតុកម្ម​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត៖ «អ៊ីចឹង គឺ​ជំហរ​យើង គឺ​នៅ​តែ​រក្សា ១៥០ ដដែល។ ប៉ុន្តែ​ភាគី​និយោជក​គេ​ឡើង​ថា ឥឡូវ ១២០ ឬ​ក៏ ១១៥ ១២៥ មាន​ន័យ​ថា សហជីព​យើង​នឹង​ប្រកាស​ជំហរ​ចុង​ក្រោយ​ថា​កម្រិត​ណា? បាទ! ហើយ​បើ​កម្រិត​នោះ បើ​ក្រសួង​ការងារ មិន​ប្រកាស​កម្រិត​របស់​យើង​ទេ មាន​ន័យ​ថា បង្កើត​គណៈកម្មការ​ថ្មី គឺ​ឥត​ន័យ»

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ខាង​ភាគី​និយោជក​អះអាង​ថា ខ្លួន​អាច​មាន​លទ្ធភាព​ដំឡើង​បាន​ត្រឹម ១៥​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល ១០០​ដុល្លារ​សព្វថ្ងៃ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ខាង​ភាគី​សហជីព​បាន​ដំឡើង​តួលេខ​រហូត​ដល់ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​ខ្វែង​គំនិត​គ្នា​នេះ បាន​រុញ​ច្រាន​ឲ្យ​និយោជក​ទម្លាក់​តម្លៃ​ពី ១៥​ដុល្លារ​មក​នៅ​ត្រឹម ១០​ដុល្លារ​វិញ។ សរុប​សេចក្ដី​មក បើ​ដូច​អ្វី​ដែល​ខាង​និយោជក​បាន​ផ្ដល់​តួលេខ​ថ្មី​នេះ គឺ​ប្រាក់​ខែ​គោល​ក្នុង​វិស័យ​កាត់​ដេរ​របស់​កម្មករ ទទួល​បាន ១១០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥។

ភ្ជាប់​រឿង​នេះ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ លោក សៀង សម្បត្តិ ក៏​ព្រមាន​ដែរ​ថា ប្រសិន​បើ​ការ​ទាមទារ​នេះ​នៅ​តែ​មិន​អាច​ទៅ​រួច​ទេ ចលនា​បាតុកម្ម​ប្រឆាំង​ប្រាក់​ខែ​គោល​នេះ​នឹង​កើត​ឡើង​សាជាថ្មី​ទៀត៖ «ជំហរ​ខាង​សហជីព​របស់​យើង​ដែល​ជា​ក្រុម​ការងារ​សហព័ន្ធ​ឯករាជ្យ​ហ្នឹង គឺ​យើង​មាន​ជំហរ បើ​សិន​ជា​មិន​បាន​ជោគជ័យ​ទេ យើង​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត។ បើ​សិន​ជា​ប្រាក់​ឈ្នួល​ឡើង​មិន​បាន​សមរម្យ»

បើ​ទោះ​ជា​បែប​ណា លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ អះអាង​ដោយ​មុតមាំ​ថា យ៉ាង​ណា​ក៏ដោយ ការ​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ នឹង​អាច​ទៅ​រួច។ លោក​បន្ថែម​ថា ដោយ​ឡែក​រឿង​តួលេខ​ដែល​ភាគី​ធ្លាប់​ខ្វែង​គំនិត​គ្នា​ក្នុង​ពេល​កន្លង​ទៅ អាច​នឹង​រក​ចំណុច​រួម​បាន៖ «ក្រុម​ការងារ​នឹង​បន្ត​ពិភាក្សា​គ្នា​ចាប់​ពី​ថ្ងៃ​ទី​២០ រហូត​ទៅ​ដល់​ការ​ស្រុះស្រួល​គ្នា។ ធ្វើ​យ៉ាង​ណា​ឲ្យ​លេខ​ហ្នឹង​វា​ខិត​ចូល​ជិត​គ្នា ហើយ​ដើម្បី​ធ្វើ​ឲ្យ​យើង​សម្រេច​ចុង​ក្រោយ»

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ធ្វើ​ឡើង​ពីរ​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ពេល​ព្រឹក ប្រជុំ​ជាមួយ​ក្រុម​មេ​ដឹក​នាំ​សហជីព និង​ពេល​ល្ងាច​វិញ​ប្រជុំ​ជាមួយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជីម៉ាក់។

ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ខាង​មុខ​នេះ កិច្ច​ប្រជុំ​ត្រី​ភាគី​ដើម្បី​ទម្លាយ​ការ​ជាប់​គាំង​រឿង​ដំឡើង​ប្រាក់​ខែ​ក្នុង​ឆ្នាំ​២០១៥ សម្រាប់​កម្មករ នឹង​ត្រូវ​ចាប់​ផ្ដើម។ កិច្ច​ប្រជុំ​ដែល​គ្រោង​រៀបចំ​នោះ មាន​សមាស​ភាព​មក​ពី​សហជីព និយោជក និង​មក​ពី​ខាង​ភាគី​រដ្ឋាភិបាល។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៅ​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ថា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​វិស័យ​កាត់​ដេរ​នេះ លោក​នឹង​សម្រប​សម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​ឡាយ​ណា​ប្រឆាំង​សហជីព​នៅ​តុលាការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

លោក អ៊ិត សំហេង ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា លោក​នឹង​ធ្វើ​កិច្ចការ​បន្ទាន់​មួយ​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌ ដើម្បី​ភាព​ស្ងប់ស្ងាត់​ក្នុង​វិស័យ​កាត់​ដេរ។ បើ​ទោះ​ជា​លោក​រដ្ឋមន្ត្រី​បាន​សន្យា​ថា នឹង​អន្តរាគមន៍​បញ្ចប់​បណ្ដឹង​នៅ​តុលាការ​ក៏ដោយ ក៏​លោក​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​ថា នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ណា​នោះ​នៅ​ឡើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។