មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា រយៈពេលពីរថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ក្រសួងអប់រំ សម្រេចឲ្យបេក្ខជន ៥នាក់ ធ្លាក់ដោយស្វ័យប្រវត្តិ។
ក្នុងនោះមាន ៤នាក់ គឺជាបេក្ខជនដែលឲ្យគេមកប្រឡងជំនួស កាលពីថ្ងៃដំបូងនៃការប្រឡង ហើយពួកគេមិនអនុញ្ញាតឲ្យដាក់ពាក្យប្រឡងពីរឆ្នាំជាប់គ្នា។ រីឯម្នាក់ទៀត គឺជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យ ទួល ទំពូង ដែលបានបង្ករបួសស្នាមដល់អ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃប្រឡងចុងក្រោយ ហើយបេក្ខជនរូបនោះ ក៏ត្រូវលុបឈ្មោះចេញពីគ្រឹះស្ថានសិក្សារបស់ខ្លួនដែរ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលឃ្លាំមើលព្រឹត្តិការណ៍នៃការប្រឡងនេះ គិតថា វិញ្ញាសាប្រឡងលើកនេះ មិនពិបាកជាងរាល់ឆ្នាំទេ តែចំនួនសិស្សដែលជាប់នៃការប្រឡងលើកនេះ អាចមានតិចជាងរាល់ដង។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន គិតថា មានបេក្ខជនប្រឡងប្រមាណ ៣០ ទៅ ៤០ភាគរយ ដែលអាចមានឱកាសជាប់ក្នុងការប្រឡងបាក់ឌុបនៅឆ្នាំនេះ។
បេក្ខជនប្រឡងសរុបទូទាំងប្រទេសមានចំនួនជាង ៩ម៉ឺននាក់ (៩៣.៤៥៦នាក់)។ បើដូចអ្វីដែលខាងសមាគមគិតមែននោះ គឺមានន័យថា អាចមានបេក្ខជនជិត ៣ម៉ឺននាក់ ជាប់នៅឆ្នាំនេះ។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន នៅមិនទាន់អាចប៉ាន់ស្មានពីចំនួនបេក្ខជនដែលអាចជាប់ក្នុងការប្រឡងលើកនេះបាននៅឡើយទេ។ តែលោកគិតថា ការធានាមិនឲ្យបេក្ខជនលួចចម្លងគ្នាពីមួយទៅមួយ និងលួចចម្លងសំណៅវិញ្ញាសានោះ អាចជាមេរៀនឲ្យក្រសួងអប់រំ ដឹងថា សិស្សខ្សោយមុខវិជ្ជាណា ហើយក្រសួងខ្លួនឯងក៏អាចដឹងថា ត្រូវពង្រឹងផ្នែកអីសំខាន់ជាចម្បង ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំបន្តទៀត៖ «ព័ត៌មានដែលបានពីការប្រឡងនេះ នឹងយកដើម្បីដាក់ជាធាតុចូលសម្រាប់ជាគោលនយោបាយក្នុងការពង្រឹង និងកែទម្រង់វិស័យអប់រំបន្តទៀត ព្រោះយើងអត់ដឹងថា តើអ្នកជំងឺឈឺអីផង អ៊ីចឹងមិនដឹងថា ថ្នាំអីត្រូវទេ»។
យ៉ាងណា លោក រ៉ុង ឈុន គិតថា ប្រសិនបើសិស្សជាប់តិចនោះ អាចជាវិបត្តិមួយប៉ះពាល់ដល់សតិអារម្មណ៍ និងការបាក់ទឹកចិត្តដល់សិស្សានុសិស្ស ហើយរូបមន្តនៃកំណែទម្រង់វិស័យអប់រំមានគុណភាពនោះ គឺមិនមែនចាប់ផ្ដើមកែទម្រង់នៃការប្រឡងទេ គឺត្រូវពិនិត្យមើលតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។
លោកបន្តថា បើការប្រឡងលើកនេះមានការកែត្រឹមត្រូវ ហើយក្រសួងមិនទម្លាក់ពិន្ទុមធ្យមភាគទេនោះ មានបេក្ខជនប្រឡងជាច្រើនត្រូវធ្លាក់នៅឆ្នាំនេះ។ យ៉ាងណា លោកកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ នៅពេលដែលក្រសួងឃើញមានសិស្សជាប់តិចជាងផែនការកំណត់នោះ ក្រសួងតែងទម្លាក់ពិន្ទុមធ្យមភាគ ដើម្បីយោងឲ្យបេក្ខជនប្រឡងជាប់ឲ្យបានច្រើន៖ «បើសិនយើងអនុវត្តបែបហ្នឹងហើយ គឺត្រូវតែអ្នកដែលអាចជាប់មធ្យមភាគ គឺជាប់ អ្នកដែលធ្លាក់ គឺធ្លាក់តែម្តង ប៉ុន្តែក្រសួងអប់រំ តែយកទៅតាមផែនការ»។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងអប់រំ គិតថា ប្រសិនបើក្រសួងបណ្តោយឲ្យបេក្ខជនបើកចម្លង គឺស្មើនឹងការលើកទឹកចិត្តមិនឲ្យសិស្សរៀន ហើយធ្វើឲ្យសិស្សខ្លះមិនគោរពគ្រូ ដោយសារតែគ្រូគ្មានឥទ្ធិពលអ្វីទៅលើសិស្ស ដោយសិស្សអាងបង់លុយសម្រាប់ជាប់។ លោកទទួលស្គាល់ថា មានមជ្ឈដ្ឋានជាច្រើន ពិសេសបេក្ខជនប្រឡងតែម្តង រិះគន់ក្រសួងអប់រំ ចំពោះការរឹតបន្តឹងនេះ ដោយថា វាជារបត់លឿនពេកដែលមិនអាចទទួលយកបាន។ ប៉ុន្តែ លោកសង្ឃឹមថា នៅឆ្នាំក្រោយ អ្នករិះគន់ទាំងនោះនឹងយល់ពីទឹកចិត្តរបស់លោក ដែលចង់ឲ្យសិស្សចេះពិតប្រាកដ និងខំរៀន ដើម្បីប្រឡងជាប់៖ «អ្វីដែលយើងចង់បាននៅពេលនេះ គឺថា ដើម្បីអាចឲ្យសិស្សរៀនចេះពិតប្រាកដ មានជំនាញពិតប្រាកដ ដើម្បីបង្កើតការងារធ្វើ រកការងារធ្វើពិតប្រាកដ ទាល់តែយើងត្រូវជ្រើសរើសជម្រើសមួយ ដែលតម្រូវឲ្យប្រឡងជាប់ដោយសមត្ថភាពដោយខ្លួនឯង។ ចំពោះអ្នកតិះដៀលមួយចំនួន យើងសួរថា ចុះបើបានសញ្ញាបត្រ ហើយរកការងារធ្វើមិនបាន តើធ្វើយ៉ាងម៉េច?»។
យុវតី អាយ ភាលី ដែលប្រឡងនៅវិទ្យាល័យទួលស្វាយព្រៃ គិតថា ការប្រឡងនៅឆ្នាំនេះគ្រូរឹតបន្តឹងខ្លាំង ហើយជាឆ្នាំស៊យដែលនាងត្រូវប្រឡងនៅឆ្នាំនេះ ដោយឆ្នាំមុនៗគ្រូបើកសេរីឲ្យចាក់អ៊ុត ហើយប្រ៊ុយយ៉ុងយកចូលបានតាមចិត្ត។
បុរសវ័យកណ្ដាលម្នាក់ដែលចាំទទួលយកកូនចេញពីប្រឡង រអ៊ូរទាំថា ការរឹតបន្តឹងរបស់ក្រសួងនៅពេលនេះ ជាការប្រសើរសម្រាប់យុវជនជំនាន់ក្រោយ តែកូនស្រីរបស់គាត់គ្មានសង្ឃឹមថាជាប់ទេ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់កាសែតក្នុងស្រុកថា ខាងអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនយុវជន ៤នាក់ទៅតុលាការ នៅថ្ងៃទី៥ សីហា នេះ ពាក់ព័ន្ធនឹងការបន្លំមកប្រឡងជំនួសបេក្ខជន។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ប្រាប់ថា នេះ គឺជានីតិវិធីរបស់សមត្ថកិច្ច និងខាងអង្គភាពប្រឆាំងអំពើពុករលួយ ចំណែកឯខាងក្រសួង មិនបានដាក់ទោសទណ្ឌចំពោះជនដែលបន្លំប្រឡងជំនួសនោះទេ តែបានដាក់ពិន័យបេក្ខជន ៤នាក់ ដែលឲ្យគេប្រឡងជំនួស គឺពួកគេត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមិនឲ្យដាក់ពាក្យប្រឡងសញ្ញាបត្របាក់ឌុប ២ឆ្នាំជាប់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។