ប្រតិកម្មរបស់មន្ត្រីក្រសួងមហាផ្ទៃ គឺបន្ទាប់ពីអនុប្រធានគណបក្សប្រឆាំងបានចោទប្រកាន់អាជ្ញាធរថា បានប្រើក្រុមជនពាលវាយធ្វើបាបបាតុករ និងរៀបអន្ទាក់ធ្វើឃាតមេដឹកនាំបក្សប្រឆាំង។
ក្នុងលិខិតដែលផ្ញើមកវិទ្យុអាស៊ីសេរី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានហៅការចោទប្រកាន់របស់អនុប្រធានគណបក្សសង្គ្រោះជាតិ ថាជាសម្ដីដែលពុំមានការពិត ពុំមានភស្តុតាង និងធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរមានសមត្ថកិច្ច។
លោក ខៀវ សុភ័គ មានប្រសាសន៍បន្ថែមថា សមត្ថកិច្ចពុំបានប្រើប្រាស់កម្លាំងពួកពាល ក្រុមក្មេងញៀនគ្រឿងញៀន អោយវាយបាតុករ ឬមានគម្រោងរៀបអន្ទាក់សម្លាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ ឡើយ។ លោកបញ្ជាក់ថា សមត្ថកិច្ចប្រើប្រាស់តែកម្លាំងសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ប៉ុណ្ណោះ។ ចំណែកក្រុមជនស៊ីវិល ដែលចងកន្សែងក្រហមនៅនឹងដៃ ក៏ជាកម្លាំងរបស់សាលាខណ្ឌដែរ ហើយអាជ្ញាធរប្រើកម្លាំងស៊ីវិលនេះ គឺដើម្បីបញ្ចៀសការប៉ះទង្គិច៖ «យើងប្រើប្រាស់តែកម្លាំងរៀបចំសណ្ដាប់ធ្នាប់របស់សាលាខណ្ឌរាជធានីភ្នំពេញទេ ក្នុងគោលបំណងដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឡើងវិញ នៅទីលានប្រជាធិបតេយ្យហ្នឹង ហើយដល់ពេលដែលកងកម្លាំងសន្តិសុខហ្នឹងទៅ យើងអត់មានអីប៉ះទង្គិចអីជាមួយនរណាទេ គឺប្រតិបត្តិការហ្នឹងបានប្រព្រឹត្តទៅយ៉ាងរលូន។ ហីខ្ញុំចាត់ទុកថាការលើកឡើងនេះ គឺជាសម្ដីដែលខុសការពិត ពុំមានការទទួលខុសត្រូវ និងបង្កប់ចេតនាលោភលន់បម្រើអោយមហិច្ឆតានយោបាយរបស់បុគ្គលផ្ទាល់ខ្លួនគាត់ហ្នឹង»។
កាលពីយប់ថ្ងៃអង្គារ ទី៧ ខែមករា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកពីការប្រើប្រាស់កម្លាំងបំបែកបាតុករ និងថាមានការរៀបអន្ទាក់ប៉ុនប៉ងយកជីវិតមេដឹកនាំបក្សប្រឆាំង៖ «អោយយើងចេញសិន ហើយគេចាំមើលអន្ទាក់។ ចាំមើលតែ សម រង្ស៊ី កឹម សុខា ទៅអាចថាគេលែងជនពាលរបស់គេសុទ្ធដែលខ្ញុំមានអ្នកដែលស្គាល់ពួកអ្នកដែលមកវាយកាន់ដំបងចងខ្សែក្រហមហ្នឹង គេយកមនុស្សមកពីកន្លែងប៉េអិមគ្រឿងញៀននៅបន្ទាយមានជ័យ ក្រុមពួកក្មេងគ្រឿងញៀន ប៉េអិមនៅបាត់ដំបង គេយកពីព្រៃមកខាងព្រះវិហារ មក។ គេយកមកលែងអោយវាយអោយបង្កើតរឿងរ៉ាវ»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា លោកនៅពុំទាន់មានព័ត៌មានថាក្រុមជនស៊ីវិលនោះមានប្រភពពីណាឡើយ ប៉ុន្តែតាមផ្លូវច្បាប់ គឺពុំមានជនស៊ីវិលណាម្នាក់មានសិទ្ធិប្រើហិង្សា ឬបំផ្លាញទ្រព្យសម្បត្តិអ្នកណាម្នាក់ឡើយ៖ «ការប្រើអំពើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ វាយទៅលើអ្នកដទៃអីហ្នឹង គឺជាទម្រង់នៃបទឧក្រិដ្ឋ។ ខ្ញុំខាងសង្គមស៊ីវិល យើងបានពិភាក្សាគ្នាជាមួយអង្គការសហប្រជាជាតិ ជាមួយអង្គការដទៃទៀតដែរ ដើម្បីពិនិត្យមើលស្ថានភាពពួកគេហ្នឹងថាតើហេតុអីបានជាកងកម្លាំងប្រដាប់អាវុធយើងដែលមានឯកសណ្ឋានត្រឹមត្រូវ ហើយបណ្ដែតបណ្តោយអោយពួកហ្នឹងគេអាចប្រព្រឹត្តល្មើសផ្សេងៗនៅមុខ»។
កម្លាំងចម្រុះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមសន្តិសុខសាលាខណ្ឌ ដែលប្រដាប់ដោយកាំភ្លើង ខែល ដំបង រួមនឹងឧទ្ធម្ភាគចក្រហោះក្រឡឹងផង បានប្រើហិង្សាបណ្ដេញក្រុមបាតុករគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ដើម្បីបញ្ចប់បាតុកម្មរបស់ក្រុមនេះ ដែលអាជ្ញាធរចាត់ទុកថាធ្វើអោយប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។