កម្មកររោងចក្រ ហ៊ុយ ចៀន (Huey Chuen) ប្រមាណ ៣០០នាក់ លើកគ្នាទៅដាក់ញត្តិទៅតុលាការ និងរដ្ឋសភា ទាមទារប្រាក់អតីតភាព និងឱ្យតំណាងកម្មករចូលធ្វើការវិញ។ គណៈកម្មការរដ្ឋសភាទី១ និងទី៨ អនុញ្ញាតឱ្យតំណាង ៦នាក់ ចូលពិភាក្សា និងសន្យាថានឹងស្រាវជ្រាវអំពីបញ្ហានេះ។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ដែលដឹកនាំកម្មករតវ៉ា បញ្ជាក់ឱ្យដឹងនៅក្រោយជំនួបជាមួយប្រធានគណៈកម្មការរដ្ឋសភាទី១ គឺអ្នកស្រី ឡោ ខេង និងគណៈកម្មការទី៨ អ្នកស្រី កែ សុវណ្ណរតន៍ និងតំណាងរាស្ត្រមួយចំនួនទៀតថា គណៈកម្មការនេះសន្យាថានឹងហៅមន្ត្រីក្រសួងការងារ ទៅបញ្ជាក់អំពីបញ្ហានេះ។
លោក ហ្វា សាលី៖ «យើងចង់បានយុត្តិធម៌ ហើយគាត់ក៏យល់ស្របអំពីទុក្ខវេទនារបស់កម្មករនៅរោងចក្រនេះ។ គាត់បានតាមដានច្រើនដែរ។ អ៊ីចឹងយើងរំពឹងថា គាត់នឹងជួយខ្នះខ្នែង។ គាត់នឹងកោះហៅរដ្ឋមន្ត្រីក្រសួងការងារ តំណាងក្រសួងការងារមួយចំនួន ឱ្យមកជជែកពាក់ព័ន្ធរឿងហ្នឹង ពីព្រោះអត់បណ្ដែតបណ្ដោយបានទេ។ នេះជាសម្ដីរបស់គាត់ ជាប្រសាសន៍របស់លោកជំទាវ ឡោ ខេង និងលោកជំទាវ កែ សុវណ្ណរតន៍»។
ជំនួបនេះ គឺធ្វើបន្ទាប់ពីកម្មករនាំគ្នាទៅតវ៉ានៅមុខស្ថាប័នពីរផ្សេងទៀត គឺក្រសួងការងារ និងសាលាដំបូងរាជធានីភ្នំពេញ នៅពេលព្រឹក ហើយចុងក្រោយទៅ ស្រែកតវ៉ានៅមុខរដ្ឋសភានោះ។
កាលពីព្រឹកថ្ងៃទី១ តុលា ក្រុមកម្មករទាំងនោះបានទៅតវ៉ា និងបិទច្រកចូលសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីស្ដាប់កិច្ចប្រជុំដោះស្រាយនៅក្រសួងការងារ មិនបានលទ្ធផលល្អ។
តំណាងកម្មករ លោក ហ្វា សាលី ថ្លែងថា លទ្ធផលប្រជុំនៅក្រសួងការងារ គឺខាងរដ្ឋបាលរោងចក្រ ហ៊ុយ ចៀន បញ្ជាក់ថា ខាងរោងចក្ររក្សាជំហរអនុវត្តន៍តាមច្បាប់ ដែលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពាររោងចក្រនេះ នៅថ្ងៃទី១៩ ខែកញ្ញា។ លោកថា តុលាការមិនបានផ្ដល់យុត្តិធម៌ដល់កម្មករទេ ជាពិសេសកម្មករដែលត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ាកន្លងមក។ ក្រុមកម្មករអង្គុយលើកដៃសំពះអង្វរដល់តុលាការសុំយុត្តិធម៌។
លោក ហ្វា សាលី៖ «យើងអត់ចង់បានទេពុករលួយ ឈប់ទៅ! ឈប់មានវប្បធម៌លក់ វប្បធម៌ចេញដីកាជូនក្រុមហ៊ុន ឈប់ទៅ! គួរតែឈប់ទៅ! អយុត្តិធម៌ខ្លាំងណាស់! ខ្មាសគេទេ ខ្មាសគេឬអត់លោកតុលាការ? នៅពេលដែលឃើញកម្មករស្រក់ទឹកភ្នែកនៅមុខតុលាការអស់ហ្នឹង? តើខ្មាសបរទេសឬអត់ គេមើលមក? នេះជាលើកទីមួយ ដែលកម្មករមកលុតជង្គង់សំពះនៅមុខតុលាការ»។
នៅវេលាថ្ងៃត្រង់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី អនុញ្ញាតឱ្យតំណាងកម្មករចូលជួប និងដាក់សំណើ៖ «គាត់សួរថាយើងសំណូមពរអីខ្លះ? យើងសំណូមពរថាឱ្យមានការកែទម្រង់ប្រព័ន្ធតុលាការឡើងវិញ កុំឱ្យមន្ត្រីមួយចំនួនចេះតែចេញដីកាការពារផ្ដេសផ្ដាស។ ទុកលទ្ធភាពហ្នឹងឱ្យកម្មករធ្វើកូដកម្ម ទុកលទ្ធភាពឱ្យកម្មករដោះស្រាយជាមួយនិយោជក ជាមួយក្រសួងការងារ អីឱ្យអស់លទ្ធភាពសិន មុននឹងចេញដីការក្សាការពារ។ គាត់ថាមូលហេតុក្រែងលោមកពីពួកយើងធ្វើកូដកម្មបិទផ្លូវ ធ្វើហិង្សាអីទេ បានជាគេចេញដីកាហ្នឹង? ខ្ញុំថា ពួកយើងធ្វើកូដកម្មជាងដប់ថ្ងៃនេះ គឺអហិង្សារហូត យើងគ្មានការបិទផ្លូវទេ។ យើងចង់ដឹងថា អ្វីដែលយើងធ្វើដោយសន្តិវិធីហ្នឹង។ តើមានលទ្ធផលណាមួយសម្រាប់កម្មករនិយោជិតឬអត់? ប៉ុន្តែមកទល់ពេលនេះ គឺអត់ទទួលបានលទ្ធផលអ្វីទាំងអស់»។
លោក ហ្វា សាលី ថ្លែងថា ពួកលោកនឹងរង់ចាំមើលអន្តរាគមន៍របស់ស្ថាប័នរដ្ឋសភា ថាតើនឹងអាចដោះស្រាយបានឆាប់ឬយ៉ាងណា? លោកឱ្យដឹងថា ក្រុមកម្មករនឹងបន្តធ្វើកូដកម្មអហិង្សានៅមុខរោងចក្រទៀត នៅថ្ងៃទី២ តុលា ហើយលោកគ្រោងនឹងដឹកនាំទៅដាក់ញត្តិនៅក្រសួងពាណិជ្ជកម្ម ទៀត។
លោក ហ្វា សាលី ឱ្យដឹងថា កម្មកររោងចក្រ ហ៊ុយ ចៀន ១.២០០នាក់ ធ្វើកូដកម្មជាងដប់ថ្ងៃមកហើយ ដោយសារតែរោងចក្រដូរឈ្មោះទៅជា ចៀន ឡឹ (Jian Le) និងផ្អាកការងារតំណាងកម្មករឈ្មោះ ហេង ស៊ីហឿន។ ពួកគាត់ទាមទារឲ្យថៅកែរោងចក្រ ទទួលតំណាងកម្មករ លោក ហេង ស៊ីហឿន ចូលធ្វើការវិញ និងទាមទារទូទាត់ប្រាក់អតីតភាពឲ្យកម្មករ ដែលរោងចក្រនេះប្ដូរឈ្មោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
