ពលរដ្ឋ​ឃុំ​ដាក់ដាំ​ខេត្ត​មណ្ឌលគិរី​ចោទ​នាយ​ប៉ូលិស​ថា​មិន​បំពេញ​ភារកិច្ច​បម្រើ​រាស្ត្រ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី សម្ដែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ ដែល​មិន​បាន​បំពេញ​ភារៈ​បម្រើ​រាស្ត្រ​ស្រប​តាម​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ខណៈ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​អាសន្ន​ដោយសារ​ចោរ​លួច​គោ ហើយ​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ជួយ​បង្ក្រាប ប៉ុន្តែ​សមត្ថកិច្ច​ប៉ូលិស​បែរ​ជា​គេចវេស។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ដាក់ដាំ អំពាវនាវ​សុំ​ឲ្យ​ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ត្រួត​ពិនិត្យ និង​ប្ដូរ​តួនាទី​នាយ​នគរបាល​ប៉ុស្តិ៍​ដាក់ដាំ ដោយសារ​តែ​មន្ត្រី​នគរបាល​រូប​នេះ អសកម្ម​មិន​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​គោ​ពីរ​ក្បាល នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ដែល​ចោរ​បាន​លួច​យក​ទៅ​ចង​ទុក​ក្នុង​ព្រៃ ប៉ុន្តែ​អ្នក​ភូមិ​បាន​រាយការណ៍​សុំ​កិច្ច​អន្តរាគមន៍​ពី​ប៉ូលិស​ប៉ុស្តិ៍ ដើម្បី​ឃ្លាំ​ចាប់​ចោរ​លួច​គោ ប៉ុន្តែ​ប៉ូលិស​មិន​បាន​បំពេញ​តួនាទី​តាម​សំណើ​ពលរដ្ឋ​នោះ​ទេ។

តំណាង​សហគមន៍ លោក ទើយ ធី បញ្ជាក់​ថា នាយ​នគរបាល​ប៉ូលិស​បាន​ណែនាំ​ឲ្យ​អ្នក​ភូមិ​ពួន​ឃ្លាំ​មើល​សកម្មភាព​ក្រុម​ចោរ​មក​យក​គោ ដើម្បី​ផ្តល់​ដំណឹង​មក​ប៉ូលិស​ដាក់​កម្លាំង​បង្ក្រាប ប៉ុន្តែ​នៅ​ពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្រុម​ចោរ ហើយ​ទូរស័ព្ទ​សុំ​កង​ប៉ូលិស​មក​ជួយ បែរ​ជា​ប៉ូលិស​គេចវេស​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ចោរ​គេច​ខ្លួន​ចោល​គោ​នៅ​ក្នុង​ព្រៃ។ លោក​ថា ប្រជាពលរដ្ឋ​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ ថា​មិន​បាន​បំពេញ​តួនាទី​បម្រើ​រាស្ត្រ​នោះ​ឡើយ៖ «មេ​ប៉ុស្តិ៍​អត់​យក​ចិត្ត​ទុក​ដាក់​សោះ ប្រជាពលរដ្ឋ​រាយការណ៍​ចោរ​លួច​គោ​ក្របី។ ដល់​ឃើញ​គោ ប្រជាពលរដ្ឋ​ហៅ​ប៉ូលិស​អត់​ទៅ​ទៀត អ៊ីចឹង​គាត់​អត់​សុខ​ចិត្ត ធ្វើ​ម៉េច​ដក​មេ​ប៉ុស្តិ៍។ សំណូមពរ​មក​ខ្ញុំ ខ្ញុំ​ថា​អត់​ចេះ​ដោះស្រាយ​ទេ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​និយាយ​ជាមួយ​អាជ្ញាធរ​ឃុំ​ទៅ»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូនរ៉ែង គឺ​លោក ជុច ក្វែត ជា​ម្ចាស់​គោ​ចំនួន​ពីរ​ក្បាល​ដែល​ចោរ​បាន​លួច សម្ដែង​ទុទ្ទិដ្ឋិនិយម ទាមទារ​ឲ្យ​ស្នងការ​ប៉ូលិស ពិនិត្យ និង​ផ្ទេរ​ភារៈ​មន្ត្រី​ប៉ូលិស​ចេញ​ពី​មូលដ្ឋាន ហើយ​ចាត់​តាំង​មន្ត្រី​ប៉ូលិស​ថ្មី​មក​ធ្វើ​ការ​បម្រើ​រាស្ត្រ បង្កើន​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​ឡើង​វិញ។ លោក​បន្ត​ថា សូម្បី​មេ​ឃុំ​បាន​អន្តរាគមន៍​សុំ​កង​ប៉ូលិស​ឲ្យ​ជួយ​បង្ក្រាប​ក្រុម​ចោរ ក៏​មន្ត្រី​ប៉ូលិស​មិន​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជាពលរដ្ឋ​ដូច​គ្នា៖ «គេ​អត់​អើពើ​ជួយ​រក​ទៀត ឲ្យ​ប្រជាពលរដ្ឋ​តាម​ដាន តាម​ដាន​ម៉េច​កើត»

ចាប់​ពី​ខែ​សីហា រហូត​ដល់​ខែ​តុលា នេះ គោ​ចំនួន ៥​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូនរ៉ែង និង​ភូមិ​ពូលៈ ត្រូវ​ចោរ​លួច ក្នុង​នោះ​គោ​ពីរ​ក្បាល​ត្រូវ​បាន​អ្នក​ភូមិ​ដណ្ដើម​បាន​ពី​ក្រុម​ចោរ​វិញ។

នាយ​នគរបាល​ប៉ុស្តិ៍​ដាក់ដាំ លោក ផង់ ហៀក បដិសេធ​មិន​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ដោយ​លោក​អះអាង​ថា ជាប់​រវល់​បំពេញ​ភារកិច្ច។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព មាន​សារសំខាន់​ណាស់​ក្នុង​កិច្ច​ការពារ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស​ការ​ចូលរួម​របស់​សមត្ថកិច្ច​ក្នុង​ការ​បម្រើ​រាស្ត្រ​បង្ក្រាប​បទល្មើស​ទូទៅ។ លើស​ពី​នេះ​ទៀត ប្រសិន​សមត្ថកិច្ច​ខក​ខាន ឬ​មាន​បំណង​គេចវេស​មិន​បំពេញ​តួនាទី​នេះ​បាន​ល្អ​ប្រសើរ​ជូន​រាស្ត្រ​នោះ នឹង​ធ្វើ​ឲ្យ​រាស្ត្រ​អស់​ជំនឿ​លើ​មន្ត្រី​មូលដ្ឋាន៖ «មន្ត្រី​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ពួក​គាត់ ហើយ​លែង​អើពើ​ពួក​គាត់ ហើយ​ពួក​គាត់​អាច​ធ្វើ​ពាក្យ​ប្ដឹង ឬ​ញត្តិ​ដើម្បី​ប្ដឹង​មន្ត្រី​នោះ​ទៅ​ថ្នាក់​លើ​របស់​គាត់ ដើម្បី​ថ្នាក់​លើ​គាត់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​អសកម្ម​នៅ​មូលដ្ឋាន»

សេចក្តី​រាយការណ៍​របស់​សហគមន៍​ដាក់ដាំ ឲ្យ​ដឹង​ថា នាយ​នគរបាល​ប៉ុស្តិ៍ អសកម្ម​បង្ក្រាប​បទល្មើស​មួយ​ចំនួន​ទៀត ដូចជា​បទល្មើស​ព្រៃ​ឈើ បទល្មើស​ចរាចរណ៍ ជាដើម។ តាម​ការ​គ្រោង​ទុក ប្រជាពលរដ្ឋ​ឃុំ​ដាក់ដាំ នឹង​ប្រមូល​ស្នាម​មេដៃ​ដាក់​ជូន​អាជ្ញាធរ​ឃុំ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​អន្តរាគមន៍​ទៅ​ស្នងការ​ប៉ូលិស ឲ្យ​ពិនិត្យ និង​សុំ​ប្ដូរ​តួនាទី​នាយ​នគរបាល​ប៉ុស្តិ៍​ដែល​មិន​បាន​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។