ភាពរីកចម្រើននៃស្ថាប័នហិរញ្ញវត្ថុដែលប្រកបដោយភាពប្រកួតប្រជែង នឹងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់តាមរយៈការកាត់បន្ថយអត្រាការប្រាក់។ តែបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិកម្ពុជា កំពុងព្រួយបារម្ភថា កំណើនស្ថាប័នមីក្រូហិរញ្ញវត្ថុ បានធ្វើឲ្យប្រជាពលរដ្ឋទទួលបំណុលវ័ណ្ឌក ដោយសារតែការកំណត់អត្រាការប្រាក់ខ្ពស់ពេក ឬរួមគ្នាផ្ដាច់មុខ។
សេដ្ឋកិច្ចទីផ្សារសេរី គឺជាការបើកឲ្យមានការប្រកួតប្រជែងប្រកបដោយស្មើភាពគ្នា ដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់។ ប៉ុន្តែ មុខរបររកស៊ីនៅកម្ពុជា មួយចំនួន បានប្រាសចាកពីសេដ្ឋកិច្ចទីផ្សារសេរី ក្នុងនោះរួមមាន ការចរចាគ្នាបែងចែកតំបន់រៀងខ្លួនក្នុងការចែកចាយផលិតផល ឬផ្ដល់សេវាណាមួយជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ការរួមគ្នាផ្ដាច់មុខ ការផ្គត់ផ្គង់ផលិតផលដោយគ្មានគុណភាព រួមទាំងការកំណត់តម្លៃខ្ពស់ជាងទីផ្សារ គឺប្រភេទមុខរបរបោកប្រាស់ប្រជាពលរដ្ឋ។
ជាក់ស្ដែង ការបង្កើតមុខរបរដោយផ្ដល់សេវាខ្ចីប្រាក់នៅតាមជនបទ ហាក់ជាមុខរបរកេងប្រវ័ញ្ចផលប្រយោជន៍ប្រជាពលរដ្ឋ។ ទោះបីជាវិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ប្រាក់កម្ចី បានវិនិយោគច្រើនយ៉ាងណាក៏ដោយ ក៏ការវិនិយោគនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល តាមរយៈការកំណត់អត្រាការប្រាក់ខ្ពស់ជាងតម្លៃទីផ្សារ រហូតដល់ការរឹបអូសយកទ្រព្យប្រជាពលរដ្ឋ ដោយសារតែពួកគេមិនមានលទ្ធភាពសងបំណុល។
បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា រកឃើញថា ការកំណត់អត្រាការប្រាក់ខ្ពស់របស់អ្នកដែលផ្ដល់សេវាកម្មប្រាក់កម្ចីនៅតាមជនបទ បានកើតមានពិតប្រាកដ។ សេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារជាតិកម្ពុជា បានបង្ហាញថា បច្ចុប្បន្នមានអង្គការមិនមែនរដ្ឋាភិបាល សមាគមសប្បុរសធម៌ បានផ្ដល់ប្រាក់កម្ចីនៅតាមជនបទ ដែលសកម្មភាពទាំងនោះពុំមានច្បាប់ត្រឹមត្រូវ ឬគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមអង្គការដែលតាំងខ្លួនជាស្ថាប័នហិរញ្ញវត្ថុទាំងនោះ បានកំណត់យកការប្រាក់ខ្ពស់ ដែលមានលក្ខណៈជាការកេងប្រវ័ញ្ចប្រជាពលរដ្ឋ។
ប្រធាននាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ី វ៉ាន់ មានប្រសាសន៍ថា យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដែលបន្តកើនឡើងនៅឆ្នាំ២០១៤ ជាមូលហេតុចម្បងដែលធ្វើឲ្យក្រសួងចេញសេចក្ដីប្រកាសហាមមិនឲ្យសមាគមជនបទទាំងនោះ យកការប្រាក់ខ្ពស់។ លោកបញ្ជាក់ទៀតថា ចំនួនសមាគម ឬអង្គការដែលតាំងខ្លួនជាស្ថាប័នខ្ចីប្រាក់នៅតាមជនបទ មានប្រមាណជាង ២០០ស្ថាប័ន ដែលពុំបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជា ឡើយ៖ «អវត្តមានរបស់ស្ថាប័នហិរញ្ញវត្ថុផ្លូវការ និងតម្រូវការខ្ចីប្រាក់ខ្ពស់ គឺជាមូលហេតុធ្វើឲ្យឈ្មួញអាចរកស៊ីចងការប្រាក់ខ្ពស់បាននៅជនបទ»។
បន្ថែមលើនេះ សេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទៀតថា ប្រសិនបើអង្គការសមាគម ឬបុគ្គលទាំងនោះចង់បន្តសកម្មភាពឲ្យខ្ចីប្រាក់ ត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌច្បាប់ឲ្យបានត្រឹមត្រូវ លើការស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ វិធានការនេះ គឺចង់លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ពង្រីកបណ្ដាញប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាពជូនប្រជាពលរដ្ឋដែលមានតម្រូវការឥណទាន។
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៤ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការដែលបានស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជា មានចំនួន ៤៥ស្ថាប័ន និងបានផ្ដល់ប្រាក់កម្ចីចំនួនជាង ២ពាន់លានដុល្លារអាមេរិកដល់ប្រជាពលរដ្ឋប្រមាណ ១លាន ៧សែននាក់ នៅទូទាំងប្រទេសកម្ពុជា។
ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មានប្រសាសន៍ថា តម្រូវការទីផ្សារឥណទានធំជាងការផ្គត់ផ្គង់ គឺជាចន្លោះមួយដែលស្ថាប័នឥណទានក្រៅផ្លូវការអាចវិនិយោគក្នុងការផ្ដល់ឥណទាន ដោយយកអត្រាការប្រាក់ខ្ពស់ ជាពិសេសនៅតាមជនបទ។ ម្យ៉ាងវិញទៀត ចំនួនការិយាល័យឥណទានមិនបានពង្រីកឲ្យដល់ជនបទ ដោយសារតែបរិមាណលុយដែលក្រៅប្រព័ន្ធធនាគារនៅមានចំនួនច្រើននៅឡើយ។ តាមការប៉ាន់ស្មាន លុយដែលនៅក្រៅប្រព័ន្ធធនាគារមានជាង ៥០% នៃទំហំសេដ្ឋកិច្ច៖ «ការសន្សំ និងផលទុនជាតិសរុបស្មើគ្នា ទើបចាត់ទុកការឲ្យខ្ចីទៅកាន់ប្រជាពលរដ្ឋ កាន់តែមានទំហំធំ»។
លោក អ៊ិន ចាន់នី មានប្រសាសន៍បន្ថែមទៀតថា ការអនុញ្ញាតឲ្យមានការវិនិយោគកាន់តែច្រើនលើស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា នឹងជំរុញឲ្យមានការប្រកួតប្រជែងក្នុងការកាត់បន្ថយអត្រាការប្រាក់។ ប៉ុន្តែ សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលតាំងខ្លួនជាស្ថាប័នផ្ដល់ប្រាក់កម្ចី នៅតែមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសារជាស្ថាប័នមួយដែលជាទូទៅធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និងងាយក្នុងការទទួលបានប្រាក់កម្ចីជាងបណ្ដាស្ថាប័នហិរញ្ញវត្ថុផ្លូវការ ក្នុងករណីដែលប្រជាពលរដ្ឋត្រូវការចាំបាច់។
ម្យ៉ាងវិញទៀត អ្នកចងការប្រាក់ គឺជាប្រភេទសហគ្រិនដែលធ្វើការផ្ដល់ប្រាក់កម្ចីគ្មានម៉ោងគ្មានពេលវេលា និងគ្មានតម្រូវឯកសារអ្វីមួយឡើយ។ ការឲ្យខ្ចី និងការទទួលប្រាក់កម្ចី គឺជាការព្រមព្រៀងគ្នា ហើយកម្ពុជា ពុំទាន់មានច្បាប់ដាក់ទោសទណ្ឌចំពោះសកម្មភាពអាជីវកម្មប្រភេទនេះនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមឯកសារគោលស្ដីពីហិរញ្ញវត្ថុកម្ពុជា សម្រាប់ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ បានសរសេរថា កម្ពុជា បានរៀបចំឲ្យមានច្បាប់គ្រប់គ្រងអ្នកចងការប្រាក់ តែច្បាប់នេះមិនទាន់ចេញជារូបរាងនៅឡើយរហូតដល់ឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។