កម្មករជាង ១ពាន់នាក់ នៅរោងចក្រអូសេអង់ (OCEAN Garment) ដែលមិនព្រមទទួលយកប្រាក់ ១៥ដុល្លារក្នុង១ខែ នៅពេលរោងចក្រគ្មានការងារឲ្យធ្វើ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រកអន្តរាគមន៍អោយភាគីរោងចក្រផ្តល់ប្រាក់ខែពេញ ១០០%។
បន្ទាប់ពីតវ៉ានៅខាងមុខក្រសួងការងារ តំណាងកម្មករប្រមាណ ២០នាក់ បានដាក់ញត្តិដែលមានខ្លឹមសារជាការទាមទារដូចគ្នានេះ ទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សន្យាថានឹងនាំសំណើរបស់កម្មករទៅពិភាក្សាជាថ្មីទៀតជាមួយថៅកែរោងចក្រអូសេអង់។
កម្មកររោងចក្រកាត់ដេរអូសេអង់ ជាង ១.០០០នាក់ នៅតែទទូចសុំអោយភាគីរោងចក្រ ផ្តល់ប្រាក់ប្រចាំខែអោយបាន ១០០ភាគរយ នៃប្រាក់ខែគោល នៅពេលរោងចក្រព្យួរការងារ ដោយសំអាងថា ប្រាក់ ១៥ដុល្លារក្នុងមួយខែ មិនអាចអោយពួកគាត់ទ្រទ្រង់ជីវភាពបានឡើយ។
ពួកគេបានស្រែកទាមទារនៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទទួលយកប្រាក់ ១៥ដុល្លារ ដែលថៅកែផ្តល់ឲ្យនោះឡើយ៖ «១៥ដុល្លារ ចាយមិនគ្រប់ យកទៅបូកទៅ មួយថ្ងៃទិញតែលៀសមួយកំប៉ុង ១.០០០រៀល ក៏អស់ដែរ ១៥ដុល្លារហ្នឹង»។
ក្រៅពីទាមទារដំឡើងប្រាក់ខែនៅពេលរោងចក្រព្យួរការងារ ក្រុមកម្មករក៏បានទាមទារសុំឲ្យថៅកែផ្តាច់កិច្ចសន្យាការងារ និងទូទាត់ប្រាក់បំណាច់ផ្សេងៗ។ ស្របគ្នានេះ ការទាមទារអោយសងជំងឺចិត្តនៅពេលថៅកែព្យួរការងារខុសនីតិវិធីច្បាប់។
កម្មករនៅរោងចក្រអូសេអង់ ចាប់ផ្ដើមការតវ៉ាចាប់តាំងពីថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីរោងចក្រប្រកាសថា ពុំមានការងារអោយកម្មករធ្វើ គឺត្រូវព្យួរការងាររយៈពេល ១ខែ គឺពីថ្ងៃទី២៦ ឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ដោយផ្តល់ប្រាក់រង់ចាំការងារតែ ១៥ដុល្លារ។ កម្មករបានទាមទារប្រាក់ខែរង់ចាំចំនួន ៥០ភាគរយ នៃប្រាក់ខែគោល ១០៤ដុល្លារ។ បន្ទាប់ពីមានការចរចាជាច្រើនលើកមិនបានជោគជ័យ ពួកគេបានប្ដូរការទាមទារប្រាក់ខែគោល ១០០ភាគរយឡើងវិញ៖ «ដោយសារតែថៅកែរោងចក្របានព្យួរការងារដោយខុសនីតិវិធីច្បាប់។ ហេតុដូច្នេះហើយ កាតព្វកិច្ចរបស់រោងចក្រ ត្រូវតែផ្តល់ ១០០% ជូនបងប្អូនទាំងអស់គ្នា»។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្ម នៃក្រសួងការងារ លោក វង់ សុវណ្ណ ថ្លែងថា ក្រសួងការងារ ព្យាយាមដោះស្រាយផង និងសម្របសម្រួលផង ដើម្បីឲ្យថៅកែរោងចក្រយល់ព្រមសំណើរបស់កម្មករ។ លោកថា កម្មករបានប្ដូរការទាមទារប្រាក់ខែរង់ចាំការងារពី ៥០% ទៅ ១០០% ក្រសួងនឹងព្យាយាមដោះស្រាយទៀត។ លោកសង្ឃឹមថា វិវាទរវាងកម្មករអូសេអង់ និងថៅកែរោងចក្រ នឹងដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលឆាប់ៗ៖ «យើងនឹងទាក់ទងខាងនិយោជក ហើយនិងខាងសមាគមកាត់ដេរឲ្យខិតខំដោះស្រាយបន្តទៀត។ ប៉ុន្តែបើសិនជាថ្ងៃនេះ ខាងក្រុមប្រឹក្សាអាជ្ញាកណ្ដាលគេអញ្ជើញភាគីទាំង២ហ្នឹង ទៅដំណើរការ អាជ្ញាកណ្ដាលអាចសវនាការបាន នោះយើងដំណើរការផ្លូវច្បាប់នៅអាជ្ញាកណ្ដាល។ ហើយខ្ញុំគិតថា ប្រព័ន្ធក្រុមប្រឹក្សាអាជ្ញាកណ្ដាល នឹងផ្តល់លទ្ធផលល្អជូនភាគីទាំងពីរ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា កម្មករបានទុកពេលឲ្យក្រសួងការងារ ចរចាជាមួយថៅកែរហូតដល់ថ្ងៃអង្គារ ឬថ្ងៃពុធ សប្ដាហ៍ក្រោយ បើមិនដូច្នេះទេ កម្មករឡើងមកតវ៉ានៅសប្ដាហ៍ក្រោយជាទ្រង់ទ្រាយធំ។ លោកបន្តថា រោងចក្រអូសេអង់ បានដេរខោអាវម៉ាកល្បីឈ្មោះ GAP ច្រើនឆ្នាំមកហើយ។ លោកសង្ឃឹមថា ក្រុមហ៊ុន GAP នឹងជួយដោះស្រាយការទាមទាររបស់កម្មករ៖ «ក្រសួងគួរណាស់តែផ្តល់ចម្លើយណាមួយមកដល់ភាគីខាងយើងជាកម្មករ ថាថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ឬក៏ថ្ងៃពុធ ដែលជាថ្ងៃក្រសួងត្រូវបង្ហាញអំពីចំណាត់ការរបស់ខ្លួន ក្នុងការដោះស្រាយអំពីបញ្ហានេះ។ ប៉ុន្តែផ្ទុយទៅវិញ យើងឃើញគាត់គ្រាន់តែទទួលញត្តិពីយើង ហើយព្យាយាមមិនធ្វើការដោះស្រាយ ដោយមិនមានការកំណត់អំពីពេលវេលា។ ទាំងអស់នេះដែលយើងខ្ញុំហ្នឹងកាន់តែមិនទុកចិត្ត»។
កម្មករនៃរោងចក្រអូសេអង់ បញ្ចប់ការតវ៉ាពីមុខក្រសួងការងារ នៅម៉ោង ១០ព្រឹក។ នៅពេលរសៀល តំណាងកម្មករចំនួនប្រមាណ ២០នាក់ ដាក់សំណើដូចគ្នានោះទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកសំណើនោះហើយ ដោយសន្យាបញ្ជូនសំណើទៅថ្នាក់ដឹកនាំ។ នៅពេលមានការសម្រេចយ៉ាងណា ខុទ្ទកាល័យនឹងជម្រាបទៅក្រុមកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។