ក្រសួង​ការងារ​ជំរុញ​យុវជន​ឲ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ក្រសួង​ការងារ លើក​ឡើង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្ពុជា នៅ​តែ​ខ្វះ​កម្លាំង​ពលកម្ម​ផ្នែក​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។ ទន្ទឹម​គ្នា​នេះ ក្រសួង​បាន​ជំរុញ​ឲ្យ​យុវជន ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

ក្រសួង​ការងារ ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឲ្យ​សិស្ស ងាក​មក​សិក្សា​លើ​ផ្នែក​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន​នៅ​ពេល​នេះ សំដៅ​បំពេញ​ចន្លោះ​ប្រហោង និង​កាត់​បន្ថយ​គម្លាត​ទីផ្សារ​ការងារ។ លើស​ពី​នេះ ក៏​ដើម្បី​កុំ​ឲ្យ​យុវជន​ផ្ដោត​តែ​ទៅ​លើ​មុខវិជ្ជា​ក្នុង​វិស័យ​ធុរកិច្ច​ច្រើន​ពេក រួម​មាន​មុខ​ជំនាញ​គ្រប់គ្រង គណនេយ្យ ធនាគារ និង​ហិរញ្ញវត្ថុ ជាដើម។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ការ​អប់រំ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ និង​អាហារូបករណ៍​ដល់​យុវជន នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ កម្មវិធី​នេះ មាន​គោល​បំណង​ពន្យល់ បង្ហាញ​មុខ​ជំនាញ និង​បង្ហាញ​ផ្លូវ​ដល់​សិស្ស ឲ្យ​ជ្រើស​រើស​មុខ​ជំនាញ​បាន​ត្រឹមត្រូវ។

ថ្លែង​ទៅ​កាន់​វេទិកា​ផ្សព្វផ្សាយ ដែល​មាន​យុវជន​ភាគ​ច្រើន​ជា​សិស្ស​ទើប​បញ្ចប់​បាក់​ឌុប​ជាង ៣.០០០​នាក់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ លោក ពេជ សោភ័ន បាន​ឲ្យ​ដឹង​ថា ទោះ​ជា​កម្ពុជា មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ច្រើន តែ​ការ​ផ្គត់ផ្គង់​ជំនាញ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ។ លោក​ថា បញ្ហា​នេះ​មក​ពី​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ទាមទារ​ការ​អត់ធ្មត់​ខ្ពស់ និង​កត្តា​ផ្នត់​គំនិត​សង្គម​នៅ​តែ​មិន​សូវ​ឲ្យ​តម្លៃ​ការងារ​បច្ចេកទេស៖ «ខាង​បច្ចេកទេស​អ្នក​ខ្លះ​យល់​ថា ចេញ​ទៅ​ពិបាក​រក​ការងារ​ធ្វើ ជួន​កាល​ចេញ​គេ​យល់​ថា​ផ្នែក​ធុរកិច្ច សេដ្ឋកិច្ច​គេ​ធ្វើ​ការ​ក្នុង​ម៉ាស៊ីន​ត្រជាក់ ប៉ុន្តែ​ធាតុ​ពិត​មិន​ដូច​ការ​គិត​នេះ​ទេ គឺ​ទីផ្សារ​គេ​ត្រូវ​ការ​អ្នក​បច្ចេកទេស​ច្រើន​ជាង»

រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ពេជ សោភ័ន មាន​ប្រសាសន៍​បន្ត​ថា កង្វះ​កម្លាំង​ពលកម្ម​ជំនាញ បាន​ក្លាយ​ជា​បញ្ហា​ប្រឈម ដើម្បី​ឈាន​ជើង​ចូល​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដែល​ជា​ទីផ្សារ​ការងារ​យ៉ាង​ធំ និង​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់។ លោក​អំពាវនាវ​ឲ្យ​យុវជន ព្យាយាម​សិក្សា​ជំនាញ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ការ​អប់រំ និង​តម្រូវ​ការ​ការងារ៖ «យើង​បារម្ភ​ថា​ដល់​ថ្ងៃ​អនាគត មាន​អាស៊ាន​ចូល​មក បើ​យើង​ខ្វះ​អ្នក​បច្ចេកទេស​កម្លាំង​ពលកម្ម​ខាង​ក្រៅ​គេ​ចូល​មក ពិសេស​បង​ប្អូន និង​យុវជន​ចាប់​យក​ជំនាញ​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​ស្រុក​ទេស»

យុវជន​ស្វែងយល់​ពី​ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​អប់រំ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ និង​អាហារូបករណ៍​ដល់​យុវជន នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
យុវជន​ស្វែងយល់​ពី​ការ​ផ្សព្វផ្សាយ​ស្ដីពី​ការ​អប់រំ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ និង​អាហារូបករណ៍​ដល់​យុវជន នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ (RFA/Um Rainsey)

វេទិកា​ដែល​មាន​រយៈពេល​មួយ​ថ្ងៃ យុវជន​នឹង​អាច​ស្វែង​យល់​ដោយ​ផ្ទាល់ នូវ​មុខ​ជំនាញ​ដែល​ខ្លួន​ចង់​សិក្សា​បន្ត​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន​ជិត ៤០​គ្រឹះស្ថាន។ អ្នក​រៀបចំ​កម្មវិធី​នេះ រំពឹង​ថា វេទិកា​នេះ​នឹង​ជំរុញ​ឲ្យ​យុវជន​ជ្រើស​រើស​មុខ​ជំនាញ​បាន​ត្រឹមត្រូវ បន្ទាប់​ពី​យុវជន​ជួប​អ្នក​ជំនាញ​ខាង​អប់រំ។

ចំណែក​យុវជន​មក​ពី​ខេត្ត​តាកែវ កញ្ញា ទឹប ស្រីនិច យល់​ថា កម្មវិធី​នេះ​ល្អ​ចំពោះ​សិស្ស​ទើប​បញ្ចប់​បាក់​ឌុប ដើម្បី​បាន​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​របស់​សិស្ស និង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​ជាង​មុន។ កញ្ញា​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​កម្មវិធី​នេះ​ឲ្យ​បាន​ច្រើន៖ «យុវជន​ទាំងអស់ ត្រូវ​តែ​សម្រេច​ចិត្ត​រើស​យក​ជំនាញ​ដែល​យើង​ចង់​រៀន មិន​ចឹង​ទេ មិន​អាច​ជួយ​ខ្លួន​ឯង និង​សង្គម​បាន​ទេ»

វេទិកា​នេះ ក្រសួង​ការងារ អះអាង​ថា ដើម្បី​ឆ្លើយ​តប​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ផ្នែក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ រដ្ឋាភិបាល​បាន​ដាក់​យុទ្ធសាស្ត្រ​កម្លាំង​សេដ្ឋកិច្ច​ថ្មី តាម​រយៈ​ការ​អភិវឌ្ឍ​គោល​នយោបាយ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដើម្បី​ប្រែ​ក្លាយ​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ឧស្សាហកម្ម​ដោយ​ប្រើប្រាស់​ជំនាញ។ យុទ្ធសាស្ត្រ​នេះ រដ្ឋាភិបាល​ផ្ដោត​លើ​វិស័យ​អាទិភាព​ចំនួន​៥ សំខាន់ៗ រួម​មាន ទី​១ វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀកបំពាក់។ ទី​២ វិស័យ​សំណង់។ ទី​៣ កសិឧស្សាហកម្ម។ ទី​៤ ឧស្សាហកម្ម​កសិកម្ម ទេសចរណ៍ និង​ទី​៥ ផ្នែក​ឧស្សាហកម្ម​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។