Opens in new windowចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ នេះទៅ ប្រជាជនខ្មែរតែងតែនាំគ្នាធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារពួកគេមានជំនឿថា ការប្រារព្ធបុណ្យនេះដើម្បីឧទ្ទិសផលានិសង្សដល់ជីដូនជីតា ឪពុកម្ដាយ ញាតិកា និងជនទាំងឡាយដែលធ្វើមរណកាលទៅហើយ។ បុណ្យនេះ ត្រូវធ្វើអស់រយៈកាលកន្លះខែគត់។
ក្រៅអំពីការប្រារព្ធពិធីបុណ្យនេះនៅទីអារាម តើមានជម្រើសអ្វីផ្សេងទៀត ដែលប្រជាពលរដ្ឋអាចធ្វើបាន?
ក្រៅអំពីការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលនាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម ឪពុកម្ដាយ គឺជាជម្រើសដំបូងដែលកូនចៅបានយកចិត្តទុកដាក់ និងប្រើឱកាសនេះធ្វើបុណ្យជូនលោកទាំងពីរ ជាការតបស្នងសងគុណផងដែរ។
គេថាធ្វើបុណ្យទាន់ខែភ្លឺ គឺបានដាស់តឿនក្រើនរំឭកដល់កូនខ្មែរ ដែលមានន័យប្រៀបធៀបថា ធ្វើបុណ្យទាន់លោកទាំងពីរនៅរស់ នៅមានជីវិត នៅហូបបាន។ អំពើនេះ មិនសំដៅតែធ្វើបុណ្យជូនលោកទាំងពីរនៅពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះទេ គឺអាចធ្វើជូនគាត់គ្រប់ពេលវេលា ប៉ុន្តែនៅឱកាសនេះ គឺជាពេលវេលាដ៏វិសេសវិសាលមួយ ដែលកូនៗត្រូវតែនឹកឃើញ ហើយគោរពប្រតិបត្តិជូនលោកទាំងទ្វេ។
សមាជិកគណៈកម្មការវត្តព្រះពុទ្ធមានបុណ្យ ដូនជី សោម ចាន់ថា បានពន្យល់ថា ការគោរពប្រតិបត្តិមាតាបិតាដែលជាបុព្វការីជននៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺមានចែងនៅក្នុងគម្ពីរអប្បទានសុត្ត ព្រះពុទ្ធសាសនា។ ដូនជីបានពោលថា កូនដែលបានគោរពប្រតិបត្តិដល់មាតាបិតា លើកសរសើរដល់មាតាបិតានោះ រមែងបានទទួលសុខសុភមង្គលក្នុងជីវិត៖ «បើសិនជាគាត់មិនបានមកក្នុងការធ្វើបុណ្យមិនមែនកំណត់ថា ទាល់តែយើងមកវត្ត យើងបានធ្វើបុណ្យទេ ទោះបីជាយើងធ្វើទានធ្វើអានិសង្សដាក់បាត្រតាមផ្លូវ យើងធ្វើជាអំពើល្អ ដូចជាធ្វើទានចំពោះអ្នកក្រខ្សត់ អ្នកអត់ ឃ្លានក៏ជាបុណ្យកោសល្យដែរកូន។ មុននឹងយើងមកធ្វើបុណ្យហ្នឹង គឺយើងគោរពថ្វាយបង្គំឪពុកម្ដាយយើងសិន បានយើងយកចង្ហាន់ហ្នឹងមកប្រគេនលោក គឺអ្នកមានគុណទី១ របស់យើង»។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ កញ្ញា សុភរា ថ្លែងថា នៅរាល់ពិធីបុណ្យទានធំៗរាល់ឆ្នាំ ជាពិសេសរដូវបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌម្ដងៗ នាងតែងតែជូនថវិកាដល់ឪពុកម្ដាយ ទោះតិច ឬច្រើន ដើម្បីឲ្យគាត់ធ្វើម្ហូបយកចង្ហាន់ទៅវត្ត និងរៀបចំស្លាដក់ប្រគេនព្រះសង្ឃ ជាដើម។ នាងបន្តថា ការធ្វើដូច្នេះមិនមែនតែក្នុងឱកាសនេះនោះទេ ប៉ុន្តែវាជាពេលវេលាល្អមួយដែលពិសេសជាងសព្វមួយដង ដែលកូនៗគួរតែនឹកឃើញដល់លោកទាំងពីរ៖ «មុនខ្ញុំមក ខ្ញុំបានជូនជាថវិកាចំណីចំណុកអីទៅព្រះរស់ គឺអ្នកម៉ាក់ខ្ញុំហើយៗ។ យើងមកនេះគ្រាន់ថាជាប្រពៃណីខ្មែរ យើងមិនអាចបោះបង់ចោលបានទេ ត្រូវតែមានតិចតួច។ ចំណែកអ្នកជិតខាង ក៏យើងចែករំលែកក៏ជាការធ្វើបុណ្យដូចគ្នា»។
អ្នកស្រី ចាន់ រី អាយុ ៥៧ឆ្នាំ រស់នៅក្នុងខណ្ឌទួលគោក ដែលកំពុងពូនភ្នំខ្សាច់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ថ្លែងថា ការដឹងគុណរបស់កូនចៅ នាំឲ្យគាត់មានក្ដីអំណរ ស្ទើរទប់ទឹកភ្នែកមិនបាន ខ្លះបានសម្រក់ទឹកភ្នែកដោយមានក្ដីរំភើបនឹងទង្វើរបស់កូនៗបែបដូច្នេះ។
អ្នកស្រីរៀបរាប់ថា អ្នកស្រីបានជូនពរដល់កូនៗដែលបាននឹកឃើញ ធ្វើបាយសម្លទៅវត្តអារាម ជូនឪពុកម្ដាយបែបនេះ។ ថ្វីត្បិតតិច ឬច្រើន អ្នកស្រីយល់ថា កូនចៅបានតបស្នងសងគុណដែលនាំឲ្យអ្នកស្រីមានក្ដីរំជួលចិត្តជាពន់ពេក៖ «កូនជូនលុយ អ្នកខ្លះទៅអីវ៉ាន់ភេសជ្ជៈ ផ្លែឈើ អ៊ីចឹងទៅគេឲ្យ មានទឹកចិត្តថាកូនហ្នឹងវាដឹងគុណសប្បាយក្នុងចិត្តរំភើប»។
ទោះជាយ៉ាងណា នៅក្នុងជំនឿរបស់អ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ក៏បានផ្ដល់ឱវាទឲ្យគោរពប្រតិបត្តិចំពោះមាតាបិតា ឪពុកម្ដាយ ដែលជាអ្នកមានគុណទាំងពីរ ដែលកំពុងនៅរស់រានមានជីវិត ដើម្បីជាការតបស្នងសងគុណដល់លោកទាំងទ្វេផងដែរ។
នៅក្នុងព្រះគម្ពីរបរិសុទ្ធ សញ្ញាថ្មីត្រង់កណ្ឌអេភេសូរ ជំពូក៦ ខ១ រហូតដល់ខ៣ បានចែងថា ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយខ្លួនក្នុងព្រះអម្ចាស់ ត្បិតធ្វើដូច្នោះទើបបានត្រូវ ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន នេះជាបញ្ញត្តមុនដំបូងដែលជាប់មានទាំងសេចក្ដីសន្យាផង ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅលើផែនដីជាយូរអង្វែងទៅ។
នៅក្នុងកណ្ឌគម្ពីរនេះ បានបកស្រាយត្រង់ គឺសំដៅឲ្យគោរពប្រតិបត្តិដល់ឪពុកម្ដាយជាធំ។
បុណ្យកាន់បិណ្ឌ បានធ្វើកំណត់ ១៥ថ្ងៃ តាំងពី១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ តែនៅថ្ងៃ១៥រោច ហៅថាថ្ងៃភ្ជុំបិណ្ឌ។ បុណ្យនេះ មិនឃើញមានក្នុងតម្រាណាមួយ ថាបានធ្វើពីពុទ្ធសករាជប៉ុន្មាន ពីក្នុងរជ្ជកាលស្ដេចណានោះទេ គេឃើញតែធ្វើតៗគ្នាមកដរាបដល់សព្វថ្ងៃនេះ។ បុណ្យនេះ ធ្វើឡើងដើម្បីឧទ្ទិសកុសលបញ្ជូនផលទៅបុព្វបុរស គឺមាតាបិតាជីដូនជីតា និងញាតិកាព្រៀងលាន ដែលធ្វើមរណកាលទៅ។
នៅបណ្ដាបុណ្យប្រចាំ ១២ខែ ខ្មែរបានចាត់ទុកបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ។ នេះ គឺឱកាសឈប់សម្រាកពីការងារ ហើយទៅជួបជុំញត្តិសន្តាននៅស្រុកកំណើត ឬកម្សាន្តនៅរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
