មេបញ្ជាការយោធានៃយោធភូមិភាគទី៤ របស់កម្ពុជា និងមេបញ្ជាការយោធាយោធភូមិភាគទី២ របស់ថៃ ព្រមទាំងអាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត បានចុះទៅពិនិត្យមើលការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារព្រំដែនតំបន់ជាំសាង៉ាំ នៃស្រុកអន្លង់វែង នៅថ្ងៃពុធ ទី១៥ ខែមិថុនា។
កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ មេបញ្ជាការយោធាថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានយល់ព្រមឲ្យមន្ត្រីព្រំដែននៃប្រទេសទាំងពីរ អាចសាងសង់ប៉ុស្តិ៍ធ្វើការឲ្យបានសមរម្យ។
ពលរដ្ឋខ្មែរខ្លះដែលបានឆ្លងដែនតាមច្រកទ្វារជាំសាង៉ាំ បានរិះគន់មន្ត្រីព្រំដែនខ្មែរ ថាមានភាពទន់ខ្សោយទៅលើការសម្គាល់អត្តសញ្ញាណរបស់ជាតិ ក្នុងការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននៅលើខ្នងភ្នំដងរែក ក្នុងស្រុកអន្លង់វែង។ ពួកគេចោទប្រកាន់ថា មន្ត្រីច្រកព្រំដែនខ្មែរមិនបានយកចិត្តទុកដាក់ ក្នុងការសាងសង់ប៉ុស្តិ៍ព្រំដែនតាមរចនាបថរបស់ខ្មែរទេ បែរជាធ្វើអគារដូចគ្នាទៅនឹងរចនាបថរបស់ថៃ ដែលកំពុងតែសាងសង់ដែរនោះ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប ក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលបានឆ្លងដែនទៅប្រទេសថៃ គឺអ្នកស្រី យឹម ផល្លី។ អ្នកស្រីរិះគន់ថា រូបគាត់ និងពលរដ្ឋជាច្រើនទៀត បានឆ្លងកាត់តាមច្រកទ្វារព្រំដែនជាំសាង៉ាំ កាលពីថ្ងៃទី១៤ ខែមិថុនា។ គាត់បានឃើញមន្ត្រីច្រកទ្វារព្រំដែនខ្មែរ កំពុងសាងសង់ប៉ុស្តិ៍ធ្វើការនៅច្រកទ្វារនោះ ដោយមានរចនាបថដូចគ្នាទៅនឹងប៉ុស្តិ៍របស់ថៃ ដែលកំពុងសាងសង់នៅទល់មុខគ្នានោះដែរ។
អ្នកស្រី យឹម ផល្លី រិះគន់ទៀតថា តាមការពិនិត្យ កម្មករដែលសាងសង់ប៉ុស្តិ៍ព្រំដែនខ្មែរទាំងនោះ មិនមែនជាប្រជាពលរដ្ឋខ្មែរទៅទៀត គឺជាកម្មករជនជាតិថៃ៖ « ព្រំដែនខាងថៃ គឺថៃ ធ្វើ។ ដល់ពេលប៉ុស្តិ៍ព្រំដែនខាងខ្មែរ គឺថៃ មកធ្វើទៀត ហើយរចនាបថធ្វើដូចថៃ ទាំងអស់ ដោយថៃ ចេញលុយធ្វើឲ្យទៀត។ ខ្ញុំព្រួយបារម្ភថាពេលនេះ គេធ្វើឲ្យ តែថ្ងៃក្រោយគេថាទឹកដីរបស់គេ »។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងប្រធានច្រកទ្វារព្រំដែនជាំសាង៉ាំ ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់នេះ ថាយ៉ាងណានៅឡើយនៅថ្ងៃទី១៥ ខែមិថុនា ក៏ប៉ុន្តែអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានច្រានចោលការរិះគន់នោះ ថាជារឿងមិនពិត។ លោក ស ថាវី មានប្រសាសន៍ថា ការដែលមន្ត្រីព្រំដែនខ្មែរ-ថៃ បានចាប់ផ្ដើមសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកចេញចូលរៀងៗខ្លួននោះ គឺធ្វើឡើងបន្ទាប់ពីមេបញ្ជាការយោធានៃយោធភូមិភាគទី៤ របស់ខ្មែរ និងយោធភូមិភាគទី២ របស់ថៃ យល់ព្រមជាមួយគ្នាមក។ លោកអភិបាលខេត្តឧត្តរមានជ័យ បញ្ជាក់ថា ប៉ុស្តិ៍ព្រំដែនដែលកំពុងសាងសង់នោះ គឺជាអូស្កូ (Ausco) ជាបន្ទប់ធ្វើការតូចៗចំនួន៩ មិនមែនជាសំណង់អគារទេ ហើយអូស្កូទាំងនោះ ក៏មិនបានសុំពីថៃ ដែរ គឺក្រុមហ៊ុន លឹម ហេង ជាអ្នកជួយឧបត្ថម្ភ៖ « អត់មានបានទៅពឹងពាក់អីថៃ ទេ ព្រោះគេធ្វើខាងគេ យើងធ្វើខាងយើង។ សូមបញ្ជាក់ឲ្យច្បាស់ឡើងវិញ »។
នៅព្រំដែនជាំសាង៉ាំ នៃស្រុកអន្លង់វែង ជាប់ព្រំដែនគ្នានឹងស្រុកភូស៊ីង ខេត្តស៊ីសាកេត របស់ថៃ គឺឧស្សាហ៍កើតមានបញ្ហារឿងបន្ទាត់ព្រំដែន។ កាលពីចុងឆ្នាំ២០១៥ កន្លងទៅ កងទ័ពថៃ បានព្យាយាមសុំចូលដើរល្បាតការពារព្រំដែនរួមគ្នាក្នុងចំណុចទឹកដីខ្មែរ ក៏ប៉ុន្តែត្រូវបានមន្ត្រីយោធាខ្មែរបដិសេធ និងមិនអនុញ្ញាតឲ្យទាហានថៃ ធ្វើដូច្នេះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។