អធិការដ្ឋាននគរបាលស្រុកកោះធំ បានរារាំងមិនឲ្យជនជាតិវៀតណាម ចូលទឹកដីកម្ពុជា ដើរលក់ទំនិញផ្សេងៗគ្មានច្បាប់អនុញ្ញាតនៅស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមិថុនា។ ប្រភពពីទំព័រហ្វេសប៊ុក (Facebook) របស់អធិការដ្ឋាននគរបាលស្រុកកោះធំ បានដាក់បង្ហោះវីដេអូឃ្លីបដែលមានប្រវែង ៣នាទី នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែមិថុនា។
វីដេអូនោះ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះឃាត់ និងអប់រំដល់ជនជាតិវៀតណាម ប្រុសស្រីក្មេងចាស់ជាង ១០នាក់ ធ្វើដំណើរដោយម៉ូតូ និងមានដឹកអីវ៉ាន់សំពីងសំពោងផង។ មន្ត្រីមានសមត្ថកិច្ច មិនអនុញ្ញាតឲ្យធ្វើចរាចរតទៅទៀត និងអប់រំពីច្បាប់កម្ពុជា ខ្លះៗដល់ជនជាតិវៀតណាម ហើយប្រាប់ឲ្យពួកគេត្រឡប់ទៅវិញ។
ក្រៅពីនេះទៀត មន្ត្រីនគរបាលដដែលព្រមានថា បើមិនមានការយោគយល់ទេ គិតតាមច្បាប់អន្តោប្រវេសន៍ គឺត្រូវឃាត់ខ្លួនជនជាតិវៀតណាម ទាំងនោះ៖ «បងប្អូន ធ្វើ ចរាចរលើ ទឹកដី កម្ពុជា បាន លុះត្រាតែ បងប្អូន មានលិខិតបញ្ជាក់ពីគយកម្ពុជា ត្រឹមត្រូវ។ បងប្អូន ឡើងមក ទឹកដី កម្ពុជា បងប្អូន ត្រូវតែមានប៉ាសស្ព័រត្រឹមត្រូវ ។ ប៉ាសស្ព័រហ្នឹងត្រូវមានប្រថាប់ត្រាពីមន្ត្រីច្រកទ្វារ មិនមែនប៉ាសស្ព័រ ហើយឡើងមកអត់ប្រាប់មន្ត្រីនៅច្រកទ្វារ អត់បានទេ ខុស យល់ទេ ? បងប្អូន មិនអាចឡើងមក លក់អ៊ីចឹង បានទេ ។ ប៉ាសស្ព័រ បងប្អូន គឺប្រើទិដ្ឋាការសម្រាប់ធ្វើដំណើរទេសចរណ៍ក្នុងដីកម្ពុជា ទេ ។ បងប្អូនមិនអាចធ្វើអាជីវកម្មបានទេ»។
វីដេអូឃ្លីបនេះ គ្រាន់តែបង្ហោះប្រមាណ ១ម៉ោង មានអ្នកចែកចាយបន្ត ឬសែ (Share) ជាង ១.៦០០ និងមានអ្នកបើកមើលជាង ២ម៉ឺន ៣ពាន់ដង (23K Views)។ ទន្ទឹមនឹងគ្នានេះ មានអ្នកបញ្ចេញមតិគាំទ្រជាច្រើនចំពោះចំណាត់ការរបស់មន្ត្រីអធិការដ្ឋាននគរបាលស្រុកកោះធំ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។