សាច់ញាតិ​ទទូច​ឲ្យ​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ទទួល​ខុស​ត្រូវ​ករណី​វាយ​ពលរដ្ឋ​ដាច់​ពោះវៀន

0:00 / 0:00

សាច់ញាតិ​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ វាយ​ពលរដ្ឋ​ឲ្យ​រង​របួស​ធ្ងន់​ដាច់​ពោះវៀន​ជា ៣​កំណាត់ ទទូច​ឲ្យ​ជនល្មើស​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សាច់ញាតិ​ជនរងគ្រោះ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​សោកស្ដាយ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​នឹង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​នេះ ថា​ជា​ការ​ប្រើ​អំណាច​វាយ​ធ្វើ​បាប​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ហើយ​គេច​​យក​រួច​ខ្លួន។

បង​ប្រុស​ជន​រងគ្រោះ​រស់​នៅ​ភូមិ​បាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត លោក សាន គឹមសែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៥​នាក់ ប៉ុន្តែ​មិន​ចាំ​មុខ​នោះ​ទេ បាន​ប្រួត​គ្នា​វាយ​ធ្វើ​បាប​ដោយ​ទាត់​មក​លើ​ប្អូន​ប្រុស​របស់​ខ្លួន ឈ្មោះ​​លោក សាន គឹមសាន អាយុ ២៣​ឆ្នាំ ជា​ច្រើន​ជើង​រហូត​ដាច់​ពោះវៀន​ជា​៣​កំណាត់។

លោក​អះអាង​ទៀត​ថា ការ​វាយ​តប់​នេះ​ ដោយសារ​​មន្ត្រី​ទាំង​នោះ​ខឹង​ប្អូន​របស់​ខ្លួន​មក​ជួយ​ឃាត់​រូប​លោក ខណៈ​ដែល​កំពុង​ប្រកែក​គ្នា​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា កន្លង​ទៅ៖ «ខ្ញុំ​គិត​ថា​គាត់​ធ្វើ​ដូច្នេះ​ជា​អំពើ​ព្រៃផ្សៃ​មួយ​ ព្រោះ​បើ​គាត់​ជា​សមត្ថកិច្ច​ គាត់​ចុះ​មក​គឺ​មិន​ត្រូវ​ធ្វើ​បាន​ប្រជាពលរដ្ឋ​ទេ ព្រោះ​បើ​ថា​យើង​ជា​ចោរ​លួច ចោរ​ប្លន់ គេ​គួរ​វាយ​អ៊ីចឹង តែ​នេះ​គាត់​មក​ដល់​ស្រាប់​តែ​វាយ​ខ្ញុំ​យក​តែ​ម្ដង»

លោក​អះអាង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​មន្ត្រី​អាវុធហត្ថ​ទាត់​ប្អូន​របស់​លោក​ដាច់​ពោះវៀន ៣​កំណាត់​ហើយ​ គឺ​​មន្ត្រី​ទាំង​នោះ​​មិន​បាន​មក​អើពើ​ចេញ​ថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ​នោះ​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក នួន នីណារ៉ូ មាន​ប្រសាសន៍​បដិសេធ​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​វាយ​ធ្វើ​បាប​ទៅ​លើ​ប្រជា​ពលរដ្ឋ​បណ្ដាល​ឲ្យ​រង​របួស​ដាច់​ពោះវៀន​នោះ​ទេ។ លោក​អះអាង​ទៀត​ថា ប្រសិន​បើ​ខាង​មន្ត្រី​របស់​លោក​ពិត​ជា​បាន​វាយ​ទាត់​ធាក់​ជនរងគ្រោះ​មែន​ គឺ​លោក​នឹង​ទទួល​ខុស​ត្រូវ​តាំង​ពី​យូរ​ណាស់​បាត់​ទៅ​ហើយ៖ «ភាគី​ម្ខាង​ទៀត​ដែល​ថា​ធ្លាយ​ពោះវៀន​ហ្នឹង គឺ​ខាង​ខ្ញុំ​អត់​បាន​ប៉ះពាល់​គាត់​ទេ​បង ហើយ​ណា​មួយ​ក្នុង​កន្លែង​កើត​ហេតុ​ហ្នឹង ពួក​ខ្ញុំ​ក៏​មិន​ដឹង​ថា​មាន​គាត់​នៅ​ក្នុង​ហ្នឹង​ដែរ។ ម្យ៉ាង​ទៀត ពេល​កើត​ហេតុ​នោះ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ ហើយ​ហេតុ​អី​បាន​ជា​មិន​ឃើញ​ពួកគាត់​បង្ហោះ​ក្នុង​ហ្វេសប៊ុក ហើយ​ទើប​តែ​មាន​ព័ត៌មាន​ពេល​នេះ​ទៅ​វិញ?»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ខាង​លោក​ជាប់​រវល់​ការងារ​មិន​ទាន់​បាន​ចុះ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​​នៅ​ឡើយ​ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ​បើ​ទោះ​បី​ជា​ពុំ​ទាន់​ដឹង​​ខាង​ណា​ខុស ឬ​ខាង​ណា​ត្រូវ​​ក៏ដោយ គឺ​សមត្ថកិច្ច​ត្រូវ​តែ​ចុះ​ស្រាវជ្រាវ​លើក​ករណី​នេះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ៖ «ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ច្បាប់​ស្តង់ដារ​២ ត្រូវ​តែ​នៅ​ពេល​មាន​ការ​ដង្ហោយ​ហៅ ក្រសួង​យុត្តិធម៌​ព្រះរាជអាជ្ញា​ដែល​ការពារ​ពលរដ្ឋ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​ពិនិត្យ និង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ កុំ​មាន​គេ​ថា តុលាការ​អាយ៉ង​អត់​មាន​យុត្តិធម៌​អី​នោះ​ គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​គេ​ជឿជាក់​ថា តុលាការ​គឺ​ជា​ប្រព័ន្ធ​យុត្តិធម៌ ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​បាន»

សាច់ញាតិ​អះអាង​ថា ជនរងគ្រោះ​បន្ទាប់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ទាក់​ជា​ច្រើន​ជើង​​ហើយ ក៏​បាន​ប្រកាច់​នៅ​នឹង​កន្លែង ហើយ​ភ្លាមៗ​នោះ​សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ប៉ោយប៉ែត និង​បាន​បន្ត​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​ ស្រុក​មង្គលបូរី ទាំង​យប់​តែម្ដង។ ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ជិត​មួយ​ខែ ហើយ​អ្នក​ជំងឺ​ទើប​តែ​ត្រឡប់​មក​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ទាំង​​ស្ថានភាព​ជំងឺ​​មិន​ទាន់​ជា​ស្រួលបួល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។