ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​បារម្ភ​ខ្លាច​ទាហាន​ឡាវ​ចូល​បរ​បាញ់​គោ​ក្របី​អ្នក​ស្រុក

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ឃុំ​ព្រែកមាស និង​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​យោធា​ឡាវ ប្រដាប់​ដោយ​អាវុធ បាញ់​គោ​ក្របី​របស់​អ្នក​ស្រុក និង​បរ​បាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ។

ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​ជាច្រើន​ក្រុម បាន​ឆ្លង​ដែន​ចូល​ដី​ខ្មែរ​នៅ​ចំណុច​អូរ​ព្រាល ព្រៃ​រ៉ូង និង​បឹង​ក្ដួច ស្ទើរ​រាល់​ថ្ងៃ ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា នៅ​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ បើ​ទោះ​បី​ពលរដ្ឋ​ធ្លាប់​រាយការណ៍​ករណី​នេះ​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​យោធា​ការពារ​ព្រំដែន​ច្រើន​លើក​ក្តី។

ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស ខ្វាយខ្វល់​ពី​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​យោធា​ឡាវ ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។ អ្នក​ភូមិ​កត់​សម្គាល់​ថា ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​ក្នុង​គោល​បំណង​បរ​បាញ់​គោ​ក្របី​អ្នក​ភូមិ និង​បរ​បាញ់​សត្វ​ព្រៃ ជាដើម។

ជនជាតិ​ដើម​ភាគ​តិច​ខិះ រស់នៅ​ឃុំ​ព្រែកមាស លោក សែន ផាន់ រៀបរាប់​ថា ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ចាប់​ពី​ខែ​ធ្នូ រហូត​ដល់​ខែ​មិថុនា អ្នក​ភូមិ​លែង​គោ​ក្របី​ចូល​ព្រៃ​នៅ​រដូវ​ច្រូត​កាត់ ហើយ​រហូត​ដល់​រដូវ​វស្សា ទើប​អ្នក​ភូមិ​ស្វែងរក​គោ​ក្របី​ពី​ព្រៃ​មក​វិញ។ លោក​កត់​សម្គាល់​ថា យោធា​ឡាវ មិន​ត្រឹម​តែ​ឆ្លង​ចូល​បាញ់​សត្វ​ព្រៃ​ក្នុង​ដី​ខ្មែរ​ទេ ថែម​ទាំង​គំរាម​កំហែង​អ្នក​ភូមិ នៅ​ពេល​ប្រទះ​ឃើញ​ពួក​គេ​កំពុង​បរ​បាញ់​គោ​ក្របី។

លោក​ថា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ គ្រួសារ​លោក​បាត់​ក្របី ៥​ក្បាល ហើយ​ប្ដឹង​អាជ្ញាធរ និង​យោធា​ខ្មែរ​វីរ​ព្រំដែន តែ​ពុំ​មាន​លទ្ធផល​ឡើយ។ លោក​អស់​សង្ឃឹម​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​ទាហាន​ខ្មែរ និង​នគរបាល​ការពារ​ព្រំដែន ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា ដែល​កំពុង​រំលោភ​បំពាន​ដោយ​យោធា​ឡាវ បង្ក​ការ​រំខាន​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ៖ «កាំភ្លើង​គ្រប់​ដៃ​គ្រប់​ដើម បើ​ខ្ញុំ​ប៉ះ ព្រោះ​ប្រជាជន​រក​ស៊ី​ខ្លាច​មិន​រួច​ជាមួយ​វា។ វា​ធ្វើ​សត្វ​ធ្វើ​អី​ទៅ បាញ់​យើង​មែន​ពួក​នេះ»

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ លោក ទាន សន កត់​សម្គាល់​ថា ការ​ឆ្លង​ចូល​ដី​ខ្មែរ​ដោយ​យោធា​ឡាវ គឺ​ស្ទើរ​តែ​ជា​ទម្លាប់​ទៅ​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​អ្នក​ភូមិ បន្ទាប់​ពី​ប្រតិបត្តិការ​របស់​ទាហាន​ឡាវ ប្រដាប់​ដោយ​កាំភ្លើង ឆ្លង​ចូល​ដី​ខ្មែរ​បាញ់​គោ​ក្របី​អ្នក​ភូមិ​តាម​អំពើ​ចិត្ត។ លោក​អះអាង​ថា ចាប់​ពី​ម៉ោង ៦​ល្ងាច ទាហាន​ឡាវ ​មាន​គ្នា​ពី ៦​នាក់​ទៅ​ជាង ១០​នាក់ បាន​ឆ្លង​ចូល​ដី​ខ្មែរ​ត្រង់​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣១ ៣២ និង​បង្គោល​លេខ​៤២ ចំណុច​ព្រៃ​រ៉ូង បឹង​ក្ដួច អូរឫស្សី និង​អូរ​ព្រាល ដើម្បី​បរ​បាញ់​សត្វ​ព្រៃ និង​បាញ់​សត្វ​ពាហនៈ​អ្នក​ស្រុក៖ «គាត់​បើ​ធ្វើ​យ៉ាង​ម៉េច បើ​រាយការណ៍​ទៅ​ថ្នាក់​លើ​គេ​អត់​ខ្វល់​ផង។ មិន​និយាយ​ទេ​ម្នាក់ៗ ៦០​ក្បាល អា​ខ្លះ ២០ ទៅ ៣០​ក្បាល​សល់​ពីរ​ទៅ ៣​ក្បាល​ក៏​មាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​១០១ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ កុម្ភៈ។

កាល​ពី​ឆ្នាំ​២០១៣ ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកមាស ដែល​រងគ្រោះ​ដោយ​បាត់​គោ​ក្របី​ជាច្រើន​គ្រួសារ ធ្លាប់​បាន​ផ្ដិត​មេ​ដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ សុំ​ជួយ​អន្តរាគមន៍​ករណី​ទាហាន​ឡាវ ឆ្លង​ចូល​ដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ ព្រម​ទាំង​បាញ់​គោ​ក្របី​ពួក​គាត់​វះ​យក​សាច់។ រហូត​មក​ដល់​បច្ចុប្បន្ន អាជ្ញាធរ​មិន​ចុះ​ល្បាត ឬ​ទប់ស្កាត់​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ឡើយ។

មេ​ឃុំ​ព្រែកមាស លោក ផួង លុន ទទួល​ស្គាល់​ថា ពលរដ្ឋ​ធ្លាប់​បាត់​គោ​ក្របី ព្រោះ​អ្នក​ភូមិ​នៅ​រក្សា​ទម្លាប់​ប្រពៃណី ធ្វេសប្រហែស​លែង​សត្វ​ចូល​ក្នុង​ព្រៃ។ លោក​ថា អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​ទទួល​ពាក្យ​បណ្ដឹង​ជុំវិញ​ករណី​នេះ​ដែរ និង​ធ្លាប់​រៀបចំ​របាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​អន្តរាគមន៍។ លោក​បន្ត​ថា អ្នក​ភូមិ​បាត់​គោ​ក្របី ព្រោះ​ពួក​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ ដោយ​លែង​ចោល​ក្នុង​ព្រៃ​ជាច្រើន​ខែ៖ «មក​ពី​ប្រជាពលរដ្ឋ​ការងារ​នោះ។ គាត់​ធ្វើ​តាម​ប្រពៃណី មិន​មែន​ប្រពៃណី​ទទេ វា​ទម្លាប់​របស់​ខ្លួន»

ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច លែង​គោ​ក្របី​ចូល​ព្រៃ​នៅ​រដូវ​ប្រាំង រហូត​ដល់​រដូវ​វស្សា ទើប​អ្នក​ភូមិ​ស្វែងរក​គោ​ក្របី​មក​វិញ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រពៃណី​នេះ​កំពុង​គំរាម​កំហែង​ដោយ​យោធា​ឡាវ ទោះ​បី​អ្នក​ភូមិ​បាន​ដាក់​វេន​ចូល​ព្រៃ​ឃ្លាំ​មើល​គោ​ក្របី​ក្តី។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​ទេ។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​នេះ រាយការណ៍​ផ្ទាល់​ទៅ​អាជ្ញាធរ​ស្រុក ឬ​តាម​ទូរស័ព្ទ។ លោក​សន្យា​ថា អាជ្ញាធរ​ស្រុក​នឹង​អន្តរាគមន៍​ករណី​នេះ​ទៅ​មន្ត្រី​ពាក់ព័ន្ធ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ។ លោក​ទទួល​ស្គាល់​ថា ករណី​ទាហាន​ឡាវ ចូល​ដី​ខ្មែរ គឺ​ទង្វើ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា៖ «បើ​សិន​ជា​ទទួល​ព័ត៌មាន​នេះ ខ្ញុំ​យក​អត្តសញ្ញាណ​ថា​នៅ​ចំណុច​ណា ដើម្បី​ខ្ញុំ​ទាក់ទង​ទាហាន​ព្រំដែន និង​ប៉ូលិស​ព្រំដែន ដើម្បី​ចាត់​វិធានការ»

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ករណី​នេះ ថា​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ទាហាន​ការពារ​ព្រំដែន​របស់​កម្ពុជា។ លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ អន្តរាគមន៍​ជា​បន្ទាន់ បើ​ពន្យារ​ពេល​ទៀត ករណី​នេះ​នឹង​ក្លាយ​ជា​ទម្លាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សុវត្ថិភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ។

លោក​ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​កាតព្វកិច្ច​ទាហាន​ការពារ​ព្រំដែន ដើម្បី​ការ​ឆ្លើយ​តប​ការ​បារម្ភ​របស់​ពលរដ្ឋ និង​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ផង៖ «ឡាវ ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ ខ្ញុំ​ថា​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា។ បើ​យើង​និយាយ​អំពី​រដ្ឋ​អធិបតេយ្យ ធ្វើ​ឲ្យ​ជន​បរទេស​អាច​ប្រព្រឹត្ត ឬ​បង្ក​បញ្ហា​នេះ បាន​ន័យ​ថា ភាព​ខ្សោយ​មួយ​របស់​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​ពិនិត្យ​អធិបតេយ្យ​ឡើង​វិញ»

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ស្រែសំបូរ និង​ឃុំ​ព្រែកមាស បាត់​គោ​ក្របី​ជាង ១០០​គ្រួសារ ហើយ​ក្នុង​មួយ​គ្រួសារ បាត់​គោ​ក្របី​ចាប់​ពី ១​ក្បាល​ដល់​ជាង ២០​ក្បាល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ឈ្លាន​ពាន​ដោយ​យោធា​ឡាវ ជា​អំពើ​រំលោភ​ច្បាប់​កម្ពុជា ធ្ងន់ធ្ងរ ដូចជា​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការ​បរ​បាញ់​សត្វ​ព្រៃ និង​ឆ្លង​ដែន​ខុស​ច្បាប់។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​របាយការណ៍​ជុំវិញ​ករណី​នេះ​ទៅ​អាជ្ញាធរ​ឡាវ ដើម្បី​បញ្ឈប់​ការ​ចូល​ទឹក​ដី​ខ្មែរ​បាញ់​ក្របី និង​សត្វ​ព្រៃ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។