មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ការ​ស្លាប់​ទណ្ឌិត​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ជា​ករណី​មនុស្ស​ឃាត

0:00 / 0:00

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ស្លាប់​របស់​អ្នក​ទោស​ម្នាក់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ "ម.៤" នា​ខេត្ត​ពោធិ៍សាត់ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៦ គឺ​ជា​ករណី​មនុស្ស​ឃាត មិន​មែន​ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ចង​ក​ដូច​ក្នុង​កំណត់​ហេតុ​របស់​សមត្ថកិច្ច​នោះ​ទេ។ ក្រុម​គ្រួសារ​ទណ្ឌិត កំពុង​សើរើ និង​ប្ដឹង​រឿង​ករណី​នេះ​ទៅ​តុលាការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ចូល​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦ របស់​ម្ដាយ​ទណ្ឌិត​ឈ្មោះ តូច សុវណ្ណារ៉េត អាយុ ២៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា ជួយ​រក​យុត្តិធម៌​ជូន​សព​កូន​ប្រុស​របស់​គាត់ ដោយ​ប្រាប់​ពី​ហេតុការណ៍​មុន​ពេល​ស្លាប់ និង​បង្ហាញ​ពី​ស្លាក​ស្នាម​មួយ​ចំនួន​នៅ​លើ​សាកសព ដែល​គួរ​ឲ្យ​សង្ស័យ​ថា អាច​ជា​ករណី​មនុស្ស​ឃាត។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា នៅ​លើ​ស្មា​ផ្នែក​ខាង​ក្រោយ​មាន​ស្នាម​ជាំ​ខ្មៅ ជើង​ទាំង​សង​ខាង​ឡើង​ជាំ និង​ស្រក់​ឈាម នៅ​លើ​កញ្ចឹងក​ផ្នែក​ខាង​ឆ្វេង​ដាច់​រលាត់ ហើយ​ក​មាន​សភាព​ទន់​ខ្លប​ដូច​បាក់។

ម្ដាយ​របស់​សព គឺ​អ្នកស្រី រិន វណ្ណនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ថា តាំង​ពី​គេ​ប្ដូរ​កូន​គាត់​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ត្រូវ​គេ​វាយ​ធ្វើ​បាប​យ៉ាង​ខ្លាំង។ អ្នកស្រី​ថា នៅ​មុន​ពេល​ស្លាប់​បាន​ពីរ ឬ​បី​ថ្ងៃ កូន​របស់​គាត់​បាន​ទូរស័ព្ទ​សុំ​លុយ ២០​ម៉ឺន​រៀល ដើម្បី​ដូរ​បន្ទប់​សម្រាក​ក្នុង​ពន្ធនាគារ ដោយ​ប្រាប់​ថា មាន​គេ​ធ្វើ​បាប​កាន់​តែ​ខ្លាំង​ឡើងៗ ប៉ុន្តែ​ពេល​នោះ គាត់​មិន​បាន​ផ្ញើ​លុយ​ឲ្យ​ទេ៖ « តេ ( ទូរស័ព្ទ ) មក​បាន​មួយ​ភ្លែត​ទេ​ថា ម៉ាក់​អើយ ! ជួយ​ផ្ញើ​លុយ​ឲ្យ​ខ្ញុំ​មក ព្រោះ​គេ​វាយ​ធ្វើ​បាប​ខ្ញុំ​ណាស់។ គេ​ធាក់​សុទ្ធ​តែ​កញ្ចឹងក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ថា កូន​ឯង​ទ្រាំ​ទៅ​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ម៉ាក់​នឹង​វេរ​លុយ​ឲ្យ​កូន​ឯង ២០​ម៉ឺន។ ឥឡូវ​ហ្នឹង​ម៉ាក់​ឈឺ ទៅ​ពេទ្យ​អស់​លុយ​ហើយ។ ( ពេល​ស្លាប់ ) ខ្ញុំ​ឃើញ​កូន​មាន​ស្លាក​ស្នាម​អ៊ីចឹង ខ្ញុំ​ក៏​ស្រែក​យំ និង​និយាយ​នៅ​មុខ​អ្នក​ទាំងអស់​នៅ​ត្រង់​ហ្នឹង​ថា កូន​ខ្ញុំ​មិន​មែន​ចង​ក​ទេ គឺ​វាយ​កូន​ខ្ញុំ ហើយ​យក​ទៅ​ព្យួរ​ក ប៉ុន្តែ​អត់​មាន​នរណា​ឆ្លើយ​ជាមួយ​ខ្ញុំ​ទាំងអស់ »

វិទ្យុ​អាស៊ីសេរី មិន​ទាន់​រក​ប្រភព​ទាក់ទង​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ ម.៤ លោក យន់ ពៅ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ថា​មាន​ការ​វាយ​ធ្វើ​បាប​អ្នក​ទោស និង​ករណី​ឃាតកម្ម​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ប៉ុន្តែ​កំណត់​ហេតុ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ សន្និដ្ឋាន​ថា ទណ្ឌិត​ឈ្មោះ តូច សុវណ្ណារ៉េត បាន​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​ក​ខ្លួន​ឯង​កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា។

នៅ​ក្នុង​កំណត់​ហេតុ​ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សរសេរ​ថា ផ្នែក​ក្បាល​មាន​ស្នាម​ទ្រុឌ​ជា​រង្វង់​ត្រង់​ក ដោយសារ​កន្សែង​សម្រាប់​ចង​ក​ពណ៌​ត្រួយ​ចេក រន្ធ​គូថ​មាន​ចេញ​លាមក​បន្តិច ប្រដាប់​ភេទ​ចេញ​ទឹក​កាម និង​មាន​ស្នាម​ឈាម​ហូរ​ប្រឡាក់​ជើង​ខាង​ឆ្វេង ដែល​អាច​បណ្ដាល​មក​ពី​ស្រមោច​រោម និង​ខាំ។ អវយវៈ និង​ដង​ខ្លួន​របស់​សព ពុំ​មាន​ឃើញ​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មិន​ជឿ​លើ​របាយការណ៍​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​នេះ​ទេ ដោយ​លើក​ហេតុផល​ថា កន្លែង​ទណ្ឌិត​ស្លាប់​នោះ​គ្មាន​កំណល់​ជាន់​ឡើង​ចង​ក ហើយ​ចម្រឹង​បង្អួច​សម្រាប់​ពាក់​កន្សែង​ចង​ក​នោះ​នៅ​ខ្ពស់ ចំណែក​ស្នាម​ឈាម​ហូរ​តាម​ជើង​នោះ ក៏​ជា​ផ្នែក​មួយ​គួរ​ឲ្យ​សង្ស័យ ទាក់ទង​នឹង​ករណី​មនុស្ស​ឃាត​ដែរ៖ « ហើយ​បើ​មនុស្ស​ហ្នឹង​ធ្វើ​អត្តឃាត​នៅ​កន្លែង​ហ្នឹង​ទេ គឺ​ត្រូវ​ធ្វើ​អត្តឃាត​នៅ​ពន្ធនាគារ​ព្រៃ​ស ម្ល៉េះ ព្រោះ​អ្នក​ហ្នឹង​នៅ​សល់​តែ ១​ឆ្នាំ ៤​ខែ គឺ​គាត់​ត្រូវ​ចេញ​ហើយ »

លោក ភួង សុធា ឲ្យ​ដឹង​ថា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ ឬ ម.៤ មាន​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​ផ្សេងៗ​គ្នា ដូចជា​នាំ​អ្នក​ទោស​មក​ធ្វើ​ការងារ​នៅ​ខាង​ក្រៅ តម្រូវ​ឲ្យ​អ្នក​ទោស​សូក​លុយ​ឲ្យ​អនុរក្ស​ពន្ធនាគារ ដើម្បី​បាន​សម្រាក​នៅ​ក្នុង​បន្ទប់​មិន​សូវ​ចង្អៀត និង​ធ្វើ​បាប។ លោក​ថា បើ​ទោះ​បី​ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ប្រកែក​ថា​មិន​បាន​ធ្វើ​ដូច​ការ​ចោទ ប៉ុន្តែ​រូបភាព​នៃ​ការ​ធ្វើ​បាប​ទណ្ឌិត បាន​ស្ដែង​ចេញ​ជា​រឿយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។