មន្ត្រីក្រុមប្រឹក្សាឃុំនៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រតិកម្មចំពោះមេឃុំរបស់ខ្លួន ថាបានប្រើប្រាស់អំណោយដែលគេចែកជូនមកមន្ត្រីក្រុមប្រឹក្សាឃុំ ពុំមានតម្លាភាព និងប្រកាន់បក្ខពួក។
ការចោទប្រកាន់នេះ បន្ទាប់ពីទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅក្នុងនាមជាអធិបតីភាពក្នុងពិធីបញ្ចុះសីមានៅក្នុងវត្តមួយ ហើយប្រកាសចែកអំណោយជូនពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំនោះ។
អំណោយមួយកញ្ចប់ដែលមានសារុងមួយ និងលុយ ៥ម៉ឺនរៀល ត្រូវបានមន្ត្រីក្រុមប្រឹក្សាឃុំទួលសាលា នៃគណបក្សប្រឆាំងចោទថា លោកមេឃុំប្រើប្រាស់ខុសគោលដៅ ដែលស្នើឲ្យមានការបកស្រាយច្បាស់លាស់ចំពោះអំណោយនេះ។
ជំទប់ទី១ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ របស់គណបក្ស សម រង្ស៊ី លោក សុខ លីហួរ ថ្លែងនៅថ្ងៃទី១២ ខែមិថុនា ថា កាលពីថ្ងៃទី៨ ខែមិថុនា ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហាស់ វ៉ារី បានទៅប្រកាសចែកអំណោយជូនប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងពិធីបញ្ចុះសីមានៅក្នុងវត្តអង្គសាយ ដោយចែកអំណោយជូនពលរដ្ឋប្រមាណ ១ពាន់នាក់ ក្នុងម្នាក់លុយ ១ម៉ឺនរៀល និងសារុង១ មន្ត្រីក្រុមប្រឹក្សាឃុំម្នាក់ ៥ម៉ឺនរៀល និងសារុង១ ហើយលុយ ១លានរៀលផ្សេងទៀត សម្រាប់ក្រាលគ្រួសក្រហមក្នុងសាលាឃុំ។ ប៉ុន្តែ អំណោយទាំងនេះលោកមេឃុំចែកចាយមិនត្រឹមត្រូវនោះទេ។ លោកថា អំណោយដែលត្រូវចែកជូនក្រុមប្រឹក្សាឃុំ ៧នាក់ បែរជាចែកតែក្រុមប្រឹក្សាពីគណបក្សប្រជាជនកម្ពុជា តែក្រុមប្រឹក្សាឃុំពីគណបក្ស សម រង្ស៊ី ២រូប និងពីគណបក្សសិទ្ធិមនុស្ស មួយរូប មិនបានទទួលនោះឡើយ។
លោក សុខ លីហួរ៖ «ប្រកាសហ្នឹងខ្ញុំស្ដាប់បានពីរចំណុចដែលសំខាន់ៗ ដែលខ្ញុំចាប់អារម្មណ៍ហ្នឹង គឺជូន ១លានរៀលលុយខ្មែរ ក្រាលគ្រួសក្រហមសាលាឃុំ ជូនក្រុមប្រឹក្សាឃុំ ៧រូប ក្នុង ១រូប ៥ម៉ឺន សារុង១ ប៉ុន្តែក្រុមប្រឹក្សាឃុំ ៣នាក់ហ្នឹង អត់បានទេ ហើយក្រាលគ្រួសក្រហមសាលាឃុំហ្នឹង ឃើញគេយកអាចម៍ថ្ម ១ឡាន យកមកចាក់ហ្នឹង ១ឡាន ១២ម៉ឺន ហើយនៅសល់ ៨៨ម៉ឺនទៀតមិនដឹងគេយកទៅធ្វើអីទេ។ បើថាឲ្យក្រុមប្រឹក្សាឃុំនិយាយឲ្យដាច់ត្រង់ថា ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា អ៊ីចេះមកខ្ញុំអត់ឆ្ងល់ទេ កុំយកឈ្មោះក្រាលគ្រួសក្រហមសាលាឃុំ បែរយកលុយហ្នឹងយកទៅក្រាលគ្រួសទីស្នាក់ការគណបក្សឲ្យបកស្រាយឲ្យច្បាស់ឡើងវិញ»។
ទាក់ទងបញ្ហានេះ សមាជិកក្រុមប្រឹក្សាឃុំទួលសាលា ពីគណបក្សប្រជាជនកម្ពុជា លោក គុច ផា ឲ្យដឹងថា លោកបានទទួលសារុងមួយ និងលុយ ៥ម៉ឺនរៀល ដែលជាអំណោយរបស់ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហាស់ វ៉ារី ក្នុងពិធីបញ្ចុះសីមានោះ។
ឆ្លើយតបបញ្ហានេះ មេឃុំទួលសាលា លោក មាស សាម៉ុន បានបដិសេធចំពោះការលើកឡើងរបស់មន្ត្រីក្រុមប្រឹក្សាពីគណបក្សប្រឆាំង។ លោកថា អំណោយទាំងនោះ គឺជាអំណោយតាមរយៈបក្សតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សំណើនេះលោកបានស្នើសម្រាប់មេឃុំទាំង ១៥ឃុំ និងសមាជិកក្រុមប្រឹក្សា ៧រូប គឺក្នុងឃុំរបស់លោក ៤រូប និងសមាជិកក្រុមប្រឹក្សាឃុំចចិប ជាប់ព្រំប្រទល់ឃុំលោកចំនួន ៣រូប ក្នុងឃុំរបស់លោកបានចែកជូនជំនួយការមេឃុំ និងនារីឃុំផ្នែកយេនឌ័រ និងក្រុមប្រឹក្សាពីគណបក្សប្រជាជន។ លោកថា រីឯការចាក់គ្រួសថ្មឲ្យសាលាឃុំនោះ គឺជាទឹកចិត្តដែលលោកចាក់ជូននោះទេ ពីព្រោះជាអំណោយមកកាន់មន្ទីរបក្ស។
លោក មាស សាម៉ុន៖ «មិនមែនប្រកាន់គណបក្សទេ ព្រោះគណបក្សហ្នឹងគេអត់បានទៅជិតយើង គាត់អត់បានទៅជួយបង្កលក្ខណៈយើង អ៊ីចឹងឲ្យតែអ្នកមានឈ្មោះអ្នកដែលមានវត្តមានទៅទេ។ គឺខ្ញុំសំណើខាងស្វាយចចិប៧ ទួលសាលា៧ តែអត់បានទេ ដោយយោងលើការខ្វះខាត គាត់ឲ្យតែ៣។ បីនោះការចែកចាយទៀតវាបាត់អស់ទៀត ព្រោះខ្ញុំនៅជាប់ឯកឧត្ដមទេ ឲ្យក្រុមប្រឹក្សាទៅចែក។ ក្នុងនោះ គឺខ្ញុំចែកបានតែស្វាយចចិប៣ ទួលសាលា៤ អត់មានប៉ះពាល់ទៅរដ្ឋអំណាច អត់មានប៉ះពាល់ទៅសតិអារម្មណ៍ប្រជាពលរដ្ឋណាទេ នេះជារឿងខ្ញុំផ្ទាល់រឿងបុគ្គលមនោសញ្ចេតនា»។
នេះមិនមែនជាលើកទី១ទេ នៅពេលដែលមានអំណោយពីសប្បុរសជនមកម្ដងៗ តែងតែមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការចែកមិនស្មើភាព ប្រកាន់បក្ខពួក និន្នាការគណបក្សនយោបាយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
