លោក ស ខេង ព្រមាន​មន្ត្រី​ដែល​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​ជន​បរទេស​ខុស​ច្បាប់

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ពិន័យ​ផ្នែក​រដ្ឋបាល​ចំពោះ​មន្ត្រី​រូប​ណា ដែល​នៅ​តែ​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​មិន​ត្រឹមត្រូវ ចំពោះ​ជន​បរទេស​ដែល​តាំង​ទីលំនៅ​ខុស​ច្បាប់​នៅ​កម្ពុជា។

សារ​ព្រមាន​របស់ លោក ស ខេង នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា នៅ​សាលា​ខេត្ត​កំពត៖«កន្លង​ទៅ​មាន​មន្ត្រី ពិសេស​មន្ត្រី​អត្រានុកូលដ្ឋាន និង​ នគរបាល បាន​ចេញ​លិខិត​មិន​ត្រឹមត្រូវ ឬ​ក៏​មិន​ប្រក្រតី​ឲ្យ​ជនជាតិ​បរទេស​ ដែល​ខុស​ពី​គោលការណ៍។ ត្រង់​នេះ ខ្ញុំ​សូម​ជម្រាប​ថា មន្ត្រី​នោះ​ប្រហែល​ជា​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ពីព្រោះ​ថា​បាន​ណែនាំ​ច្រើន​លើក​ច្រើន​ សា​ហើយ តាម​រយៈ​អគ្គស្នងការ​នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​ អត្តសញ្ញាណកម្ម»។

ក្រៅ​ពី​ព្រមាន​ចំពោះ​មន្ត្រី​របស់​ខ្លួន លោក ស ខេង ក៏​បាន​អះអាង​ដែរ​ថា លោក​នឹង​ចាប់​ផ្ដើម​តាម​ដាន និង​ផ្ទៀងផ្ទាត់​សកម្មភាព​ការងារ​របស់​មន្ត្រី​តាម​អង្គភាព​នីមួយៗ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ពីព្រោះ​កន្លង​មក​មាន​មន្ត្រី​ខ្លះ​មាន​ឈ្មោះ តែ​មិន​មក​ធ្វើ​ការ ឬ​កេង​ប្រវ័ញ្ច​ម៉ោង​ការងារ។

លើស​ពី​នេះ​ទៅ​ទៀត លោក ស ខេង ក៏​បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ដិតដល់​ជូន​ប្រជាពលរដ្ឋ។ លោក ស ខេង ក្រើន​រំឭក​ថា ដោយសារ​កម្ពុជា មាន​សុខ​សន្តិភាព វា​ល្មម​ដល់​ពេល​ហើយ​ដែល​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ គិតគូរ​ជួយ​អភិវឌ្ឍ​ប្រទេស​ទៅ​មុខ ដោយ​ពុំ​គួរ​រង់ចាំ​តែ​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​លើ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។