រោងចក្រ​​​​​ខ្នាត​ធំ​មួយ​ចំនួន​ប្រកាស​បិទ​​ភ្លាមៗ ក្រោយ​ចូលឆ្នាំ និង​មិន​ទាន់​ទូទាត់​សំណង​ឲ្យ​កម្មករ

0:00 / 0:00
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។
កម្មករ​រោងចក្រ ហ៊្វូ លូ (HULU Garment Co. Ltd.) ដែល​ក្រុមហ៊ុន​បញ្ឈប់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោងចក្រ នៅ​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទាមទារ​ក្រុមហ៊ុន​ឱ្យ​ផ្ដល់​ប្រាក់​បំណាច់​ឆ្នាំ។ (រូប៖ កម្មករ)

រោងចក្រ​ខ្នាត​ធំ​មួយ​ចំនួន ដែល​មាន​កម្មករ​ច្រើន​ពាន់​នាក់​ បាន​​ប្រកាស​បិទ​​​​ភ្លាមៗ នៅ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​មិន​ទាន់​ទូទាត់​សំណង​ឲ្យ​កម្មករ​នៅ​ឡើយ​ទេ។ ការ​ប្រកាស​បិទ​​ គឺ​ក្រោម​​មូល​ហេតុ​គ្មាន​អ្នក​បញ្ជា​ទិញ។

រោងចក្រ ដែល​បាន​ប្រកាស​បិទ​ភ្លាមៗ ត្រូវ​បាន​កម្មករ​អះអាង​ថា សុទ្ធ​តែ​ជា​រោងចក្រ​ធំៗ ដែល​មាន​កម្មករ​ច្រើន​ពាន់​នាក់​​ ដូចជា ​រោងចក្រ​ប្រឹភីសឹស (Propitious Cambodia Garment Ltd) នៅ​ក្រុង​តាខ្មៅ រោងចក្រ​គ្លេតភី (Gladpeer Garment Factory (Cambodia) Ltd) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ដើម។

កម្មការិនី​ម្នាក់ នៃ​រោងចក្រ ប្រឹភីសឹស (Propitious) សុំ​មិន​ប្រាប់​ឈ្មោះ​ ឲ្យ​ដឹង​ថា រោងចក្រ​នេះ ប្រកាស​បិទ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី២២ មេសា ដោយ​រដ្ឋបាល បាន​កោះ​ហៅ​ប្រធាន​ក្រុម​ ទៅ​ប្រជុំ​ភ្លាមៗ នៅ​ម៉ោង ២រសៀល ហើយ​មួយ​សន្ទុះ​ក្រោយ​មក ប្រធាន​ក្រុម​មក​ប្រាប់​កម្មករ​តាម​ក្រុម​ថា រោងចក្រ​​បិទ​ចាប់​ពី​ពេល​នេះ​ត​ទៅ ដោយ​សារ​គ្មាន​ការ​បញ្ជា​ទិញ​​ ពី​ក្រៅ​ប្រទេស។

លោក​ស្រី​បន្ត​ថា ភ្លាមៗ នោះ កម្មករ​ស្រឡាំងកាំង​ និង​ជ្រួល​ច្របល់​ពេញ​រោងចក្រ។ កម្មការិនី​រូប​នេះ បន្ត​ទៀត​ថា រោងចក្រ​សន្យា​ បើក​ប្រាក់​ឈ្នួល និង​ទូទាត់​សំណង​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ទី៣០ ចុង​ខែ​មេសា តែ​មិន​ទាន់​បញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ៖ « គេ​ហៅ​ប្រធាន​ ( ក្រុម ) ​ ទៅ​ប្រជុំ។ ដល់​ពេល​ហើយ ប្រធាន​មក​វិញ​ហ្នឹង ប្រាប់​ថា គេ​ ( រោងចក្រ )​ បញ្ឈប់​ទាំង​អស់​អ៊ីចឹង​ណា។ គេ​បិទ​រោងចក្រ​តែ​ម្ដង ទាំង​អ្នក​ចាស់ ទាំង​អ្នក​ថ្មី។ និយាយ​រួម​ទៅ ពួក​ខ្ញុំ សឹង​តែ​នៅ​ក្នុង​ហ្នឹង អត់​ដឹង​អ្វី​តែ​ម្ដង។ តែ​រយៈ​ហ្នឹង ( ប្រធាន​ក្រុម )​ គេ​ថា​ អត់​មាន​ការ​កុម្ម៉ង់​ទិញ ឥវ៉ាន់​ធ្វើ​ទុក​ចោលៗ។ កុម្ម៉ង់​ហើយ គេ ( អ្នក​បញ្ជា​ទិញ ) អត់​យក​វិញ»

កម្មករ​ ឲ្យ​ដឹង​ថា រោងចក្រ ប្រឹភីសឹស មាន​កម្មករ​ប្រហែល ៣.០០០​នាក់។ រោងចក្រ​នេះ​មាន​ថៅកែ​ជា​ជន​ជាតិ​ចិន និង​​កាត់​ដេរ​សំលៀក​បំពាក់​នាំ​ចេញ​ទៅ​ប្រទេស​ជា​ច្រើន ​​ក្នុង​នោះ រួម​មាន សហភាព​អឺរ៉ុប និង​កាណាដា​ជា​ដើម។ តាម​កម្មករ​ដដែល ឱ្យ​ដឹង​ថា ​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19) រោងចក្រ​ប្រឹភីសីស មានកម្ម​ករ​ប្រហែល ៧.០០០ ទៅ ៨.០០០​នាក់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​មក​​នេះ ដោយសារ​គ្មាន​អ្នក​គ្មាន​បញ្ជា​ទិញ និង​​ខ្វះ​វត្ថុ​ធាតុ​ដើម បាន​ធ្វើ​ឱ្យ​រោងចក្រ​កាត់បន្ថយ​កម្មករ ​ជា​បន្ត​បន្ទាប់ រហូត​ដល់​ប្រកាស​បិទ​រោងចក្រ​ភ្លាមៗ។

ចំណែក​រោងចក្រ​ធំ​មួយ​ទៀត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​រោងចក្រ ​គ្លេតភី (Gladpeer Garment Factory (Cambodia) Ltd.) ដែល​កម្មករ​អះអាង​ថា មាន​កម្មករ​ធ្វើ​ការ​ប្រហែល ៦.០០០​នាក់ ក៏​ប្រកាស​បិទ​ទ្វារ​ដែរ ក្រោយ​ព្យួរ​ការងារ​កម្មករ​បាន ១ខែ។

កម្មការិនី​ម្នាក់ នៃ​រោងចក្រ គ្លេតភីហៅ​រោងចក្រ​បី​ជាន់ នៅ​​សង្កាត់​ចោមចៅ ​កញ្ញា ផាន់ ណា ឲ្យ​ដឹង​ថា រោងចក្រ​នេះ បាន​ព្យួរ​ការងារ​កម្មករ​មួយ​ខែ​មក​ហើយ។ លុះ​ថ្ងៃ​ទី​២១ ដល់​​កាល​កំណត់​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ ស្រាប់​តែ​រដ្ឋបាល​ប្រកាស​ថា​រោង​ចក្រ​ប្រកាស​​បិទ ដោយសារ​គ្មាន​អ្នក​បញ្ជា​ទិញ។

កញ្ញា​បន្ត​ថា នៅ​ពេល​កម្មករ​ប្រមូល​គ្នា​តវ៉ា ខាង​រោងចក្រ​សន្យា​ថា នឹង​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ តែ​មិន​មែន​ប្រាក់​អត្ថប្រយោជន៍ ​៥​ចំណុច​តាម​ច្បាប់​ការងារ​ទេ។ កម្មការិនី​ មាន​អតីតភាព​ជិត ៥ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​ថា តាម​ការ​គុណ​តួលេខ ខាង​រោងចក្រ​ប្រាប់​ថា កញ្ញា​នឹង​ទទួល​លុយ​ឈ្នួល និង​អត្ថប្រយោជន៍​សរុប​ទាំង​អស់ ជាង ១០០​ដុល្លារ​អាមេរិក។ កញ្ញា និង​កម្មករ​ផ្សេង​ទៀត មិន​សប្បាយ​​ទេ ដោយសារ​តិច​តួច​ពេក មិន​​ស័ក្ដិសម​ត្រឹម​ប៉ុណ្ណឹង៖ « គុណ​ផង ដក​ផង បើ​និយាយ​ទៅ​ វា​ច្រើន​ពេក។ តែ​បើ​អ្នក​នេះ ( កម្មករ ) គេ​គុណ​ទៅ ឃើញ​តែ​ជាង ១០០ ដុល្លារ អ្វី​ទេ។ គុណ​ផង ដក​ផង ចែក​ផង មិន​ដឹង​ស្អី​ទេ ច្រើន​ណាស់។ ដំបូង​គេ ( រោងចក្រ ) អត់​ប្រកាស​បិទ​ទេ គេ​ប្រកាស​ថា ខែ៣ ថ្ងៃ​ទី២៣ ហ្នឹង គេ​ប្រកាស គេ​ថា ព្យួរ​ការងារ។ ព្យួរ​ការងារ​មួយ​ខែ ដល់​ខែ៤ ចូល​មក​វិញ។ ចូល​មក​វិញ គេ​ប្រកាស​ថា បិទ»

កម្មការិនី​ដដែល ឲ្យ​ដឹង​ថា រោងចក្រ​​គ្លេតភី មាន​កម្មករ​ប្រហែល ៦.០០០​នាក់ មាន​ថៅកែ​ជនជាតិ​ចិន តែ​មិន​ស្គាល់​ម៉ាក​យីហោ​នាំ​ចេញ​ និង​មិន​​ដឹង​ថា រោងចក្រ​នេះ នាំ​សំលៀក​បំពាក់​ចេញ​ទៅ​លក់​នៅ​ប្រទេស​ណា​ទេ។

ចំណែករោងចក្រ​មួយ​ទៀត ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​រោងចក្រ​ហ៊ូលូ (HULU GARMENT Co. LTD.) ក៏​សម្រេច​បិទ​ទ្វារ​ដែរ។ រោងចក្រ​នេះ​បាន​ហៅ​​កម្មករ​ម្ដង​ម្នាក់ ឲ្យ​ដាក់​ពាក្យ​លាលែង​ការងារ ធ្វើ​ឱ្យ​កម្មករ​ច្រើន​រយ​នាក់ ផ្ទុះ​ការ​តវ៉ា ។

កម្មការិនី​ម្នាក់ លោកស្រី វី សុភី ប្រាប់​ថា ថៅកែ​រោងចក្រ​នេះ បាន​​ប្រើ​ពាក្យ​ថា រំសាយ​កម្មករ​ ប្រហែល​ចង់​គេច​វេះ ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទូទាត់​សំណង។ លោកស្រី ថា ថៅកែ​រោងចក្រ ក៏​មាន​ប្រវត្តិ​ធ្លាប់​ព្យួរ​ការងារ​កម្មករ​មួយ​ខែ​ដែរ គឺ​នៅ​ខែ​មីនា ព្រោះ​វិបត្តិ​ជំងឺ​កូវីដ១៩។ លោក​ស្រី​បន្ត​ថា មិន​ទាន់​ដល់​ថ្ងៃ​កំណត់​ចូល​ធ្វើ​ការ​វិញ​ផង ខាង​រោងចក្រ​បាន​ទូរស័ព្ទ​ហៅ​កម្មករ​ម្ដង​ម្នាក់ៗ បង្គាប់​ឲ្យ​ដាក់​ពាក្យ​លាលែង​ពី​ការងារ ដោយ​ប្រាប់​ថា ខាង​រោងចក្រ​រំសាយ​កម្មករ។ លោក​ស្រី​ថា ភាគី​ថៅកែ​រោងចក្រ​ បាន​សន្យា​ផ្ដល់​ប្រាក់​ឈ្នួល ៤០ភាគរយ ឲ្យ​កម្មករ ផ្ដល់​ប្រាក់​អតីត​ភាព​​ឲ្យ​ចំនួន ៣ដុល្លារ និង​ទូទាត់​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ​ឲ្យ តែ​មិន​គ្រប់​ចំនួន​ទេ៖ « មុន​ដំបូង​ គេ ( រោងចក្រ ) ហៅ សួរ​ថា មាន​ការ​ធ្វើ​នៅ ? គេ​ហៅ​មក​ធ្វើការ។ ស្មាន​គេ​ហៅ​ មក​​បើក​ប្រាក់​ខែ ស្មាន​ថា ព្យួរ​ទៅ គេ​ហៅ​មក​បើក​ប្រាក់​ខែ​បំណាច់​ ដល់​បំណាច់​ឆ្នាំ​ អ៊ីចឹង គេ​បើក​អា​តាម​ធម្មតា​​ឲ្យ។ គេ​ថា ផ្ដិត ( មេដៃ ) ឲ្យ​លឿនៗ ដូច​បង្ខំ​ទៅ​ណា​ អ៊ីចឹង។ កម្មករ​ អត់​ព្រម​លា​ឈប់​ទេ តែ​ដល់​ពេល​ក្រដាស​​ហ្នឹង​ចេញ​មក ​សួរ​ដែរ​ ហេតុអ្វី​​ដាក់​លា​ឈប់​អ៊ីចឹង ? គេ ( រោងចក្រ ) ថា ដាក់​លា​ឈប់​អ៊ីចឹង ជា​ការ​ល្អ​មើល។ ល្អ​មើល​យ៉ាង​ម្ដេច បើ​បញ្ឈប់​ដាក់​ថា បញ្ឈប់​ទៅ ដាក់​ក្រដាស​បញ្ឈប់​ទៅ ទៅ​ដាក់​ថា កម្មករ​លា​ឈប់​ធ្វើ​អ្វី

ជុំវិញ​ករណី​ការ​បិទ​រោងចក្រ​ជា​បន្ត​បន្ទាប់​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ទេ។ តែ​លោក​បញ្ជាក់​ប្រាប់​​សារ​ព័ត៌មាន​​ក្នុង​ស្រុក (Phnom Penh Post) ថា បើ​រោងចក្រ​ដែល​បិទ​ទ្វារ ទូទាត់​សំណង​ជូន​កម្មករ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ កម្មករ​អាច​ប្ដឹង​ទៅ​ក្រសួង ដើម្បី​រក​ដំណោះ​ស្រាយ។

ទោះ​ជា​យ៉ាង​ណា ខាង​ភាគី​ថៅកែ​រោងចក្រ ធ្លាប់​ប្រកាស​ថា ស្ថានភាព​រោងចក្រ​នៅ​កម្ពុជា កំពុង​​ជួប​វិបត្តិ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ធ្ងន់ធ្ងរ ដោយសារ​ខ្វះ​ទីផ្សារ​នាំ​ចេញ។ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ស្ថានភាព​ពេល​នេះ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ជួប​ការ​លំបាក​រឿង​ខ្វះ​ទីផ្សារ​នាំចេញ​ផលិតផល ដែល​ដេរ​រួច​ហើយ ដោយសារ​ហាង​ទំនិញ​ធំៗ នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ត្រូវ​បិទទ្វារ ព្រោះ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩។ លោក​ ខេន​លូ ថា​ ការ​បដិសេធ​ទំនិញ​កំពុង​ផលិត ដែល​អ្នក​បញ្ជា​ទិញ បាន​កុម្ម៉ង់​រួច​ បណ្ដាល​ឲ្យ​ខាង​រោងចក្រ​គ្មាន​លុយ​បើក​ឱ្យ​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា តួលេខ​ក្រសួង​ពាណិជ្ជកម្ម គឺ​មាន​រោងចក្រ ៦ បាន​បិទ​ទ្វារ​ជា​ផ្លូវ​ការ ឈប់​នាំ​សំលៀក​បំពាក់​ចេញ​ទៅ​ក្រៅ​ប្រទេស។ តែ​លោក​ថា ករណី​​ជាក់ស្ដែង ការ​បិទ​ទ្វារ​រោងចក្រ កើត​ឡើង​ច្រើន​ជាង​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម។

ចំណែក​រោងចក្រ​បាន​ដាក់​ពាក្យ​ព្យួរ​នៅ​ក្រសួង​ការងារ មាន ១៣០​រោងចក្រ។ លោក អាត់ ធន់ ថា ការ​បិទ​ទ្វារ​រោងចក្រ​ជា​បន្ត​បន្ទាប់​ដូច​ពេល​នេះ ជា​សញ្ញា​មិន​ល្អ សម្រាប់​កម្មករ​វិស័យ​កាត់​ដេរ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​រោងចក្រ​ព្យួរ​ការងារ ហើយ​ទូទាត់​ឲ្យ​កម្មករ​ទទួល​បាន ​៧០ដុល្លារ ក៏​បាន​ដែរ ដើម្បី​ឲ្យ​កម្មករ​មាន​ដើម​ទុន​ខ្លះ ទៅ​ស្រុក​កំណើត ហើយ​មាន​ឱកាស​ត្រឡប់​មក​ធ្វើ​ការ​រោង​ចក្រ​វិញ។

លោក អាត់ ធន់ ក៏​ចង់​​ឲ្យ​រដ្ឋាភិបាល​ជួយ​កម្មករ តាម​រយៈ ជំរុញ​ឲ្យ​​ក្រុមហ៊ុន​ ឬ​រោងចក្រ​ព្យួរ​ការងារ​កម្មករ ជា​ជាង​បិទ​រោងចក្រ និង​គួរ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារ កុំ​ទាន់​អាល​ឲ្យ​កម្មករ​សង​បំណុល​ទាំង​ថ្លៃ​ដើម និង​ការ​ប្រាក់​បណ្ដោះ​អាសន្ន​សិន។

ជាង​នេះ​ទៅ​ទៀត លោក អាត់ ធន់ យល់​ថា ក្រុម​អ្នក​បញ្ជា​ទិញ ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​បង់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ខ្លះ​ដែរ។ លោក​ថា អង្គការ​ការងារ​អន្តរជាតិ (ILO) កំពុង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជំរុញ​ឲ្យ​អ្នក​បញ្ជា​ទិញ ម្ចាស់​ម៉ាក​យីហោ​មួយ​ចំនួន បង់​ប្រាក់​ឲ្យ​កម្មករ​ខ្លះ ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ៖ « គិត​ថា វា​ជា​សញ្ញា​អត់​ល្អ​សោះ សម្រាប់​កម្មករ ព្រោះ ​សហជីព​យើង​ចង់​ឲ្យ​ខាង​រដ្ឋាភិបាល ជំរុញ​ឲ្យ​ក្រុមហ៊ុន​ព្យួរ​ការងារ​ទៅ ហើយ​នៅ​ពេល​ព្យួរ​​ហ្នឹង គិត​លុយ​ឲ្យ​កម្មករ ៦០ % ។ ប៉ុន្តែ​ឥឡូវ​ហ្នឹង រដ្ឋាភិបាល​សម្រេច​៧០​ដុល្លារ។ យើង​គិត​ថា ៧០ដុល្លារ ក៏ ៧០ដុល្លារ​ទៅ។ ប៉ិន​ធ្វើ​ម្ដេច​ឲ្យ​បាន​ព្យួរ នៅ​ពេល​ដែល​វិបត្តិ​ហ្នឹង វា​បាន​ចប់​ កម្មករ​​មាន​ការងារ​ធ្វើ​ទៀត។ តែ​បើ​ក្រុម​ហ៊ុន​សម្រេច​ចិត្ត​បិទ អ៊ីចឹង​យើង​គិត​ថា បើ​បិទ​​ត្រូវ​គុណ​លុយ​ឲ្យ​កម្មករ ឲ្យ​ចប់​អតីត​ភាព​ការងារ ឲ្យ​គេ ៥ចំណុច​តែ​ហ្មង​ទៅ។ តែ​បើ​មិន​បាន​គិត​លុយ​ឲ្យ​គេ​ទេ ហើយ​បិទ​ហ្នឹង ខ្ញុំ​គិត​ថា វា​ជា​ការ​មួយ​ខុស​ឆ្គង​ខ្លាំង​ណាស់ ព្រោះ​កម្មករ​មាន​អ្វី​ទៀត បើ​បិទ​ហើយ គ្នា​មាន​តែ​លុយ​មួយ​កញ្ចប់​ហ្នឹង បាន​ពី​ក្រុមហ៊ុន»

ក្រុម​កម្មករ​ ប្រាប់​ថា នៅ​ពេល​ទទួល​​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​គ្រប់​ចំនួន​ពី​រោងចក្រ​ហើយ ពួក​គេ​ចង់​ស្វែង​រក​ការងារ​រោងចក្រ​ផ្សេង​ទៀត​នៅ​ម្ដុំៗ បន្ទប់​ជួល​របស់​ពួក​គេ​ធ្វើ ព្រោះ​កម្មករ គ្មាន​ជំនាញ​ផ្សេង​ក្រៅ​ពី​នេះ​ទេ។

លោក អាត់ ធន់ ថា បច្ចុប្បន្ន​ចំនួន​រោងចក្រ ដែល​បិទ​ទ្វារ នៅ​មាន​ចំនួន​តិចតួច បើ​ធៀប​នឹង​ចំនួន​រោងចក្រ​កំពុង​ដំណើរ​ការ តែ​បើ​ករណី​វិបត្តិ​នេះ អូស​បន្លាយ​បន្ត​ទៀត រោងចក្រ​ផ្សេង នឹង​ជួប​វិបត្តិ​ដែរ បណ្ដាល​ឲ្យ​កម្មករ​កាន់​តែ​ច្រើន​នឹង​ពិបាក​រក​ការ​ងារ​ធ្វើ។ លោក​ថា កម្មករ​ក្នុង​វិស័យ​ផ្សេង​ទៀត ក៏​កំពុង​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​ដូច​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។