គ្រូបង្រៀនមួយចំនួននៃវិទ្យាល័យច្បារអំពៅ បង្ហាញជំហរមិនគាំទ្រចំពោះការយកដីរបស់សាលាទៅវិនិយោគជួលឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើអាជីវកម្មរកប្រាក់ចំណេញ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំសាលានេះបញ្ជាក់ថា ការសម្រេចយកដីជួលឲ្យក្រុមហ៊ុនឯកជននោះ គឺដើម្បីរកប្រាក់មកអភិវឌ្ឍនៅក្នុងសាលារៀនតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៥ មិថុនា លោកគ្រូ និងអ្នកគ្រូចំនួន ៧នាក់នៃវិទ្យាល័យច្បារអំពៅ ស្ថិតនៅរាជធានីភ្នំពេញ បាននាំគ្នាផ្ដិតមេដៃ និងភ្ជាប់ជាមួយពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍មួយទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ដើម្បីពិនិត្យ និងបញ្ឈប់ការយកដីសាលារៀនដែលជាដីរបស់រដ្ឋ ទៅវិនិយោគឲ្យឯកជនដើម្បីស្វែងរកប្រាក់ចំណេញ។
ពាក្យបណ្ដឹងនេះឲ្យដឹងថា សាលារៀនបានយកដីមានបណ្ដោយចំនួន ២៥០ម៉ែត្រ និងទទឹងចំនួន ៧០ម៉ែត្រ ស្ថិតនៅទីធ្លាខាងក្រោយនៃសាលារៀនទៅជួលឲ្យឯកជនមួយ ដើម្បីអភិវឌ្ឍទៅជាកន្លែងលេងកីឡាបាល់ទាត់ បាល់ទះ វាយសី វាយពីងប៉ុង និងអាងហែលទឹកក្នុងតម្លៃទឹកប្រាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ១ឆ្នាំ និងមានកុងត្រារយៈពេលរហូត ១០ឆ្នាំ។
ឆ្លើយតបនឹងពាក្យបណ្ដឹងនេះ នាយករងនៃវិទ្យាល័យច្បារអំពៅ លោក អ៊ុក វណ្ណា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី១ កក្កដា ថា នៅក្នុងចំណោមបុគ្គលិកបម្រើវិស័យសិក្សាក្នុងវិទ្យាល័យច្បារអំពៅ សរុបទាំងអស់ចំនួន ២៤០នាក់ គឺមានចំនួន ២១៧នាក់ហើយដែលបានឯកភាពគ្នាលើផែនការដើម្បីឲ្យសាលារៀនយកដីទៅវិនិយោគឲ្យក្រុមហ៊ុនឯកជន។ លោកបន្តថា ការសម្រេចយកដីសាលារៀនទៅវិនិយោគបែបនេះ ដោយសារសាលាមានដីធំទូលាយ ហើយស្របពេលកំពុងជួបប្រទះខ្វះខាតថវិកាដើម្បីកសាងរបងសាលារៀន៖« ហើយរបងសាលារៀនមានប្រវែងជាង ៣០០ម៉ែត្រ ហើយថវិកាត្រូវចំណាយលើរបងនោះប្រហែល ៥ ទៅ ៦ម៉ឺនដុល្លារ។ ទីពីរ សាលាមានទីធ្លាធំ ហើយរកលុយពីសប្បុរសមកធ្វើមិនងាយទេ »។
លោក អ៊ុក វណ្ណា បញ្ជាក់ថា ភាគីឯកជនដែលទទួលបានដីសាលារៀនទៅវិនិយោគនេះ គឺជាម្ចាស់ក្រុមហ៊ុន បុរី ហាយធិច លុច្សសារី (BOREY HI-TECH LUXURI) ដែលមានទីតាំងស្ថិតនៅទល់គ្នានឹងសាលារៀន។ លោកអះអាងថា បច្ចុប្បន្ន ភាគីទាំងពីរបានរៀបចំដាក់លិខិតស្នើសុំទៅដល់រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យការវិនិយោគដីក្នុងសាលារៀននោះ ធ្វើឡើងស្របទៅតាមច្បាប់។
វិទ្យាល័យច្បារអំពៅ ដែលមានទំហំផ្ទៃដីសរុបជិត ១០ហិកតារ គឺសង្កេតឃើញថាមានកម្មករមួយចំនួន កំពុងកាយដីចាក់គ្រឹះស៊ីម៉ងត៍នៅលើផ្ទៃដីដែលសាលារៀនសម្រេចធ្វើការវិនិយោគឲ្យក្រុមហ៊ុនឯកជន។
ទោះជាយ៉ាងណា គ្រូបង្រៀនដែលមិនបានគាំទ្រចំពោះការវិនិយោគនេះ បានចាត់ទុកថា គឺមិនមែនជាកីឡាឡើយ តែជាល្បែងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សារបស់សិស្ស និងជាទង្វើផ្ទុយពីច្បាប់ស្ដីពីការអប់រំ ដែលធានាដល់គុណភាពអប់រំចំណេះដឹងទូទៅ។ បន្ថែមពីនេះ ពុំមានច្បាប់ណាមួយដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មជួលទីធ្លាសាលារដ្ឋ ទៅឲ្យឯកជនធ្វើអាជីវកម្មដើម្បីរកប្រាក់ចំណេញឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ថ្លែងប្រាប់អាស៊ីសេរីថា ក្រសួងមិនទាន់ទទួលបានសំណើជុំវិញរឿងសុំជួលដីសាលារៀននៅក្នុងវិទ្យាល័យច្បារអំពៅ នោះទេ ប៉ុន្តែលោកថា ក្រសួងនឹងចាត់មន្ត្រីជំនាញដើម្បីចុះទៅពិនិត្យករណីនេះនាពេលខាងមុខ៖ « ក្រសួងរង់ចាំមើលសំណើមកសិន ថាតើពាក់ព័ន្ធអីខ្លះ ? និងការពិតយ៉ាងណា ? និងការចុះពិនិត្យជាក់ស្ដែង »។
រីឯប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ថ្លែងថា ថ្វីត្បិតតែពុំមានការចែងច្បាប់ឲ្យបានច្បាស់អំពីការជួលដីសាលារៀនទៅឲ្យឯកជនក្ដី ប៉ុន្តែលោកយល់ថា វាជាការល្អទៅវិញប្រសិនបើការវិនិយោគនោះបម្រើផលប្រយោជន៍ទាំងស្រុងឲ្យសាលារៀន៖ « កន្លែងបង្កើតហ្នឹងវាពាក់ព័ន្ធនឹងការអប់រំដែរ អ៊ីចឹងដូចជាមិនជាអីទេ »។
អ្នកច្បាប់រូបនេះបញ្ជាក់ទៀតថា ប្រសិនបើការជួលដីសាលារៀនបែរជាបម្រើផលប្រយោជន៍ឲ្យឯកជន ហើយធ្វើឲ្យបទសង្ស័យពាក់ព័ន្ធការរំលោភសេចក្ដីទុកចិត្ត បុគ្គលនោះអាចប្រឈមមុខនឹងច្បាប់ដាក់ពន្ធនាគារពី ២ឆ្នាំទៅដល់ ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។