កម្មកររោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងការងារ នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមិនបានលទ្ធផល ហើយឈានដល់ផ្ទុះហិង្សានៅព្រឹកថ្ងៃច័ន្ទ ទី១ កុម្ភៈ។
សំឡេងកម្មករស្រែកតវ៉ា៖ «ថៅកែរោងចក្រទី៤ ស្ដារឡៃថ៍ ឃុបឃិតគ្នាបង្កបញ្ហា និងជួលមនុស្សបាតសង្គមមកធ្វើទុក្ខបុកម្នេញបងប្អូនកម្មករ យើងទទួលមិនបានទេ»។
ការជិះរថយន្តដង្ហែក្បួនមកឈប់លើកបដា និងស្រែកតវ៉ាពឹងពាក់ក្រសួងការងារ ហើយបន្តដង្ហែក្បួនដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា នេះ គឺក្រុមកម្មករអះអាងថា ដើម្បីឲ្យជួយដោះស្រាយលក្ខខណ្ឌការងារមួយចំនួន និងចាត់វិធានការលើក្រុមហ៊ុនដែលជួលក្រុមក្មេងទំនើងជាច្រើននាក់ ឲ្យដេញវាយកាប់ចាក់លើមន្ត្រីសហជីព និងកម្មករ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ។
អគ្គលេខាធិការសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា លោក ច័ន្ទ វាសនា អះអាងថា ក្រោយមានការស្រែកតវ៉ាមួយសន្ទុះរបស់កម្មករ មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា បានចេញមកទទួលញត្តិ ដោយសន្យាថា នឹងជួយតាមដានដោះស្រាយតាមសំណើ៖ «ខាងសម្ដេច ហ៊ុន សែន គ្រាន់តែសន្យាថា នឹងតាមដានព័ត៌មាននេះ ហើយខាងសភាក៏ដូចគ្នាដែរ គឺថានឹងស៊ើបអង្កេតចំពោះរឿងដែលកើតឡើងនេះ ហើយមិនបានសន្យាថា នឹងជំរុញឲ្យមានការចរចាល្អប្រសើរនោះទេ»។
ចំណែកលទ្ធផលនៃជំនួបពិភាក្សាជាង ១ម៉ោងនៅក្រសួងការងារ វិញ លោក ច័ន្ទ វាសនា អះអាងថា ក្រសួងការងារ សន្យាថានឹងពិនិត្យដោះស្រាយភ្លាមៗ។ ចំពោះករណីហិង្សានោះ គឺក្រសួងជំរុញឲ្យសហជីព ដាក់ពាក្យបណ្ដឹងទៅប៉ូលិស និងស្ថាប័នតុលាការ៖ «ក្រសួងការងារ សន្យាថា ថ្ងៃនេះហៅភាគីរោងចក្រមកសួរព័ត៌មានរឿងហេតុកើតឡើង ហើយថ្ងៃស្អែក គេនឹងចុះទៅដោះស្រាយផ្ទាល់»។
ទាក់ទិនករណីនេះ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ដោយសារជាប់រវល់។
ក្រុមកម្មករអះអាងថា ពួកគេបានឈរតវ៉ានៅមុខរោងចក្រ ទាមទារលក្ខខណ្ឌការងារចំនួន ១៨ចំណុចរយៈពេល ៨ថ្ងៃមកហើយ ប៉ុន្តែមិនត្រឹមតែមិនទទួលបានដំណោះស្រាយនោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនជួលក្មេងទំនើងឲ្យដេញវាយមន្ត្រីសហជីព និងកម្មករ បណ្ដាលឲ្យរងរបួស ៨នាក់ និងខូចខាតទ្រព្យសម្បត្តិពួកគេនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ទៀតផង។
កម្មការិនី ផល រ៉ានី រៀបរាប់ថា មុនផ្ទុះហិង្សានោះ ដំបូងឡើយ ក្រុមកម្មករបានប្រមូលផ្តុំគ្នារៀបចំដង្ហែក្បួនតវ៉ាអហិង្សាឆ្ពោះមកភ្នំពេញ ប៉ុន្តែភ្លាមៗនោះ ក៏មានក្រុមក្មេងទំនើងលើសពី ១០នាក់ ប្រដាប់ដោយកាំបិត និងដំបង បានដេញកាប់វាយមន្ត្រីសហជីព និងកម្មករទាំងកម្រោល ដើម្បីរាំងស្ទះមិនឲ្យកម្មករឡើងមកភ្នំពេញនោះទេ៖ «ពួកវាហូតកាំបិតមកដេញកាប់កម្មករដូចដេញកាប់គោអ៊ីចឹង។ វាកាប់បំផ្លាញ និងវាយមេក្រូអាគុយ និងមួកសុវត្ថិភាពខ្ទេចអស់ ហើយមានម្នាក់ទៀតគេកាប់មុតកដែរ»។
ក្រុមកម្មករ ក៏សម្ដែងការសោកស្ដាយដែលអាជ្ញាធរមិនបានទប់ស្កាត់ ហើយបែរជាមានប៉ូលិសប៉េអិមខ្លះទៀត ស្លៀកពាក់ស៊ីវិលចូលរួមបង្ក្រាបកម្មករដែរ។
រោងចក្រ ស្ដារឡៃថ៍ អឹភែរិល ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេ នៅថ្ងៃទី១ ខែកុម្ភៈ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
លក្ខខណ្ឌការងារ ១៨ចំណុចដែលក្រុមកម្មករទាមទារនោះ គឺស្នើឲ្យក្រុមហ៊ុនទទួលយកមន្ត្រីសហជីព និងកម្មករ ចូលធ្វើការធម្មតាវិញ បញ្ឈប់ការគាបសង្កត់សិទ្ធិសេរីភាពកម្មករ និងឈប់ប្រើកម្មករឲ្យធ្វើការហួសកម្លាំងពលកម្ម បើកប្រាក់ខែសមាមាត្រចំនួន ៣ខែឲ្យកម្មការិនីសម្រាលកូន និងរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែលអំឡុងនៃការធ្វើកូដកម្ម។
តំណាងសហជីពអះអាងថា ភាគីនិយោជកគ្មានឆន្ទៈកែសម្រួលលក្ខខណ្ឌការងារមួយចំនួនឲ្យស្របតាមច្បាប់ការងារនោះទេ ហើយតែងតែព្យាយាមគេចវេះពីការចរចា និងប្រើល្បិចកលបង្ខំ និងគំរាមកំហែងកម្មករឲ្យឈប់តវ៉ា។
ក្រុមកម្មករទាំងនោះអះអាងថា ប្រសិនបើរដ្ឋាភិបាល រដ្ឋសភា និងក្រសួងការងារ មិនគោរពការសន្យាដោះស្រាយវិវាទការងារនេះទេនោះ ក្រុមកម្មករទាំងអស់ នឹងនៅតែបន្តតវ៉ារហូតដល់ទឹកចុងក្រោយ បើទោះបីជារងនូវហិង្សា និងការគំរាមកំហែងយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។