ប្រធាន​គណនេយ្យ​អប់រំ​ស្រុក​នៅ​ស្វាយរៀង​រង​ការ​ចោទ​ថា​ពុក​រលួយ​កាត់​ប្រាក់​ខែ​គ្រូ

គ្រូ​បង្រៀន​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង អះអាង​ថា មន្ត្រី​គណនេយ្យ​ការិយាល័យ​អប់រំ​ស្រុក​រំដួល ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កាត់​ប្រាក់​ខែ​គ្រូ​បង្រៀន ក្នុង​មួយ​នាក់​ពី ១.៥០០ ទៅ ៣.០០០​រៀល រៀង​រាល់​ពេល​បើក​ប្រាក់​ខែ។ ប៉ុន្តែ មន្ត្រី​គណនេយ្យ​អប់រំ​ស្រុក បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

0:00 / 0:00

គ្រូ​បង្រៀន​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រាល់​ពេល​បើក​ប្រាក់​ខែ​ម្ដងៗ ពុំ​ដែល​មាន​គ្រូ​បង្រៀន​ណា​ទទួល​បាន​ប្រាក់​ខែ​បង្រៀន​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ចំនួន ទៅ​តាម​ប្រាក់​ខែ​ដែល​ទទួល​បាន​នោះ​ទេ គឺ​តែង​តែ​មាន​ការ​បាត់​បង់​កន្ទុយ​ប្រាក់​សេសសល់​ក្រោម ៥​ពាន់​រៀល​នោះ​ជា​ដរាប។

គ្រូ​បង្រៀន​នៅ​ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ថា រាល់​ពេល​បើក​ប្រាក់​ពី​ប្រធាន​គណនេយ្យ​ម្ដងៗ គ្រូ​បង្រៀន​តែង​តែ​រអ៊ូរទាំ​រឿង​បញ្ហា​ការ​បាត់​បង់​ប្រាក់​ខែ​របស់​ខ្លួន ប៉ុន្តែ​ពុំ​មាន​គ្រូ​បង្រៀន​ណា​ម្នាក់​ហ៊ាន​ហា​មាត់​សួរ​ទៅ​មន្ត្រី​គណនេយ្យ​អប់រំ​ស្រុក​ឡើយ ព្រោះ​ខ្លាច​នាំ​ផល​លំបាក​ដល់​ខ្លួន​នៅ​ពេល​បើក​ប្រាក់​ខែ​ក្រោយ​ទៀត។

លោក​ថា ជាង​នេះ​ទៅ​ទៀត មន្ត្រី​គណនេយ្យ​អប់រំ​ស្រុក ថែម​ទាំង​បាន​ប្រើ​ពាក្យ​អសុរោះ​ទៅ​លើ​គ្រូ​បង្រៀន ពេល​បើក​ប្រាក់​ខែ​ទៀត​ផង៖ «ពេល​យើង​សួរ​នាំ​អា​រឿង​បៀវត្ស​ហ្នឹង គាត់​ថា​អា​នេះ​គ្រាន់​តែ​លុយ​ប៉ុណ្ណឹង​សុទ្ធតែ​តាម​ដាន​តាម​អី​ទៀត សុទ្ធ​តែ​រិះ​សុទ្ធតែ​ត្បេះ ថា​អា​ឯង​រិះ​ម្ល៉េះ អា​ឯង​ត្បេះ​ម្ល៉េះ និយាយ​អ៊ីចឹង​បង និយាយ​ពាក្យ​មិន​សមរម្យ​ដាក់​យើង​អ៊ីចឹង។ ហើយ​មាន​ការ​រើសអើងៗ​ថា ដូច​យើង​សួរ​នាំ​អ៊ីចឹង គាត់​មាន​ការ​កត់​សម្គាល់​ទុក ថា​អូ​យើង​ចង់​ដឹង​រឿង​ប្រាក់​ខែ​ប្រាក់​អី​ហ្នឹង។ កន្ទុយ​ប្រាក់​បៀវត្ស​ខ្ញុំ​នេះ​បាត់​កន្ទុយ ២​ពាន់​អ៊ីចឹង គាត់​អត់​ឲ្យ​យើង គាត់​យក​លេស​ថា​ទ្រទ្រង់​ការិយាល័យ​ទ្រទ្រង់​អី​អ៊ីចឹង​ទៅ​បាត់​រហូត»

រីឯ​គ្រូ​បង្រៀន​បឋម​សិក្សា​នៅ​ស្រុក​រំដួល ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា នៅ​ពេល​ដែល​គ្រូ​បង្រៀន​ណា​មិន​ចង់​កាត់​ប្រាក់​ខែ​ដែល​មាន​កន្ទុយ​សេសសល់ ឲ្យ​ទៅ​មន្ត្រី​គណនេយ្យ​អប់រំ​ស្រុក គ្រូ​បង្រៀន​នោះ​នឹង​ទទួល​ពាក្យ​គំរោះគំរើយ​ឆ្លើយ​តប​មក​វិញ​ជាក់​ជា​ពុំ​ខាន៖ «ភាគ​ច្រើន​អ៊ីចឹង​ហ្មង អា​ហ្នឹង​គេ​អត់​បញ្ជាក់​មូលហេតុ​ផង។ វា​ថា​គេ​កាត់ៗ​ទៅ យើង​អត់​ដឹង​ផង អត់​ដឹង​ថា​កាត់ៗ​ដើម្បី​អី កាត់​ធ្វើ​អី​ផង ខ្ញុំ​មិន​បាន​ដឹង​ដែរ​អា​រឿង​ហ្នឹង។ បាទ! អត់​មាន​បាន​សួរ​ផង វា​កាត់ៗ​ទៅ​ចេះ​តែ​ឆ្ងល់​ទៅ បើក​ហើយ​មក​ផ្ទះ​ទៅ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណនេយ្យ​ការិយាល័យ​អប់រំ​ស្រុក​រំដួល លោក អ៊ុក សន បដិសេធ​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​គ្រូ​បង្រៀន ដែល​ថា​លោក​បាន​ប្រើ​ពាក្យ​អសុរោះ និង​កាត់​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​នេះ។ លោក​ថា ឆ្នាំ​មុនៗ​ធ្លាប់​បាន​សុំ​ឲ្យ​គ្រូ​ជួយ​ខ្លះ​មែន ប៉ុន្តែ​ការ​យក​នេះ​ពុំ​មែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​នាំ​ពី​ក្អែក​ទៅ​ចែក​តាវៅ​ទេ ដើម្បី​ឲ្យ​ឯកសារ​បាន​ដំណើរ​ការ​ទៅ​រលូន៖ «ខ្ញុំ​មិន​ដឹង​ដែរ ព្រោះ​ខ្ញុំ​មិន​ដែល​យក​គ្រូ​ណា​បាន ពីរ​បី​ពាន់​ផង។ បើ​មាន ខ្ញុំ​យក​បាន​តែ ១​ពាន់​ពី​គ្រូ​ណា​មួយ វា​ដូច​ជា​អត់​មាន​គ្រូ។ គ្រូ​ហ្នឹង​មិន​ងាយ​ទេ បង​កាន់​ងារ​ហ្នឹង​បើ​និយាយ​ជាមួយ​គ្រូ​ហ្នឹង សូម្បី​តែ​១០០ ក៏​សុំ​អាប់​ដែរ កុំ​និយាយ​ឡើយ​សុំ​ពីរ​បី​ពាន់»

ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា លោក រ៉ុង ឈុន បង្ហាញ​ថា ការ​លើក​ឡើង​របស់​គ្រូ​បង្រៀន ដែល​ថា មន្ត្រី​គណនេយ្យ​កាត់​ប្រាក់​ខែ​របស់​ពួក​គាត់ គឺ​ជា​រឿង​ត្រឹមត្រូវ។ ហើយ​អ្វី​ដែល​មន្ត្រី​គណនេយ្យ​អប់រំ​ស្រុក​បដិសេធ​ពុំ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ គឺ​ជា​ការ​ឆ្លើយ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ៖ «លក្ខខណ្ឌ​កម្រ​ណាស់ គាត់​ហ៊ាន​បញ្ចេញ​មតិ​ហ៊ាន​ជម្រាប​ដល់​សារព័ត៌មាន គាត់​ស្ថិត​នៅ​ក្នុង​ការ​ភ័យ​ខ្លាច។ អ៊ីចឹង អ្វី​ដែល​គាត់​លើក​ឡើង គាត់​ទ្រាំ​លែង​បាន​ហើយ។ អ៊ីចឹង អី​ដែល​គាត់​លើក​ឡើង​វា​ជា​ការ​ពិត។ ហើយ​សុំ​ឲ្យ​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​លុប​បំបាត់​នូវ​រាល់​ការ​កេង​ប្រវ័ញ្ច​កាត់​លុយ ១​ពាន់ ទៅ​ដល់ ៣​ពាន់ ចំពោះ​គ្រូ​បង្រៀន​នេះ​បាទ»

មន្ត្រី​អប់រំ រាប់​ពី​គ្រូ​បង្រៀន​បឋម​សិក្សា គ្រូ​អនុវិទ្យាល័យ និង​គ្រូ​បង្រៀន​វិទ្យាល័យ គ្រូ​បង្រៀន​ទាំង​នោះ ពេល​បើក​ប្រាក់​បៀវត្ស​របស់​ខ្លួន គឺ​ត្រូវ​ទៅ​បើក​ពី​គណនេយ្យ​ការិយាល័យ​អប់រំ​ស្រុក។ ហើយ​គ្រូ​បង្រៀន​នៅ​ស្រុក​រំដួល ដែល​ត្រូវ​ទៅ​បើក​ប្រាក់​ខែ​ពី​គណនេយ្យ​អប់រំ​ស្រុក​សរុប​ទាំងអស់ មាន​ប្រមាណ​ជាង ៥០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។