ព្រៃសហគមន៍ចម្ការកូនគគីរ ដែលស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង កំពុងវិវឌ្ឍខ្លួនទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរបណ្ដើរៗ ក្រោយពីប្រជាសហគមន៍ អង្គការសង្គមស៊ីវិល និងអាជ្ញាធរចាប់ដៃគ្នាអភិរក្សព្រៃឈើ និងដាំកូនឈើជាច្រើនប្រភេទនៅតំបន់នោះ។ ទោះជាយ៉ាងណា សហគមន៍អំពាវនាវឲ្យរដ្ឋាភិបាលជួយជ្រោមជ្រែងបន្ថែមទៀតដើម្បីឲ្យក្តីសុបិនក្លាយជាការពិតទាំងស្រុង។
រមណីយដ្ឋានព្រៃសហគមន៍ចម្ការកូនគគីរ ឬហៅថា សហគមន៍ព្រៃឈើព្រៃចម្ការកូនគគីរនេះ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីក្រុងបាវិត និងមានចម្ងាយប្រមាណជិត ៤០គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។
ទេសភាពនៅទីនេះ គឺមានស្ពានឈើចូលទៅក្នុងព្រៃអាកាស្យា ដែលតម្រៀបគ្នាជាជួរយ៉ាងស្កឹមស្កៃ មានកូនឈើប្រណិតជាច្រើនប្រភេទ និងមានថូផ្ការីកស្រស់តូចធំជាច្រើនត្រូវគេចងព្យួរជាខ្សែហូរហែក្នុងរមណីយដ្ឋាន។ ក្រៅពីនេះ មានស្រះទឹកធម្មជាតិ មានកន្លែងអង្គុយលេង និងទទួលទានអាហារបែបធម្មជាតិទៀតផង ដែលទើបនឹងបើកដំណើរការប៉ុន្មានខែចុងក្រោយនេះ មិនទាន់ល្បីរន្ទឺលេចឮសុះសាយខ្លាំងឡើយ។ ថ្វីត្បិតតែទិដ្ឋភាពទាំងនេះនៅមិនទាន់ទាក់ទាញខ្លាំងប៉ុន្មានក្ដី ប៉ុន្តែព្រៃសហគមន៍កូនគគីរ ដែលគាំទ្រដោយអង្គការសន្តិសេនា និងអាជ្ញាធរពាក់ព័ន្ធ មានជំនឿថា ទីនេះនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីមួយប្រចាំខេត្តស្វាយរៀង នៅពេលខាងមុខ។
ប្រធានព្រៃសហគមន៍ចម្ការកូនគគីរ គឺព្រះតេជព្រះគុណ ឈឹង តុំ មានថេរដីកាថា បច្ចុប្បន្នមានភ្ញៀវទេសចរណ៍មួយចំនួនចាប់ផ្ដើមចាប់អារម្មណ៍មកកម្សាន្តនៅទីនេះជាបន្តបន្ទាប់។ ប្រការនេះ បានធ្វើឲ្យសហគមន៍មានកម្លាំងចិត្តខិតខំការពារព្រៃឈើ និងដាំដុះកូនឈើប្រណិតបន្ថែមទៀត ក្នុងបំណងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិផង សម្រាប់ផ្ដល់អនុផលព្រៃឈើដូចជាផ្សិតដល់ប្រជាសហគមន៍ផង និងទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយបានស្គាល់ផង៖ « អាត្មាមានចិត្តសប្បាយរីករាយដែលប្រជាពលរដ្ឋចូលរួមជាមួយសហគមន៍ព្រៃឈើនេះ ដើម្បីទុកឲ្យប្រជាពលរដ្ឋដទៃបានដឹងអំពីធនធានធម្មជាតិ ថាតើវាផ្តល់សារប្រយោជន៍យ៉ាងម៉េចខ្លះដល់ប្រជាពលរដ្ឋ ហើយពួកគាត់អាចមកកម្សាន្តជាលក្ខណៈគ្រួសារ និងញ៉ាំអាហារនៅទីនេះបាន » ។

ព្រៃសហគមន៍ចម្ការកូនគគីរនេះ មានផ្ទៃដី ៤០៤ហិកតារ គ្របដណ្ដប់លើភូមិចំនួន៥ ក្នុង ៤ឃុំ-សង្កាត់។
ប្រធានគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុរបស់អង្គការសន្តិសេនា លោក អ៊ិច សារ៉ាន មានប្រសាសន៍ថា អង្គការរបស់លោកបានគាំទ្របច្ចេកទេសជាច្រើនដល់សហគមន៍ ដើម្បីឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ៖ « យើងមានផែនការដើម្បីអភិវឌ្ឍកន្លែងនេះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ព្រោះនៅខេត្តស្វាយរៀង មិនទាន់មានកន្លែងណាមួយដែលធ្វើឲ្យទៅជាតំបន់អេកូទេសចរណ៍នោះទេ។ វាស្ថិតក្នុងដំណាក់ពីមួយជំហានទៅមួយជំហានរបស់យើង។ ឥឡូវនេះ យើងទើបតែចាប់ផ្តើមបង្កើតឲ្យមានអាហារដ្ឋាន មានកន្លែងកម្សាន្ត មានផ្លូវចូលព្រៃដែលគ្រាន់តែជាផ្នែកមួយ ហើយទៅមុខទៀត យើងនឹងធ្វើឲ្យបាន » ។
បច្ចុប្បន្នមនុស្សម្នាបានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថ ឬក៏ងាកទៅរកធម្មជាតិវិញ ដោយសូម្បីតែនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តនានាទាំងនៅក្នុងទីក្រុង និងជនបទជាដើម គេខំច្នៃប្រឌិតបង្កើតព្រៃភ្នំដងអូរសិប្បនិមិត្តដើម្បីជាការទាក់ទាញ ខណៈដែលព្រៃឈើ ឬធនធានធម្មជាតិ ជាក់ស្ដែងហាក់ត្រូវបានបាត់បង់បន្តិចម្ដងៗ។
លោក អ៊ិច សារ៉ាន លើកឡើងដែរថា ប្រសិនបើព្រៃសហគមន៍ចម្ការកូនគគីរនេះអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិនៅពេលខាងមុខ នោះប្រជាពលរដ្ឋលើសពី ៥ភូមិ ដែលរស់នៅព័ទ្ធជុំវិញព្រៃសហគមន៍ នឹងអាចទាញយកចំណូលបានពីវិស័យទេសចរណ៍តាមរយៈការផ្គត់ផ្គង់បន្លែ ត្រីសាច់ធម្មជាតិ និងលក់វត្ថុអនុស្សាវរីយ៍៖ « នៅរមណីយដ្ឋាននេះ គឺយើងអាចទិញនូវផលិតផល ឬអ្វីដែលសហគមន៍បានផលិតដូចជាមាន់ ដូចជាបន្លែ ដែលយើងបានឧបត្ថម្ភ និងបានជួយផ្តល់បច្ចេកទេស និងធនធាន ដូច្នេះពួកគាត់អាចលក់មករមណីយដ្ឋានរបស់យើង ហើយវាក៏អាចជួយសម្រួលផ្តល់ការងារដល់សហគមន៍ដែរ ព្រោះបុគ្គលិកទីនេះភាគច្រើនមកពីសហគមន៍ » ។

ប្រជាសហគមន៍ចម្ការកូនគគីរ លោក អ៊ិន លី លើកឡើងថា ក្រោយអភិរក្សព្រៃក្នុងសហគមន៍នោះគឺប្រជាពលរដ្ឋជាច្រើនភូមិ អាចរកបានចំណូលបានគួរសមពីការដើរបេះផ្សិតក្នុងព្រៃសម្រាប់ដោះស្រាយជីវភាព។ លើសពីនេះ លោកបន្ថែមថា ប្រជាពលរដ្ឋនឹងកាន់តែត្រេកអរប្រសិនបើព្រៃសហគមន៍ចម្ការកូនគគីរ ក្លាយទៅជាតំបន់ទេសចរណ៍ ព្រោះពួកគាត់នឹងមានឱកាសចិញ្ចឹមជ្រូក មាន់ ត្រី សាច់ និងដាំបន្លែផ្លែឈើឡើងវិញសម្រាប់ផ្គត់ផ្គង់ដល់សហគមន៍ ដើម្បីលក់បន្តដល់ភ្ញៀវទេសចរ។ បច្ចុប្បន្ននេះ ពលរដ្ឋភាគច្រើននៅតំបន់នោះ បាត់បង់មុខរបរចិញ្ចឹមសត្វលក្ខណៈគ្រួសារ ដោយសារតែមានការនាំចូលម្ហូបអាហារ និងទំនិញមិនប្រក្រតីជាច្រើនពីប្រទេសវៀតណាម ចូលប្រទេសកម្ពុជា៖ « អនុផលព្រៃឈើ គឺយើងអាចបានផ្សិត និងឧសសម្រាប់ដុត។ តាមគំនិតខ្ញុំ គឺថាការបង្កើតតំបន់ទេសចរណ៍ព្រៃធម្មជាតិនេះអាចឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ចិញ្ចឹមមាន់ចិញ្ចឹមទា អាចលក់មកសហគមន៍បាន ហើយបានចំណូលដល់ប្រជាពលរដ្ឋ » ។
ចៅសង្កាត់បាទី លោក ចាន់ សារ៉ុន ថ្លែងថា លោកមិនទាន់ហ៊ានវាយតម្លៃយ៉ាងណានោះទេ ចំពោះគម្រោងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិនេះ ព្រោះថា ទើបតែដាក់អោយដំណើរការ។ លោកអះអាងថា ខាងអាជ្ញាធរគាំទ្រគម្រោងនេះជានិច្ច។
ប្រធានគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុរបស់អង្គការសន្តិសេនា អំពាវនាវឲ្យរដ្ឋាភិបាល ជួយជ្រោមជ្រែងបន្តពីអ្វីដែលអង្គការបានជួយ និងសហគមន៍កំពុងមានស្រាប់ ដើម្បីឲ្យផែនការអភិវឌ្ឍន៍ព្រៃសហគមន៍ចម្ការកូនគគីរ ក្លាយទៅជាតំបន់ទេសចរណ៍ឆាប់រហ័ស៖ « សូមឲ្យរដ្ឋាភិបាលជួយបន្តនូវអ្វីដែលយើងបានជួយគាំទ្រដល់សហគមន៍ និងសហគមន៍មានក៏ដូចជាអង្គការផ្សេងៗទៀតដែលលោកចាប់អារម្មណ៍ទៅលើអេកូស្គួល (Eco-Scool) សូមចូលរួមជួយ។ ឧទាហរណ៍ដូចជាដេគ័រ និងរៀបចំជាសួនដែលមើលទៅពេញតែម្តង ព្រោះវាជួយច្រើនដល់ប្រជាសហគមន៍ » ។
អាស៊ីសេរី មិនទាន់អាចសុំការយល់ឃើញរបស់អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល និងនាយករដ្ឋបាលសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានទេ នៅថ្ងៃទី២៩ ខែសីហា ដោយលើកឡើងថា កំពុងជាប់រវល់ប្រជុំ។
ក្រុមប្រជាសហគមន៍ និងមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើក្ដីប្រាថ្នានៃការបង្កើតតំបន់ទេសចរណ៍ធម្មជាតិនេះ ក្លាយជាការពិតនោះ វានឹងបង្កើតការងារក្នុងតំបន់ និងបង្កើនចំណូលពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។