អង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) បានរៀបចំពិធីប្រកួតប្រជែងជ្រើសរើសរូបថតល្អឯក ដើម្បីឆ្លុះបញ្ចាំងអំពីផលប៉ះពាល់នៃអំពើពុករលួយនៅកម្ពុជា ដែលពិធីនេះនឹងប្រារព្ធនៅថ្ងៃទី២១ មីនា ឆ្នាំ២០១៤ នៅការិយាល័យនៃអង្គការតម្លាភាពនារាជធានីភ្នំពេញ។
មន្ត្រីអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការនេះបញ្ជាក់នៅថ្ងៃទី៥ មីនា ថា បេក្ខជនគ្រប់រូបអាចចូលប្រឡងបានគ្រប់គ្នា ដោយគ្រាន់តែផ្ញើរូបថត១សន្លឹក ឬ ៣សន្លឹក ដែលឆ្លុះបញ្ចាំងអំពីផលប៉ះពាល់អវិជ្ជមានដល់សង្គម ទៅកាន់អង្គការតម្លាភាពតាមរយៈអ៊ីមែល ឬយកទៅផ្ទាល់ក៏បាន។
លោកបញ្ជាក់អំពីលក្ខណៈគុណភាពរូបថតដែលត្រូវដាក់ប្រឡងនោះថា មានលក្ខខណ្ឌបីសំខាន់ គឺសិល្បៈ ការច្នៃប្រឌិតរូប និងគុណភាពរូប៖ «លក្ខខណ្ឌសំខាន់ៗក្នុងការប្រកួតប្រជែងហ្នឹង ទី១ គឺទាក់ទងខ្លឹមសារនៃរូបភាពហ្នឹង ថាតើរូបភាពហ្នឹងឆ្លុះបញ្ចាំងសាធារណជនឲ្យគាត់ឃើញរូបភាព តើគាត់អាចស្រមៃឃើញជាសិល្បៈហ្នឹង តើគាត់អាចឆ្លុះបញ្ចាំងអំពើពុករលួយនៅកម្ពុជា ឬអត់? ទី២ ពេលប្រជាពលរដ្ឋសាមញ្ញមើលទៅ តើគាត់ចាប់អារម្មណ៍ដែរទេ។ ទី២ហ្នឹង យើងមើលទៅលើភាពច្នៃប្រឌិតរបស់រូបភាពហ្នឹង តើរូបភាពហ្នឹងអាចធ្វើឲ្យមានការចាប់អារម្មណ៍ដូចម្ដេច បើសិនជាប្រជាពលរដ្ឋសាមញ្ញអាចឃើញរូបហ្នឹង ទៅគាត់អាចចាប់អារម្មណ៍មើលភ្លាមៗទេ។ ទី៣ គឺគុណភាពហ្នឹងរូបភាពហ្នឹងតែម្ដង ថាតើរូបហ្នឹងទាក់ទងពណ៌ បេកក្រោន (Background) នៃរូបភាពហ្នឹង ទាក់ទងអត្ថន័យផ្សេងៗ រូបភាពហ្នឹង តើអាចឆ្លុះបញ្ចាំងគុណភាពល្អជាងគេ»។
លោក ប៉ិច ពិសី បញ្ជាក់បន្ថែមអំពីគោលបំណងនៃការប្រកួតប្រជែង និងគុណភាពរូបភាពដែលត្រូវដាក់ប្រឡងថា មាន ៣ចំណុចទៀត គឺទី១ រូបភាពនេះឆ្លុះបញ្ចាំងអំពីប្រព័ន្ធអភិបាលកិច្ចល្អរបស់កម្ពុជា ទៅនឹងអំពើពុករលួយ ដើម្បីឲ្យអង្គការតម្លាភាពកម្ពុជា យកទៅដាក់ជាគម្រោងរបាយការណ៍ស្រាវជ្រាវមួយ ទាក់ទងនឹងប្រព័ន្ធសុចរិតភាពថ្នាក់ជាតិ។ ទី២ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការលើកស្ទួយសុចរិតភាព និងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការចូលរួមនៃការប្រកួតប្រជែងនេះ និងទី៣ គឺដើម្បីបង្ហាញខ្លឹមសារនៃអំពើពុករលួយតាមរយៈរូបភាព ពិសេសផលប៉ះពាល់នៃអំពើពុករលួយតាមរយៈរូបភាព។
លោកថា ជ័យលាភីទី១ នឹងទទួលបានម៉ាស៊ីនថតរូបឌីជីថលមួយគ្រឿង ហើយជ័យលាភីទី២ និងទី៣ នឹងទទួលបានវគ្គបណ្ដុះបណ្ដាលខ្លីអំពីជំនាញថតរូប ដែលបង្រៀនដោយក្រុមអ្នកថតរូបបរទេសឈ្មោះថា រួមខឡិកធីវ (RUOM Collective)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។