គ្រូបង្រៀនមួយចំនួននៅវិទ្យាល័យគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បាក់ទឹកចិត្តក្នុងការបង្រៀនសិស្ស ដោយសារនាយកសាលានេះចាយវាយថវិកា ភី.ប៊ី (PB) គ្មានតម្លាភាព។ ពួកគាត់អះអាងថា កន្លងទៅ ពួកគាត់បានស្នើឲ្យនាយកសាលានេះបង្ហាញពីការចាយវាយឲ្យមានតម្លាភាពជាច្រើនលើកហើយ តែគ្មានដំណោះស្រាយ។ នាយកវិទ្យាល័យគាស់ក្រឡ បានបដិសេធចំពោះការចោទប្រកាន់នេះ។
ក្រុមគ្រូបង្រៀននៅវិទ្យាល័យគាស់ក្រឡ ទទូចឲ្យនាយកសាលាមួយនេះប្រើប្រាស់ថវិកា ភី.ប៊ី (PB) ឲ្យមានតម្លាភាព ដើម្បីអភិវឌ្ឍសាលាឲ្យបានរីកចម្រើនទៅមុខ។
ក្រុមគ្រូបង្រៀននៅវិទ្យាល័យគាស់ក្រឡ ឲ្យដឹងនៅថ្ងៃទី៧ សីហា ដោយចោទប្រកាន់នាយកសាលា លោក សឿន សុភាព ថាបានប្រព្រឹត្តអំពើពុករលួយប្រាក់ ភី.ប៊ី (PB) ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
ប្រាក់ ភី.ប៊ី (PB) ជាថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ សម្រាប់ទិញឧបករណ៍បង្រៀន និងការអភិវឌ្ឍនៅក្នុងសាលា។ ថវិកានេះបានតិច ឬច្រើន ទៅតាមចំនួនសិស្សនៃសាលានីមួយៗ។ ក្រុមគ្រូបង្រៀនអះអាងថា ប្រាក់ ភី.ប៊ី (PB) ដែលនាយកសាលាចាយវាយគ្មានតម្លាភាពនោះសរុប ២១លានរៀល៖ « គាត់អត់ធ្វើការប្រជុំទេ គាត់ចាយវាយតែខ្លួនគាត់ សូម្បីតែនាយករងក៏គាត់មិនប្រាប់ដែរ។ ខ្ញុំពិបាកបង្រៀនណាស់ ព្រោះគ្មានឧបករណ៍បង្រៀនសិស្ស ហើយសុំគេមិនបាន ធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ហើយការបង្រៀនមិនបានដិតដល់ដូចពេលមុនទេ »។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកវិទ្យាល័យគាស់ក្រឡ លោក សឿន សុភាព មានប្រសាសន៍ថា បញ្ហានេះគឺជារឿងមិនពិតឡើយ ដែលជាចេតនារបស់គ្រូបង្រៀនមួយក្រុមតូចមិនពេញចិត្តនឹងលោកធ្វើជានាយកសាលា៖ « បានន័យថានាយករងក្រោមបង្គាប់ខ្ញុំ គាត់បង្កើតក្រុមមួយ ហើយគ្រូបង្រៀនក្រោមបង្គាប់ប្រហែល ៦នាក់ បង្កទំនាស់ផ្ទៃក្នុងបំបែកសាមគ្គីភាពបុគ្គលិកជាមួយសិស្ស។ ចំណែកខ្ញុំមានគ្រូបង្រៀនចំនួន ២៧នាក់គាំទ្រជួយទប់ស្កាត់គ្រូមួយក្ដាប់តូចនោះ »។
ទោះជាយ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបង លោក ម៉ែន សុខធៃ មានប្រសាសន៍ថា បញ្ហានេះលោកបានដឹងខ្លះៗដែរតាមរយៈក្រុមគ្រូបង្រៀន គឺជាចេតនារបស់នាយកសាលាប្រើប្រាស់ថវិកាគ្មានតម្លាភាព។ លោកបន្ថែមថា កន្លងទៅ ក្រុមគ្រូបង្រៀនបានប្ដឹងទៅមន្ទីរអប់រំខេត្តបាត់ដំបង ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែខាងមន្ទីរមិនបានដោះស្រាយនោះទេ៖ « ខ្ញុំគិតមើលទៅការឆ្លើយតបរបស់លោកនាយកសាលា គឺជារឿងមិនសមហេតុសមផល ព្រោះខ្ញុំធ្លាប់ជួយនៅសាលាដទៃ ដូចជានៅវិទ្យាល័យ នាយកភាគច្រើនគេតែងយករបាយការណ៍ទាំងអស់ ហើយគេសរសេរប្រាប់លោកគ្រូអ្នកគ្រូ ហើយគេមិនកាន់លុយនោះទេ ដោយមានក្រុមគណៈកម្មការគេចាយវាយលុយ ភី . ប៊ី នេះ។ តែលោកនាយកវិទ្យាល័យគាស់ក្រឡ បែរជាគាត់យកលុយទៅក្ដោបក្ដាប់តែក្រុមគ្នាទៅវិញ »។
អាស៊ីសេរី ពុំអាចទាក់ទងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៧ សីហា។
វិទ្យាល័យគាស់ក្រឡ ជាសាលាស្ថិតនៅតំបន់ដាច់ស្រយាល ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ សព្វថ្ងៃ វិទ្យាល័យមួយនេះមានសិស្សកំពុងសិក្សាជាង ៧០០នាក់ ក្នុងនោះសិស្សដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ២០១៧ នេះមានជាង ១០០នាក់ និងមានគ្រូបង្រៀនចំនួន ៤០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។