រដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការអប់រំនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា គឺពុំមានបង់ប្រាក់ទេ។ ប៉ុន្តែជារឿយៗ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស ជាពិសេសនៅតាមសាលាបឋមសិក្សារបស់រដ្ឋក្នុងក្រុងភ្នំពេញ រអ៊ូរទាំថា ត្រូវបង់ប្រាក់អោយគ្រូបង្រៀនជារៀងរាល់ថ្ងៃ គឺហាក់ដូចជាបង់ថ្លៃបង្រៀនអោយគ្រូនៅក្នុងម៉ោងរដ្ឋដូច្នោះដែរ។
ឆ្នាំសិក្សាថ្មីនេះ សាលាបឋមសិក្សាជាច្រើន បានអោយសិស្សចូលរៀនមុនកាលកំណត់របស់ក្រសួង ព្រមទាំងលេចចេញព័ត៌មានថា គ្រូបង្រៀនចាប់ផ្ដើមយកប្រាក់ពីសិស្សដែរ។
តើក្រសួងអប់រំ ដែលបានអះអាងពីកំណែទម្រង់វិស័យអប់រំ នឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?
ស្ទើរតែក្លាយទៅជាទម្លាប់មួយហើយដែលសិស្សនៅតាមសាលារដ្ឋក្នុងរាជធានីភ្នំពេញ ត្រូវបង់ប្រាក់ក្រៅផ្លូវការទៅអោយគ្រូបង្រៀនជារៀងរាល់ថ្ងៃ។
នៅដើមឆ្នាំសិក្សា២០៤-២០១៥ នេះ គឺរយៈពេល ១ឆ្នាំក្រោយពេលរដ្ឋាភិបាលប្រកាសពីកំណែទម្រង់ស៊ីជម្រៅ ប៉ុន្តែការតម្រូវអោយសិស្សបង់ប្រាក់អោយគ្រូបង្រៀនក្រៅផ្លូវការនៅតែបន្តកើតមាន។
សិស្សសាលាបឋមសិក្សាជាច្រើននាក់បាននិយាយថា គ្រូបង្រៀនរបស់ពួកគេប្រាប់ថា ពួកគេអាចបង់ប្រាក់តាមជម្រើសចំនួន២ គឺបង់ជារៀងរាល់ថ្ងៃ ឬបង់មួយខែម្ដងក៏បាន។ ក្នុងនោះ ពួកគេត្រូវបង់ ១ពាន់រៀល បើជ្រើសរើសបង់រាល់ថ្ងៃ ឬពី ៣ម៉ឺន ទៅ ៤ម៉ឺនរៀល សម្រាប់បង់ក្នុងមួយខែម្តង។ សិស្សបឋមសិក្សាទាំងនោះបញ្ជាក់ថា នៅមុនពេលបើកបវេសនកាលផ្លូវការនេះ គ្រូបង្រៀនខ្លះមិនទាន់រឹតបន្តឹងចំពោះសិស្សដែលមិនបានបង់ប្រាក់ទេ ប៉ុន្តែចាប់ពីខែវិច្ឆិកា ការទារប្រាក់នោះនឹងធ្វើពេញលេញ។ ប្រាក់នោះមិនមែនប្រាក់ថ្លៃរៀនគួរក្រៅម៉ោងទេ គឺប្រាក់បង់អោយគ្រូបង្រៀនក្នុងម៉ោងរបស់រដ្ឋ។
ចំណែកឪពុកម្ដាយនៃសិស្សនៅមធ្យមសិក្សាមួយចំនួន ក៏រំឭកដែរថា ក្នុងមួយថ្ងៃសិស្សត្រូវចំណាយប្រាក់ពី ២.០០០រៀល ទៅ ២.៥០០រៀល ក្នុងនោះត្រូវបង់ទៅគ្រូបង្រៀនតាមមុខវិជ្ជាតាមរយៈការទិញមេរៀន ដែលគ្រូបង្រៀនរបស់ពួកគេរៀបរៀងរួចជាស្រេច និងថតចម្លងលក់អោយសិស្ស។
ស្ត្រីជាម្ដាយដែលមានកូនរៀននៅអនុវិទ្យាល័យម្នាក់ថ្លែងថា កូនរបស់អ្នកស្រីមិនបានចំណាយប្រាក់លើអាហារសម្រន់ទេ ប៉ុន្តែបានចំណាយប្រាក់ទាំងអស់ដែលម្ដាយអោយបង់បន្តទៅអោយគ្រូ។ អ្នកស្រីសំណូមពរអោយគ្រប់ភាគីពាក់ព័ន្ធដោះស្រាយបញ្ហានេះ ប្រសិនបើមានបំណងពង្រឹងគុណភាពអប់រំដ៏ពិតប្រាកដ៖ «យើងត្រូវតាមដានមើលគាត់យកលុយពីសិស្សទៀតឬអត់? បើរៀនគួរ យើងច្បាស់ថារៀនគួរ កុំអោយម៉ោងរដ្ឋហើយឆ្លៀតឱកាសទៅយកលុយហ្នឹងទៀតណាស់ វាអត់ត្រូវ។ វាទៅជាទម្លាប់អាក្រក់ណាស់ ឥឡូវមើលទៅ។ ចឹងបានខ្ញុំសំណូមពរធ្វើម៉េចរដ្ឋាភិបាលចាត់ចែងដោះស្រាយ ដើម្បីអោយវិស័យអប់រំរបស់យើងវាល្បីល្បាញដូចគេទៅ»។
នៅតាមសាលាមួយចំនួន ការប្រមូលប្រាក់ពីសិស្សត្រូវបានដឹងឮពីនាយកសាលាដែរ។ នាយកសាលាខ្លះក៏បានប្រាក់ភាគរយពីគ្រូបង្រៀន ដែលតែងតែផ្ដល់អោយជាប្រចាំ។ នេះមិនមែនជារឿងថ្មីទេ ប៉ុន្តែហេតុអ្វីករណីនេះនៅតែកើតមាននៅក្រោយពេលដែលរដ្ឋាភិបាលអះអាងថា នឹងធ្វើកំណែទម្រង់ និងស្របពេលដែលក្រសួងអប់រំ ចាប់ផ្ដើមពង្រឹងគុណភាពអប់រំ?
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ការអភិវឌ្ឍជាតិ លោក សេង ឫទ្ធី មានប្រសាសន៍ថា ប្រសិនបើបញ្ហានៃភាពមិនប្រក្រតីទាំងនោះមិនអាចដោះស្រាយទេ ការពង្រឹងគុណភាពអប់រំនឹងមិនអាចសម្រេចបានដែរ៖ «ព្រោះសិស្សគាត់អាងថាមានលុយអោយគ្រូ គាត់អត់ខ្វល់អី។ យើងឃើញទៀតថា គ្រូគាត់ប្រមូលលុយហើយ ជាក់ស្តែងខ្ញុំតែងតែបានសួរក្មេងសួរអី គាត់ថា គ្រូហាក់ដូចជាមិនសូវប្រឹងបង្រៀន គ្រាន់តែប្រមូលលុយហើយ គាត់ដាក់កិច្ចការ ឬសរសេរអក្សរនៅលើក្តារខៀនតិចតួចអី គាត់មិនបង្កើននូវអាការខិតខំរបស់គាត់ ដូចដែលអ្វីដែលក្រសួងអប់រំ បានប្ដេជ្ញាចិត្ត»។
ជារឿយៗ មន្ត្រីក្រសួងអប់រំ អះអាងថា ក្រសួងពុំមានគោលការណ៍អោយសិស្សបង់ប្រាក់អោយគ្រូបង្រៀនក្នុងម៉ោងរដ្ឋទេ។ លើសពីនេះ ក្រសួងក៏បានចេញសេចក្ដីណែនាំហាមប្រាមការទារប្រាក់នេះជាច្រើនលើកច្រើនសាហើយដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់ថា បញ្ហាចម្បងដែលធ្វើអោយគ្រូបង្រៀនបន្តយកប្រាក់ពីសិស្ស គឺបញ្ហាក្រពះ។ លោក រ៉ុង ឈុន បន្តថា ប្រាក់ដែលប្រមូលបានពីសិស្ស បានជួយជីវភាពគ្រូបង្រៀនបានគ្រាន់បើជាងរង់ចាំតែប្រាក់ខែ៖ «យើងត្រូវតែធ្វើការទាមទារអោយរដ្ឋាភិបាលដំឡើងជាប្រាក់ខែប្រចាំខែវិញ ដើម្បីកុំអោយប៉ះពាល់នូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាគ្រូបង្រៀន។ វាឥទ្ធិពលអាក្រក់មួយទៀត វាធ្វើអោយដូចជាមេរៀនថ្មីសម្រាប់សិស្សានុសិស្ស ដែលគាត់ដិតដាមជាប់នូវអារម្មណ៍ថា ពេលគាត់ជាប់នៅកំពុងរៀន ពេលគាត់រៀនចប់ គាត់អាចយកមេរៀនហ្នឹងទៅអនុវត្តនៅកន្លែងធ្វើការ ឬនៅកន្លែងផ្សេងៗទៀត»។
តាមការសាកល្បងគន់គូរ គ្រូបង្រៀនដែលប្រមូលពីសិស្សអាចរកប្រាក់បានជាមធ្យមពី ១០០ ទៅ ១២០ដុល្លារក្នុងមួយខែ។ ប្រសិនបើយកប្រាក់នោះបូកផ្សំនឹងប្រាក់ខែ គឺអាចអោយគ្រូបង្រៀនទ្រទ្រង់ជីវភាពក្នុងក្រុងស៊ីវិល័យនេះបាន។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ការអភិវឌ្ឍជាតិ លោក សេង ឫទី្ធ មានប្រសាសន៍បន្ថែមថា ចាំបាច់ណាស់ដែលត្រូវមានក្រុមការងារពង្រឹងបទបញ្ជារបស់ក្រសួងអោយបានត្រឹមត្រូវ៖ «រឿងនេះគេដឹងជាទូទៅ ប៉ុន្តែអាណត្តិមុនៗរដ្ឋមន្ត្រីមួយចំនួន ថាអត់ដឹងមិនដក់ថារហូតដល់គេយកលុយ ប៉ុន្តែនរណាក៏ដឹងដែរ នរណាមិនមានកូនទៅសាលា? ដឹងជាទូទៅ ប៉ុន្តែធ្វើតែមិនដឹង។ ប៉ុន្តែអាណត្តិនេះ ប្រសិនឯកឧត្តមគាត់មានវិធានការតឹងរ៉ឹងខ្ញុំជឿថាអាចលុបបំបាត់បាន ជាពិសេសតាមដានជាមួយនាយក ហើយនិងគ្រូដែលឃុបឃិតគ្នាយកភាគរយអីហ្នឹង កើតយូរហើយរហូតមានការរអ៊ូរទាំ»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា ដែលធ្វើអោយអាណត្តិរបស់លោកល្បីល្បាញក្នុងការរឹតបន្តឹងការប្រឡងបាក់ឌុប មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងគិតគូរដំឡើងប្រាក់ខែគ្រូបង្រៀន។ លោកបន្តថា ក្រសួងនឹងរឹតបន្តឹងផ្នែកអធិការកិច្ច៖ «រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវហៅថាការដំឡើងប្រាក់បៀវត្សរ៍ ជួយពង្រឹងការរៀននៅសាលា ធ្វើម៉េចអោយសិស្សដែលគាត់អត់មានលទ្ធភាព ក៏គាត់បានរៀនដែរនៅក្នុងសាលា។ ធ្វើម៉េចគោលការណ៍នៃអធិការកិច្ចនៅតាមសាលាមានសារសំខាន់»។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ការអភិវឌ្ឍជាតិ លោក សេង ឫទី្ធ មានប្រសាសន៍ថា រឹតបន្តឹងអធិការកិច្ចជាមធ្យោបាយល្អមួយ ប៉ុន្តែចាំបាច់ត្រូវតែបើកចំហអោយគ្រប់ភាគីចូលរួមតាមដាន៖ «ទោះបីជាប្រាក់ខែឡើងដល់កម្រិតណាក៏ដោយ បើគ្មានការតាមដានទេ កាន់តែផ្តល់ឱកាសអោយនៅតែប្រព្រឹត្តបែបហ្នឹងកាន់តែថែមទៀត គឺបានទាំងលុយប្រាក់ខែ ឡើងបានទាំងការរកស៊ីខាងក្រៅទៀតហ្នឹង បើគ្មានការពិនិត្យដិតដល់។ ប្រសិនបើឯកឧត្តមបើកឱកាសអោយអង្គការណាក៏គាត់អាចចូលទៅ គាត់ក៏ផ្តល់នូវការឆែក ការត្រួតពិនិត្យសព្វបែបយ៉ាងពីភាពមិនប្រក្រតីនានា ហើយគាត់ទទួលយកមកពិនិត្យមកពិចារណា ហើយតាមដានអ្វីដែលយើងរកឃើញហ្នឹង យើងជឿថានឹងអាចជួយអោយមានភាពប្រសើរ»។
បន្ទាប់ពីបានឃើញស្នាដៃក្នុងការរឹតបន្តឹងការប្រឡងបាក់ឌុប ក្រុមអង្គការមិនមែនរដ្ឋាភិបាលរំពឹងថា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន នឹងអាចកាត់បន្ថយ ឬលុបបំបាត់ការទារប្រាក់ពីសិស្សនេះបាន ដោយមានការចូលរួមសកម្មភាពរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។