ដីតាមព្រំដែនកម្ពុជាថៃ នៅប៉ៃលិន កំពុងរងការរំកិលខិត និងចូលគ្រប់គ្រងដោយទាហានថៃ។ ការរំកិលចូលមកគ្រប់គ្រងលើដីខ្មែរនេះ ដោយសារភាគីខ្មែរចេះតែចាត់ទុកតំបន់មួយចំនួន ថាជាតំបន់ “ស” ហើយអាជ្ញាធរខ្មែរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅ បង្កបង្កើនផល និងសាងសង់ផ្ទះស្នាក់នៅ។
តើគោលនយោបាយថយក្រោយរបស់ខ្មែរនេះ ធ្វើឲ្យខ្មែរកាន់តែបាត់ដីតទៅទៀតឬទេ?
លោក ម៉ម មុនីរតន៍ មានសេចក្ដីរាយការណ៍ពីការរៀបរាប់របស់ប្រជាពលរដ្ឋនៅតំបន់បរយ៉ាខា ជុំវិញការរំកិលព្រំដែនពីភាគីថៃ ចូលមកក្នុងទឹកដីកម្ពុជា ដូចតទៅ៖
លោកបន្តថា៖ «បង្គោលនៅឯណេះ ហើយឡាក់នៅឯណេះ ហើយយកនៅឯណេះ។ វាកាត់ភ្នំមិនទំនង។ យើងឃើញថា យកអ៊ីចឹងវាមិនកើតទេ ព្រោះដីខ្មែរទេ»។
កំពុងអង្គុយលើផ្ទះដែលមានទម្រខ្ពស់ពីដីបន្តិច និងយូរៗម្ដង លើកស្រាសក្លែមខ្យងបណ្ដើរផង និយាយបណ្ដើរផងនោះ បុរសដែលមានវ័យប្រមាណ ៤០ឆ្នាំអះអាងថា មូលហេតុដែលនាំឲ្យភាគីថៃ អាចរំកិលព្រំដែនបន្ថែមចូលមកក្នុងទឹកដីកម្ពុជា បានទៀតនៅពេលនេះ គឺជាកំហុសរបស់មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៅថ្នាក់មូលដ្ឋាន។
រស់នៅសង្កាត់បរយ៉ាខា ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ថា ដីជាច្រើនហិកតារជាប្រភេទដីចម្ការរបស់ខ្មែរនៅជិតព្រំដែន។ ឥឡូវនេះ ត្រូវបានភាគីថៃ គ្រប់គ្រងវិញ។ លោកបន្តថា ដើមឡើយ គ្រួសាររបស់លោក និងអ្នកភូមិផ្សេងទៀតជាច្រើនគ្រួសារ បានចូលកាន់កាប់ដីនៅតំបន់មានទំនាស់នេះ ក៏ប៉ុន្តែដោយសារអាជ្ញាធរ និងមន្ត្រីប៉ូលិសព្រំដែនកម្ពុជា ជំទាស់ថាជាដីមិនទាន់ជារបស់ភាគីណាមួយនៅឡើយនោះ ទើបផ្ដល់ឱកាសឲ្យភាគីថៃ បានចិត្ត និងចូលកាន់កាប់ដល់សព្វថ្ងៃនេះ៖ «នៅឡាក់ដើមកណ្ដោល ព្រំដីបងឯងលើនោះ ដែលមានដើមកណ្ដោលធំ។ ខ្មែរយើងច្រើនចំណាំប្រកាន់យកអាហ្នឹង។ ប៉ុន្តែចុងក្រោយមក ថៃ បបួលយកអារោងក្រោមណេះ។ យកតែក្រោមរោងហ្នឹង។ ចរចាគ្នាចុះឡើងៗរ៉ូងរ៉ាងៗមក ទាហានថៃ គេសុំលាទៅ ក៏ទាហានចុះមកត្រឹមរោងខ្ញុំហ្នឹង។ ដល់ចុងក្រោយដកយកត្រឹមសសររោងហ្នឹង ត្រឹមកូនតូចហ្នឹង ដូចខ្ញុំនិយាយអម្បាញ់មិញហ្នឹង។ យកទាំងអស់តាហ្មងទៅ»។
ប្រជាពលរដ្ឋនៅភូមិបរថ្មី និយាយថា ថៃ បានរំកិលព្រំដែនចូលមកក្នុងដីខ្មែរនេះប្រមាណជា ២គីឡូម៉ែត្រពីបង្គោលកំណត់ព្រំដែនឡាក់លេខ៦៧ នៅចំណុចទួលរំដេង។ រឿងនេះ កើតឡើងប្រមាណ ១ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ បន្ទាប់ពីមានរឿងរ៉ាវដ៏ចម្រូងចម្រាសនៅត្រង់បង្គោលឡាក់លេខ៦៤ កន្លងទៅ។ កាលណោះ អតីតប៉ូលិសប៉ុស្តិ៍នៅបរយ៉ាខា លោក មួន ទឹម ហៅ ញន់ ត្រូវអង្គភាពវរៈការពារព្រំដែនប្រចាំទិសបរយ៉ាខា ដកហូតតួនាទី និងដាក់ទណ្ឌកម្មអស់ពេលជាច្រើនខែនៅស្នងការខេត្តប៉ៃលិន។
មូលហេតុដែលឈានដល់ការដាក់ទណ្ឌកម្មប្រឆាំងអតីតមេប៉ុស្តិ៍រូបនោះ បន្ទាប់ពីលោកត្រូវបានអង្គភាពរកឃើញពីកំហុសជួយការពារ និងផ្ដល់ព័ត៌មានឲ្យអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី ចុះសិក្សាពីបង្គោលឡាក់លេខ៦៤ កាលពីខែមីនា ឆ្នាំ២០១២ កន្លងទៅ។
ប្រជាពលរដ្ឋអះអាងថា ចាប់តាំងពីពេលនោះហើយ ទាំងដីគ្រួសាររបស់ លោក មួន ទឹម និងគ្រួសារដទៃទៀត ត្រូវបានវរៈការពារព្រំដែនគោកខាងភាគីកម្ពុជា ដកហូត និងហាមឃាត់មិនឲ្យអាស្រ័យផល។ ហើយក្រោយមក ត្រូវបានភាគីថៃ ចូលកាន់កាប់វិញម្ដងរហូតមកដល់ពេលនេះ៖ «លើភ្នំហ្នឹងគឺគេហៅថាភ្នំឡាក់៦៧ៗ គឺភ្នំខ្ពស់។ ខ្ពស់ក្រោម ឬក៏អាខ្ពស់លើនោះ។ អាខ្ពស់លើនោះ ហើយឡាក់នៅណាឡាក់។ ឡាក់នៅលើភ្នំនោះ»។
រស់នៅភូមិបរថ្មី សង្កាត់បរយ៉ាខា លោក តាំង គឹមម៉េង ដែលជាម្ចាស់ដីនៅចំណុចទួលរំដេង ដែលត្រូវបានភាគីថៃ ដកហូតដែរនោះ ទម្លាក់ការទទួលខុសត្រូវក្នុងរឿងព្រំដែននេះថា គឺជាកំហុសរបស់យោធាព្រំដែនកម្ពុជា។ លោកថ្លែងថា ដំបូងឡើយប្រជាពលរដ្ឋបានប្រើប្រាស់ដីនេះជាហូរហែធ្វើចម្ការដាំល្ង និងកសិផលដទៃទៀត ក៏ប៉ុន្តែដោយការរារាំងរបស់កម្លាំងនគរបាលគោកវរៈការពារព្រំដែនប្រចាំទិសបរយ៉ាខា ទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋអាស្រ័យផល ទើបទាហានថៃ ប្រកាន់ថា ជាដីរបស់ខ្លួនក្រោយកម្ពុជា រៀបចំការបោះឆ្នោតសកលរួចកន្លងទៅថ្មីៗនេះ៖ «ឥឡូវនេះបើខ្ញុំឥតធ្វើ ថៃ វាចូលមកដល់ហ្នឹង។ ចូលមកដល់ដីហ្នឹងហ្មង។ អារឿងថៃ ជួលណាវាចូលមក អស់ចិត្តអស់ចង់ទៅវិញទៅ។ ទាហានខ្មែរយើងដេញទៅវិញទៅ ប៉ុន្តែបើយើងឥតនេះ វាមកទៅ»។
លោក តាំង គឹមម៉េង ថ្លែងបន្តថា មហិច្ឆតារបស់ថៃ នេះ មិនត្រឹមចង់បានដីខ្មែរត្រឹមព្រំដីដែលពលរដ្ឋកម្ពុជា ត្រួសត្រាយព្រៃរួចនេះទេ ប៉ុន្តែថែមទាំងដីមួយផ្នែកទៀត ដោយរួមទាំងដីផ្ទះរបស់លោកផង ក៏ជាតំបន់ដែលភាគីថៃ ត្រូវវាតទីយកដែរ៖ «ថៃ គម្រោងវាហ្នឹងចង់យកអូរជ្រៅ នេះទៀត។ អូរជ្រៅ នេះ។ នេះដីនេះ អូរខ្ញុំហ្នឹង។ អ៊ីចឹងបានខ្ញុំដាំស្វាយ។ ខ្ញុំបណ្ដុះមៀនហ្នឹងទៀត។ បើយកធំអស់ល្មម ប៉ុន្តែបើយកអានេះទៀត យកទៅមិនរួចទេ ព្រោះឃ្លាំងតាញើននៅណេះ។ កាលឃ្លាំងទ័ពពីមុន ហើយមន្ទីរពេទ្យ»។
នៅចំណុចគោលដៅដែលមានបញ្ហា គឺត្រង់បង្គោលលេខ៦៧ និងបង្គោលឡាក់លេខ៦៦។ ទីតាំងនេះ ស្ថានភាពដីមានរាងកោងដូចស្នែងក្របី។ បង្គោលឡាក់លេខ៦៧ ចូលលយជ្រៅទៅក្នុងទឹកដីថៃ លើកំពូលភ្នំ។ ដោយឡែកបង្គោលឡាក់លេខ៦៦ ចូលមកជ្រៅក្នុងទឹកដីកម្ពុជា។ ប្រជាពលរដ្ឋនិយាយថា ហេតុដូចនេះហើយ បានភាគីថៃ ប្រកាន់យក និងកាត់តម្រង់ពីបង្គោលឡាក់៦៥ និងឡាក់៦៦ ឆ្ពោះទៅបង្គោល៦៨ ច្រកអូរអែម ដោយកាត់ផ្ដាច់បង្គោលឡាក់លេខ៦៧ ចោល៖ «ឡាក់៦៥ គឺដើមឈើធំហ្នឹង មើលឃើញនោះឡាក់៦៥។ ដើមឈើធំហ្នឹងណា ហើយចុះអាណាដែលយើងទៅមើល។ អាយើងមើលណោះ ហួសផ្ទះខ្ញុំលេខ៦៤ ណោះ។ ៦៤-៦៥ ក្រឡាច់មកណេះវិញ។ ៦៥-៦៦ នេះ ដល់ ៦៧ លើភ្នំនោះ។ ភ្នំឡាក់៦៧ លើភ្នំនោះ»។
ឆ្លើយតបរឿងនេះ កាលពីថ្ងៃទី២៧ ខែកញ្ញា អភិបាលខេត្តប៉ៃលិន លោក កើត សុធា បដិសេធថា រហូតមកដល់នេះ លោកនៅពុំទាន់ទទួលបានព័ត៌មានជុំវិញភាគីថៃ រំកិលព្រំដែនចូលមកក្នុងអធិបតេយ្យភាពរបស់កម្ពុជា នៅឡើយទេ។ ក៏ប៉ុន្តែ លោកអះអាងថា នៅចំណុចទួលរំដេង ដែលសង្ស័យថាមានការរំកិលព្រំដែននេះ គឺជាតំបន់ត្រូវហាមឃាត់ និងថែមទាំងជាតំបន់សទៀតផង។ លោកបន្តថា ការពិត ទីតាំងទាំងនោះគឺអាជ្ញាធរបានជូនដំណឹងម្ដងជាពីរដងរួចមកហើយ ពុំអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅគាប់គាស់ ឬថាទៅបង្កបង្កើតផលអ្វីឡើយ៖ «ការយល់ច្រឡំទេ ការវាយតម្លៃ ព្រោះកន្លែងហ្នឹងគឺនៅចន្លោះមួយដែលយើងនៅដូរទេ។ វាមិនមែនជាការយកមិនយកអីទេ តាមខ្ញុំមើលនោះណា។ ប៉ុន្តែ ដោយសារប្រជាជនយើងគាត់ឥតសូវបានគិតពីរឿងផលប៉ះពាល់នៅតំបន់ហ្នឹងទេ ព្រោះតំបន់ហ្នឹងតំបន់ហាមឃាត់។ យើងហាមឃាត់គាត់មិនឲ្យចូលទៅផ្ដេសផ្ដាសទេ ព្រោះតំបន់នោះជាតំបន់ជាប់ព្រំដែនសីមា។ យើងមិនទាន់ច្បាស់លាស់។ ដល់អ៊ីចឹង គាត់ចេះតែចូលទៅ ហើយយើងហាមឃាត់ឥតបាន។ ដល់អ៊ីចឹងទៅ ខាងណោះគេឥតអាចមានអី ព្រោះឥឡូវនេះ ខ្ញុំឥតទាន់ទទួលព័ត៌មានរឿងដីទេ»។
ពាក់ព័ន្ធរឿងតំបន់សនេះ អតីតយោធាខ្មែរក្រហម លោក ឃិន ប៉ុន ថ្លែងថា វាហាក់ចម្លែកបន្តិចសម្រាប់កម្ពុជា ដែលតំបន់សឃើញមានតែក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ ដោយឡែកខាងភាគីថៃ វិញ គេកម្រឮថាមានតំបន់សណាស់។ លោកចាត់ទុកថា ប្រសិនកម្ពុជា នៅតែប្រកាន់គោលនយោបាយដូចនេះ អធិបតេយ្យភាព និងបូរណភាពទឹកដីដែលមានទំហំតូចស្រាប់នេះ ប្រឈមនឹងការបាត់បង់បន្ថែមទៀតនៅថ្ងៃខាងមុខ។ ម្យ៉ាងវិញទៀត លោក ឃិន ប៉ុន ចាត់ទុកថា អ្វីដែលធ្វើឲ្យកម្ពុជា ចេះតែរួមតូចដីនៅតាមព្រំប្រទល់ដែននេះ គឺដោយសារកម្ពុជា ខ្វះមនសិការ និងជំនាញបច្ចេកទេសរឿងដែនដីរបស់ខ្លួន៖ «អាជ្ញាធរយើងហ្នឹងឥតយកចិត្តទុកក្នុងការមើលព្រំដែន ហើយឥតជំរុញឲ្យប្រជាពលរដ្ឋរបស់ខ្លួនអភិវឌ្ឍទៅដល់បន្ទាត់ព្រំដែនទេ។ ប៉ុន្តែបែរជាទៅឃាត់ឃាំងប្រជាពលរដ្ឋខ្លួនឯងហ្នឹង មិនឲ្យអភិវឌ្ឍទៅដល់ព្រំដែន។ ដល់ពេលអ៊ីចឹងមកដល់ពេលនេះ ជាចំណុចជារបស់យើងហ្នឹង ត្រូវបានទាហានថៃ ហ្នឹងមកហាមឃាត់ លែងឲ្យយើងធ្វើ ដោយគេចាត់ទុកថា ដីខ្មែរកាប់ព្រៃអស់ហើយ។ អ៊ីចឹងណានៅដីព្រៃជារបស់ថៃ។ អ៊ីចឹង ធ្វើឲ្យយើងបាត់បង់ទឹកដី ប្រហែលជាអ៊ីចឹង យើងមើលចន្លោះកូនអូរដល់ទៅបី។ អ៊ីចឹងដីហ្នឹងប្រហែលជាជាប់ពីកន្លែងបំបែកទៅពី ២០០ម៉ែត្រ ហើយឡើងរហូតទៅដល់ឡាក់៦៧ហ្នឹង។ វាឡើងចូលចង់ទៅ ២គីឡូណោះ បណ្ដោយដីហ្នឹង។ អ៊ីចឹងយើងខាតបង់ទឹកដីហ្នឹងច្រើន»។
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងកាលពីខែសីហា ឆ្នាំ២០១២ នៅក្នុងរដ្ឋសភាហើយថា កម្ពុជា មានសមត្ថភាពពេញលេញទាំងសមត្ថភាព និងជំនាញបច្ចេកទេស ក្នុងការអនុវត្តគោលនយោបាយរឿងព្រំដែននេះ។ លោកថ្លែងថា ការចោទប្រកាន់ណាមួយប្រឆាំងមន្ត្រីជំនាញរបស់លោក ដែលរកឃើញថា ខ្វះសមត្ថភាពនោះ គឺមិនត្រឹមត្រូវឡើយ៖ «សរុបសេចក្ដីមក ការលើកឡើងថា កម្ពុជា ខ្វះខាតបច្ចេកទេស និងឧបករណ៍វាស់វែង និងខ្វះខាតធនធានមនុស្សសម្រាប់បំពេញការងារនេះ គឺមិនត្រឹមត្រូវទេ។ ដូចបានបញ្ជាក់ពីខាងលើ យើងមានធនធានមនុស្ស និងឧបករណ៍ទំនើប រួមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងការបំពេញបេសកកម្មព្រំដែននេះឲ្យបានប្រកបដោយប្រសិទ្ធភាព ជាមួយនិងប្រទេសជិតខាង»។
ឆ្លើយតបក្នុងរឿងនេះ លោក រ៉ុង ឈុន តំណាងឲ្យសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហៅការអះអាងរបស់ លោក ហ៊ុន សែន នៅពេលនេះថា គឺគ្រាន់តែដើម្បីប្រជាប្រិយភាពក្នុងអំណាចប៉ុណ្ណោះ។ លោកចាត់ទុកថា លោកនាយករដ្ឋមន្ត្រីបានតែនិយាយ ប៉ុន្តែការអនុវត្តជាក់ស្ដែងក្នុងរឿងព្រំដែននេះ គឺមិនមានប្រសិទ្ធភាពសោះឡើយ។ លោកបន្តទៀតថា ទាំងប្រទេសវៀតណាម និងប្រទេសថៃ ចេះបន្តរំកិលព្រំដែនរបស់ពួកគេចូលមកក្នុងអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា គ្រប់រូបភាពពីមួយថ្ងៃទៅមួយថ្ងៃ៖ «លោក ហ៊ុន សែន គ្រាន់តែគាត់និយាយឲ្យតែពីរោះស្ដាប់។ ប៉ុន្តែ ការប្ដេជ្ញាចិត្តទាក់ទងនឹងបូរណភាពទឹកដីជាមួយប្រទេសជិតខាងហ្នឹង មានន័យថា គាត់កំសាកបំផុតហើយក្នុងចំណោមមេដឹកនាំទាំងអស់ហ្នឹង ដែលកំសាកជាងគេទាក់ទងនឹងបូរណភាពទឹកដីហ្នឹង បានតែក្អេងក្អាង ធ្វើបាបតែប្រជាពលរដ្ឋឯង»។
ប្រជាពលរដ្ឋនៅសង្កាត់បរយ៉ាខា ខេត្តប៉ៃលិន និយាយថា រហូតមកដល់ពេលនេះ ទីតាំងដែលពួកគាត់ធ្លាប់គ្រប់គ្រង ត្រូវបានភាគីថៃ រឹតបន្តឹង និងពុំអនុញ្ញាតឲ្យចេញចូលបានដូចពីមុនទៀតឡើយ។ បញ្ហានេះ នៅមិនទាន់គិតពីចំណុចផ្សារជប់គគីរ ក្នុងខេត្តឧត្តរមានជ័យ តំបន់ប្រាសាទព្រះវិហារ និងមួយផ្នែកទៀត ដែលប្រជាពលរដ្ឋតែងអះអាងថា ដីខ្មែរស្រែថៃ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅឡើយផង។ ចំណុចទាំងនេះ ភាគីថៃ តែងព្យាយាមរំកិលចូល និងប៉ុនប៉ងគ្រប់គ្រងម្ដងជាពីរដង ប៉ុន្តែមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។